ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារកអណ្ដើក មួយចំនួន ក្នុងស្រុកកំពង់ត្របែង ខេត្តព្រៃវែង បានដាក់ឆត្រ ឬបាំងដំបូលតង់ដើម្បីដាក់លក់ដូរខ្លះៗហើយ បន្ទាប់ពីភ្លើងឆេះអស់ផ្សារនេះអស់កាលជាងមួយខែកន្លងមកនេះ។ ក្រុមអាជីវករក៏កំពុងទន្ទឹងរង់ចាំអាជ្ញាធរ សាងសង់ផ្សារដែលឆេះអស់នេះឡើងវិញ។
ចំណែកឯអភិបាលខេត្តថ្លែងថា ក្រុមអ្នកជំនាញកំពុងតែពិភាក្សា និងសិក្សាលម្អិតដើម្បីសាងសង់ផ្សារមួយនេះ។
ក្រុមអាជីវករនៅផ្សារកអណ្ដើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កំពុងតែត្អូញត្អែរពីការប្រឈមមុខនឹងការខ្វះខាត ដោយសារតែបាត់បង់ចំណូលក្រោយពេលដែលផ្សារកអណ្ដើក ត្រូវភ្លើងឆេះតាំងពីចុងខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងមកនេះ។
ក្រុមអាជីវករថ្លែងថា ពួកគាត់ជួបការលំបាក ហើយត្រូវបាត់បង់ចំណូលប្រហែល ៧០ ទៅ ៨០% ក្រោយពេលដែលមិនមានកន្លែងលក់ដូរនៅក្នុងផ្សារ។
លោក នៅ មាំង អាជីវករផ្សារកអណ្ដើក ថ្លែងសុំឲ្យអាជ្ញាធរដាក់ផែនការសាងសង់ផ្សារឲ្យបានលឿនបន្តិច ដើម្បីសម្រួលដល់ការលក់ដូររបស់អាជីវករ និងសម្រួលដល់ពលរដ្ឋដែលនៅក្បែរនោះ ក្នុងការឡើងចុះទៅមកផង៖ «បន្ទាប់ពីផ្សារឆេះទៅ អាជីវករបានលក់នៅតាមសំយាបផ្ទះគេ សម្ភារៈខ្ញុំដែលឆេះទៅអស់ប្រហែល ១ម៉ឺនដុល្លារ។ ឥឡូវដាច់ម៉ូយអស់ហើយក្រោយពេលផ្សារឆេះអស់ ព្រោះគេនាំគ្នាទៅផ្សារក្រោលគោ ឬនៅអ្នកលឿងជាដើមនោះ»។
ផ្សារកអណ្ដើក ត្រូវអគ្គីភ័យបានឆាបឆេះអស់តូប១៩៥ និងផ្ទះ ២៤ខ្នងទៀត កាលពីយប់ថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា។ អាជ្ញាធរប៉ាន់ប្រមាណថា ខាតបង់អស់ប្រហែលជា ៣លានដុល្លារអាមេរិក។
ប្រធានភាស៊ីផ្សារ លោក ប៊ូ សាខឿន បានថ្លែងថា លោកមិនបានទារថ្លៃភាស៊ីផ្សារចាប់តាំងពីផ្សារត្រូវភ្លើងឆេះមកនោះ ដោយឃើញអាជីវករត្រូវខាតបង់ ហើយខ្លះដាក់លក់តាមសំយាបផ្ទះគេ ឬប៉ាតង់លក់ជាដើមនោះ៖ «អាជីវករបានដាក់លក់នៅក្រោមឆត្របន្តិចបន្តួច ព្រោះគាត់ប្រឈមមុខនឹងជីវភាពរបស់គាត់ ទើបគាត់លក់វិញ ពួកគាត់សុំដាក់ឆត្រលក់បន្តិចបន្តួច ព្រោះខ្លះត្រូវជំពាក់លុយគេផង»។
អភិបាលខេត្តព្រៃវែង លោក ហាស់ សារ៉េត ថ្លែងថា ក្រុមអាជ្ញាធរពាក់ព័ន្ធកំពុងតែរៀបចំប្លង់ផ្សារ និងជជែកជាមួយក្រុមអាជីវករពីទីតាំងតូបរបស់ខ្លួន ហើយអាជ្ញាធរក៏ជំរុញឲ្យការសាងសង់នេះឲ្យបានលឿនដែរ៖ «អាជ្ញាធរកំពុងគិតគូររឿងផ្សារនេះហើយ បើទោះមិនទាន់កំណត់ពេលណានៅឡើយក៏ដោយ គឺកំពុងគូរប្លង់ ហើយពិភាក្សាជាមួយអាជ្ញាធរ ដើម្បីឲ្យឯកភាពគ្នាមុននឹងចាប់ផ្ដើមសាងសង់ បើមិនឯកភាពនោះ គឺពិបាកក្នុងការសាងសង់»។
លោកថ្លែងបន្តថា អាជ្ញាធរនឹងសង់ដំបូលរួមសម្រាប់អាជីវករទាំងនោះ ប៉ុន្តែមិនទាន់អាចប៉ាន់ប្រមាណថា នឹងត្រូវចំណាយប្រាក់ប៉ុន្មានលើការសាងសង់នោះនៅឡើយទេ ដោយរង់ចាំការសិក្សាប្លង់សិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។