ស្រ្តីចំនួន ៣២នាក់ដែលកំពុងជាប់ឃុំខ្លួន ពីបទជួញដូរមនុស្ស តាមរយៈការពពោះជំនួសអាចនឹងត្រូវពិចារណារឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប្រសិនបើតុលាការរកឃើញថា ពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការចញ្ចឹមថែទាំកូន និងបោះបង់ចោលគំនិតបង្កើតកូន ដើម្បីដោះដូរប្រាក់កាសតទៅទៀត។ បើទោះជាយ៉ាងណាអាជ្ញាធរជំនាញ ដែលកំពុងរៀបចំសំណើឲ្យមានការសុំនៅក្រៅឃុំនេះបញ្ជាក់ថា មានស្រ្តីជាង ១០នាក់ហើយ បានសម្រាលកូន ហើយពួកគេកំពុងស្នាក់នៅមន្ទីរពេទ្យ ដោយមានកិច្ចការពារ និងថែទាំពីសមត្ថកិច្ច និងអង្គការដៃគូ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការប្រឆាំងការជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់អាស៊ីសេរីតាមទូរស័ព្ទ នៅថ្ងៃទី២៩ ខែតុលាថា មេធាវីការពារឲ្យស្រ្តី ទាំង ៣២នាក់ កំពុងរៀបចំឯកសារដាក់ទៅតុលាការ ដើម្បីពិចារណាឲ្យដោះលែងពួកគេបាននៅក្រៅឃុំបណ្តោះអាសន្ន។ អ្នកស្រីថា ក្រុមស្រ្តីបានលើកឡើងពីការធានាថា នឹងចិញ្ចឹមកូនៗ ដែលពួកគេស៊ីឈ្នួលបង្កើតឲ្យអ្នកផ្សេងនោះ ដោយមិនបញ្ជូនកូនទៅឲ្យអ្នកដែលជួលពួកគេឡើយ៖ « នៅពេលដែលពួកគាត់មានទារកអ៊ីចឹង ជាចេតនារបស់យើងមិនចង់ដាក់ទោសទណ្ឌទេ តែដោយសារវាជាកំហុស។ ប៉ុន្តែរឿងសំខាន់ យើងគិតថា បើសិនជាគាត់ផ្លាស់ប្តូរការគិតរបស់គាត់ថា គាត់នឹងមិនបន្តចង់ដោះដូរកូនតទៅទៀតទេ មានន័យថា គាត់ដូចជាឳពុកម្ដាយទូទៅអ៊ីចឹង គឺគាត់មានផ្ទៃពោះហើយគាត់ក៏ចិញ្ចឹមកូនទៅ។ ប៉ុន្តែបើគាត់មានផ្ទៃពោះហើយ នៅមានចេតនាមួយមិនចញ្ចឹមកូនហ្នឹងទេ ពីព្រោះគាត់នៅតែត្រូវការលុយ ហើយយកកូនទៅលក់ទៅដូរអីហ្នឹង គឺគាត់ទទួលទោសទៅ » ។
ការិយាល័យប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញ កាលពីខែមិថុនា ឆ្នាំ២០១៨ បានឃាត់ខ្លួនមនុស្សចំនួន ៣៥នាក់ ក្នុងនោះមាន ៣២នាក់ជាស្រ្តីមានផ្ទៃពោះ ដែលជាអ្នកពពោះជំនួស និងមេខ្យល់ ៥នាក់ ក្នុងនោះមានម្នាក់ជាជនជាតិចិន នៅខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ។ ក្រុមស្រ្តីមានផ្ទៃពោះត្រូវចោទប្រកាន់ពីបទ «ការជួញដូរមនុស្សដោយឆ្លងដែន » ក្រោមមាត្រា ១៦ នៃច្បាប់ស្តីពីការបង្រ្កាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម។ ចំណែកមេខ្យល់ត្រូវចោទពីបទ «ការជួញដូរមនុស្សដោយឆ្លងដែន និងបទអន្តរការីជាមួយស្រ្តីពពោះ»។
