ក្មេងប្រុសដែលបៅដោះមេគោនៅខេត្តសៀមរាបមានអាយុ៦ឆ្នាំហើយ
2017.08.14

ជីដូន និងជីតារបស់ក្មេងប្រុសតូចម្នាក់ដែលធ្លាប់បៅដោះមេគោ ដើម្បីបំបាត់ការស្រេកឃ្លាន នៅភូមិនគរភាស ឃុំនគរភាស នៃស្រុកអង្គរជុំ ចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ភាគខាងលិចពីទីរួមខេត្តសៀមរាប កំពុងព្រួយបារម្ភអំពីបញ្ហាដែលកុមារនោះមិនឆ្លាតវៃដូចកុមារខ្លះទៀត។
ការព្រួយបារម្ភ កើតមានឡើងនៅស្របពេលដែលកុមារតូចម្នាក់នោះគ្រប់អាយុទៅសាលារៀន ប៉ុន្តែគាត់ហាក់មិនសូវឆ្លាត និងមិនចងចាំមេរៀនទាំងឡាយ ហើយមានចំណាត់ថ្នាក់ខ្សោយផងនៅក្នុងចំណោមកុមារតូចៗដែលរៀនថ្នាក់ជាមួយគ្នា។
ផា សុផាត គឺជាឈ្មោះក្មេងប្រុសតូចម្នាក់ដែលធ្លាប់ដើរទៅបៅដោះមេគោដោយខ្លួនឯងជារៀងរាល់ថ្ងៃកាលពីជាង ៤ឆ្នាំមុន ប៉ុន្តែពេលនេះគាត់បានធំលូតលាស់មានអាយុ ៦ឆ្នាំហើយ។ បើទោះបីជាពេលនេះ កុមារ សុផាត បានឈប់បៅដោះមេគោជាយូរមកហើយក៏ដោយ ក៏ធ្វើឲ្យមនុស្សជាច្រើននៅតែចងចាំរឿងរបស់គាត់។
បច្ចុប្បន្ន កុមារ សុផាត នៅតែស្ថិតនៅក្រោមការមើលថែរបស់ជីដូន និងជីតា នៅក្នុងភូមិនគរភាស ឃុំនគរភាស ស្រុកអង្គរជុំ នៃខេត្តសៀមរាប ដោយសារតែឪពុកម្ដាយរបស់គាត់មានជីវភាពក្រីក្រ ហើយចំណាកស្រុកទៅធ្វើការនៅឯប្រទេសថៃ។
កុមារ ផា សុផាត ពេលនេះបានចូលសាលារៀន ព្រមទាំងចេះនិយាយយ៉ាងច្បាស់ ប៉ុន្តែខ្មាសអៀនច្រើន មិនសូវរាក់ទាក់ជាមួយមនុស្សដែលប្លែកមុខទេ៖ «សួស្ដីអ៊ំៗ ខ្ញុំឈ្មោះ សុផាត ខ្ញុំធំហើយ។ អ៊ំៗសុខសប្បាយឬក៏អត់? ខ្ញុំឈប់បៅដោះមេគោហើយ»។
កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១១ ក្នុងពេលដែលកុមារនេះមានអាយុ ១ខួប និង ៣ខែ គាត់តែងដើរទៅបៅដោះមេគោរបស់ជីតាដែលមានកូន ហើយចងនៅក្រោយផ្ទះជារៀងរាល់ថ្ងៃ។
