អ្នកច្បាប់ និងសង្គមស៊ីវិលលើកឡើងថា អាជ្ញាធរ និងក្រុមហ៊ុនត្រូវមានចំណែកទទួលខុសត្រូវករណីឆេះកាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី (Grand Diamond City)នៅក្រុងប៉ោយប៉ែតដែលបានសម្លាប់មនុស្សជិត៣០នាក់។ ពួកគាត់លើកឡើងដូច្នេះដោយសារក្រុមហ៊ុន និងអាជ្ញាធរធ្វេសប្រហែស យឺតយ៉ាវជួយសង្គ្រោះ ខ្វះបច្ចេកទេស និងមិនបានត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពនៅក្នុងអាគារឲ្យបានត្រឹមត្រូវ។
អ្នកច្បាប់ និងសង្គមស៊ីវិលថា អាជ្ញាធរ និងក្រុមហ៊ុនត្រូវរួមចំណែកទទួលខុសត្រូវពាក់ព័ន្ធសោកនាដកម្មនេះ ព្រោះអគ្គីភ័យកើតឡើងគ្មានការដំណឹងសង្គ្រោះបន្ទាន់ និងប្រព័ន្ធសុវត្ថិភាពដល់ភ្ញៀវ និងបុគ្គលិក។
ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោក សុក សំអឿន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ មករា ថា បើសិនអគ្គីភ័យកើតឡើងតែគ្មានការប្រព័ន្ធពន្លត់ និងការជូនដំណឹង ក្រោយការស៊ើបអង្កេត និងស្រាវជ្រាវករណីអគ្គីភ័យមួយនេះគឺក្រុមហ៊ុនកាស៊ីណូទទួលខុសត្រូវទាំងស្រុង។ លោកបន្តថា អាជ្ញាធរក៏ត្រូវរួមចំណែកទទួលខុសត្រូវដែរ បើគ្មានប្រព័ន្ធសុវត្ថិភាព ដោយសារការធ្វេសប្រហែស និងគ្មានការត្រួតពិនិត្យជាប្រចាំ ដែលធ្វើឱ្យមនុស្សបាត់បង់ជីវិតជិត ៣០នាក់។
លោក សុក សំអឿន៖ «អគារហ្នឹងវានៅក្នុងប្រទេសកម្ពុជាយល់ទេ ដូច្នោះវាត្រូវតែក្រោមសមត្ថកិច្ចតុលាការយើង ហើយមិនមែនចាំបាច់ទាល់តែជនជាតិថៃបាននេះទេ អ៊ីចឹងណា។ គេអាចប្ដឹងទៅតុលាការខ្មែរក៏បាន អាចប្ដឹងទៅតុលាការថៃក៏បានអ៊ីចឹងណា។ អាហ្នឹងស៊ីសងលើ(អាស្រ័យទៅលើ)សាមីខ្លួនជនរងគ្រោះម្នាក់ៗហ្នឹង គាត់ចង់ទារ ចង់ទាមទារសំណងអ្វីខ្លះ គាត់អាចធ្វើពាក្យប្ដឹងទៅតុលាការទៅ ឬក៏វាអាចមានការចរចាគ្នារវាងតំណាងក្រុមហ៊ុនណា»។
ហេតុការណ៍ឆេះកាស៊ីណូហ្គ្រេន ដាយមិន ស៊ីធីនៅក្រុងប៉ោយប៉ែតកម្លាំងសមត្ថកិច្ចកម្ពុជា និងថៃរកឃើញអ្នកស្លាប់ ២៦នាក់។ ជនរងគ្រោះទាំងនោះ រួមមានជនជាតិថៃ ១៧នាក់ ម៉ាឡេស៊ី (Malaysia) ១នាក់ នេប៉ាល់ (Nepal) ១នាក់ ចិន(China) ១នាក់ និង៦នាក់ទៀតមិនទាន់ដឹងអត្តសញ្ញាណនៅឡើយ។
