ទី​បញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ប្រកាស​កាន់​ទុក្ខ​ចំពោះ​មន្ត្រី​ប៉េអឹម​បាត់បង់​ជីវិត

0:00 / 0:00

ទី​បញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​រៀបចំ​បុណ្យ​សព​ជូន​អនុសេនីយ៍ឯក ទៀន ករុណា ដែល​ត្រូវ​ក្រុម​ជួញដូរ​គ្រឿងញៀន​បាញ់​ស្លាប់ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧ មេសា។ មាន​មតិ​ជា​ច្រើន សោក​ស្ដាយ​ចំពោះ​ការ​ស្លាប់​របស់​លោក។

ទី​បញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកាស​កាន់​ទុក្ខ​ចំពោះ​ការ​បាត់បង់​នាយ​អាវុធហត្ថ​បង្ក្រាប​គ្រឿងញៀន​មួយ​រូប គឺ​លោក​អនុសេនីយ៍ឯក ទៀន ករុណា ដែល​កំពុង​តម្កល់​សម្រាប់​មន្ត្រី​ក្រសួង​ស្ថាប័ន​នានា គោរព​វិញ្ញាណក្ខន្ធ​នៅ​ទី​បញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា។

តំណាង​គណៈកម្មការ​រៀបចំ​បុណ្យ​សព គឺ​វរសេនីយ៍ឯក សៀង សារួន ថ្លែង​ជូន​គណៈប្រតិភូ​ដែល​ចូល​គោរព​វិញ្ញាណក្ខន្ធ​ថា ការ​ពលី​ជីវិត​របស់​អនុសេនីយ៍ឯក ទៀន ករុណា គឺ​ជា​ការ​បាត់បង់​នាយ​អាវុធហត្ថ​ដ៏​សំខាន់​ម្នាក់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​នៅ​កម្ពុជា៖ «ប្រុង! វន្ទាអាវុធ! ថ្ងៃ​នេះ លោកស្រី បុត្រា​បុត្រី​ក្រុម​គ្រួសារ​សព បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អគ្គបញ្ជាការ​ក្រសួង​ការពារ​ជាតិ មាន​ទុក្ខ​ជា​ទម្ងន់ ដោយ​លោក​អនុសេនីយ៍ឯក ទៀន ករុណា បាន​ពលី​ជីវិត​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន។ ដើម្បី​សម្ដែង​នូវ​ការ​ដឹង​គុណូបការៈ​ចំពោះ​លោក​អនុសេនីយ៍ឯក ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​កិច្ចការ​សង្គម និង​ប្រទេស​ជាតិ​នេះ សូម​អនុញ្ញាត​លោក​ជំទាវ ទាំង​គណៈប្រតិភូ​ទាំង​អស់ សង្រួម​កាយ​វាចា​ចិត្ត ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​នៃ​សព​ចំនួន ១​នាទី។ សូម​គោរព​វិញ្ញាណក្ខន្ធ គោរព!»

រី​ឯ​ភរិយា​របស់​លោក ទៀន ករុណា គឺ​លោកស្រី កែវ លីដា មាន​ប្រសាសន៍​ថា លោកស្រី​បាត់បង់​ស្វាមី​ដ៏​ល្អ​បំផុត​ម្នាក់​សម្រាប់​គ្រួសារ​របស់​លោកស្រី៖ «ចរិត​គាត់​ល្អ គាត់​មិន​ដែល​ធ្វើ​បាប​ប្រពន្ធ​កូន។ គាត់​មិន​ដែល​ឱ្យ​ប្រពន្ធ​កូន​ពិបាក​ទេ សុខ​ចិត្ត​ពិបាក​ខ្លួន​ឯង។ គាត់​ជា​ស្វាមី​ល្អ បាន​ជា​ខ្ញុំ​សោកស្ដាយ​បំផុត​ហ្នឹង។ គាត់​មិន​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​ទេ។ គាត់​ជ្រោមជ្រែង​គ្រួសារ សូម្បី​តែ​បងប្អូន​ក៏​គាត់​ជួយ​ដែរ»។

ម្ដាយ​របស់​លោក ទៀន ករុណា គឺ​លោកស្រី ឯម វណ្ណា ថ្លែង​ថា លោកស្រី​មាន​ទុក្ខ​ផ្ទួនៗ នៅ​ពេល​ដែល​​ប្ដី​របស់​លោកស្រី​ឈ្មោះ ទៀន ហ៊ានតាន ស្លាប់​បាន​មួយ​ខែ​កន្លះ ហើយ​ពេល​នេះ​កូន​របស់​លោកស្រី​ស្លាប់​ម្នាក់​ទៀត។

លោកស្រី វណ្ណា ឱ្យ​ដឹង​ថា លោក ទៀន ករុណា ជា​កូន​ដ៏​ល្អ​ម្នាក់ ដែល​តស៊ូ​អត់​ធ្មត់​នឹង​ការងារ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​តាំង​ពី​នៅ​កំលោះ៖ «គាត់​ក៏​ចេះ​ត្បិតត្បៀត​សន្សំ​លុយ​ទុក​ទៀត ប៉ិន​ណាស់​កូន​ហ្នឹង។ ចេះ​ស្រឡាញ់​បងប្អូន​ណាស់ ប្អូន​ស្រីៗ គាត់​ចេះ​ស្រឡាញ់​ថែទាំ គឺ​ស្រឡាញ់​គ្រួសារ។ ដល់​ពេល​គាត់​មាន​ប្រពន្ធ​មាន​កូន​ក៏​អ៊ីចឹង​ដែរ គឺ​គាត់​ស្រឡាញ់​ក្រុម​គ្រួសារ​គាត់​ណាស់ ហើយ​ខ្ញុំ​ជា​ម្ដាយ​គាត់ គាត់​មិន​ធ្វើ​ឱ្យ​ខ្ញុំ​ឃ្នើស​ចិត្ត​អី​ទេ។ គាត់​ជា​មនុស្ស​ចិត្ត​បុណ្យ គាត់​ជួយ​គេ​ច្រើន។ ប៉ុន្តែ​មិន​ដឹង​ជា​យ៉ាង​ម៉េច បាន​ជា​គាត់​អាយុ​ខ្លី​អ៊ីចឹង»

