សហជីព​គ្រោង​យក​តួលេខ​២០៧​ដុល្លារ​ដាក់​បញ្ចូល​ក្នុង​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ បង្ហាញ​ថា ការ​ចំណាយ​ប្រចាំ​ខែ​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ បាន​កើន​ឡើង​បន្ថែម​ទៀត​ហើយ​សម្រាប់​ឆ្នាំ​២០១៥ នេះ បើ​ប្រៀបធៀប​នឹង​កម្រិត​អតិផរណា​នៃ​ទំនិញ​លើ​ទីផ្សារ និង​ការ​ចំណាយ​ចាំបាច់​ក្នុង​សង្គម។

ក្នុង​នោះ​បាន​បង្ហាញ​ដែរ​ថា តួលេខ​ថ្មី​នៃ​ទំហំ​ចំណាយ​អាច​ឈាន​ដល់ ២០៧​ដុល្លារ​ក្នុង​មួយ​ខែ។ តំណាង​សហជីព ឲ្យ​ដឹង​ថា តួលេខ​នេះ​នឹង​អាច​យក​ជា​មូលដ្ឋាន​ដាក់​បញ្ចូល​ក្នុង​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ ដើម្បី​ជជែក​ជាមួយ​ភាគី​និយោជក និង​ក្រសួង​ការងារ នៅ​ចុង​ខែ​កញ្ញា ខាង​មុខ​នេះ។

តំណាង​សហជីព​កម្ពុជា អះអាង​ថា តួលេខ​ជាង ២០៧​ដុល្លារ (២០៧,៥​ដុល្លារ) អាច​ជា​តួលេខ​ថ្មី​ជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​នៅ​កម្ពុជា។

ការ​លើក​ឡើង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ បាន​បង្ហាញ​លទ្ធផល​សិក្សា​ស្រាវជ្រាវ​លើ​ការ​ចំណាយ​របស់​កម្មករ​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​សហជីព ទាំង​ជាតិ និង​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា។

តំណាង​សហជីព​កម្ពុជា លោក អាត់ ធន់ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា ថា ក្រោយ​ពេល​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ បាន​បង្ហាញ​តួលេខ ២០៧​ដុល្លារ​ដែល​ជា​តួលេខ​មួយ​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​ម្នាក់ៗ បាន​ចំណាយ​ក្នុង ១​ខែៗ​រួច​មក ក្រុម​សហជីព​ភាគ​ច្រើន​បាន​ឯកភាព​គ្នា ថា​នឹង​យក​តួលេខ​នេះ​ទៅ​ដាក់​បញ្ចូល​នៅ​ក្នុង​កិច្ច​ពិភាក្សា​រវាង​ក្រុម​សហជីព និយោជក និង​ភាគី​ក្រសួង​នៅ​ចុង​ខែ​កញ្ញា ខាង​មុខ។

លោក អាត់ ធន់ បាន​ឲ្យ​ដឹង​ទៀត​ថា លទ្ធផល​សិក្សា​ស្រាវជ្រាវ​របស់​គណៈកម្មការ​ស្រាវជ្រាវ​ឯករាជ្យ បាន​សិក្សា​ស្រាវជ្រាវ​លើ​កម្មករ​ជាង ៦០០​នាក់​មក​ពី​រោងចក្រ​ជាង​៤០ បាន​រក​ឃើញ​ចំណាយ​ប្រចាំ​ខែ​របស់​កម្មករ​បាន​កើន​ឡើង​ច្រើន មិន​មែន ១៧៧​ដុល្លារ​ដូច​ការ​ស្រាវជ្រាវ​កាល​ពី​ឆ្នាំ​២០១៣ នោះ​ទេ។ លោក​ថា ការ​ស្រាវជ្រាវ​នេះ​ផ្ដោត​លើ​កត្តា​ពីរ គឺ​ការ​ចំណាយ​លើ​ម្ហូប​អាហារ និង​ការ​ចំណាយ​ក្រៅ​ពី​អាហារ៖ «អាហារ​គេ​រក​ឃើញ​កម្មករ​ចំណាយ​តិច​មែន​ទែន ជា​មធ្យម​ចំណាយ​អាហារ​ពេល​ព្រឹក​អស់​តែ ២​ពាន់​រៀល​ប៉ុណ្ណោះ ពេល​ថ្ងៃ ២.៥០០​រៀល និង​ពេល​យប់ ៣​ពាន់​រៀល​ក្នុង ១​ថ្ងៃៗ ហើយ​ទៅ​លើ​ក្រៅ​ពី​អាហារ​ដូចជា សម្លៀកបំពាក់ សម្ភារៈ​ថ្នាំ​ពេទ្យ ផ្ទះ​ជួល ដែល​ច្រើន​ជាង ១០​ចំណុច​នោះ គេ​រក​ឃើញ​កម្មករ​ចំណាយ​អស់​ជាង ១០០​ដុល្លារ ចឹង​វា​ស​បញ្ជាក់​ថា ចំនួន​នេះ​មាន​ចំនួន​តិច​នៅ​ឡើយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​និយោជក លោក វ៉ាន់ ស៊ូអៀង និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ឡើយ​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា។

ប៉ុន្តែ​នៅ​ក្នុង​សិក្ខាសាលា​ត្រី​ភាគី​ថ្នាក់​ជាតិ ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា ដែល​ត្រូវ​បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ប្រធាន​សហព័ន្ធ​និយោជក និង​ពាណិជ្ជកម្ម​កម្ពុជា (CAMFBA) លោក វ៉ាន់ ស៊ូអៀង ធ្លាប់​ឲ្យ​ដឹង​ថា ប្រសិន​បើ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​កាត់​ដេរ និង​វាយនភណ្ឌ​នៅ​កម្ពុជា នឹង​ធ្វើ​ឲ្យ​ផល​ប៉ះពាល់​ដល់​អ្នក​វិនិយោគ​ដែល​ភាគ​ច្រើន​ជា​អ្នក​វិនិយោគ​បរទេស។

កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​ពី ១០០​ដុល្លារ ទៅ ១២៨​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​បើ​គិត​រួម​ទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​មាន​ស្រាប់ ជា​មធ្យម​កម្មករ​និយោជិត​ម្នាក់ៗ​ទទួល​បាន​ប្រាក់​ចំណូល​យ៉ាង​តិច​ពី ១៤៧​ដុល្លារ​ដល់ ១៥៦​ដុល្លារ​ក្នុង​មួយ​ខែ។

សម្រាប់​ឆ្នាំ​២០១៦ កិច្ច​ចរចា​ប្រាក់​ឈ្នួល​មិន​ទាន់​ចេញ​ជា​តួលេខ​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​នៅ​ខែ​តុលា ខាង​មុខ​នេះ ភាគី​ទាំង​បី គឺ​រាជ​រដ្ឋាភិបាល​តំណាង​ដោយ​ក្រសួង​ការងារ ភាគី​ថៅកែ​រោងចក្រ និង​ភាគី​សហជីព​កម្មករ នឹង​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​ទៀត ដើម្បី​សម្រេច​លើ​ការ​កំណត់​ដំឡើង​ប្រាក់​ខែ​អប្បបរមា​សម្រាប់​កម្មករ​រោងចក្រ​កាត់​ដេរ​ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។