យ៉ាងហោចណាស់មានជនរងគ្រោះជិត ១០នាក់ស្លាប់ ដោយសារតែរន្ទះបាញ់នៅសប្ដាហ៍នេះ។ ពលរដ្ឋ៤នាក់ បានស្លាប់ និង២នាក់ទៀតរងរបួស ដោយសាររន្ទះបាញ់ កាលពីថ្ងៃទី១៩ ខែតុលា នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំណែកជនរងគ្រោះ ៣នាក់ផ្សេងទៀតស្លាប់ នៅខេត្តបន្ទាយមានជ័យ។
នគរបាលព្រះសីហនុ ឲ្យដឹងថា ខណៈដែលកំពុងភ្លៀងស្រិចៗជនរងគ្រោះបាន នាំគ្នាទៅជ្រកក្នុងរោង ប៉ុន្តែពេលនោះមានកម្មករម្នាក់និយាយទូរស័ព្ទបណ្ដាលឲ្យរន្ទះបាញ់តែម្ដង។ ដោយឡែក កាលពីថ្ងៃទី១៨តុលា នៅខេត្តបន្ទាយមានជ័យឯណោះវិញ ក៏មានពលរដ្ឋ៣នាក់ បានស្លាប់ដោយរន្ទះបាញ់ដែរ ខណៈពួកគាត់កំពុងអង្គុយជុំគ្នា នៅទីវាលក្នុងភូមិ។
គ្រោះថ្នាក់បណ្ដាលឲ្យមនុស្សស្លាប់ដោយសាររន្ទះបាញ់នេះ នៅតែបន្តកើតមានឥតឈប់ឈរ។ កាលពីចុងខែសីហា ពលរដ្ឋ២នាក់ ក៏បានស្លាប់ដោយសាររន្ទះបាញ់ នៅខេត្តពោធិ៍សាត់ ហើយកាលពីចុងខែមិថុនា ក៏មានមនុស្ស ២នាក់ផងដែរបានស្លាប់ និងម្នាក់ទៀតសន្លប់ ខណៈអ្នកទាំងបីកំពុងឃ្វាលគោ នៅភូមិព្រៃធំ ខេត្តឧត្តរមានជ័យ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី ធ្លាប់បានប្រាប់អាស៊ីសេរី ថា ប្រជាពលរដ្ឋរស់នៅជនបទ ដែលនៅឆ្ងាយពីតំបន់ការពាររន្ទះ ត្រូវប្រុងប្រយ័ត្នក្នុងពេលមានភ្លៀង ជាពិសេសកសិករ គប្បីចាកចេញពីវាលស្រែឲ្យឆ្ងាយ ពីប្រភពទឹក និងកុំនៅជ្រកក្រោមដើមឈើខ្ពស់ៗ ដែលងាយរងគ្រោះដោយបាតុភូតរន្ទះ។ លោកក៏បាន ទទូចឲ្យពលរដ្ឋព្យាយាមសម្ងំនៅក្នុងផ្ទះជានិច្ច នៅពេលមានភ្លៀងធ្លាក់ ខ្យល់បោកបក់រកភ្លៀង និងផ្គររន្ទះ។ ចំពោះ ប្រជាពលរដ្ឋដែលធ្វើការនៅតាមទីវាល ឬនៅក្បែរប្រភពទឹក នៅពេលមានភ្លៀង ត្រូវរួសរាន់ត្រឡប់មកផ្ទះ បិទទូរស័ព្ទនិងវិទ្យុ កុំកាន់របស់អ្វី ដែលអាចចម្លងអគ្គិសនី កុំទៅជ្រកនៅក្រោមដើមឈើ ហើយត្រូវនៅឲ្យឆ្ងាយប្រមាណចម្ងាយពី ៣ ទៅ ៤ម៉ែត្រ ពីក្រោមដើមឈើ ដើម្បីជៀសវាងការឆ្លងចរន្តអគ្គិសនីនៅពេលដែលមានរន្ទះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។