សហជីព​កម្មករ​ខក​ចិត្ត​មិន​បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​មុខ​រដ្ឋសភា

0:00 / 0:00

កម្មករ​និយោជិត​ពី​រោងចក្រ និង​វិស័យ​ផ្សេងៗ រាប់​ពាន់​នាក់ នាំ​គ្នា​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣០ នៅ​រាជធានី​ភ្នំពេញ។ ទន្ទឹម​គ្នា​នឹង​ការ​រំឭក​ទិវា​ពលកម្ម​អន្តរជាតិ ក្រុម​សហជីព​កម្មករ​ក៏​ផ្ញើ​សារ​ដល់​រាជ​រដ្ឋាភិបាល និង​រដ្ឋសភា ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​ពួក​គេ​បន្ថែម​ទៀត។

សហជីព និង​កម្មករ​និយោជិត​ចំនួន ២​ពាន់​នាក់​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ទីតាំង​រង្វង់​មូល​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១ ឧសភា។

«សំឡេង​ស្រែក»

ក្នុង​ទិវា​នេះ សហជីព និង​កម្មករ​និយោជិត​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល និង​រដ្ឋសភា ឲ្យ​ជួយ​កំណត់​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​ឲ្យ​បាន ២០៧​ដុល្លារ។

ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC)លោក អាត់ ធន់ ថ្លែង​ថា សំណើ​សុំ​នេះ គឺ​ជា​សំណូមពរ​មួយ​ក្នុង​សំណូមពរ ១៤​ចំណុច​របស់​សហជីព និង​កម្មករ​និយោជិត៖ «ឲ្យ​រដ្ឋសភា និង​រដ្ឋាភិបាល​ពិនិត្យ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ផ្នែក​វិស័យ​កាត់​ដេរ​ឲ្យ​បាន ២០៧​ដុល្លារ មន្ត្រី​រាជការ​ឲ្យ​បាន ២៥០​ដុល្លារ និង​កំណត់​ ប្រាក់​ឈ្នួល ​សម្រាប់​វិស័យ​មួយ​ចំនួន​ទៀត ហើយ​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​សុខភាព​សុវត្ថិភាព​នៅ​កន្លែង​ការងារ ដូចជា​ការ​បង្កើត​ច្បាប់​បង្កើត​ប្រកាស​អី ដើម្បី​ការពារ​ពួក​គេ ដូចជា​កម្មករ​សំណង់​អី​ជាដើម ហើយ​ប្រព័ន្ធ​សន្តិសុខ​សង្គម​ត្រូវ​ធានា​ថា សេវាកម្ម​ដែល​មាន​បច្ចុប្បន្ន​ឲ្យ​វា​ដំណើរ​ការ​ល្អ ដូចជា​ការ​ទូទាត់​សំណង ដូចជា​ការ​ប្រើប្រាស់​មន្ទីរពេទ្យ ដូចជា​ការ​ព្យាបាល​ផ្សេងៗ​ឲ្យ​បាន​លឿន ជាពិសេស គឺ​ចុះ​ឈ្មោះ​កម្មករ​និយោជិត​ដែល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​តូចៗ​ ចាប់​ពី​ម្នាក់​ទៅ​ដល់ ៨​នាក់ »

កម្មការិនី​មួយ​រូប​ឈ្មោះ ចន្ទ្រា ថ្លែង​ថា នាង​គាំទ្រ​ការ​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​គោល​បន្ថែម​ទៀត ដើម្បី​ទប់ទល់​នឹង​ការ​ចំណាយ​បច្ចុប្បន្ន៖ « ព្រោះ​អី​រាល់​ថ្ងៃ ប្រាក់​ខែ​ខ្ញុំ​ចាយ​អត់​គ្រប់គ្រាន់ អ៊ីចឹង​ខ្ញុំ​ ត្រូវ​ទាមទារ ប្រាក់​ខែ ​ថែម។ អ៊ីចឹង​មាន​ប្រយោជន៍​សម្រាប់​ខ្ញុំ ហើយ​ប្រយោជន៍​សម្រាប់​បងប្អូន​ទាំងអស់​គ្នា​ដែរ »

ទន្ទឹម​គ្នា​នេះ មាន​កម្មករ​ជាង ១​ពាន់​នាក់​ផ្សេង​ទៀត ប្រមូល​ផ្ដុំ​គ្នា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ទាមទារ​លក្ខខណ្ឌ​ការងារ​ប្រហែល​គ្នា​ដែរ។ កម្មការិនី ហួត សុភ័ណ ថ្លែង​ថា កម្មករ​ដូចជា​រូប​នាង​មាន​ការ​លំបាក​ព្រោះ​ប្រាក់​ខែ​នៅ​តិច៖ «លំបាក​ដូចជា​ប្រាក់​ខែ​នៅ​រាង​តិចតួច​ពេក អត់​ ទាន់​ដោះស្រាយ ​ជីវភាព​គ្រួសារ​បាន​ល្អ​ប្រសើរ។ ចង់​មក​តវ៉ា​ជួយ​គាំទ្រ​គេ​ឲ្យ​ប្រាក់​ខែ​ឡើង​ថ្លៃ​ខ្ពស់​ជាង​ហ្នឹង ចង់​ឲ្យ​ជួយ​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​ឡើង​ខ្ពស់​បន្តិច​មក យើង​ធ្វើ​ការ​រោងចក្រ ចំណុច​ដែល​លំបាក​ជាង​គេ គឺ​ប្រាក់​ខែ​តិចតួច​ហ្នឹង​តែ​ម្ដង ព្រោះ​អី​ ប្រាក់​ខែ ​ឡើង ថ្លៃ​ផ្ទះ​ក៏​ឡើង។ ដល់​ អ៊ីចឹង​ប្រាក់​ខែ ​ឡើង ៥​រៀល ថ្លៃ​ផ្ទះ​ឡើង ៥​រៀល​ដែរ។ អ៊ីចឹង​មក​ឲ្យ​គាត់​ជួយ​ដោះស្រាយ​បញ្ហា​ថ្លៃ​ផ្ទះ​ផង បញ្ហា​ប្រាក់​ខែ ​គោល​ផង»

