មេធាវី​រៀបចំ​សំណើផ្លូវ​ច្បាប់ ដើម្បី​អោយ​ស្រ្តី​ ៣២នាក់ ជាប់​ឃុំ​រឿង​ពពោះ​ជំនួស​បាន​នៅ​ក្រៅ​ឃុំ

ដោយ សុ ជីវី
2018.10.30
Share on WhatsApp
Share on WhatsApp
ជូ ប៊ុនអេង ២០១៦ ៨៥៥ អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស (គ.ជ.ប.ជ) ក្នុង​នាទី​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA

ស្រ្តី​ចំនួន​ ៣២​នាក់​ដែល​កំពុង​ជាប់​ឃុំខ្លួន ពី​បទ​ជួញដូរ​មនុស្ស តាម​រយៈ​ការ​ពពោះ​ជំនួស​អាច​នឹង​ត្រូវ​ពិចារណារ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប្រសិន​បើ​តុលាការ​រកឃើញ​ថា ពួក​គេ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ក្នុង​ការ​ចញ្ចឹម​ថែទាំ​កូន និង​បោះបង់​ចោល​គំនិត​បង្កើត​កូន ដើម្បី​ដោះ​ដូរ​ប្រាក់​កាស​ត​ទៅ​ទៀត។ បើ​ទោះ​ជា​យ៉ាង​ណា​អាជ្ញាធរ​ជំនាញ ​ដែល​កំពុង​រៀបចំ​សំណើ​ឲ្យ​មាន​ការ​សុំ​នៅ​ក្រៅ​ឃុំ​នេះ​បញ្ជាក់​ថា មាន​ស្រ្តី​ជាង ១០​នាក់​ហើយ បាន​សម្រាល​កូន ហើយ​ពួក​គេ​កំពុង​ស្នាក់​នៅ​មន្ទីរពេទ្យ ដោយ​មាន​កិច្ច​ការពារ និង​ថែទាំ​ពី​សមត្ថកិច្ច និង​អង្គការ​ដៃ​គូ។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិការ​ប្រឆាំង​ការជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា​ថា មេធាវី​ការពារ​ឲ្យ​ស្រ្តី ទាំង ​៣២​នាក់ កំពុង​រៀបចំ​ឯកសារ​ដាក់​ទៅ​តុលាការ ដើម្បី​ពិចារណា​ឲ្យ​ដោះ​លែង​ពួក​គេ​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។ អ្នកស្រី​ថា ក្រុម​ស្រ្តី​បាន​លើកឡើង​ពី​ការ​ធានា​ថា​ នឹង​ចិញ្ចឹម​កូនៗ ដែល​ពួក​គេ​ស៊ី​ឈ្នួល​បង្កើត​ឲ្យ​អ្នក​ផ្សេង​នោះ ដោយ​មិន​បញ្ជូន​កូន​ទៅ​ឲ្យ​អ្នក​ដែល​ជួល​ពួក​គេ​ឡើយ៖ «នៅ​ពេល​ដែល​ពួក​គាត់​មាន​ទារក​អ៊ីចឹង​ ជា​ចេតនា​របស់​យើង​មិន​ចង់​ដាក់​ទោស​ទណ្ឌ​ទេ តែ​ដោយសារ​វា​ជា​កំហុស។ ប៉ុន្តែ​រឿង​សំខាន់ យើង​គិត​ថា បើ​សិន​ជា​គាត់​ផ្លាស់​ប្តូរ​ការ​គិត​របស់​គាត់​ថា គាត់​នឹង​មិន​បន្ត​ចង់​ដោះដូរ​កូន​ត​ទៅ​ទៀត​ទេ មាន​ន័យ​ថា គាត់​ដូច​ជា​ឳពុក​ម្ដាយ​ទូទៅ​អ៊ីចឹង គឺ​គាត់​មាន​ផ្ទៃ​ពោះ​ហើយ​គាត់​ក៏​ចិញ្ចឹម​កូន​ទៅ។ ប៉ុន្តែ​បើ​គាត់​មាន​ផ្ទៃពោះ​ហើយ នៅ​មាន​ចេតនា​មួយ​មិន​ចញ្ចឹម​កូន​ហ្នឹង​ទេ ពី​ព្រោះ​គាត់​នៅ​តែ​ត្រូវ​ការ​លុយ ហើយ​យក​កូន​ទៅ​លក់​ទៅ​ដូរ​អី​ហ្នឹង គឺ​គាត់​ទទួល​ទោស​ទៅ»

ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស រាជធានី​ភ្នំពេញ កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៨ បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន ៣៥​នាក់ ក្នុង​នោះ​មាន ៣២​នាក់​ជា​ស្រ្តី​មាន​ផ្ទៃ​ពោះ ដែល​ជា​អ្នក​ព​ពោះ​ជំនួស និង​មេ​ខ្យល់​ ៥នាក់​ ក្នុង​នោះ​មាន​ម្នាក់​ជា​ជនជាតិ​ចិន នៅ​ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ។ ក្រុមស្រ្តី​មាន​ផ្ទៃ​ពោះ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ «ការ​ជួញ​ដូរ​មនុស្ស​ដោយ​ឆ្លង​ដែន» ក្រោម​មាត្រា ១៦ នៃ​ច្បាប់​ស្តីពី​ការ​បង្រ្កាប​ការ​ជួញដូរ​មនុស្ស​​​ និង​អំពើ​ធ្វើ​អាជីវកម្ម។ ចំណែក​មេ​ខ្យល់​ត្រូវ​ចោទ​ពី​បទ ​«ការ​ជួញដូរ​មនុស្ស​ដោយ​ឆ្លង​ដែន​ ​និង​បទ​អន្តរការី​ជា​មួយ​ស្រ្តី​ព​ពោះ»

អ្នកស្រី ជូ ប៊ុនអេង​ឲ្យ​ដឹង​ថា ភ្លាមៗ ​ក្រោយ​ការ​ចាប់​ខ្លួន​ ស្រ្តី​ទាំង ​៣២​នាក់​ ត្រូវ​បាន​នាំ​ទៅ​ស្នាក់​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាដៃ​គូ​ឈ្មោះ​អង្គការ​មេត្រី​អន្តរជាតិ (AIM) ប៉ុន្តែ​ដោយ​សារ​ពួក​គេ​សុទ្ធ​តែ​ជា​ស្រ្តី​មាន​ផ្ទៃពោះ​ទើប​អាជ្ញាធរ​ពាក់ព័ន្ធ​សម្រេច​ឲ្យ​ពួក​គេ​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ងាយ​ស្រួល​ទទួល​បាន​ការ​ថែទាំ​សុខភាព ប៉ុន្តែ​នៅ​ក្រោម​កិច្ចការពារ​ពី​ក្រុម​នគរបាល។ អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់​ថា ពេល​នេះ​មាន​ស្រ្តី​ជាង ​១០​នាក់​ហើយ ​បាន​សម្រាល​កូន​ ក្នុង​នោះ​ស្រ្តី​ខ្លះ​មាន​កូន​ភ្លោះ។ អ្នកស្រី​ថា អង្គការ​ដៃគូ​បាន​ផ្ដល់​ជំនួយ​ចាំ​បាច់​ប្រចាំ​ថ្ងៃ។

