មន្ត្រីសិទ្ធិមនុស្ស សម្ដែងការសោកស្ដាយចំពោះករណីជនសង្ស័យមួយក្រុម បានព្រួតគ្នាវាយសម្លាប់អ្នកបើកតាក់ស៊ីម្នាក់រួច យកសាកសពទៅបោះចោលក្នុងព្រៃ នៅក្រុងបាវិត ខេត្តស្វាយរៀង ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍។ មន្ត្រីសិទ្ធិមនុស្ស ជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវចំពោះករណីនេះ ដើម្បីលុបបំបាត់វប្បធម៌ប្រើអំពើហិង្សាក្នុងពេលមានគ្រោះថ្នាក់ចរាចរណ៍។
មន្ត្រីអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត ប៉ូពិណ្ណារ័ត្ន អំពាវនាវដល់ពលរដ្ឋកុំឱ្យប្រើអំពើហិង្សាពេលមានគ្រោះថ្នាក់ចរាចរណ៍ តែត្រូវទុកលទ្ធភាពឱ្យសមត្ថកិច្ចដោះស្រាយរឿងនោះ។ លោកពន្យល់ថា ជនណាមួយដែលលើកគ្នាទៅព្រួតវាយទាំង កម្រោលទៅលើអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ រហូតបណ្ដាលឲ្យស្លាប់ គឺអាចនឹងត្រូវជាប់ទោសពីបទ សម្លាប់មនុស្សដោយចេតនា ដែលប្រឈមជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ ២០ឆ្នាំ ឬអស់មួយជីវិត៖ «ជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែលត្រូវបានគេវាយរបួសធ្ងន់ ឬក៏ស្លាប់នោះ គឺយើងឃើញកើតឡើងញឹកញយណាស់នៅកម្ពុជា។ ចំពោះផ្លូវច្បាប់ បើទោះបីជាគាត់ បង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយមនុស្សស្លាប់ក៏ដោយ ក៏គាត់ស្ថិតក្នុងបទល្មើសមនុស្សឃាត ឬបង្ករបួសដោយអចេតនាទេ ដែលយើងគ្មានសិទ្ធិទៅវាយគាត់ទេ ហើយបើអ្នកណាប្រព្រឹត្តហិង្សាលើគាត់ បណ្ដាលអោយស្លាប់វិញ ត្រូវទទួលខុសត្រូវនឹងបទល្មើសមនុស្សឃាតដោយចេតនាវិញ។
ការលើកឡើងនេះ បន្ទាប់ពីអ្នកបើកតាក់ស៊ីម្នាក់ត្រូវបានជនសង្ស័យព្រួតវាយរហូតដល់ស្លាប់ ហើយអូសសាកសពយកទៅចោលនៅក្នុងព្រៃអាកាស្យា ដោយសារជនរងគ្រោះបើករថយន្តបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ធ្ងរបាក់ជើង និងបែកក្បាលធ្ងន់ធ្ងរ ស្ថិតនៅភូមិកម្ពោធលៀប សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីថ្ងៃទី៨ ខែតុលា វេលាម៉ោង១០កន្លះយប់ អ្នកបើកតាក់ស៊ី និងជាជនរងគ្រោះ ឈ្មោះ គុជ សំអៀត បើករថយន្តទៅបុកមួយម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់ ដែលបើកឆ្លងផ្លូវចេញពីកន្លែងផឹកស៊ីមួយកន្លែង។
ជនរងគ្រោះនៃអំពើហិង្សាវាយសម្លាប់ក្រៅប្រព័ន្ធច្បាប់នោះ មិនបានបើករត់គេចទេ ដោយបានឈប់រថយន្ត ហើយចុះទៅជួយលើក ជនរងគ្រោះ ប៉ុន្តែត្រូវបានមិត្តភ័ក្ដិជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះ នៅកន្លែងផឹកស៊ី ព្រួត វាយអ្នកបើករថយន្តតាក់ស៊ីបណ្ដាលឲ្យស្លាប់រួចអូសសព ទៅចោលក្នុងព្រៃដើមអាកាស្យាចម្ងាយ ប្រមាណ១គីឡូម៉ែត្រ។
អាស៊ីសេរីមិនទាន់អាចរកប្រភពទាក់ទងគ្រួសារជនរងគ្រោះទាំងពីរបានទេ នៅថ្ងៃទី១៣ ខែតុលា។
រីឯស្នងការនគរបាលខេត្តស្វាយរៀង លោក កឹង ឃន មិនទទួលទូរស័ព្ទ ខណៈនាយការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង លោក អ៊ុច សារ៉ន បដិសេធនិយាយជាមួយអាស៊ីសេរីនោះទេ ហើយបានចុចបិទទូរស័ព្ទវិញ។