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក សេក សុខុម ថា មន្ត្រីជំនាញខ្មែរ និងថៃ នឹងយកសាកសពទាំង៦នាក់ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ ទៅធ្វើសំណង គឺយោងទៅលើច្បាប់របស់ប្រទេសទាំងពីរ(កម្ពុជា និងថៃ) ដោយសារថៅកែ និងជនរងគ្រោះភាគច្រើនជាជនជាតិថៃ ប៉ុន្តែហេតុការកើតឡើងលើទឹកដីកម្ពុជា។លោកអះអាងថា កាស៊ីណូឆេះទាំងស្រុង ហើយក្រុមការងារបានរកឃើញទូដែកផ្ទុកលុយចំនួន ៧ទូ តែមិនឃើញអ្នករងរបួស ឬសពអ្នករងគ្រោះបន្ថែមទៀតឡើយ។
លោក សេក សុខុម៖ «បាទ!ឯកឧត្ដម អ៊ុំ រាត្រី គាត់រាយការណ៍ប្រាប់ក្នុងថ្ងៃសន្និសីទសារព័ត៌មានថា អ្នកដែលរបួសស្រាលនៅខ្មែរ៥០នាក់ជាងហ្នឹងគឺ ខ្លះជា តែចេញពីមន្ទីរពេទ្យហើយ។ ហើយនៅខាងថៃ យើងគិតថា៤០នាក់ ប៉ុន្តែខាងថៃប្រកាសថា ក្នុងថ្ងៃដែលយកទៅជិត៤០នាក់ហ្នឹង គឺយើងស្លាប់តែម្នាក់ទេ ប៉ុន្តែពាក់ព័ន្ធសំណង ឬយ៉ាងម៉េចយ៉ាងម៉ា គឺយើងអត់ទាន់ដឹង ព្រោះខាងគណៈកម្មការចម្រុះនៅហ្នឹងមិនទាន់បានធ្វើសន្និសីទសារព័ត៌មាន ឬក៏ថ្លែងអ្វី»។
មកដល់ពេលនេះ សាច់ញាតិ អះអាងថា មានអ្នកធ្វើការនៅអគារទាំងនេះចំនួន ១២នាក់បាត់ខ្លួន ក្នុងនោះមានពលរដ្ឋខ្មែរ ៣នាក់ និងពលរដ្ឋថៃ ៩នាក់។ គ្រួសារជនរងគ្រោះ រិះគន់អាជ្ញាធរ កម្ពុជាថា មិនសូវអើពើជួយរកអ្នកដែលបាត់ខ្លួននោះទេ បែរជាខ្វាយខ្វល់ និងខំរកទ្រព្យសម្បត្តិ និងទូលុយរបស់ក្រុមហ៊ុនទៅវិញ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ និងជាអ្នកនាំពាក្យសមាគមអាដហុដ (Adhoc) លោក ស៊ឹង សែនករុណា ថ្លែងថា ជាធម្មតានៅពេលពលរដ្ឋ បុគ្គលិក ឬមន្ត្រីរាជការណាម្នាក់ ទៅធ្វើការនៅទីតាំង ឬកន្លែងកម្សាន្តណាមួយ គឺម្ចាស់ទីតាំង ឬស្ថាប័ននោះជាអ្នកទទួលខុសត្រូវ។
