ពលរដ្ឋនៅកំពង់ស្ពឺយល់ដឹងតិចតួចពីការអភិវឌ្ឍនៅមូលដ្ឋាន
2013.03.20

ឧទាហរណ៍ដូចជាប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកភ្នំស្រួច ខែត្រកំពង់ស្ពឺ ពួកគាត់មិនយល់អំពីការចូលរួមអភិវឌ្ឍឃុំសង្កាត់នោះទេ ដោយហេតុថា ដោយសារថា ពួកគាត់មិនទទួលបានព័ត៌មាន ថាតើគម្រោងថវិកាដែលរដ្ឋាភិបាលផ្ដល់ជូនមានប៉ុន្មាន និងធ្វើអ្វីខ្លះ?
តាមគោលការណ៍ ឃុំសង្កាត់នីមួយៗទទួលថវិកាពីរដ្ឋាភិបាលក្នុងមួយឆ្នាំៗប្រមាណ ២ម៉ឺនដុល្លារអាមេរិក ដើម្បីធ្វើការអភិវឌ្ឍមូលដ្ឋាន ហើយការអភិវឌ្ឍនេះគឺទាមទារឲ្យមានប្រជាពលរដ្ឋចូលរួម ក្នុងនោះមានផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្នែកសង្គមកិច្ច បរិស្ថាន សន្តិសុខ សេដ្ឋកិច្ច និងផ្នែកយេនឌ័រ ជាដើម។
ផ្ទុយទៅវិញ ប្រជាពលរដ្ឋនៅខែត្រកំពង់ស្ពឺ គិតពីរកចំណូលប្រចាំថ្ងៃដើម្បីក្រពះជារឿងសំខាន់ជាង។ ពួកគាត់មិនសូវបានគិតអំពីសិទ្ធិរបស់ខ្លួនក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាននោះទេ ថ្វីត្បិតតែកំណែទម្រង់វិមជ្ឈការបានបើកផ្លូវឲ្យប្រជាពលរដ្ឋចូលរួមក្នុងកិច្ចការនយោបាយ និងសកម្មភាពអភិវឌ្ឍផ្សេងៗនៅមូលដ្ឋានក៏ដោយ។
ប្រជាពលរដ្ឋមួយរូបឈ្មោះ គឹម ស៊ាន នៅឃុំអូរ បាននិយាយថា គាត់មិនដែលទទួលព័ត៌មានពីអាជ្ញាធរភូមិ ឃុំ អំពីគម្រោងអភិវឌ្ឍន៍នៅមូលដ្ឋានទេ។ ពីមួយថ្ងៃទៅមួយថ្ងៃគាត់ទៅស៊ីឈ្នួលគេរកលុយចំណាយប្រចាំថ្ងៃជារឿងសំខាន់។ ម្យ៉ាងទៀតគាត់មិនហ៊ានបញ្ចេញមតិយោបល់អ្វីទាក់ទងនឹងការអភិវឌ្ឍន៍ភូមិឃុំនោះទេ ពីព្រោះថា នៅពេលគាត់និយាយទៅខ្លាចអាជ្ញាធរភូមិឃុំចោទប្រកាន់គាត់ថា មាននិន្នាការនយោបាយបក្សប្រឆាំង។
ក្រុមអ្នកវិភាគបានពន្យល់ថា បញ្ហាសំខាន់នៅត្រង់ថា យន្តការជំរុញឲ្យប្រជាពលរដ្ឋចូលរួមក្នុងក្រុមប្រឹក្សាឃុំសង្កាត់មិនមានទេ។ ឧទាហរណ៍យន្តការក្រុមប្រឹក្សាឃុំសង្កាត់បើកកិច្ចប្រជុំជាមួយប្រជាពលរដ្ឋក្នុងមួយឆ្នាំ ១២ដង មិនដំណើរការទេ យន្តការគណៈកម្មការស្ត្រី និងកុមារ យន្តការគ្រប់គ្រងមណ្ឌលសុខភាព យន្តការគណៈកម្មការគ្រប់គ្រងសុវត្ថិភាពភូមិឃុំ និងយន្តការដទៃទៀតដែលជាយន្តការជំរុញឲ្យប្រជាពលរដ្ឋចូលរួមតាមបែបប្រជាធិបតេយ្យ តែយន្តការទាំងនេះ នៅតាមឃុំសង្កាត់ភាគច្រើនមិនមានសកម្មភាពទេ។
