ពលករធ្វើការនៅប្រទេសថៃជិត៧០០នាក់ ក្នុងនោះមានពលករខ្មែរជាង១០០នាក់ បានដង្ហែរញាតិទៅកាន់ក្រសួងការងារថៃ ក្នុងទិវាពលកម្មអន្តរជាតិលើកទី១៣៨ ដើម្បីស្នើដល់រដ្ឋាភិបាលបង្កើតច្បាប់មួយសម្រួលដល់ពលករដែលរស់នៅប្រទេសថៃ គឺមានការគាំពារ ដល់ពលករគ្មានចំណេះដឹង និងជំនាញផ្សេងៗ។
ពលករធ្វើការនៅប្រទេសថៃជិត៧០០នាក់ ក្នុងនោះមានពលករខ្មែរជាង១០០នាក់ បានដង្ហែរញាតិទៅកាន់ក្រសួងការងារថៃ ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិលើកទី១៣៨ ដោយមានពលករចម្រុះជាតិសាសន៍រួមមានខ្មែរ ភូមា (Myanmar) ថៃ (Thai) និងឡាវ (Lao) ដោយមានកាន់បដា ដែលមានខ្លឹមសារទាមទារសិទ្ធិសេរីភាពការងារ ទាមទារការបើកប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ការធានារ៉ាប់រងសង្គម និងស្នើរអោយរដ្ឋាភិបាលថៃគោរពច្បាប់។ ពួកគេនាំគ្នាដើរតវ៉ាតាមផ្សេងគ្នាឆ្ពោះទៅកាន់ក្រសួងការងារ និងទីស្តីការគណៈរដ្ឋមន្ត្រីថៃ នៅទីក្រុងបាកកនៅព្រឹកថ្ងៃទី១ ឧសភា។ ពលករស្នើដល់រដ្ឋាភិបាល បង្កើតច្បាប់មួយសម្រួលដល់ពលករខ្មែរ ដែលរស់នៅប្រទេសថៃ គឺមានការគាំពារដល់ពលករគ្មានចំណេះដឹង និងជំនាញផ្សេងៗ។
តំណាងពលករម្នាក់ លោក ហង្ស ចន្ថា ប្រាប់វិទ្យុអាស៊ីសេរី ថា លោកសង្ឃឹមថា រដ្ឋាភិបាលថៃ នឹងជួយដោះស្រាយទុក្ខកង្វល់របស់ពួកគេតាមការស្នើសុំ៖ «បើសំរាប់អារម្មណ៍ខ្ញុំវិញ ការយើងទាមទារសិទ្ធិ និងទាមទារ ដាក់ញាត្តិដើម្បីតម្លើងប្រាក់ ខារ៉ែង ហ្នឹង គឺអាហ្នឹងខ្ញុំគាំទ្របង គំនិតរបស់ខ្ញុំទេ បើខ្ញុំ ខ្ញុំគាំទ្រទាំងស្រុកការទាមទារសិទ្ធិសេរីភាពរបស់ពលករ នៅស្រុកថៃ ហើយនិងចង់អោយបងប្អូនពលករយើងចូលរួមជាមួយខាងអង្គការ ឬក៏ខាងសហភាពការងារគេ និងសង្គមស៊ីវិលគេណាមួយកើតឡើងក៏ល្អចូលរួមបាន»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃដើម្បីសុំអត្ថាធិប្បាយបញ្ហានេះបានទេ នៅថ្ងៃទី១ ខែឧសភា ដោយហៅចូលតែពុំមានអ្នកទទួល។
ជុំវិញរឿងនេះ ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងទេសន្តប្រវេសន៍នៃអង្គការសង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា ថ្លែងថា ការតវ៉ានេះជាសញ្ញាណល្អ ដើម្បីអោយស្ថាប័នពាក់ព័ន្ធបានមើលឃើញអំពីបញ្ហារបស់ពួកគាត់ ហើយសង្ឃឹមថា ការលើកឡើង ការដាក់ញាត្តិ និងជំរុញអោយស្ថានប័នពាក់ព័ន្ធ និងយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ការងារអោយបានត្រឹមត្រូវ គោរពសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ជាដើម។
របាយការណ៍របស់ក្រសួងការងារកម្ពុជា ឱ្យដឹងថា បច្ចុប្បន្ន មានពលករខ្មែរជាង ១លាន ២សែននាក់កំពុង ធ្វើការនៅប្រទេសថៃ។ តែរបាយការណ៍របស់អង្គការ (Central) បង្ហាញថា មានពលករខ្មែរកំពុង ធ្វើការដោយស្របច្បាប់និងមិនស្របច្បាប់នៅប្រទេសថៃជិត ២លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។