គ្រូពេទ្យម្នាក់នៅខេត្តប៉ៃលិនសុំអន្តរាគមន៍ពីអាដហុកឱ្យជួយប្ដឹងអភិបាលខេត្តនេះរឿងដកលោកចេញពីក្របខណ្ឌរដ្ឋដោយអយុត្តិធម៌
2021.03.23

គ្រូពេទ្យនៅខេត្តប៉ៃលិនម្នាក់ ដែលទើបត្រូវបានអភិបាលខេត្តប៉ៃលិនអ្នកស្រី បាន ស្រីមុំ ប្រើអំណាចបណ្ដេញចេញពីក្របខណ្ឌរដ្ឋកាលពីសប្តាហ៍មុននេះ កំពុងតែកើតទុក្ខមិនសុខចិត្ត និងកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីមន្ត្រីសមាគមអាដហុក នៅខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែមីនា។
គ្រូពេទ្យនៅខេត្តប៉ៃលិនលោក ខឹម មុនីកុសល ប្រាប់អាស៊ីសេរី នៅព្រឹកថ្ងៃទី២៣ ខែមីនាថា អាជ្ញាធរខេត្តប៉ៃលិន បណ្តេញលោកចេញពីក្របខណ្ឌនេះ គឺជារឿងអយុត្តិធម៌មិនអាចទទួលយកបានឡើយ ពីព្រោះលោកមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ។ លោក ខឹម មុនីកុសល ថ្លែងថា លោកក៏គ្រោងប្ដឹងទៅក្រសួងសុខាភិបាល និងក្រសួងមុខងារ សាធារណៈ នៅពេលឆាប់ៗ ខាងមុខនេះ ដើម្បីទាមទារយកតំណែងមន្ត្រីសុខាភិបាលរបស់លោកមកវិញ៖ «វាមិនមែនជួយដោយស្មោះតែមួយមុខទេវាជាភារកិច្ច ព្រោះយើងត្រូវបានគេចាត់តាំងឱ្យធ្វើការងារហ្នឹង ហើយយើងក៏ជាគ្រូពេទ្យដែលមានគុណភាពដែរ ហើយយើងធ្វើការដោយវិជ្ជាជីវៈរបស់យើង។ ខ្ញុំក៏ទទួលបានការបណ្ដុះបណ្ដាលបន្តបន្ទាប់ពីសុវត្ថិភាពពីជំងឺ ពីរបៀបនៃការគ្រប់គ្រងជំងឺហ្នឹងយ៉ាងម៉េចហ្នឹង។ មិនមែនចេះតែទៅធ្វើដោយអត់មានលក្ខខ័ណ្ឌអីទាំងអស់នោះទេ គ្រាន់តែថា សុំយុត្តិធម៌មកវិញអីចឹងទៅ ក៏ប៉ុន្តែមិនមែនមិនទទួលខុសត្រូវទេ នូវអ្វីដែលកើតមានឡើងនៅព្រឹត្តិការណ៍ហ្នឹង»។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តប៉ៃលិនអ្នកស្រី បាន ស្រីមុំ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៣ ខែមីនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
កាលពីថ្ងៃទី១៩ ខែមីនា អភិបាលខេត្តប៉ៃលិនអ្នកស្រី បាន ស្រីមុំ បានបណ្ដេញលោក ខឹម មុនីកុសល ចេញពីក្របខណ្ឌមន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន ដោយចោទប្រកាន់គ្រូពេទ្យរូបនេះថាបាន «ប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ»។
ការដកចេញពីក្របខណ្ឌនេះ កើតមានឡើងក្រោយពេលលោកបង្ហោះសារនៅលើហ្វេសប៊ុកថា «មន្ត្រីស្ថាប័នពាក់ព័ន្ធដែលចុះប្រចាំការនៅមណ្ឌលចត្តាឡឺស័កនៅមន្ទីរបក្សខេត្តប៉ៃលិន មិនជួយធ្វើការងារគ្រូពេទ្យខ្លះនោះទេ ប៉ុន្តែនាំគ្នាអង្គុយលេង Facebook ក្នុងតង់ និងថតរូបបង្អួតគេឯងទៅវិញ។ លោកសរសេររៀបរាប់ទៀតថា ការងារទាំងឡាយទាំងពួង គឺក្រុមគ្រូពេទ្យជាអ្នកទទួលបន្ទុកទាំងអស់ សូម្បីការរៀបចំបាយម្ហូបឱ្យអ្នកធ្វើចត្តាឡីស័ក»។