លោក ស៊ឹង សែនករុណា៖ «ចង់មិនចង់រឿងនេះ គឺក្រុមហ៊ុនជាអ្នកទទួលខុសត្រូវផ្ទាល់ ហើយទី២នោះគឺ រដ្ឋាភិបាល។ ក្នុងន័យនេះ គឺរដ្ឋាភិបាលត្រូវត្រួតពិនិត្យអំពីការទទួលខុសត្រូវរបស់ក្រុមហ៊ុនហ្នឹងថា បានអនុវត្តបានត្រឹមត្រូវតាមច្បាប់ ឬអត់។ មួយទៀតនោះគឺ ខាងរដ្ឋាភិបាលក៏ដូចគ្នាដែរ គួរតែមានការទទួលខុសត្រូវទៅលើបញ្ហាហ្នឹងដែរ នៅក្នុងពេលដែលកិច្ចអន្តរាគមន៍របស់ខ្លួន នៅពេលដែលមានបញ្ហាកើតឡើង ហៃមិនបានអន្តរាគមន៍ ហៃពន្លត់អគ្គីភ័យ ឬក៏សង្គ្រោះប្រជាពលរដ្ឋអ្នកដែលជាប់ក្នុងអគារហ្នឹង បានទាន់ពេលទាន់វេលាហ្នឹង អាហ្នឹងក៏ជាការទទួលខុសត្រូវមួយដែរ»។
បុគ្គលិកកាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី ដែលរស់រានមានជីវិតមួយចំនួន រៀបរាប់ប្រហាក់ប្រហែលគ្នាថា ពេលមានអគ្គីភ័យកើតឡើង មិនមាននរណាម្នាក់ជូនដំណឹង ឬមានសញ្ញាប្រកាសអាសន្នពីអគ្គិភ័យឆាបឆេះនៅជាន់ក្រោមនោះទេ ហើយអ្នកខ្លះថា ដំបូងឡើយ សន្តិសុខ បង្គាប់ឲ្យពួកគាត់រក្សាភាពស្ងៀមស្ងាត់ និងបិទទ្វារខ្លាចមានមនុស្សផ្អើលហើយឆ្លៀតឱកាសលួចលុយរបស់ក្រុមហ៊ុន រត់ចេញក្រៅ។ ពួកគាត់បន្តថា បន្ទាប់មកភ្លើងបានឆេះរាលដាលកាន់តែខ្លាំងដល់ជាន់លើ ហើយ ទ្វារអេឡិចត្រូនិកជាប់សោ និងដាច់ភ្លើងងងឹតឈឹង ខណៈនៅក្នុងអគារខ្វះឧបករណ៍បាញ់ទឹក និងផ្លូវសុវត្ថិភាព។ ពេលនោះ មនុស្សមួយចំនួន បានស្ទុះរត់ឡើងទៅលើដំបូលអគាររង់ចាំជាច្រើនម៉ោងដោយសង្ឃឹមថា អាជ្ញាធរ នឹងបញ្ជូនឧបករណ៍ជួយសង្គ្រោះពួកគាត់ ប៉ុន្តែអាជ្ញាធរហាក់យឺតយ៉ាវ ខណៈភ្លើងកាន់តែឆេះសន្ធោសន្ធៅ រហូតអ្នកខ្លះបង្ខំចិត្តលោតទម្លាក់ពីលើអាគារជាងកម្ពស់១០ជាន់ដើម្បីគេចពីអណ្ដាតភ្លើង។
អ្នកច្បាប់ សង្គមស៊ីវិល និងសាច់ញាតិរបស់អ្នកបាត់ខ្លួន ចាត់ទុកថា ករណីទាំងនេះ គឺជាការធ្វេសប្រហែសរបស់ក្រុមហ៊ុន និងអាជ្ញាធរ ដែលគួរតែមានការរួមចំណែកទទួលខុសត្រូវចំពោះសោកនាដកម្មនេះ។ ពួកគាត់ក៏ទទូចដល់អាជ្ញាធរប្រទេសទាំងភាគីពន្លឿនការបញ្ជាក់អត្តសញ្ញាណអ្នកស្លាប់ និងអ្នកបាត់ខ្លួន ដើម្បីយកទៅធ្វើបុណ្យពេញលេញតាមប្រពៃណីត្រឹមត្រូវ ហើយផ្ដល់យុត្តិធម៌ដល់អ្នកស្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។