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​នៅ​សង្កាត់​ស្ទឹងមានជ័យ ឈ្មោះ ហៃ សុផល មាន​អារម្មណ៍​ថា លោក​សោក​ស្ដាយ​ដែល​លោក ទៀង ករុណា ស្លាប់​ក្នុង​ពេល​បង្ក្រាប​ក្រុម​គ្រឿង​ញៀន។

អ្នក​រត់​រ៉ឺម៉ក​កង់ ៣​ម្នាក់ គឺ​លោក យិន សាខន មាន​ប្រសាសន៍​ថា កោត​សរសើរ​អនុសេនីយ៍ឯក ទៀន ករុណា៖ «ខ្ញុំ​ក៏​សោកស្ដាយ​គាត់​ដែរ ព្រោះ​គាត់​ខំ​បង្ក្រាប​គ្រឿង​ញៀន លះ​បង់​ជីវិត​រូប​គាត់​ចោល​ប្រពន្ធ​ចោល​កូន។ គ្រឿងញៀន​ហ្នឹង វា​ឱ្យ​ក្មេងៗ ជំនាន់​ក្រោយ​ខូច​សង្គម​ជាតិ​យើង ហើយ​បាន​គាត់​ជា​ប៉េអឹម​ហ្នឹង គាត់​លះបង់​ជីវិត​ទៅ​ចាប់​គ្រឿងញៀន​គាត់​ស្លាប់​ហ្នឹង ក៏​សោកស្ដាយ​ដែរ។ ខ្ញុំ​អរគុណ​គាត់​ដែរ គាត់​បង្ក្រាប​កុំ​ឱ្យ​ខូច​សង្គម​ជាតិ​យើង»

លោកស្រី ឯម វណ្ណា ឱ្យ​ដឹង​ថា លោក ទៀន ករុណ ជា​កូន​ទី​២ ក្នុង​ចំណោម​កូន ៥​នាក់ គឺ​ស្រី ៣​នាក់ ប្រុស ២​នាក់។ លោក ទៀន ករុណា រៀបការ​ជាមួយ​លោកស្រី កែវ លីដា កាល​ពី​ឆ្នាំ​១៩៩៧ មាន​កូន​ប្រុស​អាយុ ១៧​ឆ្នាំ​ម្នាក់ និង​កូន​ស្រី​វ័យ ៨​ឆ្នាំ​ម្នាក់។

កូន​ប្រុស​លោក ទៀន ចំរើនសីហបុត្រ ថ្លែង​ថា បាត់​បង់​ឪពុក​ជា​ទី​ស្រឡាញ់។ ប៉ុន្តែ​លោក​កោត​សរសើរ​វីរភាព​ឪពុក​លោក៖ «ខ្ញុំ​ស្រឡាញ់​គាត់ ខ្ញុំ​នឹក​គាត់ ខ្ញុំ​អត់​ចង់​ឱ្យ​គាត់​ទៅ​ណា​ឆ្ងាយ​ពី​ខ្ញុំ​ទេ។ តែ​ខ្ញុំ​ដឹង​ថា គាត់​ឥឡូវ​ទៅ​ឆ្ងាយ​ពី​ខ្ញុំ​ហើយ តែ​គាត់​ឋិត​នៅ​ក្នុង​ដួង​ចិត្ត​ខ្ញុំ​ជា​និច្ច។ គាត់​បាន​ជួយ​ជាតិ និង​សង្គម​យើង​ទាំង​មូល​ឱ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន។ ខ្ញុំ​សរសើរ​ស្នាដៃ​របស់​លោក​ប៉ា​ខ្ញុំ ទោះ​គាត់​ទទួល​មរណភាព​ក៏ដោយ ក៏​ជា​ស្នាដៃ​របស់​ជាតិ ដែល​គាត់​បាន​ជួយ​មួយ​ដែរ»

អនុសេនីយ៍ឯក ទៀន ករុណា វ័យ ៤២​ឆ្នាំ បាន​ស្លាប់​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​មេសា ក្នុង​ពេល​បង្ក្រាប​គ្រឿងញៀន នៅ​សង្កាត់​បឹងកក់ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​អាវុធហត្ថ​ចាប់​ខ្លួន​សមាជិក​ក្រុម​ជួញដូរ​គ្រឿងញៀន ៥​នាក់ និង​បាញ់​ស្លាប់​មេ​ក្លោង​ម្នាក់ នៅ​នឹង​កន្លែង បន្ទាប់​ពី​បាន​បាញ់​ត​ដៃ​គ្នា។

សព​លោក ទៀន ករុណា នឹង​ត្រូវ​តម្កល់​ទុក​គោរព​វិញ្ញាណក្ខន្ធ​នៅ​ទី​បញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រហូត​ដល់​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មេសា។ គណៈ​រៀបចំ​បុណ្យ​ប្រកាស​ថា សព​លោក ទៀន ករុណា នឹង​ត្រូវ​បូជា​នៅ​វត្ត​នន្ទមុនី សង្កាត់​ស្ទឹងមានជ័យ នៅ​ថ្ងៃ​សៅរ៍ ទី​៣០ មេសា​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។