ក្រសួង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​មាន​កម្មវិធី​ពិសេស​ឡើង​វិញ

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​មេសា ផ្អាក​ការ​អនុវត្ត​សេចក្ដី​សម្រេច​របស់​អង្គ​ប្រជុំ​ដែល​បាន​ព្រមព្រៀង​គ្នា​រវាង​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា និង​បណ្ដា​ប្រតិបត្តិករ​ទូរស័ព្ទ ស្ដីពី​វិធានការ​ទប់ស្កាត់​បាតុភាព​នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។
ដោយ ទេព សុរ៉ាវី
2013.05.06

ការ​សម្រេច​ផ្អាក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​រិះគន់​ជា​ច្រើន​ចំពោះ​លោក សូរ ឃុន រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ដែល​ប្រកាស​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ទាំង​អស់​យក​អត្រា​ហៅ​ចេញ​ក្នុង​ប្រព័ន្ធ​ទាប​ជាង ៤,៥​សេន​ក្នុង​មួយ​នាទី និង​មិន​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​គិត​លុយ​នាទី​អតិថិជន​​ហៅ​ចេញ​ជាដើម។

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ទាំង​អស់ មាន​សិទ្ធិ​ផ្សព្វផ្សាយ​ឃោសនា​ពាណិជ្ជកម្ម​របស់​ខ្លួន​ឡើង​វិញ តាម​តម្លៃ​សេវា​ដែល​កំណត់​ដោយ​ក្រុមហ៊ុន និង​បាន​លុប​ចោល​ការ​អនុវត្ត​លើ​ការ​កំណត់​ថ្លៃ​អប្បបរមា ដែល​ចេញ​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។

ក្នុង​លិខិត​របស់​លោក សូរ ឃុន រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​មេសា បាន​បង្ហាញ​ថា ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សម្រេច​ផ្អាក​ការ​អនុវត្ត​សេចក្ដី​សម្រេច​របស់​អង្គ​ប្រជុំ​រវាង​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា ជាមួយ​បណ្ដា​ប្រតិបត្តិករ​ទូរស័ព្ទ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ស្ដីពី​ការ​ឯកភាព​គ្នា​ក្នុង​ការ​បញ្ឈប់​ជា​ស្ថាពរ​នៃ​ការ​អនុវត្ត​ការ​ផ្សាយ​ឃោសនា​ពាណិជ្ជកម្ម​របស់​ប្រតិបត្តិករ​ទូរស័ព្ទ ដែល​ផ្ទុយ​នឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ស្ដីពី​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត អចល័ត និង​ថ្លៃ​តភ្ជាប់​បណ្ដាញ ដែល​មាន​ថ្លៃ​ទាប​ជាង​ថ្លៃ​ដើម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដួល​រលំ​នៃ​ទីផ្សារ​ទូរគមនាគមន៍ និង​ធ្វើ​ឲ្យ​បាត់​ចំណូល​ថវិកា​ជាតិ។

ប្រធាន​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា លោក ម៉ូវ ចរិយា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា បញ្ជាក់​ថា ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ទាំង​អស់​អាច​កំណត់​អត្រា​ហៅ​ចេញ​ក្នុង​តម្លៃ​ថោក និង​មាន​កម្មវិធី​បន្ថែម​ទឹក​ប្រាក់​សម្រាប់​ការ​ហៅ​ចេញ​ពិសេស (Promotion) សំបូរ​បែប​ក្នុង​ប្រព័ន្ធ​បាន​ដូច​មុន។ លោក​ពន្យល់​ថា ការ​បើក​ទូលាយ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​បន្ត​ធ្វើ​ដូច​នេះ ក៏​ព្រោះ​តែ​ក្រសួង​ប្រៃសណីយ៍​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត សម្រាប់​សិក្សា​លើ​គោលការណ៍​នៃ​តម្លៃ​ជា​មូលដ្ឋាន​ទូទៅ​ជា​មុន​សិន មុន​នឹង​មាន​កិច្ច​ពិភាក្សា​ជាមួយ​បណ្ដា​ប្រតិបត្តិករ​ទូរស័ព្ទ​ពី​រឿង​កំណត់​តម្លៃ​ឲ្យ​បាន​ច្បាស់។

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ធ្លាប់​ព្រមាន​ដល់​ម្ចាស់​ក្រុមហ៊ុន​ចល័ត​ទាំង​អស់ រួម​ទាំង​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត (Smart) ថា​ធ្វើ​អាជីវកម្ម​មិន​ស្មោះត្រង់​ ហើយ​ប្រសិន​មិន​គោរព​តាម​សេចក្ដី​ប្រកាស​លេខ ២៣២ ទេ​នោះ នឹង​ត្រូវ​បញ្ចប់​​អាជ្ញាប័ណ្ណ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ថែមទៀត។

សេចក្ដី​ប្រកាស ២៣២ គឺ​មិន​អនុញ្ញាត​អោយ​ក្រុមហ៊ុន​គិត​លុយ ឬ​ក៏​ផ្ដល់​លុយ​បន្ថែម​ដែល​បណ្ដាល​អោយ​អត្រា​តម្លៃ​ហៅ​ចេញ​ក្នុង​ប្រព័ន្ធ​ក្រោម ៤,៥​សេន​ក្នុង​មួយ​នាទី ដោយ​កំណត់​តម្លៃ​ហៅ​ចេញ​ឲ្យ​ស្មើៗ​គ្នា ៥​សេន​ក្នុង​មួយ​នាទី។

