​ព្រាហ្មណ៍​ព្រះរាជគ្រូរាជវាំងទាយថា ទិន្នផល​កសិកម្ម​នៅ​រដូវ​វស្សា​ឆ្នាំ​នេះ នឹង​ទទួល​បាន​ផល​ល្អ​ប្រសើរ

អាជ្ញាធរ​ខេត្តកំពង់ធំ បាន​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះនង្គ័ល នៅ​ព្រឹក ទី៨ ឧសភា ក្នុង​ពហុកីឡាដ្ឋាន​ខេត្តកំពង់ធំ ក្រោម​ព្រះរាជាធិបតី​ព្រះមហាក្សត្រ នរោត្ដម សីហមុនី។

ក្នុង​ពិធី​នេះ អាជ្ញាធរ​បាន​រៀបចំ​ចំណី ៧មុខ រួមមាន ស្រូវ ពោត ល្ង សណ្តែក ទឹក ស្រា និង​ស្មៅ ដែល​ជា​អាហារ​សម្រាប់ «គោឧសភរាជ» បរិភោគ ដើម្បី​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុក​ទេស តាម​រយៈ​ការ​បរិភោគ​របស់ គោ​ទាំង​នេះ។

តាម​ការ​ទស្សន៍ទាយ​របស់​ព្រាហ្មណ៍​ព្រះរាជគ្រូ ក្នុង​ពិធី​នេះ ផ្អែក​លើ លទ្ធផល​នៃ​ការ​បរិភោគ​អាហារ​របស់ «គោឧសភរាជ» រួមមាន ពោត សណ្តែក និង​ស្រូវ បង្ហាញ​ថា ទិន្នផល​កសិកម្ម នៅ​រដូវ​វស្សា​ឆ្នាំ​នេះ នឹង​ទទួល​បាន​ផល​ល្អ​ប្រសើរ។

ព្រះរាជ​ពិធី​បុណ្យ​នេះ ជា​ទំនៀមទម្លាប់​ខ្មែរ ដើម្បី​ដាស់​ស្មារតី ឲ្យ​ប្រជាកសិករ​ត្រៀម​ខ្លួន​បង្កបង្កើន​ផល​កសិកម្ម នៅ​រដូវ​វស្សា​ខាង​មុខ​នេះ។ ក៏​ប៉ុន្តែ​បច្ចុប្បន្ន កសិករ​ត្អូញត្អែរ ពី​ការ​ប្រែប្រួល​អាកាសធាតុ ដោយសារ​អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង ប៉ះពាល់​ខ្លាំង​ដល់​សមត្ថភាព​ផលិត​ស្បៀង​របស់​កសិករ។

ពួក​គាត់​បន្ត​អំពាវនាវ​ដល់​រដ្ឋាភិបាល​រក​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​នេះ តាម​រយ ថែរក្សា​ព្រៃ​ឈើ​ឲ្យ​គង់ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ច្រកល្ហក និង​ថែ​រក្សា​បឹងបួ ព្រែក អូរ ទន្លេ និង ស្ទឹង ឲ្យ​គង់វង្ស ដើម្បី​រំដោះ​ទឹក​ស្រោចស្រព៕