ក្រសួង​ការងារ​កំណត់​ប្រាក់​ឈ្នួល​កម្មករ ១៨២​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៩

ដោយ សុ ជីវី
2018.10.05
កម្មករ​រោងចក្រ ញូវ អាកឃីត ២០១៦ ៨៥៥ កម្មករ​រោងចក្រ ញូវ អាកឃីត ហ្គាមិន ហ្វេកធើរី លីមីធីត (New Archid Garment Factory Ltd) កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA
RFA

ក្រសួង​ការងារ​កំណត់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ សម្រាប់​ឆ្នាំ​២០១៩ គឺ ១៧៧​ដុល្លារ ហើយ លោក ហ៊ុន សែន យក​ថវិកាជាតិ​បន្ថែម​ទៀត ៥​ដុល្លារ​ទៀត។ ដូច្នេះ​ប្រាក់​ឈ្នួល កម្មករ​សម្រាប់​ឆ្នាំ​២០១៩ គឺ​១៨២​ដុល្លារ និង​ត្រូវ​បើក​ជា ២​ដង​ក្នុង​មួយ​ខែ។ ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ឆ្នាំ​២០១៨​នេះ​គឺ ១៧០​ដុល្លារ​ក្នុង​មួយ​ខែ។

សហជីព និង​សង្គម​ស៊ីវិល​ឃ្លាំមើល​សិទ្ធិ​ការងារ​នៅ​កម្ពុជា ហៅ​ការ​កំណត់​ប្រាក់​ឈ្នួល ១៨២​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ មិន​ទាន់​ឆ្លើយតប​នឹង​ជីវភាព​រស់នៅ​ពិតប្រាកដ​របស់​កម្មករ​ទេ។

សហជីព​ឯករាជ​ធំៗ ចំនួន​២ គឺ​សហភាព​ការងារ​កម្ពុជា និង​សហព័ន្ធ​សហជីព​កម្ពុជា​មិន​គាំទ្រ​ប្រាក់ខែ​គោល​ចំនួន​១៨២​ដុល្លារ​នោះ​ទេ។

ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់​ថា មូលហេតុ​ដែល​អ្នកស្រី មិន​បោះឆ្នោត​គាំទ្រ​តួលេខ ១៧៧ ឬ តួលេខ​១៨២​ដុល្លារ ព្រោះ​ចំនួន​ប្រាក់​ឈ្នួល​កម្រិត​នេះ មិន​សមស្រប​នឹង​តម្រូវការ​ជាក់ស្ដែង​របស់​កម្មករ​ទេ។ អ្នកស្រី យ៉ាង សុភ័ណ្ឌ សោកស្ដាយ​ក្រុម​ភាគី​សហជីព​យ៉ាង​ច្រើន មិន​នាំគ្នា​ការពារ​ផលប្រយោជន៍​របស់​កម្មករ នៅ​កម្រិត​ប្រាក់​ឈ្នួល​១៨៩​ដុល្លារ បែរជា​ទៅ​យក​តួលេខ​១៧៧​ដុល្លារ។

អ្នកស្រី យ៉ាង សុភ័ណ្ឌ សង្កេត​ឃើញ​ថា នៅ​ក្រោយ​ព្រឹត្តិការណ៍​បោះឆ្នោត​រួច សាំង​ទំនិញ​លើ​ទីផ្សារ​បាន​ហក់​ឡើង​យ៉ាង​ខ្លាំង ខណៈ​កម្មករ​ម្នាក់ ត្រូវ​ការ​ចំណាយ​លើ​ខ្លួនឯង​ផង និង​ចិញ្ចឹម​សមាជិក​គ្រួសារ​ផង ដូច្នេះ ប្រាក់​ឈ្នួល​កម្រិត ១៧៧ ឬ​១៨២ មិន​អាច​ធ្វើ​ឲ្យ​កម្មករ​មាន​ជីវភាព​រស់នៅ​ថ្លៃថ្នូរ ដូច​មាន​ធានា​ក្នុង​ច្បាប់​ទេ។ «»