ស្ត្រីវ័យចំណាស់មួយរូបទៀតរស់នៅក្នុងផ្ទះខ្ទមប្រក់ស្លឹក កំពុងស្ដាប់វិទ្យុកម្សាន្តនៅពេលសម្រាកថ្ងៃត្រង់ ហាក់បីដូចជាមានការភ្ញាក់ផ្អើលនៅពេលសួរថា តើអ្នកស្រីធ្លាប់បានចូលរួមប្រជុំនៅសាលាឃុំទេ? ហើយធ្លាប់ឮអំពីគម្រោងអភិវឌ្ឍន៍ភូមិឃុំ ឬពីមេឃុំ ឬក្រុមប្រឹក្សាឃុំទេ? គាត់បានឆ្លើយថា គាត់មិនបានដឹងព័ត៌មានអ្វីទាំងអស់។ តែយ៉ាងនេះក្ដី ស្ត្រីវ័យចំណាស់រូបនេះ បែរជាការកោតសរសើរអំពីរបបសង្គមរាស្ត្រនិយមវិញ ដឹកនាំប្រទេសដោយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលព្រះអង្គបើកឲ្យប្រជារាស្ត្របញ្ចេញមតិនៅពេលមានសមាជជាតិ និងដោះស្រាយនូវទុក្ខកង្វល់ជូនប្រជារាស្ត្រ។
សមាជិកក្រុមប្រឹក្សាឃុំអូរ លោក កាន សំបូរ មានប្រសាសន៍ថា កន្លងមកអាជ្ញាធរឃុំតែងតែអញ្ជើញប្រជាពលរដ្ឋមកចូលរួម ស្ដីពីគម្រោងអភិវឌ្ឍន៍ឃុំ ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ និងបរិស្ថានជាដើម។ លោកបញ្ជាក់ថា ទោះបីជាប្រជាពលរដ្ឋមិនមានសកម្មភាពមកចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍មូលដ្ឋានច្រើនក្ដី ប៉ុន្តែប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងមុន។
ប្រទេសកម្ពុជា បានធ្វើកំណែទម្រង់វិមជ្ឈការដែលចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ២០០២ ក្នុងរូបភាពផ្ដល់ស្វ័យភាពដល់ថ្នាក់មូលដ្ឋាន ក្រោមច្បាប់ស្ដីពីការគ្រប់គ្រងឃុំ សង្កាត់ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អនុម័តឆ្នាំ២០០១ ដោយផ្ដល់អំណាចជូនប្រជាពលរដ្ឋក្នុងការសម្រេចចិត្តជ្រើសរើសបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ម្យ៉ាងទៀតប្រជាពលរដ្ឋមានសិទ្ធិផ្ដល់មតិយោបល់ និងមានសិទ្ធិលើកពីទុក្ខកង្វល់នានា ដែលពួកគាត់ប្រឈមក្នុងការរស់នៅប្រចាំថ្ងៃ។
សព្វថ្ងៃនេះ ប្រជាពលរដ្ឋទទួលបានការអនុញ្ញាតឲ្យជ្រើសរើសថ្នាក់ដឹកនាំ និងបញ្ចេញគំនិតយោបល់ទាក់ទងនឹងការអភិវឌ្ឍក្នុងមូលដ្ឋាន និងតម្រូវការរបស់សហគមន៍ស្របតាមគោលការណ៍អភិបាលកិច្ចនៅមូលដ្ឋាន។
ទោះបីជាមានការវិវឌ្ឍន៍យ៉ាងនេះក្ដី ក៏ប៉ុន្តែនៅមានសំណួរថា តើវិមជ្ឈការពិតជាបាននាំមកនូវការចូលរួមតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋានមែនឬយ៉ាងណា?