ជីតារបស់ សុផាត គឺលោក អ៊ុំ អឿង មានប្រសាសន៍ថា តាំងពី សុផាត មានអាយុ ១ខួប និង ៣ខែ គឺកូនស្រីរបស់គាត់បាននាំប្ដីប្រពន្ធទៅធ្វើការនៅឯប្រទេសថៃ ហើយទុកកូនតូចមួយនេះឲ្យជីដូនថែរក្សា។ កាលណោះ សុផាត នៅមិនទាន់ឈប់បៅដោះនៅឡើយ ហើយដោយសារតែម្ដាយទៅចោល គឺចៅប្រុសនេះបានទៅបៅដោះមេគោដែលមានកូនដែរ និងចងនៅខាងក្រោយផ្ទះជារៀងរាល់ថ្ងៃ។ លោក អ៊ុំ អឿង បញ្ជាក់ទៀតថា សុផាត តែងដើរទៅបៅដោះមេគោដោយខ្លួនឯងបានរយៈពេលជាង ១ខែ ក៏គាត់ឈប់ឲ្យទៅបៅ ពីព្រោះមានសប្បុរសជនខ្លះបានឃើញរូបថតរបស់គាត់ គឺគេអាណិតអាសូរ ហើយផ្ដល់អំណោយជាលុយខ្លះ និងជាទឹកដោះគោកំប៉ុងខ្លះមកឲ្យបៅជំនួសការទៅបៅដោះមេគោដោយផ្ទាល់។
លោក អ៊ុំ អឿង សម្គាល់ឃើញថា បច្ចុប្បន្ននេះសុខភាពរបស់ សុផាត ល្អណាស់ មិនសូវមានជំងឺទេ ហើយអ្វីដែលពិសេស គឺ សុផាត មានកម្លាំងខ្លាំងជាងកុមារផ្សេងទៀតដែលមានអាយុប្រហាក់ប្រហែលគ្នា៖ «សុខភាពរាល់ថ្ងៃល្អ កម្លាំងខ្លាំងណាស់ វារុញកង់រត់លេងមួយថ្ងៃៗវាស់ៗល្ងាច។ ឆ្នាំទៅមិញរដូវច្រូត ខ្ញុំយកក្បូនមកដាក់កណ្ដាប់ស្រូវពេញ វាអូសតែម្នាក់វារួច»។
បើទោះបីជាកុមារ សុផាត ឈប់បៅដោះមេគោជាច្រើនឆ្នាំមកហើយក៏ដោយ ក៏ជីដូន និងជីតារបស់គាត់នៅតែរក្សាទុកមេគោនោះនៅឡើយ ដោយមិនលក់ដូរទៅឲ្យអ្នកណាទេ។ ជីដូនរបស់កុមារ សុផាត លោកស្រី ហ៊ុន ស្បូវ ឲ្យដឹងថា បើទោះបីជា សុផាត ឈប់បៅដោះមេគោនោះក្តី ប៉ុន្តែបច្ចុប្បន្ន គាត់ហាក់មានអារម្មណ៍នៅស្រឡាញ់ និងស្និទ្ធស្នាលជាមួយមេគោនោះនៅឡើយ ដូចជានៅពេលខ្លះគាត់ប្រើឲ្យជួយដឹកគោជាច្រើនពីវាលមកចងនៅផ្ទះ គឺ សុផាត ដឹកតែមេគោដែលគាត់បៅដោះនោះប៉ុណ្ណោះ។
លោកស្រី ហ៊ុន ស្បូវ បញ្ជាក់ថា អ្នកភូមិជាច្រើនតែងនិយាយបង្អាប់ សុផាត រឿងបៅដោះមេគោ ធ្វើឲ្យកុមារនោះឈប់ហ៊ានទៅបៅបន្តទៀត បន្ទាប់ពីមានសប្បុរសជនខ្លះបានផ្ដល់ម្សៅទឹកដោះគោកំប៉ុង និងអាហារជំនួសមក៖ «តាំងពីគេឲ្យទឹកដោះគោម្សៅបៅមក វាគ្រប់គ្រាន់ ក៏ឈប់ទៅបៅដោះមេគោដោយផ្ទាល់តាំងពីពេលនោះមក»។
