អ្នកជំនាញបរិស្ថានថា ប្រសាសន៍លោក ចម ប្រសិទ្ធិ ជាតម្រុយស៊ើបអង្កេតរកអ្នកទទួលខុសត្រូវរុករករ៉ែមាសខុសច្បាប់
2018.05.19

អ្នកជំនាញផ្នែកបរិស្ថានចាត់ទុកការលាតត្រដាងជាសាធារណៈរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធិ ពាក់ព័ន្ធអាជីវកម្មរ៉ែមាសនៅខេត្តភាគឦសាន គឺជាតម្រុយភស្តុតាងសំខាន់ ទាមទារឲ្យស៊ើបអង្កេត រកអ្នកពាក់ព័ន្ធមកទទួលខុសត្រូវតាមផ្លូវច្បាប់។ ពួកគេចាត់ទុកការលើកឡើងរបស់រដ្ឋមន្ត្រីរូបនោះ អាចទទួលយកបាន ផ្ទុយពីរបាយការណ៍ស្រាវជ្រាវរបស់ក្រសួងសុខាភិបាល ទម្លាក់កំហុសការទទួលទានស្រាស។
អ្នកធ្វើការពាក់ព័ន្ធផ្នែកបរិស្ថានកំពុងផ្ដោតអារម្មណ៍ និងតាមដាន ពីដំណើរការស៊ើបអង្កេតរបស់ក្រសួងពាក់ព័ន្ធ ដែលបញ្ជូនមន្ត្រីជំនាញស៊ើបអង្កេតអាជីវកម្មរ៉ែមាស នៅខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ដែលសង្ស័យថា ប្រើសារធាតុគីមីបំពុលទឹក និងបរិស្ថាន។ ពួកគេបារម្ភថា ការស៊ើបអង្កេតករណីនេះ អាចមានចន្លោះប្រហោងក្រោមឥទ្ធិពលនៃអំពើពុករលួយ ជាពិសេសនៅពេលមានការរឹតត្បិតអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មានមិនឲ្យចូលរួមអង្កេតពេញលេញលើករណីនេះ។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) នៅមិនទាន់ស្ងប់ចិត្ត ចំពោះការស្វែងរកហេតុផលនានា ទាក់ទិនការបំពុលទឹកនៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរីនៅឡើយ ខណៈដែលក្រសួងសុខាភិបាលមិនទាន់មានភាពច្បាស់លាស់ក្នុងស្រាវជ្រាវរកការពិត បែរជាប្រើលេសទម្លាក់កំហុសទៅលើស្រាសទៅវិញ។ តែយ៉ាងណា លោកកោតសរសើរខ្លះ ដល់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធិ ដែលបានលាតត្រដាង ករណីនេះជាសាធារណៈ ដ្បិតក្រសួងមួយចំនួនបានសម្ងំស្ងៀម និងខ្លះព្យាយាមបិទបាំងការពិតមិនស្វែងដំណោះស្រាយ៖ «សរសើរចំណុចថា គាត់ហ៊ាននិយាយជាសាធារណៈពីអ្វីដែលជាការពិត ព្រោះអីរដ្ឋាភិបាលនិយាយថា ពុលស្រាស និងពលរដ្ឋថ្នាំស្មៅ។ ខ្ញុំអត់មានជំនឿលើរដ្ឋាភិបាល ជាពិសេសករណីស្មុគស្មាញអ៊ីចឹង បច្ចេកទេសខ្ពស់ ករណីអំពើពុករលួយ រដ្ឋាភិបាលមិនអាចគ្រប់គ្រងបានទេ។ គួរតែសង្គមស៊ីវិលធ្វើជំនួសកុំឲ្យជិះសេះលែងដៃជ្រុល»។
លោករកឃើញថា អាជីវកម្មរ៉ែមាសនៅខេត្តមណ្ឌលគិរី ភាគច្រើនជាអាជីវកម្មខុសច្បាប់ មិនបានសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមឲ្យបានត្រឹមត្រូវនោះទេ។ លោកថា បើបណ្ដោយឲ្យអាជីវកម្មនេះដំណើរការទៀត ទំហំផលប៉ះពាល់នឹងរីកធំឡើង។ លោកអង្កេតឃើញថា ការប្រើថ្នាំប្រភេទ ស្យានីដ (CYANIDE) បានរាលដាលបែបអនាធិបតេយ្យ នៅស្រុករវាងខេត្តព្រះវិហារម្ដងរួចមកហើយ បណ្ដាលឲ្យសព្វពាហនៈរបស់អ្នកស្រុកងាប់ជាច្រើនក្បាល និងបង្កឲ្យទឹកអូរមានជាតិពុល៖ «ថ្នាំ ស៊ី.