ក្រសួងស្ថាប័នជាតិសំខាន់ៗកម្ពុជាយ៉ាងហោចណាស់ ២៤ស្ថាប័ន កំពុងរងការជ្រៀតជ្រែកគ្រប់គ្រងទិន្នន័យ និងព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ ដោយក្រុមចោរព័ត៌មានវិទ្យា ឬហេកឃឺរ (Hackers) ចិនហៅកាត់ថា អេភីធី (APT)។ នេះបើតាមការស៊ើបអង្កេតរបស់ក្រុមអ្នកវិភាគ ការគំរាមកំហែងតាមអ៊ីនធឺណិតនៃមជ្ឈមណ្ឌលនវានុវត្តន៍ និងបច្ចេកវិទ្យាសកល (Palo Alto Networks) ចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះ។
ក្រុមអ្នកវិភាគការគំរាមកំហែងតាមអ៊ីនធឺណិត ឬអង្គភាព ៤២ (unit 42) នៃមជ្ឈមណ្ឌលនវានុវត្តន៍ និងបច្ចេកវិទ្យាសកល (Palo Alto Networks) នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី៧ ខែវិច្ឆិកា បានផ្សព្វផ្សាយរបាយការណ៍ស៊ើបអង្កេតមួយដោយបានកំណត់ថា ក្រុមចោរព័ត៌មានវិទ្យាចិន (advanced persistent threat) ហៅកាត់ថា អេភីធី (APT) បានតភ្ជាប់បណ្ដាញសេវាកម្មបម្រុងទុកពពក (cloud backup services) មានចេតនាអាក្រក់ និងជ្រៀតជ្រែកក្រសួងស្ថាប័នកម្ពុជា ទាំង ២៤ស្ថាប័ន។ ស្ថាប័នទាំងនោះរួមមាន ក្រសួងការពារជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មាធិការសិទ្ធិមនុស្ស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងស្ថាប័នគ្រប់គ្រងលើធនធានធម្មជាតិ ជាដើម ដែលស្ថាប័នទាំងនេះផ្ទុកទិន្នន័យរសើបយ៉ាងច្រើនដែលក្រុម អេភីធី (APT) ចិន អាចពិនិត្យលើឯកសារ ឬទិន្នន័យផ្នែកហិរញ្ញវត្ថុ ព័ត៌មានរបស់រដ្ឋាភិបាល និងអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋជាដើម។
អង្គភាព ៤២ (unit 42) ឱ្យដឹងថា ក្រសួងស្ថាប័នកម្ពុជាចំនួន២៤ មានទំនាក់ទំនងយ៉ាងទៀងទាត់ជាមួយក្រុមអេភីធី (APT) របស់ចិននៅចន្លោះខែកញ្ញា ដល់ខែតុលា ឆ្នាំ២០២៣។ អង្គភាព ៤២ (unit 42) ក៏បានវាយតម្លៃថា ក្រសួងស្ថាប័នកម្ពុជាទាំង ២៤ស្ថាប័ននឹងត្រូវបានកំណត់គោលដៅ និងសម្របសម្រួលដោយក្រុម អេភីធី (APT) របស់ចិនក្នុងរយៈពេលវែង។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ដើម្បីសាកសួរជុំវិញរឿងនេះបានទេ នៅថ្ងៃទី១១ ខែវិច្ឆិកា។ ទោះបីជាយ៉ាងណា កន្លងទៅជារឿយៗភាគីកម្ពុជា និងចិន តែងឯកភាពគ្នាដោយអះអាងថា នឹងបន្តរឹតចំណងមិត្តភាពដែកថែបគ្រប់កាលៈទេសៈ ដោយឈរលើភាពស្មោះត្រង់ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមកឡើយ។
អ្នកឃ្លាំមើលជាតិ និងអន្តរជាតិ មើលឃើញថា ក្រុមចោរព័ត៌មានវិទ្យា ឬហេកឃឺរ (Hackers) ចិនជ្រៀតជ្រែកចូលគ្រប់គ្រងទិន្នន័យស្ថាប័នក្រសួងសំខាន់ៗរបស់កម្ពុជា គឺចិនចង់បង្ហាញថា ខ្លួនមានឥទ្ធិពលកាន់តែខ្លាំងលើកម្ពុជាក្នុងការដើម្បីធ្វើយ៉ាងណាសម្រេចនូវមហិច្ឆតាក្នុងការពង្រីកយោធារបស់ខ្លួននៅកម្ពុជា។
ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា ការស៊ើបអង្កេតរបស់អង្គភាព ៤២ (unit 42) ធ្វើឡើងមានមូលដ្ឋានក្នុងការស៊ើបអង្កេតស៊ីជម្រៅ ហើយលោកព្រួយបារម្ភថា បណ្ដាក្រសួង និងសុវត្ថិភាពពលរដ្ឋតាមប្រព័ន្ធអ៊ីនធឺណិតកាន់តែរងការគំរាមកំហែងបន្ថែមទៀត។ លោកយល់ថា ការណ៍ដែលក្រសួងស្ថាប័នកម្ពុជាស្ថិតក្រោមការត្រួតពិនិត្យតាមប្រព័ន្ធអ៊ីនធឺណិតរបស់បរទេស នោះវានឹងរារាំងដល់ឯករាជ្យភាពកម្ពុជាក្នុងការសម្រេចផ្នែកសន្តិសុខ និងអធិបតេយ្យភាពរបស់កម្ពុជា។
លោក រស់ សុដ្ឋា៖ «ទោះបីថា កម្ពុជាជាមិត្តរបស់ចិនក៏ប៉ុន្តែកម្ពុជាក៏ត្រូវមានភាពឯកជនមួយចំនួនក្នុងនាមជាប្រទេសឯករាជ្យមួយ ដែលមិនត្រូវឱ្យបរទេសណាដឹងគ្រប់សព្វរឿងបញ្ហាផ្ទៃក្នុងរបស់ប្រទេសកម្ពុជាទេ។ អ្វីដែលជាការព្រួយបារម្ភនោះខ្លាចថា ចិនក្លាយជាអ្នករារាំងលើការបោះជំហានទៅមុនលើការការពារផលប្រយោជន៍ជាតិកម្ពុជា»។
លោក រស់ សុដ្ឋា បន្ថែមថា ការណ៍ដែលភ្នាក់ងារក្រុមព័ត៌មានវិទ្យាដែលគ្រប់គ្រងដោយរដ្ឋអំណាចចិនជ្រៀតជ្រែកចូលស្ថាប័នក្រសួងនានារបស់កម្ពុជាបែបនេះ ដោយសារតែចិនព្រួយបារម្ភថា កម្ពុជាបង្កើនទំនាក់ទំនងជាមួយប្រទេសផ្សេងដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន។
កាសែត ឌឹ វ៉ាស៊ីងតោន ប៉ុស្តិ៍ (The Washington Post) កាលពីថ្ងៃទី៨ ខែវិច្ឆិកា បានរាយការណ៍ដោយស្រង់ប្រសាសន៍ អ្នកជំនាញសិក្សាសន្តិសុខចិននៅមូលនិធិ (Jamestown) លោក ចូ ម៉ាក្រេនូស៍ (Joe McReynolds) ថា វិសាលភាពនៃការឈ្លានពានរបស់ក្រុម អេភីធី (APT) ចិននេះ មានអត្ថន័យទូលំទូលាយ ខណៈចិនមានអានុភាពខ្លាំងលើកម្ពុជា ហើយមន្ត្រីលោកខាងលិចថា ចិនកំពុងសាងសង់មូលដ្ឋានកងទ័ពជើងទឹកសម្រាប់ការប្រើប្រាស់យោធាផ្ដាច់មុខនៅកម្ពុជា។ លោកបន្តថា នៅពេលប្រទេសចិន និងកម្ពុជាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ នោះវាកាន់តែមានសារៈសំខាន់សម្រាប់ប្រទេសចិនប្រមូលព័ត៌មានសម្ងាត់ពីកម្ពុជា។
ក្រសួងយុត្តិធម៌អាមេរិកកាលពីឆ្នាំ២០២០ បានរកឃើញក្រុមចោរព័ត៌មានវិទ្យា ឬហេកឃឺរ ជនជាតិចិន ៤នាក់ បានលួចយកទិន្នន័យពាក់ព័ន្ធនឹងទន្លេមេគង្គពីក្រសួងការបរទេសកម្ពុជា នៅមុនកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង កាលពីដើមឆ្នាំ២០១៨។ ក្រៅពីនេះ ការស៊ើបអង្កេតផ្ទៃក្នុងមួយរបស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) កាលពីឆ្នាំ២០២១ រកឃើញថា ក្រុមចោរព័ត៌មានវិទ្យា ឬហេកឃឺរដែលសង្ស័យជារួមថា ជាប់ពាក់ព័ន្ធជាមួយភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រដ្ឋចិនបានវាយប្រហារ «ជាប្រចាំ» និង«យូរអង្វែង» ទៅលើក្រុមមន្ត្រីនៃគណបក្សសង្គ្រោះជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។