អ្នកស្រី ជូ ប៊ុនអេងឲ្យដឹងថា ភ្លាមៗ ក្រោយការចាប់ខ្លួន ស្រ្តីទាំង ៣២នាក់ ត្រូវបាននាំទៅស្នាក់នៅអង្គការក្រៅរដ្ឋាភិបាលជាដៃគូឈ្មោះអង្គការមេត្រីអន្តរជាតិ (AIM) ប៉ុន្តែដោយសារពួកគេសុទ្ធតែជាស្រ្តីមានផ្ទៃពោះទើបអាជ្ញាធរពាក់ព័ន្ធសម្រេចឲ្យពួកគេស្នាក់នៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ ដើម្បីងាយស្រួលទទួលបានការថែទាំសុខភាព ប៉ុន្តែនៅក្រោមកិច្ចការពារពីក្រុមនគរបាល។ អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់ថា ពេលនេះមានស្រ្តីជាង ១០នាក់ហើយ បានសម្រាលកូន ក្នុងនោះស្រ្តីខ្លះមានកូនភ្លោះ។ អ្នកស្រីថា អង្គការដៃគូបានផ្ដល់ជំនួយចាំបាច់ប្រចាំថ្ងៃ។
នាយកប្រតិបត្តិអង្គការមេត្រីអន្តរជាតិ ហៅកាត់ថា AIM ប្រចាំនៅកម្ពុជា លោក ដុន ប្រ៊ូស្ទ័រ (Don Brewster) បានប្រាប់សារព័ត៌មានក្នុងស្រុកថា អង្គការនេះកំពុងធ្វើការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដើម្បីបណ្តុះបណ្តាលដល់ស្រ្តីទាំង ៣២នាក់ ឲ្យយល់ពីបញ្ហការជួញដូរមនុស្ស និងការពពោះជំនួស។ លោករំពឹងថា ស្រ្តីទាំង ៣២នាក់ នឹងបាននៅក្រៅឃុំបណ្ដោះអាសន្ន។
អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់ថា អាជ្ញាធរជាតិមានតួនាទីទប់ស្កាត់ និងបង្រ្កាបបទល្មើសនៃអំពើជួញដូរមនុស្ស។ ហេតុនេះត្រូវតែប្រាកដថា ការដោះលែងស្រ្តីទាំង ៣២នាក់នេះឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននោះមិននាំទៅរកការជួញដូរមនុស្ស គឺការលក់កូនៗ របស់ពួកគេ ដែលជាទង្វើខុសច្បាប់៖ « ហើយបើយកហេតុផលថា ស្រ្តីដែលកំពុងពពោះ គឺសុទ្ធតែជាអ្នកក្រីក្រ ដើម្បីដោះស្រាយជីវភាព ដោះបំណុលដោយគ្រាន់តែយកទារកក្នុងផ្ទៃហ្នឹងធ្វើជាការដោះដូរជីវភាព គឺយើងចាត់ទុកថា ជាបទល្មើស ពីព្រោះអ្នកក្រីក្រមានន័យថា ធ្វើអ្វីក៏បានទេ គឺយើងត្រូវតែប្រុងប្រយ័ត្នក្នុងករណីហ្នឹង។ បើសិនជាគិតថា រឿងទាំងអស់នេះ ជាសិទ្ធិរបស់ស្រ្តីដែលគាត់មានចេតនា ដើម្បីនឹងយកកូនដោះដូរជីវភាព គឺកាន់តែខុសទៀតហើយ។ មានន័យថា គាត់អត់បានគិត ដល់សិទ្ធិរបស់ទារកដែលមានសិទ្ធិដែរនោះទេ»។
ក្រុមគ្រួសារស្រ្តីពរពោះជំនួសមួយចំនួនដែលសារព័ត៌មានក្នុងស្រុកបានសម្ភាសទទូចអោយអាជ្ញាធរពាក់ព័ន្ធដោះលែងសមាជិកគ្រួសារបានទៅជួបជុំគ្រួសារ ដោយប្តេជ្ញាថានឹងចិញ្ចឹមទារក ដែលពួកគេពពោះជំនួសនោះវិញ ដោយមិនបញ្ជូនទារកទាំងនោះទៅក្រៅប្រទេស។
កាលពីឆ្នាំ២០១៧ អាជ្ញាធរក្រុងភ្នំពេញក៏បានបង្រ្កាបករណីជួញដូរតាមរយៈការពពោះជំនួសនេះម្តងដែរ ដោយបានឃាត់ខ្លួនស្ត្រីជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ Tammy-Alayne Chales និងជនជាតិខ្មែរ ២នាក់។
មន្រ្តីជំនាញការិយាល័យប្រឆាំងការជួញដូរធ្លាប់ឲ្យដឹងថា ស្រ្តីខ្មែរត្រូវបានជួលឲ្យពពោះជំនួសក្នុងតម្លៃ ១ម៉ឺនដូល្លារម្នាក់ ដោយពួកគេទទួលបានប្រាក់កក់ដំបូងពេលមានផ្ទៃពោះចំនួន ៥០០ដុល្លារ ហើយពេលកូនកើតមកពួកគេទទួលបាន ៣០០ដូល្លារក្នុងខែរហូតគ្រប់ចំនួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។