នៅ​ថ្ងៃ​ទី​០៥ តុលា រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង បាន​ចេញ​ប្រកាស​ក្រសួង​ថា ប្រាក់​ឈ្នួល​អប្បបរមា របស់​កម្មករ​និយោជិក ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិតផល​ស្បែង​ជើង សម្រាប់​ឆ្នាំ​២០១៩ ត្រូវ​កំណត់ ចំនួន​១៧៧​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​មួយ​ខែ និង​ត្រូវ​បាន​បូក​បន្ថែម​៥​ដុល្លារ​បន្ថែម​ដោយ មេដឹកនាំ​របប​ក្រុងភ្នំពេញ ដូច្នេះ​ប្រាក់​ឈ្នួល​ផ្លូវការ​គឺ ១៨២​ដុល្លារ​ក្នុង​មួយ​ខែ។ ប្រាក់​ឈ្នួល​កំណត់​ថ្មី​នេះ នឹង​ត្រូវ​ចាប់ផ្ដើម​ពី​ខែ​មករា ឆ្នាំ​២០១៩ ដោយ​រក្សាទុក​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ នៅ​ដដែល។

ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ ដែល​ជា​សហជីព​ស្និត​របប​ក្រុងភ្នំពេញ លោក ជួន មុំថុល សប្បាយចិត្ត​ខ្លាំង ចំពោះ​តួលេខ ១៨២​ដុល្លារ​ក្នុង​មួយ​ខែ។ ប្រធាន​សហជីព​ស្និត​របប​ក្រុងភ្នំពេញ​មួយ​នេះ អះអាង​ថា ការ​ដែល​មិន​បោះឆ្នោត​រើស​យក​តួលេខ​១៨៩​ដុល្លារ ដូច​សហជីព​របស់ លោក អាត់ ធន់ និង​សហជីព​អ្នកស្រី យ៉ាង សុភ័ណ្ឌ ហើយ​មក​រើស​យក​១៧៧​ដុល្លារ ព្រោះ​តាម​ការសិក្សា​បច្ចេកទេស​របស់​សហជីព​លោក បង្ហាញ​ថា តួលេខ ១៧៧​ដុល្លារ​នេះ ជា​តួលេខ​ល្អ និង​ធ្វើ​ឲ្យ​កម្មករ​កាន់តែ​សប្បាយចិត្ត។ «»

មាត្រា​១០៤ នៃ​ច្បាប់​ស្ដីពី​ការងារ​ចែងថា ប្រាក់​ឈ្នួល​កម្មករ យ៉ាងហោចណាស់​ត្រូវ​រ៉ាប់រង​កម្មករ និយោជិក គ្រប់រូប​ឲ្យ​មាន​កម្ពស់​ជីវភាព​សមរម្យ​ទៅតាម​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស។

អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ សាទរ​ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ចាប់ពី​ឆ្នាំ​២០១៣​មក។ ប៉ុន្តែ សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​កន្លង​មក មិន​ទាន់​អាច​ធ្វើ​ឲ្យ​ជីវភាព​កម្មករ​ប្រសើរ​ជាង​មុន​ទេ។ លោក ឃុន ថារ៉ូ ចង់​ឃើញ​រដ្ឋ​កំណត់​តួលេខ​ឲ្យ​ជាក់លាក់ ដើម្បី​ឆ្លើយតប​នឹង​ជីវភាព​កម្មករ ពិត​ប្រាកដ ជាជាង​ការ​ចរចា​ដំឡើង​ប្រាក់ខែ ហើយ​ឆ្លៀត​កេង​ចំណេញ​នយោបាយ។ «»

បើទោះជា ទាំង​មេដឹកនាំ​របប​ក្រុងភ្នំពេញ ក្រសួង​ការងារ សហជីព​ស្និត​របប​ក្រុងភ្នំពេញ និង​ថៅកែ​រោងចក្រ អះអាង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​កន្លងមក​បាន​ធ្វើ​ឲ្យ​កម្មករ​មាន​សមរម្យ ប្រសើរ​ជាង​មុន ប៉ុន្មាន របប​មួយ​នេះ តែង​ចេញ​លិខិត​អន្តរាគមន៍ ស្នើសុំ​ឲ្យ​ថៅកែ​រោងចក្រ បើក​លុយ​ឲ្យ​កម្មករ​មុន​ថ្ងៃ ដើម្បី​ធ្វើ​សោហ៊ុយ​ទៅលេង​ស្រុក ឬ​ទៅ​បោះឆ្នោត ជា​ពេលវេលា​ដែល​ពួកគេ​ត្រូវការ​ចំណាយ​បន្ថែម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។