បុរស​ម្នាក់​នៅ​កំពត​ជាប់​សង្ស័យ​ថា​ជា​មេ​ខ្យល់​ជួញ​ដូរ​កម្លាំង​ពលកម្ម

ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត កំពុង​បើក​ការ​ស៊ើប​អង្កេត និង​សាកសួរ​មេ​ខ្យល់​ម្នាក់ ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​លក់​កម្លាំង​ពលកម្ម​ពលរដ្ឋ​ចំនួន ១៤​នាក់ ទៅ​ប្រទេស​ម៉ាឡេស៊ី។

0:00 / 0:00

ចំណាត់​ការ​របស់​នគរបាល​យុត្តិធម៌​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​បណ្ដឹង​របស់​គ្រួសារ​ជន​រងគ្រោះ​ទាំង ១៤​នាក់ ដែល​បាន​ប្ដឹង​ចោទ​ប្រកាន់​កាល​ពី​ដើម​ខែ​ឧសភា កន្លង​ទៅ​នេះ។

មន្ត្រី​ស្នងការ​នគរបាល​ខេត្ត​កំពត ឲ្យ​ដឹង​ថា ខ្លួន​កំពុង​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​មេ​ខ្យល់​ម្នាក់ ពី​បទ​ជាប់​សង្ស័យ​ថា បាន​លក់​កម្លាំង​ពលកម្ម​ពលរដ្ឋ​ចំនួន ១៤​នាក់ ធ្វើ​ជា​អ្នក​នេសាទ​តាម​សមុទ្រ​ទៅ​ប្រទេស​ម៉ាឡេស៊ី។

គ្រួសារ​ជន​រងគ្រោះ បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​មេ​ខ្យល់​នោះ​សន្យា​កុហក​ថា​នឹង​ជួយ​ផ្ដល់​ការងារ​សមរម្យ​ឲ្យ​ធ្វើ​នៅ​ក្នុង​រោងចក្រ​ប្រទេស​ថៃ។

ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ខេត្ត​កំពត លោក ជិន អោវ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៥ ឧសភា ថា នៅ​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​បើក​ការ​ស៊ើប​អង្កេត​ដើម្បី​កំណត់​មុខ​សញ្ញា មុន​នឹង​ត្រូវ​កសាង​សំណុំ​រឿង​បន្ត​បញ្ជូន​ទៅ​តុលាការ។ លោក​បន្ត​ថា តែ​ទោះ​ជា​បែប​ណា គេ​នៅ​មិន​ទាន់​ដឹង​ថា​លោក អ៊ឹម ប្រុស ដែល​ជា​ជន​សង្ស័យ នឹង​ត្រូវ​ប្រឈម​មុខ​យ៉ាង​ណា​នៅ​ឡើយ​នោះ​ទេ។ លោក​គិត​ថា ព្រោះ​ក្នុង​ដំណាក់​កាល​នេះ សំណុំ​រឿង​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​របស់​មន្ត្រី​ជំនាញ​នៅ​ឡើយ៖ «គ្រាន់​តែ​ថា​អញ្ជើញ​គាត់​មក​សួរ​នាំ​ហើយ មិន​ទាន់​ដឹង​យ៉ាង​ម៉េច​ផង​នេះ។ រវល់​ដែរ​ខ្ញុំ ជាប់​បេសកកម្ម​ចុះ​ទៅ​ស្រុក​ដែរ អត់​បាន​នៅ​កន្លែង​ផង។ អត់​ដែល​បាន​តេ​សួរ​នាំ​កូន​ចៅ​ផង​បង»

ចំណាត់​ការ​របស់​នគរបាល​យុត្តិធម៌​ប្រឆាំង​នឹង​សកម្មភាព​របស់​លោក អ៊ឹម ប្រុស នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​បណ្ដឹង​របស់​ក្រុម​គ្រួសារ​ចំនួន ១៤​នាក់ តាម​រយៈ​កិច្ច​អន្តរាគមន៍​ផ្នែក​ច្បាប់​របស់​អង្គការ​ជំនួយ​ផ្លូវ​ច្បាប់​ដល់​កុមារ និង​ស្ត្រី កាល​ពី​ថ្ងៃ​ទី២ ឧសភា កន្លង​ទៅ​នេះ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​អត្ថាធិប្បាយ​ពី​លោក អ៊ឹម ប្រុស ដែល​ជាប់​សង្ស័យ​បាន​ទេ នៅ​ថ្ងៃ​ទី១៥ ឧសភា។ ក៏ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី១២ ឧសភា កន្លង​ទៅ​នេះ លោក​អះអាង​ម្តង​រួច​មក​ហើយ​ថា លោក​ពុំ​មាន​ជាប់​ទាក់ទង​នឹង​ការ​ជួញ​ដូរ​នេះ​ឡើយ។

ចំណែក​មន្ត្រី​គម្រោង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៃ​អង្គការ​ជំនួយ​ផ្លូវ​ច្បាប់​ដល់​កុមារ និង​ស្ត្រី លោក ឆន រង្សី បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ​លម្អិត​ជុំវិញ​ករណី​នេះ។ លោក​ចាត់​ទុក​ថា នេះ​គឺ​ជា​នីតិវិធី​ផ្នែក​ច្បាប់ និង​អាច​ប៉ះពាល់​ដល់​ការ​ស៊ើប​អង្កេត​របស់​ក្រុម​ការងារ​ជំនាញ៖ «តាម​ពិត​ដែល​ការងារ​ហ្នឹង យើង​ធ្វើ​តាំង​ពី​២។ ប៉ុន្តែ​គ្រាន់​តែ​ថា​វា​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត យើង​អត់​ទាន់​ចង់​ឲ្យ​វា​មាន​ព័ត៌មាន​អី​ប្លែក​រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​ហ្នឹង អ៊ីចឹង​ទៅ​ណាស់»

កាល​ពី​ថ្ងៃ​ទី២៤ ឧសភា ប្រជាពលរដ្ឋ​ចំនួន ១៤​នាក់ ត្រូវ​បាន​លោក អ៊ឹម ប្រុស សន្យា​ថា​នឹង​ជួយ​ផ្ដល់​ការងារ​នៅ​ក្នុង​រោងចក្រ​ដែល​មាន​កម្រៃ​ខ្ពស់ នៅ​ក្នុង​ប្រទេស​ថៃ។ ក៏ប៉ុន្តែ ក្រុម​គ្រួសារ​ចោទ​ប្រកាន់​ថា សាច់​ញាតិ​របស់​ខ្លួន​ត្រូវ​បាន​គេ​លក់​កម្លាំង​ពលកម្ម​បន្ត​ឲ្យ​ទៅ​ធ្វើ​ការ​ជា​អ្នក​នេសាទ​តាម​សមុទ្រ​នៅ​ប្រទេស​ម៉ាឡេស៊ី ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។