របាយការណ៍របស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ស្ដីពីអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យក្នុងប្រព័ន្ធនយោបាយបែបកូនកាត់បានសរសេរថា នៅកម្ពុជាកត្តាវប្បធម៌ និងសេដ្ឋកិច្ច តែងកំណត់លើលក្ខណៈនៃការចូលរួមរបស់ប្រជាពលរដ្ឋ។
ស្ថានភាពរស់នៅខ្សត់ខ្សោយ បង្ខំឲ្យប្រជាពលរដ្ឋជាច្រើនត្រូវចំណាយពេលវេលាក្នុងការរកចំណូលជាជាងចូលរួមក្នុងសកម្មភាពសាធារណៈ ឬការអភិវឌ្ឍសហគមន៍ ហើយកត្តាសេដ្ឋកិច្ចទន់ខ្សោយនេះ ក៏ជំរុញឲ្យប្រជាពលរដ្ឋសម្លឹងរកផលប្រយោជន៍ភ្លាមៗ ឧទាហរណ៍ដូចជាអំណោយពីគ្រប់ទម្រង់នៃការចូលរួមក្នុងសហគមន៍។
ម្យ៉ាងវិញទៀត ដោយសារក្រុមប្រឹក្សាឃុំពុំមានលទ្ធភាពឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ហេតុនេះ ប្រជាពលរដ្ឋបាត់បង់ចំណាប់អារម្មណ៍ចូលរួមក្នុងការងារនៅមូលដ្ឋាន ពីព្រោះថា នៅពេលប្រជាពលរដ្ឋចូលរួមក្នុងការប្រជុំ ពួកគាត់អាចនឹងបញ្ចេញមតិពាក់ព័ន្ធនឹងសកម្មភាពអភិវឌ្ឍន៍មូលដ្ឋានមិនបានពេញលេញទេ។
ប្រជាពលរដ្ឋឈ្មោះ គង់ នឿន នៅឃុំដំបូករូង បានពន្យល់ថា លោកមិនសូវចាប់អារម្មណ៍នឹងបញ្ហាចូលរួមឲ្យយោបល់ទៅក្រុមប្រឹក្សាឃុំ ចូលរួមក្នុងការអភិវឌ្ឍភូមិឃុំទេ ពីព្រោះថា ទោះបីជាគាត់ទៅចូលរួមអំពីបញ្ហាអភិវឌ្ឍន៍ភូមិ ឃុំ ក៏តម្លៃពលកម្ម និងតម្លៃកសិផលរបស់គាត់នៅតែមានតម្លៃថោកដដែលពីមួយឆ្នាំទៅមួយឆ្នាំ។
ទាក់ទងនឹងបញ្ហានេះ អ្នកឃ្លាំមើលស្ដីពីការអភិវឌ្ឍសង្គម លោក កែម ឡី បានបង្ហាញរបាយការណ៍ស្រាវជ្រាវរបស់លោកកាលពីពេលថ្មីៗនេះថា មានប្រជាពលរដ្ឋប្រមាណ ៤% ទេ នៃប្រជាពលរដ្ឋសរុបដែលបានមកចូលរួមក្នុងការអភិវឌ្ឍភូមិឃុំ ដែលចែកជា ១០ចំណុច រួមមានការចូលរួមក្នុងការរៀបចំការអភិវឌ្ឍភូមិឃុំ និងការវិនិយោគ ការកំណត់បញ្ហាជាអាទិភាព ការចូលរួមប្រជុំក្រុមប្រឹក្សាឃុំ ការចូលរួមក្នុងការដេញថ្លៃលទ្ធកម្ម និងការចូលរួមក្នុងសកម្មភាពផ្សេងៗទៀត។
លោក កែម ឡី បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍសព្វថ្ងៃនេះមិនគោរពទៅតាមកំណែទម្រង់វិមជ្ឈការនោះឡើយ គឺគេឲ្យប្រជាពលរដ្ឋចេះតែពីរទេសំខាន់ ទី១ គេឲ្យប្រជាពលរដ្ឋចេះសុំគេ និងទី២ ឲ្យប្រជាពលរដ្ឋចេះអរគុណគេ។ លោកបញ្ជាក់ថា សព្វថ្ងៃគេមិនចង់ឲ្យប្រជាពលរដ្ឋចេះពិចារណាវែងឆ្ងាយទេ។ លើសពីនេះទៀត អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋមិនចង់ចូលរួមនោះ គឺមកពីការថវិកាដែលឃុំសង្កាត់ទទួលបាននោះ គេអភិវឌ្ឍតែហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រីឯតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផ្សេងទៀតដែលមាននៅក្នុងគម្រោងដែរនោះ គេមិនធ្វើនោះទេ គេអភិវឌ្ឍន៍ទៅតាមឆន្ទៈអ្នកនយោបាយ ដើម្បីកេងចំណេញនយោបាយច្រើនជាង។
វិមជ្ឈការបានរួមចំណែកជួយបង្កើនភាពស្របច្បាប់ខាងនយោបាយនៃរបបគ្រប់គ្រង ដោយលើកកម្ពស់ឡើងវិញនូវតួនាទីនៃរចនាសម្ព័ន្ធរបស់រដ្ឋនៅកម្រិតមូលដ្ឋាន ដែលគេមិនបានយកចិត្តទុកដាក់ជាយូរមកហើយ ដោយសារការវឹកវរខាងនយោបាយ និងសង្គ្រាមស៊ីវិល។
បន្ថែមពីលើនេះទៀត ការចូលរួម និងកិច្ចសហការមានសារសំខាន់ណាស់ ដូច្នេះសមាជិកសហគមន៍អាចកំណត់នូវការប្រតិបត្តិ និងធម្មជាតិរបស់វត្ថុជាច្រើនដែលមានឥទ្ធិពលដល់ការរស់នៅរបស់ពួកគាត់ ដើម្បីងាយស្រួលដល់ការផ្លាស់ប្ដូរសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋឲ្យប្រសើរឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។