អា.នីដ. វាជាថ្នាំមួយ ដែលនៅប្រទេសមួយចំនួន ដែលគេហាមដាច់ខាត ក៏គេមានការប្រុងប្រយ័ត្នមែនទែនក្នុងការផលិតសូម្បីតែបន្តិចក៏អាចសម្លាប់មនុស្សរង្គាល។ ពុំមែនមានតែតំបន់មណ្ឌលគិរី និងក្រចេះទេ ដែលប្រើសារធាតុនេះ សូមឲ្យរដ្ឋាភិបាលយល់ថា គេកំពុងប្រើទូទាំងប្រទេសនៅកន្លែងណា ដែលមានអាជីវកម្មរ៉ែមាស»។
កាលពីពេលថ្មីៗ នេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធិ ថ្លែងថា ធាតុពិតដែលនៅពីក្រោយ ករណីស្លាប់នៅក្រចេះ និងបញ្ជូនទៅសង្គ្រោះបន្ទាន់ បណ្ដាលមកពីការប្រើប្រាស់ថ្នាំគីមី ម្យ៉ាងមានឈ្មោះថា ក្រូម (Chromium) និង ស្យានីដ (Cyanide) ដែលគេប្រើសម្រាប់ចម្រាញ់រ៉ែមាស។ លោកថា របបក្រុងភ្នំពេញនឹងចេញវិធានការក្នុងពេលឆាប់ៗ ចំពោះអាជីវកម្មរ៉ែ ដែលប្រើសារធាតុលាងមាសមិនត្រឹមត្រូវ ធ្វើអោយពលរដ្ឋខេត្តក្រចេះ និងមណ្ឌលគិរីពុល និងស្លាប់ជាច្រើននាក់។
មន្ត្រីសង្គមស៊ីវិលរកឃើញថា ថ្នាំ ស្យានីដ (Cyanide) និង ក្រូម (Chromium) បានចែងជារូបមន្តប្រុងប្រយ័ត្នក្នុងក្រសួងបរិស្ថាន ក្រសួងរ៉ែជាដើម ដែលគេហាមមិនអនុញ្ញាតឲ្យប្រើប្រាស់អាជីវកម្មរ៉ែមាស តែប្រសិនប្រើប្រាស់ចាំបាច់ ត្រូវមានទីតាំងគ្រប់គ្រងឲ្យបានត្រឹមត្រូវ ឬអាងចម្រុះប្រតិកម្ម។ ក៏ប៉ុន្តែអាជីវកម្មរ៉ែមាសបែបអនាធិបតេយ្យនៅតំបន់នោះ គឺមិនបានគ្រប់គ្រងតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវនោះទេ ហើយក្រសួងរ៉ែ និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវទទួលខុសត្រូវបញ្ហានេះ បើរកឃើញថា បើកដៃឲ្យឈ្មួញធ្វើអាជីវកម្មខុសច្បាប់។
ពលរដ្ឋរស់នៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវស៊ីម៉ា ខេត្តមណ្ឌលគិរី លោក ប្រក់ ជួប អះអាងនៅថ្ងៃទី១៨ ឧសភាថា អ្នកភូមិប្រទះឃើញក្រុមហ៊ុនចិន ធ្វើអាជីវកម្មរ៉ែមាស ៣ ទីតាំងផ្សេងគ្នា នៅចំណុចវាលរៀង អូរក្ទុង និងអូររហាវ កំពុងប្រើឧបករណ៍ខួងថ្ម និងរែងយករ៉ែមាសជាប់នឹងទឹកអូរធម្មជាតិនៅតំបន់នេះ។ លោកថា អាជីវកម្មរ៉ែមាសនោះ គេប្រើទឹកអូរធម្មជាតិលាងជម្រះកាក់សំណល់នានា ហើយមកទល់ពេលនេះអ្នកភូមិមិនអាចប្រើប្រាស់ទឹកអូរធម្មជាតិបានដូចមុនឡើយ ខណៈដែលពលរដ្ឋជាង ៨០នាក់ បានធ្លាក់ខ្លួនឈឺនៅពេលប្រើប្រាស់ទឹកអូរនេះ ហើយសត្វពាហនៈអ្នកភូមិស្លាប់ជារៀងរាល់ឆ្នាំ៖ «ព្រោះឥឡូវគេខួងរណ្ដៅកើនឡើងកាន់តែច្រើនទៀត»។