ការ​ប្រកាស​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នេះ ត្រូវ​បាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ជេរ និង​ចំអក​ពី​គោលការណ៍​របស់​ក្រសួង​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ ការ​ជជែក​គ្នា​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម​មួយ​នេះ មាន​អ្នក​ខ្លះ​រិះគន់​ថា ពេល​សាំង​ឡើង​ថ្លៃ​សុំ​ឲ្យ​ជួយ ក្រសួង​បញ្ជាក់​ថា ជា​របប​ទីផ្សារ​សេរី រដ្ឋ​គ្មាន​សិទ្ធិ​លូកដៃ​ទេ​បង​ប្អូន។ លុះ​ពេល​អត្រា​ហៅ​ចេញ​ទូរស័ព្ទ​ទាប ក្រសួង​បែរ​ជា​ថា​អត្រា​ហៅ​ចេញ​ក្នុង​ប្រព័ន្ធ​មិន​អាច​ទាប​បាន​ទេ ហាម Free លុយ​ក្នុង​ប្រព័ន្ធ ដែល​ធ្វើ​ឲ្យ​អ្នក​លេង​ហ្វេសប៊ុក​ចោទ​ជា​សំណួរ​ទៅ​ក្រសួង​វិញ​ថា ក្រែង​នេះ​ជា​ទីផ្សារ​សេរី​នោះ​អី?

អ្នក​លេង​ហ្វេសប៊ុក​ខ្លះ​បាន​ដាក់​រូប​ផ្ទាំង​ក្រុមហ៊ុន​ស្មាត និង​ក្រុមហ៊ុន​ទូរស័ព្ទ​ម៉ូប៊ីថែល (Mobitel) បង្ហោះ​ទន្ទឹម​គ្នា និង​បាន​ជជែក​ពី​ការ​ច្រណែន​ឈ្នានីស​របស់​ក្រុមហ៊ុន​ម៉ូប៊ីថែល ដែល​ឈាន​ទៅ​ប្ដឹង​ផ្ដល់​ឲ្យ​ក្រសួង​ប្រៃសណីយ៍ គាស់​កកាយ​រឿង​អត្រា​ហៅ​ចេញ​ទាប និង​បន្ថែម​លុយ​ច្រើន​របស់​ក្រុមហ៊ុន​ស្មាត។

ក្រុមហ៊ុន​ស្មាត ក្លាយ​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​ជាង​គេ​ទី​២ នៅ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ក្រុមហ៊ុន​ម៉ូប៊ីថែល ក្រោយ​ពី​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ក្រុមហ៊ុន​ហេឡូ (Hello) ដែល​សរុប​មាន​អតិថិជន​ជាង ៥​លាន​នាក់។ អ្នក​លេង​ហ្វេសប៊ុក​ខ្លះ​ដាក់​បង្ហាញ​រូប​កាច់​បំបាក់​ស៊ីមកាត​ទូរស័ព្ទ​ម៉ូប៊ីថែល ថែម​ទៀត ដោយ​ខឹង​នឹង​ក្រុមហ៊ុន​មួយ​នេះ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ម៉ូប៊ីថែល បាន​ទេ​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ៖ «ខ្ញុំ​ជាប់​ប្រជុំ​សូម​ទោស!»

ជុំវិញ​បញ្ហា​នេះ​ដែរ លោក តាំង សុគន្ធីសិទ្ធ ប្រធាន​ទីផ្សារ​ក្រុមហ៊ុន​ស្មាត មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ទេ។ ប៉ុន្តែ​តាម​បណ្ដាញ​ហ្វេសប៊ុក បាន​បង្ហោះ​ផ្ទាំង​រូប​ក្រុមហ៊ុន ដោយ​ដាក់​ថា ៧​ថ្ងៃ​ទៀត​ស្មាត នឹង​មក​ជួប​អ្នក​ទាំង​អស់​គ្នា​វិញ និង​មួយ​ផ្ទាំង​ទៀត​សរសេរ​ថា អ្វីៗ​ដែល​ស្មាត មាន​មក​ពី​មុន នឹង​វិល​មក​ដូច​ដើម​វិញ។

យ៉ាង​ណា តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​ស្មាត នៅ​មិន​ទាន់​បង្ហាញ​ពី​តារាង​តម្លៃ​សេវា​បម្រើ​ដល់​អតិថិជន​ថ្មី​នៅ​ឡើយ គឺ​មាន​តែ​តារាង​សេវា​ចាស់ តាម​ការ​កំណត់​ពី​ក្រសួង​ប្រៃសណីយ៍។ ក្នុង​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ​បញ្ជាក់​ថា ការ​កំណត់​តម្លៃ​របស់​ក្រសួង​ប្រៃសណីយ៍ មិន​ឲ្យ​គិត​លុយ ឬ​ក៏​ផ្ដល់​លុយ​បន្ថែម​ក្នុង​អត្រា​តម្លៃ​ហៅ​ចេញ​ទាប​ជាង ៤,៥​សេន​ក្នុង​មួយ​នាទី ជា​ផល​វិបាក​មួយ​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​តែ​ធ្វើ​ការ​ផ្លាស់ប្ដូរ​អត្រា​តម្លៃ​ហៅ​ចេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។