ចំណែក មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តស្វាយរៀង លោក កុយ សុភាព អះអាងថា ច្រឡំលេខ ហើយលោកមិនបានដឹងរឿងនេះទេ៖ «បងឯងខល ( ហៅទូរស័ព្ទមកពីហុងកុង ខ្ញុំដឹងតើ។ ខ្ញុំនៅរៀនភ្នំពេញ អត់ដឹងផង។ បងហ្អែងច្រឡំលេខហើយ ខ្ញុំមិនដែលបានទាក់ទងជាមួយហ្វ្រែសញ៉ូវផង»។
ទោះយ៉ាងណាក្តី លោក កុយ សុភាព បានឲ្យប្រព័ន្ធឃោសនារបបលោក ហ៊ុន សែន ថា ស្នងការរងនគរបាលខេត្តបានបើកការសើបអង្កេត និងកំណត់មុខសញ្ញាជនសង្ស័យបាន ៣នាក់ហើយ និងបានសាកសួរនៅស្នងការនគរបាលខេត្ត។
ពាក់ព័ន្ធករណីនេះ អាស៊ីសេរី ក៏មិនអាចទាក់ទងអធិការក្រុងបាវិត លោក កែវ គង់ បានដែរ។
មន្ត្រីអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង មានប្រសាសន៍ថា អំពើហិង្សាក្រោយពេលមានគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារមូលហេតុសំខាន់ពីរ គឺទីមួយ ការយល់ដឹងរបស់ពលរដ្ឋអំពីរឿងច្បាប់នៅមានកម្រិត និងការបាត់ជំនឿ ទៅលើការអនុវត្តច្បាប់របស់អាជ្ញាធរ។ លោកបន្តថា ដើម្បីអាចដោះស្រាយបញ្ហានេះបាន អាជ្ញាធរត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងស្មើភាពគ្នាដោយគ្មានការលើកលែង៖ «ពេលចាប់បានអ្នកប្រព្រឹត្ត ព្រួតវាយអ៊ីចឹង គឺត្រូវអនុវត្តច្បាប់អោយបានតឹងរ៉ឹង ច្បាស់លាស់ ជៀសវាងដោះស្រាយនៅលើតុ ឬក្រោមតុ។ បន្ទាប់មក គួរតែមានការផ្សាយទៅតាមព័ត៌មានថា ជនប្រព្រឹត្តនេះ ត្រូវបានផ្ដន្ទាទោសតាមច្បាប់។ដូច្នេះអ្នកដទៃទៀត ដែលឃើញអ៊ីចឹងថា រឿងនេះខុសច្បាប់ គាត់នឹងមានការរាងចាល»។
កាលពីខែមីនា ឆ្នាំ២០១៨ កន្លងទៅ ក៏ធ្លាប់មានករណីហ្វូងមនុស្សមួយក្រុម ដេញព្រួតវាយទៅលើគ្រូបង្រៀនម្នាក់នៅសាកលវិទ្យាល័យកម្ពុជា គឺលោក ស៊ុយ សារ៉េត ស្ទើរតែបាត់បង់ជីវិតដោយក្រុមជនដៃដល់បានចោទលោកថា បានបង្កគ្រោះថ្នាក់ចរាចរណ៍ រួចបើករត់គេចខ្លួន។
ករណីទាំងអស់នេះ កើតឡើងញឹកញាប់ ព្រោះប្រជាពលរដ្ឋមួយចំនួនអស់សង្ឃឹមទៅលើសមត្ថកិច្ច និងតុលាការ ដែលតែងតែប្រព្រឹត្តអំពើពុករលួយ និងបញ្ចប់សំណុំរឿងក្រៅច្បាប់ ហើយធ្វើឲ្យគ្រួសារ ជនរងគ្រោះមិនអាចទទួលបានយុត្តិធម៌ពេញលេញ។
កាលពីចុងឆ្នាំ២០១៣ កន្លងទៅ រថយន្តរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកសភា លោក ជាម យៀប បានបើករត់គេច ក្រោយពេលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យពលរដ្ឋម្នាក់បាត់បង់ជីវិត នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ កាលនោះ លោក ជាម យៀប បានដោះសាថា ការបើករត់គេចនេះដោយសារលោកមានអភ័យឯកសិទ្ធិ និងខ្លាចប្រឈមនឹងគ្រោះថ្នាក់ ប្រសិនបើលោកឈានជើងចេញពីរថយន្ត។ លោក ជាម យៀប មិនត្រូវបានតុលាការនាំខ្លួនមកកាត់ទោសរឿងគេចវេះមិនទទួលខុសត្រូវចំពោះគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងកើតហេតុនោះទេ ដោយលោកគ្រាន់តែផ្ដល់លុយឱ្យគ្រួសារជនរងគ្រោះចំនួន ១ពាន់ដុល្លារ ជាការស្រេច។
រឿងនេះបានធ្វើឱ្យសាធារណជន ជាពិសេស អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាច្រើននាក់ សម្ដែងការមិនពេញចិត្ត និងខឹងសម្បារចំពោះអាជ្ញាធរដែលមិនបានជួយរកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះ ដោយសារលោក ជាម យៀប ជាបុគ្គលមានលុយ និងមានអំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។