កម្មករសំណង់ជាង ៤០០នាក់នៅខេត្តព្រះសីហនុ បានលើកគ្នាតវ៉ាចំនួន ៣ថ្ងៃមកហើយ ដោយសារតែថៅកែគ្រប់គ្រងការដ្ឋានសំណង់មួយកន្លែងក្នុងខេត្តនេះ មានចេតនាមិនព្រមបើកប្រាក់ឈ្នួលជូនកម្មករ។ ក្រុមកម្មករអះអាងថា ទោះបីជាអាជ្ញាធរពាក់ព័ន្ធបានកោះហៅភាគីម្ចាស់គ្រប់គ្រងការដ្ឋាននោះ មកចរចាយ៉ាងណាក្ដី ក៏ថៅកែដែលជាជនជាតិចិនទាំងនេះមិនព្រមដោះស្រាយបញ្ហាប្រាក់ឈ្នួលជូនកម្មករដែរ។
ក្រុមកម្មករសំណង់ទាំងនោះឱ្យដឹងថា ម្ចាស់ការដ្ឋានសំណង់អគារ ជីង ឈឹង (Jing Ching) ក្នុងខេត្តព្រះសីហនុ ដែលគ្រប់គ្រង់ដោយជនជាតិចិន បានបង្ខំឱ្យកម្មករខ្មែរ ធ្វើការច្រើនម៉ោងស្ទើរគ្មានពេលសម្រាក ទាំងមិនបានបើកប្រាក់ឈ្នួលជូនកម្មករជិត៥ខែមកហើយ។ ក្រុមកម្មករអះអាងថា ថៅកែជាជនជាតិចិននោះ មិនត្រឹមតែមិនទទួលខុសត្រូវលើកម្មករនោះទេ ថែមទាំងព្រមានដេញ កម្មករចេញពីការដ្ឋានសំណង់ថែមទៀតផង។
កម្មករសំណង់ម្នាក់ កញ្ញា ម៉ា ណន់ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣១ ឧសភាថា រយៈពេលជិត៥ខែមកនេះ បើគិតជាទឹកប្រាក់សរុប រាប់ម៉ឺនដុល្លា ដែលភាគីថៅកែមិនបានបើកប្រាក់ឈ្នួលជូនកម្មករចំនួនជាង ៤០០នាក់។ កញ្ញាបញ្ជាក់ថា កញ្ញាផ្ទាល់ត្រូវបានថៅកែជាជនជាតិចិន តែងតែបង្ខំឱ្យកញ្ញាធ្វើការងារថែមម៉ោង រហូតដល់ម៉ោង២យប់ ប៉ុន្តែថៅកែមិនបានបើកប្រាក់ឈ្នួលឱ្យកញ្ញាឡើយក្នុងរយៈជិត៥ខែមកនេះ៖ «ដល់ពេលអ៊ីចឹងទៅ ពួកអាចិនហ្នឹង បង្ខំឱ្យពួកខ្ញុំធ្វើឱ្យស្រូតៗ វា [ ចិន ] ថាហើយប៉ុណ្ណឹង វាបើកលុយឱ្យ ហើយពួកខ្ញុំធ្វើការទាំងយប់ទាំងថ្ងៃ។ ដល់ពេលអ៊ីចឹងទៅ ពួកអាចិនហ្នឹង វាអត់ឱ្យ [ លុយ ] មេការដែលម៉ៅចេញពីក្រុមហ៊ុនហ្នឹងមកតែម្ដង។ គ្រាន់តែចាប់ផ្ដើមធ្វើហ្នឹង ពួកខ្ញុំធ្វើផ្នែកការដ្ឋានសំណង់។ អ៊ីចឹងពួកខ្ញុំ ខាងសំណង់ ពួកខ្ញុំជួសជុលសាងសង់ឱ្យពួកគាត់។ កម្មករសំណង់ទាមទារចង់បានប្រាក់ខែមកវិញ»។
កញ្ញា ម៉ា ណន់ អះអាងថា ប្រាក់ដែលថៅកែមិនបានបើកឱ្យកញ្ញាជិត ៥ខែមកនេះ មានចំនួនជិត ៤ពាន់ដុល្លា (៤.០០០)។ កញ្ញាឱ្យដឹងទៀតថា ម្ចាស់ការដ្ឋានសំណង់មិនបានក្ស័យធន ឬមានបញ្ហាផ្នែកហិរញ្ញវត្ថុឡើយ។ ប៉ុន្តែ កញ្ញាថា ក្រុមថៅកែទាំងនោះមានចេតនា កេងកម្លាំងកម្មករខ្មែរ និងគេចវេះក្នុងការដោះស្រាយបញ្ហាប្រាក់ឈ្នួលជូនកម្មករ។ កញ្ញាឱ្យដឹងទៀតថា កាលពីថ្ងៃទី៣០ ឧសភា មានថៅកែជាជនជាតិចិនមួយក្រុមបានសន្ទុះមកវាយកម្មករខ្មែរម្នាក់ឈ្មោះ ចែ លីន និងមានករណីផ្ទុះអាវុធដើម្បីគំរាមកម្មករដទៃទៀតផងដែរ៖ «ម្សិលមិញពេលព្រឹក ពួកជនជាតិចិនហ្នឹងមក ២នាក់ ស្ទុះមកវាយ កម្មករយើងតែម្ដង។ ពីម្សិលមិញ ហ្នឹងក៏មានផ្ទុះកាំភ្លើងពេលថ្ងៃត្រង់ ឮចំហៀង [ អគារ ជីង ឈឹង ] សូរទាំង ប្រតែងប្រតប់គ្នា ប៉ុន្តែកម្មករខ្មែរ បានរុញពួកចិនហ្នឹងចូលទៅក្នុង [ អគារ ] វិញ»។
កម្មករម្នាក់ទៀតផ្នែកកាត់កញ្ចក់គឺ លោកស្រី ឃាម គឹមសាន ថ្លែងថា ក្រុមហ៊ុនបានតម្រូវឱ្យលោកស្រី ធ្វើការគិតជាថ្ងៃ ប៉ុន្តែ រយៈពេលជាង ១ខែ មកនេះលោកស្រី និងក្រុមការងារច្រើនផ្នែកទៀត ភាគីថៅកែមិនបានបើកប្រាក់ឈ្នួលឱ្យកម្មករឡើយ។ លោកស្រីបន្តថា ពេលដែលកម្មករសួរដេញដោល ក្រុមថៅកែជាជនជាតិចិនគ្រប់គ្រងការដ្ឋានសំណង់ទាំងនោះ តែងតែឆ្លើយថា ប្រាក់សម្រាប់បើកឱ្យកម្មករថ្នាក់លើមិនទាន់បានបញ្ជូនមកនៅឡើយទេ៖ «គ្រាន់តែថា ពួកយើងទ្រាំនឹងការដោះស្រាយតាមដំណាក់កាលគាត់ [ ថៅកែ ] យឺតយ៉ាវ ពេកអ៊ីចឹងទៅ ដូចថា ក្ដៅក្រហាយខ្លួនឯង។ ប៉ុន្តែ ការស៊ីថ្ងៃរបស់ខ្ញុំ ថ្ងៃណាមានការងារខ្ញុំចូលធ្វើ ថ្ងៃណា អត់គឺខ្ញុំសម្រាកទៅ។ អ៊ីចឹងទាំងអស់ ៣៥ថ្ងៃ ដែលខ្ញុំធ្វើជាមួយក្រុមរបស់ខ្ញុំ មាន ១២នាក់។ សម្រាប់ខ្ញុំ ជាង ១ខែ ប៉ុន្តែ សម្រាប់បងប្អូន ដែលគាត់ផ្នែកផ្សេងៗ គាត់ [ អត់ទាន់ទទួលបានលុយ ] ច្រើន។ រយៈពេលតាំងពីខែមួយ ( មករា ) ហើយរហូតមកបច្ចុប្បន្នហ្នឹងឯង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ និងតំណាងម្ចាស់ការដ្ឋានសំណង់ ជីង ឈឹង ដើម្បីសាកសួរពីបញ្ហានេះបានទេនៅថ្ងៃទី៣១ ឧសភា។ ប៉ុន្តែ លោក ឃាង ភារម្យ បានប្រាប់ (VOD) កាសែតក្នុងស្រុកកាលពីថ្ងៃទី៣០ ឧសភាថា មិនមានករណីប្រើអំពើហិង្សា និងផ្ទុះអាវុធដូចការលើកឡើងរបស់កម្មករឡើយ។
បន្ថែមពីនេះ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ លោក យ៉ូវ ខេមរា ឱ្យដឹងថា វិវាទការងារនេះកើតឡើង រវាងម្ចាស់ការដ្ឋាន និងអ្នកម៉ៅការបន្ត ហើយកម្មករដែលកំពុងតវ៉ានោះជាកម្មកររបស់អ្នកម៉ៅការ។ លោកថា អ្នកដែលកំពុងតវ៉ានោះ មានមនុស្សមួយចំនួនបានបន្លំខ្លួនធ្វើជាកម្មករ ដើម្បីទាមទារប្រាក់ឈ្នួលដែរ។ លោកអះអាងថា អាជ្ញាធរកំពុងស្រាវជ្រាវរកអ្នកដែលបន្លំខ្លួន ដើម្បីឈានទៅរកការដោះស្រាយបញ្ចប់វិវាទការងារនេះ។