ជីដូន និងជីតារបស់ សុផាត ឲ្យដឹងថា ថ្វីត្បិតតែ សុផាត ធ្លាប់ទៅបៅដោះមេគោដែលមិនមានការសម្អាតត្រឹមត្រូវក៏ដោយ ក៏បច្ចុប្បន្នគាត់មានសុខភាពរឹងមាំ មិនដែលឈឺទេ ប៉ុន្តែអ្វីដែលគាត់ព្រួយបារម្ភចំពោះកុមារតូចនោះ គឺឃើញថាមិនសូវមានបញ្ញា និងភាពឆ្លាតវៃឡើយ។
ផា សុផាត មិនសូវមានបញ្ញា និងភាពឆ្លាតវៃ ព្រមទាំងការរួសរាយរាក់ទាក់ទេ បើប្រៀបធៀបជាមួយនឹងក្មេងស្រីម្នាក់ទៀតឈ្មោះ ស្រីស ដែលជាប្អូនស្រីជីដូនមួយអាយុទើបតែ ៣ឆ្នាំនោះ។
លោក អ៊ុំ អឿង ព្រួយបារម្ភចំពោះអនាគតចៅប្រុសរបស់គាត់មួយនេះ ពីព្រោះតែហាក់មិនសូវមានការចងចាំ ហើយរៀនខ្សោយក្នុងចំណោមកុមារជាច្រើននាក់ដែលរៀនជាមួយគ្នា៖ «វារៀនក្នុងថ្នាក់ជាប់លេខ៤១ ប្រឡង។ អត់សូវឆ្លាតដូចគេទេ រាងខ្សោយ អក្សរពេលគ្រូឲ្យកត់ គឺកត់ដូចក្មេងដទៃទៀតដែរ ប៉ុន្តែពេលមកដល់ផ្ទះអានមិនត្រូវ គឺចាំមិនបាន»។
លោកស្រី ហ៊ុន ស្បូវ ក៏សម្ដែងការព្រួយបារម្ភប្រហាក់ប្រហែលគ្នានឹងប្ដីរបស់គាត់ដែរ៖ «ខ្ញុំក៏បារម្ភដែរ បើវារៀនមិនចូលដូច្នេះ។ ខ្ញុំតែងថាអាផាតអើយ ឯងត្រូវមើលគ្រូបង្គាប់អី យើងត្រូវប្រឹងប្រែងរៀនសរសេរផងណា»។
ទោះយ៉ាងណា បច្ចុប្បន្ននេះ និស្ស័យរបស់ សុផាត ហាក់ចាប់អារម្មណ៍ទៅលើឧបករណ៍បច្ចេកវិទ្យាសម័យថ្មី។ ជារៀងរាល់ថ្ងៃបន្ទាប់ពីមកពីសាលារៀន គាត់ចូលចិត្តកាន់ទូរស័ព្ទដៃស្មាតហ្វូន (Smart Phone) ដើម្បីលេងហ្គេម (Game)។ គាត់មានការឆ្លាតវៃទៅលើឧបករណ៍ព័ត៌មានវិទ្យាសម័យថ្មីនេះ បើទោះបីជាទូរស័ព្ទនោះមិនមានហ្គេមក៏ដោយ ក៏គាត់ចេះបើកប្រព័ន្ធអ៊ីនធឺណិត (Internet) ហើយទាញយក (Download) យកហ្គេមមកលេងបានដែរ។
កាលពីអំឡុងខែមករា ឆ្នាំ២០១៧ កុមារ សុផាត ធ្លាប់បានឪពុកម្ដាយរបស់គាត់យកទៅនៅប្រទេសថៃ ម្ដងមកហើយ ក៏ប៉ុន្តែក្រោយពីបុណ្យចូលឆ្នាំខ្មែររួចមក ម្ដាយរបស់គាត់បានយកត្រឡប់ឲ្យមករស់នៅជាមួយតាយាយវិញ ដោយសារតែនៅឯប្រទេសថៃ គាត់មិនបានរៀនអក្សរខ្មែរ។
សុផាត ប្រាប់ថា ពេលនេះគាត់ចង់បានកង់ប្រណាំងមួយសម្រាប់ជិះទៅសាលារៀនជារៀងរាល់ថ្ងៃ ព្រមទាំងចង់បានអាយផេត (iPad) សម្រាប់លេងហ្គេមកម្សាន្តផង៕