ការ​ទាមទារ​ឲ្យ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ឬ​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​ប្រាក់​ខែ​គោល​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កំណត់​អនុវត្ត​ចំនួន ១៤០​ដុល្លារ​ចាប់​តាំង​ពី​ខែ​មករា។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គឺ​លោក ហេង សួរ ឆ្លើយ​តប​ការ​ទាមទារ​របស់​កម្មករ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ឧសភា ថា ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា គឺ​ខាង​លោក​មាន​រូបមន្ត លក្ខណៈ​វិនិច្ឆ័យ កាលវិភាគ និង​យន្តការ​ច្បាស់លាស់ ដែល​គណៈកម្មការ​ត្រី​ភាគី​សម្រេច​កាល​ពី​ឆ្នាំ​២០១៤។ ដូច្នេះ ការ​លើក​តួលេខ​ណា​មួយ ត្រូវ​ផ្អែក​លើ​រូបមន្ត និង​លក្ខណៈ​វិនិច្ឆ័យ​នោះ។ លោក​ឱ្យ​ដឹង​ថា ការ​ចរចា​អំពី​ប្រាក់ឈ្នួល​សម្រាប់​ឆ្នាំ ២០១៧ នឹង​ចាប់​ផ្ដើម នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។ លោក​ស្វាគមន៍​ញត្តិ​របស់​កម្មករ និង​អំពាវនាវ​ឱ្យ​ភាគី​អនុវត្តន៍​រូបមន្ត និង​លក្ខណៈ​វិនិច្ឆ័យ​ដែល​មាន​ហើយ។

ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC)លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ការ​ទាមទារ​របស់​កម្មករ​ចាប់​តាំង​ពី​ឆ្នាំ​២០០៥ មក ធ្វើ​ឲ្យ​ប្រាក់​ឈ្នួល និង​សិទ្ធិ​មួយ​ចំនួន​ប្រែប្រួល ប៉ុន្តែ​បញ្ហា​ខ្លះ​នៅ​មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ ដូចជា​ការ​ធ្វើ​ការ​ច្រើន​ម៉ោង ការ​ធ្វើ​ការ​ដោយ​គ្រោះថ្នាក់ ការ​ប្រើ​កិច្ចសន្យា​ខ្លី និង​ការ​រើសអើង​ធ្វើ​បាប​សហជីព ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ​នៅ​បន្ត​ការ​ទាមទារ។

ក្រុម​សហជីព​កម្មករ​ខក​ចិត្ត ព្រោះ​មិន​អាច​ប្រារព្ធ​ពិធី​ទិវា​ពលកម្ម​អន្តរជាតិ​តាម​ទិសដៅ​នៅ​ខាង​មុខ​រដ្ឋសភា ដែល​ខ្លួន​ចង់​បាន​ឲ្យ​ដូច​ឆ្នាំ​មុនៗ។ កម្មករ​មួយ​រូប​ឈ្មោះ សម សារ៉ុន ថ្លែង​ថា លោក​ចង់​ឲ្យ​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​បាន​ប្រសើរ​ជាង​នេះ៖ « បាន​ត្រឹម​តែ​ហែ​ក្បួន តែ​អត់​បាន​ដាក់​ ញត្តិ​ចូល ​ទៅ​រដ្ឋសភា។ ចង់​ធ្វើ​ឲ្យ​ដូច​រាល់​ឆ្នាំ ដែល​ខាង​តំណាង​កម្មករ ខាង​សហជីព​បាន​ដាក់​ញត្តិ​ ចូល​ទៅ ​ក្នុង​រដ្ឋសភា គាត់​ទទួល​ញត្តិ​តាម​ច្បាប់​កម្មករ។ បើ​ធ្វើ​អ៊ីចឹង ខ្ញុំ​នៅ​តែ​អត់​បាន​ចូលរួម​ដដែល »

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក អាត់ ធន់ ចាត់​ទុក​ថា ជា​ការ​ប្រសើរ​ដែល​អាជ្ញាធរ​សម្រួល​ដល់​ការ​ហែ​ក្បួន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ពី​ស្ថានទូត​រុស្ស៊ី មក​ជិត​រដ្ឋសភា ដោយ​មិន​មាន​ការ​ប៉ះ​ទង្គិច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។