មន្ត្រីសង្គមស៊ីវិលជំរុញដល់តុលាការ ឱ្យពន្លឿននីតិវិធី និងការផ្ដល់សំណង ដល់ក្រុមគ្រួសារជនរងគ្រោះ ករណីខ្មាន់កាំភ្លើងបាញ់ស្លាប់នៅបុរីបឹងស្នោទាំងពីរនាក់។ ការជំរុញបែបនេះ បន្ទាប់ពីពួកគាត់សង្កេតឃើញថា ការផ្ដល់សំណងដល់ភាគីជនរងគ្រោះកន្លងមក មិនសក្ដិសមនឹងអ្វីដែលពួកគេបានបាត់បង់ឡើយ។
ស្របពេលដែលតុលាការមិនទាន់សម្រេចផ្ដន្ទាទោសជនបង្ក ដែលបានសម្លាប់គូដណ្ដឹងពីរនាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មន្ត្រីសង្គមស៊ីវិល លើកឡើងថា តុលាការគួរអនុវត្តនីតិវិធីឱ្យបានហ្មត់ចត់ទាំងការដាក់ទោសទណ្ឌឱ្យបានធ្ងន់ទៅតាមច្បាប់ និងការបង្គាប់ឱ្យជនបង្កផ្ដល់សំណងឱ្យបានសមរម្យដល់គ្រួសារជនរងគ្រោះ ដើម្បីប៉ះប៉ូវផ្លូវចិត្តរបស់ពួកគាត់។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC)លោក នី សុខា មានប្រសាសន៍ថា ការទាមទារសំណង គឺអាស្រ័យទៅលើតុលាការ មើលទៅតាមភាពជាក់ស្ដែងរបស់ជនរងគ្រោះ។ ទោះយ៉ាងណា លោកលើកឡើងថា ការអនុវត្តនីតិវិធីចំពោះការផ្ដល់សំណងក្នុងករណីកន្លងមក ហាក់មិនមានភាពសមរម្យនោះទេ ព្រោះជនរងគ្រោះ ច្រើនតែទាមទារសំណងរដ្ឋប្បវេណី មុនការសម្រេចរបស់តុលាការ ដោយពួកគេយល់ថា នៅពេលជនបង្កត្រូវផ្ដន្ទាទោស ហើយនោះនឹងធ្វើឱ្យមានការពិបាកក្នុងការទាមទារសំណង។
លោក នី សុខា៖«បទល្មើសព្រហ្មទណ្ឌ គឺត្រូវតែមានទោសពីរ គឺទោសព្រហ្មទណ្ឌ ខាងពន្ធនាគារ ទោសទីពីរ គឺទោសរដ្ឋប្បវេណី ទាក់ទងនឹងសំណងរដ្ឋប្បវេណី គឺថាការខូចខាត ក៏ដូចជាជំងឺចិត្តផ្សេងៗ។ ប៉ុន្តែទាក់ទងនឹងបញ្ហាហ្នឹង ដោយសារតែជនរងគ្រោះជាទូទៅ ដោយសារមិនសូវមានជំនឿទៅលើប្រព័ន្ធយុត្តិធម៌យើងប៉ុន្មានទេ អ៊ីចឹងហើយបានគាត់តែងតែ ទៅយកសំណងរដ្ឋប្បវេណីហ្នឹង មុនការកំណត់របស់តុលាការ ដែលមានការបើកសវនាការដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់»។
កាលពីថ្ងៃទី១៧ ខែមិថុនា ជនសង្ស័យ គឺឧកញ៉ា ស្រី ស៊ីណា បានប្រើប្រាស់កាំភ្លើងខ្លីបាញ់ប្រហារជាច្រើនគ្រាប់បណ្ដាលឱ្យមនុស្សចំនួន២នាក់បាត់បង់ជីវិត និងមនុស្ស ២នាក់ទៀតរងរបួស។ ជនសង្ស័យបានចូលទៅបាញ់សម្លាប់ជនរងគ្រោះដល់ក្នុងផ្ទះតែម្ដងដោយសារទំនាស់រឿងស្នួលហាលខោអាវរបស់ជនបង្កជ្រុលចូលព្រំដីរបស់ជនរងគ្រោះ។
ជនរងគ្រោះ ដែលបាត់បង់ជីវិតមានឈ្មោះ ឡុង លីសុង និងឈ្មោះ ឃីន កញ្ចនា ដែលត្រូវជាគូដណ្ដឹងនឹងគ្នា។ ពួកគេ ជានិស្សិតបញ្ចប់ការសិក្សានិងមានមុខរបរជាអ្នកថតរូប ហើយមានស្ទូឌីយោថតរូបដ៏ល្បីទៀតផង។ កាលនៅមានជីវិត ជនរងគ្រោះតែងតែត្រូវបានអតិថិជនជាច្រើន រួមទាំងក្រុមគ្រួសាររបស់អភិជន ជួលទៅថតរូបនៅក្នុងកម្មវិធីសំខាន់ៗ ដូចជាពិធីមង្គលការ កម្មវិធី ជប់លៀង និងកម្មវិធីបញ្ចប់ការសិក្សាជាដើម។ សាច់ញាតិ និងមិត្តភ័ក្ដិ សុទ្ធតែអះអាងថា ជនរងគ្រោះជាមនុស្សស្លូតបូត ខិតខំតស៊ូរៀនសូត្រ និងការបំពេញកិច្ចការងារ។ តាមការសម្ភាសរបស់អ្នកសារព័ត៌មានក្នុងស្រុក ជាមួយម្ដាយជនរងគ្រោះ លោក ឡុង លីសុង បានឱ្យដឹងថា ជនរងគ្រោះគឺជាអ្នកចេញថ្លៃព្យាបាលជំងឺឱ្យលោកស្រី ដែលកំពុងមានជំងឺមហារីក ជំងឺបេះដូង លើសឈាមជាដើម ដែលត្រូវទៅព្យាបាលនៅប្រទេសថៃ ក្នុងរយៈពេល២១ថ្ងៃម្ដង។