នាយកប្រតិបត្តិអង្គការមេត្រីអន្តរជាតិ ហៅ​កាត់​ថា​ AIM ប្រចាំ​នៅ​កម្ពុជា លោក ដុន ប្រ៊ូស្ទ័រ​ (Don Brewster) បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ អង្គការ​នេះ​កំពុង​ធ្វើ​ការ​​​ជាមួយ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ដើម្បី​បណ្តុះបណ្តាល​ដល់​ស្រ្តី​ទាំង ៣២នាក់ ឲ្យ​យល់​ពី​បញ្ហ​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ព​ពោះ​ជំនួស។ លោក​រំពឹង​ថា ​ស្រ្តី​ទាំង ​៣២​នាក់ ​នឹង​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​មាន​តួនាទី​ទប់​ស្កាត់ និង​បង្រ្កាប​បទ​ល្មើស​នៃ​អំពើ​ជួញ​ដូរ​មនុស្ស។ ហេតុនេះ​ត្រូវ​តែ​ប្រាកដ​ថា​ ការ​ដោះ​លែង​ស្រ្តី​ទាំង ​៣២នាក់​នេះ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ​មិន​នាំ​ទៅ​រក​ការ​ជួញ​ដូរ​មនុស្ស គឺ​ការ​លក់​កូនៗ ​របស់​ពួក​គេ ដែល​ជា​ទង្វើ​ខុស​ច្បាប់៖ «ហើយ​បើ​យក​ហេតុផល​ថា​ ស្រ្តី​ដែល​កំពុង​ពពោះ​ គឺ​សុទ្ធតែ​ជា​អ្នក​ក្រីក្រ ដើម្បី​ដោះ​ស្រាយ​ជីវភាព ដោះ​បំណុល​ដោយ​គ្រាន់​តែ​យក​ទារក​ក្នុង​ផ្ទៃ​ហ្នឹង​ធ្វើ​ជា​ការ​ដោះ​ដូរ​ជីវភាព ​គឺ​យើង​ចាត់​ទុក​ថា ​ជា​បទ​ល្មើស ពីព្រោះ​អ្នក​ក្រីក្រ​មាន​ន័យ​ថា ​ធ្វើ​អ្វី​ក៏​បាន​ទេ គឺ​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ក្នុង​ករណី​ហ្នឹង។ បើសិន​ជា​គិត​ថា ​រឿង​ទាំង​អស់​នេះ​ ជា​សិទ្ធិ​របស់​ស្រ្តី​ដែល​គាត់​មាន​ចេតនា​ ដើម្បី​នឹង​យក​កូន​ដោះ​ដូរ​ជីវភាព គឺ​កាន់​តែ​ខុស​ទៀត​ហើយ។ មាន​ន័យ​ថា គាត់​អត់​បាន​គិត ដល់​សិទ្ធិ​របស់​ទារក​ដែល​មាន​សិទ្ធិ​ដែរ​នោះ​ទេ»

ក្រុមគ្រួសារ​ស្រ្តី​ពរពោះ​ជំនួស​មួយចំនួន​ដែល​សារព័ត៌មាន​ក្នុង​ស្រុក​បាន​សម្ភាស​ទទូច​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះលែង​សមាជិក​គ្រួសារ​បាន​​ទៅ​ជួប​ជុំ​គ្រួសារ ដោយ​ប្តេជ្ញា​ថា​នឹង​ចិញ្ចឹម​ទារក ដែល​ពួកគេ​ព​ពោះ​ជំនួស​នោះ​វិញ ដោយ​មិន​បញ្ជូន​ទារក​ទាំង​នោះ​ទៅ​ក្រៅ​ប្រទេស។

កាល​ពី​ឆ្នាំ​២០១៧​ អាជ្ញាធរ​ក្រុង​ភ្នំពេញ​ក៏​បាន​បង្រ្កាប​ករណី​ជួញដូរ​តាម​រយៈ​ការ​ព​ពោះ​ជំនួស​នេះ​ម្តង​ដែរ ដោយ​បាន​ឃាត់​ខ្លួន​ស្ត្រី​ជន​ជាតិ​អូស្ត្រាលីម្នាក់​ឈ្មោះ Tammy-Alayne Chales និង​ជន​ជាតិ​ខ្មែរ ២​នាក់។

មន្រ្តី​ជំនាញ​ការិយាល័យ​ប្រឆាំងការ​ជួញដូរធ្លាប់​ឲ្យ​ដឹង​ថា ស្រ្តី​ខ្មែរ​ត្រូវ​បាន​ជួល​ឲ្យ​ពពោះ​ជំនួស​ក្នុង​តម្លៃ​ ១ម៉ឺន​ដូល្លារ​ម្នាក់ ដោយ​ពួក​គេ​ទទួល​បាន​ប្រាក់​កក់​ដំបូង​ពេល​មាន​ផ្ទៃពោះ​ចំនួន ៥០០​ដុល្លារ ហើយ​ពេល​កូន​កើត​មក​ពួក​គេ​ទទួល​បាន​ ៣០០​ដូល្លារ​ក្នុង​ខែ​រហូត​គ្រប់​ចំនួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។