ទោះជាយ៉ាងណា ក្រុមកម្មករបញ្ជាក់ថា អ្នកម៉ៅការសំណង់បន្តនោះ ក៏ត្រូវបានថៅកែជនជាតិចិន មិនបានបើកប្រាក់ឈ្មួលឱ្យដែរ។ ក្រុមកម្មករឱ្យដឹងថា អ្នកម៉ៅការបន្តនោះ មិនមែនជាអ្នកទទួលខុសត្រូវទាំងស្រុង លើការគ្រប់គ្រងអគារសាងសង់នោះទេ ពោលគឺអ្នកម៉ៅបន្តនោះបានត្រឹមតែមើលការខុសត្រូវកម្មករបន្តិចបន្តួចតែប៉ុណ្ណោះ។
ជុំវិញរឿងនេះ អនុប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) លោក សួ ឆ្លួញ មានប្រសាសន៍ថា បើភាគីថៅកែបង្ខំឱ្យកម្មករធ្វើច្រើនម៉ោង ទាំងគ្មានបើកប្រាក់ឈ្នួលជូនកម្មករ គឺជាការអនុវត្តផ្ទុយពីច្បាប់ និងបានរំលោភសិទ្ធិកម្មករធ្ងន់ធ្ងរ។ លោកសង្កេតឃើញថា បញ្ហាប្រឈមរបស់កម្មករ ផ្នែកសំណង់បច្ចុប្បន្ន កើតឡើងដោយសារតែអាជ្ញាធរលម្អៀងទៅខាងក្រុមថៅកែបរទេស។
លើសពីនេះ លោកថា រាល់បញ្ហាដែលកើតមានសម្រាប់កម្មករ អាជ្ញាធរមិនបានយកចិត្តទុកដាក់ និងពន្លឿននីតិវិធីក្នុងការដោះស្រាយឱ្យពួកគាត់ឡើយ៖ «ធម្មតាគាត់ [ កម្មករ ] ធ្វើការងារ គាត់ត្រូវទទួលបានតម្លៃកម្លាំងពលកម្ម។ ផ្ទុយទៅវិញ បែរជា [ ថៅកែ ] មិនបើកប្រាក់ឈ្នួលឱ្យ ហើយមានការគំរាមកំហែងទៀត។ យើងមិនដឹងថា ក្រុមហ៊ុនហ្នឹងមានខ្នងអ្នកធំណាកាងពីក្រោយ។ ដំណើរការ នៃការពារ ក៏ដូចជា សិទ្ធិទទួលបានលក្ខខណ្ឌការងារ របស់កម្មករសំណង់ មានការឈានថយក្រោយ។ មកដល់ពេលនេះ ខ្ញុំមិនដឹងថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ហ្នឹង រវល់រឿងឃោសនាបក្ស ឬរឿងអី ? បានជាបញ្ហាកម្មករមិនព្រមយកមកដោះស្រាយ»។
ក្រុមកម្មករបន្ថែមថា បើក្រុមថៅកែមានចេតនាមិនបើកប្រាក់ឈ្នួលបែបនេះពួកគាត់គ្មានជំនឿ ដើម្បីបន្តការងារជាមួយក្រុមហ៊ុនទៀតឡើយ។ លើសពីនេះ កញ្ញា ម៉ា ណន់ ថា កម្មករដែលមកធ្វើការក្នុងការដ្ឋាននេះ សុទ្ធតែអ្នកមកពីបណ្ដាខេត្តផ្សេងៗ គ្នា ដោយពួកគាត់ខ្លះបានប្រឹងប្រែងធ្វើការងារទាំងឈឺទាំងជា ដើម្បីយកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារនៅស្រុកកំណើត។ កញ្ញាបន្តថា កម្មករទាំងអស់បានលះបង់កម្លាំងកាយ ដើម្បីស៊ីឈ្នួលពីក្រុមហ៊ុន បើថៅកែមានចេតនាមិនបើកលុយជូនកម្មករបែបនេះ គឺជាទង្វើអមនុស្សធម៌ ហើយវាជារឿងអយុត្តិធម៌បំផុតសម្រាប់កម្មករខ្មែរ។ ទោះយ៉ាងណា កញ្ញាអំពាវនាវគ្រប់ស្ថាប័នពាក់ព័ន្ធថា ត្រូវជំរុញឱ្យភាគីថៅកែ ពន្លឿនការដោះស្រាយបញ្ហាប្រាក់ខែរបស់កម្មករឱ្យបានឆាប់ ជៀសវាងអូសបន្លាយពេល ដែលធ្វើឱ្យកម្មករកាន់តែជួបទុក្ខលំបាកបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។