ក្រោយការបង្ហោះសារបែបនេះ អភិបាលខេត្តប៉ៃលិន មិនបានរកដំណោះស្រាយចំពោះបញ្ហានេះទេ ផ្ទុយទៅវិញអ្នកស្រីបែរជាបណ្ដេញលោក ខឹម មុនីកុសល ចេញពីក្របខណ្ឌទៅវិញ។
ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តបាត់ដំបងលោក យិន ម៉េងលី មានប្រសាសន៍ថា ការបង្ហោះសាររិះគន់អាជ្ញាធរនៅក្នុងហ្វេសប៊ុក (Face book) របស់គ្រូពេទ្យនេះ ពុំមែនជាការប្រព្រឹត្តខុសច្បាប់អ្វីឡើយ ពីព្រោះជាការសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយស្របច្បាប់។ មន្ត្រីសិទ្ធិមនុស្សរូបនេះចាត់ទុករឿងនេះថា ជាទង្វើអយុត្តិធម៌ធ្វើបាបគ្រូពេទ្យ និងជាការរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋដោយខុសច្បាប់។ លោកបញ្ជាក់ថា វិធានការរបស់អាជ្ញាធរខេត្តប៉ៃលិននេះ នឹងធ្វើឱ្យរដ្ឋាភិបាលខ្មែរមានកេរ្តិ៍ឈ្មោះកាន់តែអាក្រក់ជាមិនខាន៖ «មន្ត្រីសុខាភិបាលគាត់ក៏ជាប្រជាពលរដ្ឋមួយរូបដូចប្រជាពលរដ្ឋដទៃទៀតដែរ គាត់មានសិទ្ធិក្នុងការបញ្ចេញមតិ។ អីចឹងអ្វីដែលគាត់និយាយហ្នឹងយើងស្វែងរកការពិតមក យើងអត់បានស្វែងរកការកែលំអ អត់ស្វែងរកការពិត យើងមកប្រតិកម្មជាមួយអ្នកបញ្ចេញមតិ នេះជាគំរូមួយដែលមិនល្អ។ ខ្ញុំសុំឱ្យធ្វើការកែប្រែសិន នៅពេលដែលគេបញ្ចេញមតិទៅយើង មើលៗថា តើវាពិតឬមិនពិតមុនហ្នឹងយើងប្រតិកម្ម មុនយើងហ្នឹងយើងអនុវត្តច្បាប់។ ក្នុងរឿងនេះ ខ្ញុំមើលទម្រង់ឥឡូវនេះ ចូលដល់មន្ត្រីនគរបាលយុត្តិធម៌បានសម្ភាសន៍គាត់ហើយ អីចឹងគេចង់បង្កបញ្ហានេះទៅរឿងព្រហ្មទណ្ឌ អាចជាប់ចោទពីបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមអីទៀត»។
លោក យិន ម៉េងលី ស្នើឱ្យអាជ្ញាធរខេត្តប៉ៃលិនពិចារណាលើរឿងនេះឡើងវិញ ហើយក្រសួងពាក់ព័ន្ធគួរតែចុះស្រាវជ្រាវបញ្ហានេះជាបន្ទាន់ ដើម្បីស្វែងរកការពិត ប្រកបដោយអព្យាក្រឹតដើម្បីផ្ដល់យុត្តិធម៌ដល់គ្រូពេទ្យបានបំពេញការងារឡើងវិញ។ មន្ត្រីសង្គមស៊ីវិលរូបនេះឱ្យដឹងទៀតថា រឿងនេះប្រសិនបើក្រសួងពាក់ព័ន្ធមិនអាចរកយុត្តិធម៌ជូនមន្ត្រីសុខាភិបាលរូបនេះបានទេ នោះលោក ខឹម មុនីកុសល នឹងប្ដឹងទៅតុលាការបន្តទៀត។
ជុំវិញករណីបណ្តេញគ្រូពេទ្យចេញពីក្របខណ្ឌនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក រួមមានទាំងអ្នកច្បាប់ មន្ត្រីរាជការ និងគ្រូពេទ្យមួយចំនួនផង បានបង្ហោះសារប្រតិកម្មព្រោងព្រាតថា អ្នកស្រី បាន ស្រីមុំ ប្រើអំណាចជ្រុលហួសហេតុ ព្រោះការបណ្តេញចេញមន្ត្រីណាម្នាក់ចេញពីក្របខណ្ឌមិនមែនជាសិទ្ធិអំណាចរបស់អភិបាលខេត្តទេ ហើយទង្វើនេះ បង្ហាញថា អ្នកស្រីមិនសូវយល់ដឹងពីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។