ថ្មីៗនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដុតបំផ្លាញគ្រឿងញៀនជាង ៤តោន ដែលមានតម្លៃជិត៧០លានដុល្លារ។ អង្គការសហប្រជាជាតិរកឃើញថា ក្នុងឆ្នាំ២០២៣ ប្រភេទគ្រឿងញៀនដែលត្រូវគេជួញដូរ និងប្រើប្រាស់ច្រើនជាងគេនៅកម្ពុជា រួមមាន មេតំហ្វេតាមីន ឬ ម៉ាទឹកកក (Crystal Methamphetamine) អ៊ឹចស្តាស៊ី (Ecstasy) កូកាអ៊ីន (Cocaine) និងអាភៀន (Heroin)។
ស្វែងយល់ពីនិន្នាការកើនឡើងគួរឱ្យព្រួយបារម្ភនៃការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅកម្ពុជា៖
១) អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៤ ខែមិថុនា បានដុតបំផ្លាញគ្រឿងញៀនជាង ៤តោន ដែលមានតម្លៃជិត៧០លានដុល្លារ។ ក្នុងរយៈពេលជាង៥ខែ ដើម២០២៤នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង៤ពាន់ករណី និងឃាត់ខ្លួនមនុស្សប្រមាណ១ម៉ឺននាក់ ភាគច្រើនជាជនជាតិចិន និងវៀតណាម។ អាជ្ញាធរអះអាងថា គ្រឿងញៀនដែលកម្ពុជាបង្ក្រាបបានកាលពីពេលកន្លងទៅ ប្រមាណ៨៥ភាគរយមានប្រភពចេញពីតំបន់ត្រីកាណមាស និងយកកម្ពុជាធ្វើជាតំបន់ឆ្លងកាត់។
២) ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) រកឃើញថា ក្នុងឆ្នាំ២០២៣ ប្រភេទគ្រឿងញៀនដែលត្រូវគេជួញដូរ និងប្រើប្រាស់ច្រើនជាងគេនៅកម្ពុជា រួមមាន មេតំហ្វេតាមីន ឬម៉ាទឹកកកក អ៊ឹចស្តាស៊ី កូកាអ៊ីន និង អាភៀន។ របាយការណ៍ UNODC ទើបនឹងចេញផ្សាយកាលពីចុងខែឧសភា ឱ្យដឹងថា ការរឹបអូសបានគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីន ឬម៉ាទឹកកកនៅកម្ពុជា បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំជាប់ៗគ្នាក្នុងរយៈពេល៧ឆ្នាំចុងក្រោយ គឺកើនឡើងរហូតដល់ ១,៤តោនក្នុងឆ្នាំ២០២៣។ និន្នាការនេះបង្ហាញឱ្យឃើញពីការពង្រីកទីផ្សារគ្រឿងញៀននៅកម្ពុជា។
៣) របាយការណ៍អង្គការសហប្រជាជាតិ ឱ្យដឹងថា គ្រឿងញៀនប្រភេទមេតំហ្វេតាមីនពីប្រទេសមីយ៉ាន់ម៉ា ឬ ភូមា ត្រូវបានគេដឹកជញ្ជូនកាត់តាមប្រទេសឡាវ មកកម្ពុជា ឆ្ពោះទៅទីផ្សារអន្តរជាតិតាមឈូងសមុទ្រថៃ។ [រូបភាព Maritime methamphetamine trafficking routes ទំព័រទី១៤]។
៤) នៅកម្ពុជាយុវវ័យដែលមានអាយុចន្លោះពី ១៨ ដល់ ២៥ឆ្នាំ និងអាយុចន្លោះពី ២៦ ដល់ ៣៥ឆ្នាំគឺជាក្រុមមនុស្សដែលប្រើប្រាស់គ្រឿងញៀនច្រើនជាងគេ។
៥) អ្នកឃ្លាំមើលថា អំពើពុករលួយ ការអនុវត្តច្បាប់ធូររលុង និងកង្វះសមត្ថភាពរបស់សមត្ថកិច្ចមួយចំនួន នៅតែជាឧបសគ្គ រារាំងដល់ការបង្ក្រាបគ្រឿងញៀននៅកម្ពុជា ខណៈប្រទេសនេះកំពុងក្លាយជាជង្រុកសម្រាប់ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។