អ្នកឃ្លាំមើលផ្នែកបរិស្ថានម្នាក់ ថ្លែងសុំមិនហ៊ានបញ្ចេញឈ្មោះ ពន្យល់ថា ការប្រើសារធាតុ ស្យានីដ ចម្រាញ់យករ៉ែ មានគ្រោះថ្នាក់ខ្លាំងដល់ការបំពុលទឹក ប្រសិនបើវាហូរចូលក្នុងទឹក វានឹងតោងជាប់ដីល្បាប់ និងមែកឈើ ជីវចម្រុះ ក្នុងទឹកជាដើម។ លោកបញ្ជាក់ថា នៅគ្រាដែលសារធាតុ ស្យានីដ តោងជាប់ ត្រី ខ្យង់ គ្រុំ និងសារ៉ាយ ហើយមនុស្សបានចាប់ត្រីមកបរិភោគនឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព។ លោកថា ទឹកអូរ និងព្រែក ដែលមានជាតិពុល ក្រសួងត្រូវតែផ្អាកឲ្យពលរដ្ឋឈប់ប្រើប្រាស់រយៈពេល ៧ ទៅ ១០ឆ្នាំ ទើបសារធាតុនេះរលាយចូលក្នុងទឹកអស់៖ «អ្វីដែលអាចចូលរួមចំណែកបាន កុំឲ្យពលរដ្ឋព្យាយាមប្រើទឹកអូរទៀត។ សារជាតិបារ៉ត និងសារជាតិ ស៊ីអានីត វានៅតោងជាប់ពេញតែក្នុងអូរហ្នឹង»។
លោកបន្ថែមថា ក្រសួងត្រូវស៊ើបស្រាវជ្រាវបាតុភាពនេះឲ្យបានច្បាស់លាស់ និងប្រកាសសាធារណៈ ការពារមិនឲ្យពលរដ្ឋប្រើប្រាស់ទឹកមានជាតិពុលទៀត ដើម្បីទប់ស្កាត់ការរីករាយដល់ផលប៉ះពាល់ដល់ជីវិតមនុស្ស និងសុខភាព។ លោកអះអាងថា ដើម្បីទប់ស្កាត់បាតុភាពនេះ ចាំបាច់ត្រូវលុបបំបាត់អាជីវកម្មរ៉ែមាសគ្រប់រូបភាពនៅតំបន់នោះ៖ «គេប្រើហ្នឹងវានៅតំបន់ផ្ទៃដី នៅក្នុងអូរជាប់ ទម្រាំវាជម្រះអស់»។
ពលរដ្ឋរងគ្រោះដោយសារពុលទឹករស់នៅឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះថ្លែងមិនបញ្ចេញឈ្មោះ ឲ្យដឹងថា អ្នកភូមិដែលមានទម្លាប់ពឹងផ្អែកទាំងស្រុង ប្រើប្រាស់ទឹកព្រែក កំពុងវេទនា ខ្វះខាតទឹកប្រើប្រាស់ ខណៈដែលទឹកព្រែកទេរមានជាតិពុលប្រើប្រាស់មិនបាន។ ចំណែកយុទ្ធនាការចែកទឹករបស់អាជ្ញាធរមិនបានទៀងទាត់ និងមិនបានគ្រប់ជ្រុងជ្រោយឡើយ។ លោកថា ពលរដ្ឋភាគច្រើនកំពុងដេកភ័យ ក្នុងការចំណាយប្រាក់ច្រើនទិញទឹកបម្រើជីវភាពប្រចាំថ្ងៃ៖ «ពលរដ្ឋអត់ដើរទៅរកជូនកាលបានមួយកាន។ សម្លឹងមើលទឹកអូរ និងត្រពាំងមកដោះស្រាយភ្លាមៗ ទៅ វាអ៊ីចឹងទៅហើយ»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា តម្រុយជាច្រើន ដែលក្រសួងឧស្សាហកម្មបង្ហាញនេះជាមូលដ្ឋានទាមទារឲ្យមានការស៊ើបអង្កេតច្បាស់លាស់។ លោកថា បទពិសោធន៍កន្លងទៅ អាជ្ញាធរចាប់ខ្លួនបានតែអ្នកតូចតាច តែក្រោយមករឿងនេះបែរជាស្ងាត់។ លោកបញ្ជាក់ថា ការបំពុលទឹក មិនត្រឹមតែសម្លាប់ជីវិតមនុស្សទេ វាបានគំរាមកំហែងពលរដ្ឋ ខ្លាចញញើតក្នុងការប្រើប្រាស់ទឹកទៀតផង។
កាលពីដើមខែឧសភា ពលរដ្ឋរស់នៅឃុំកន្ទួត ស្រុកចិត្របូរី ស្លាប់ ១៨នាក់ និងជាង ៣រយនាក់ធ្លាក់ខ្លួនឈឺក្រោយពីប្រើទឹកព្រែកទេរមានសារធាតុពុល។ រីឯពលរដ្ឋនៅឃុំស្រែឈូក ស្រុកកែវស៊ីម៉ា ខេត្តមណ្ឌលគិរីមានអាការៈខុសប្រក្រតីជាង ៨០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។