ចំណែកឯឃាតកដែលមានងារជាឧកញ៉ា គឺលោក ស្រី ស៊ីណា វិញ ត្រូវបានកាសែតក្នុងស្រុកចុះផ្សាយថា ជាថៅកែបុរីសុភមង្គល។
ជុំវិញរឿងនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២១ ខែមិថុនា ថា នគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានកសាងសំណុំរឿង និងបញ្ជូនខ្លួន ខ្មាន់កាំភ្លើង លោក ស្រី ស៊ីណា ទៅតុលាការហើយ ដើម្បីអនុវត្តតាមនីតិវិធីបន្តទៀត។ លោកបន្តថា ការចោទប្រកាន់ និងការដាក់ទោសទណ្ឌលើជនបង្ករូបនេះ គឺជាការសម្រេចរបស់តុលាការ។
ទោះជាបែបនេះក្ដី អ្នកតាមដានសង្គមលើកឡើងថា បើយោងទៅតាមភាពឃោរឃៅរបស់ជនបង្ក តុលាការគួរតែសម្រេចឱ្យដកហូតទ្រព្យសម្បត្តិមួយចំនួន របស់ជនបង្ក យកទៅសងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ បន្ថែមពីលើទោសព្រហ្មទណ្ឌ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល លោក គី តិច ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២១ ខែមិថុនា។
ទាក់ទិនរឿងនេះ មេធាវី សឺន ជុំជួន ពន្យល់ថា ករណីឃាតកម្មខាងលើមានព្យសនកម្ម ដែលមានន័យថា បង្កខូចខាត ឬវិនាសអន្តរាយដល់គ្រួសារជនរងគ្រោះ ទាំងផ្នែកផ្លូវចិត្ត និងជីវភាព ជាពិសេសនៅពេលដែលជនរងគ្រោះ គឺជាអ្នកផ្គត់ផ្គង់គ្រួសារ។ លោកបន្តថា គ្រួសារជនរងគ្រោះអាចទាមទារសំណងសម្រាប់ថ្ងៃអនាគត ដោយផ្អែកលើទំហំផលប្រយោជន៍ដែលអ្នកស្លាប់ធ្លាប់ឱ្យគ្រួសារ និងបញ្ហាប្រឈមផ្នែកជីវភាពនៅពេលដែលពួកគេបាត់បង់ជីវិត។ យ៉ាងណាលោកថា តុលាការនឹងពិនិត្យទៅលើទំហំនៃសំណងដែលគ្រួសារបានទាមទារ និងទំហំនៃការបាត់បង់ផងដែរ។
មេធាវី សឺន ជុំជួន៖«គេត្រូវសិក្សាទាំងអស់ តាមរឿងក្ដីនីមួយៗ គឺគេសិក្សាទៅលើទំហំនៃការខូចខាតហ្នឹងវាមានទំហំប៉ុណ្ណា។ យើងត្រូវពិនិត្យទៅលើផលប៉ះពាល់នៃជីវភាពទៅអនាគតរបស់ពួកគាត់។ យើងមើលទៅលើការបាត់បង់ជីវិតមនុស្ស ជាពិសេសនៅក្នុងរឿងនេះវាពាក់ព័ន្ធទៅនឹងឪពុកម្ដាយអាចមានសិទ្ធិទាមទារ។ ឪពុកម្ដាយរបស់ជនដែលត្រូវបានស្លាប់ហ្នឹង គាត់អាចមានសិទ្ធិទាមទារបាន»។
បើតាមស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី២០ ខែមិថុនា ឱ្យដឹងថា ករណីនេះជាបទល្មើសជាក់ស្ដែង និងជាបទល្មើសឃាតកម្មគិតទុកជាមុន ដែលប្រព្រឹត្តដោយឧកញ៉ា ស្រី ស៊ីណា និងសហចារីពីរនាក់ទៀត។
មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ចែងថា ការសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ត្រូវដាក់ពន្ធនាគារ ពី១០ ទៅ១៥ឆ្នាំ។ ចំណែក មាត្រា២០០ ចែងថា«បទឃាតកម្មគិតទុកជាមុន» ឃាតកម្មគិតទុកជាមុន គឺអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការពួនស្នាក់ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។