ក្រុម​ប្រឹក្សា​ក្រុង​ស្រុក​ស្នើសុំ​ពន្លឿន​បើក​ប្រាក់​ឧបត្ថម្ភ

នៅ​ដើម​ឆ្នាំ​២០១៣ នេះ រដ្ឋាភិបាល​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់​ឧបត្ថម្ភ​ដល់​ក្រុម​ប្រឹក្សា​ក្រុង និង​ស្រុក នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​ញ៉ាំង​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​នៅ​ពេល​បំពេញ​ការងារ​ថែម​ទៀត។
ដោយ សួន សុផលមុន្នី
2013.03.22
Share on WhatsApp
Share on WhatsApp

សមាជិក​ក្រុម​ប្រឹក្សា​ក្រុង ស្រុក នៅ​ខេត្ត​ភាគ​ពាយ័ព្យ បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​បើក​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​មករា និង​ខែ​កុម្ភៈ ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ពួក​គាត់​អាច​យក​ថវិកា​ទាំង​នោះ​ទៅ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​ការ​ចំណាយ​ផ្សេងៗ​ទៅ​លើ​ការ​បំពេញ​កាតព្វកិច្ច​បម្រើ​ប្រជាពលរដ្ឋ។

សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស សម រង្ស៊ី និង​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​កាល​ពី​ថ្ងៃ​ទី២១ ខែ​មីនា ថា ចាប់​តាំង​ពី​ខែ​មករា រហូត​ខែ​មីនា ឆ្នាំ​២០១៣។ ពួក​គាត់​នៅ​ពុំ​ទាន់​ទទួល​បាន​ប្រាក់​ខែ​ទាំងអស់​គ្នា។ ការ​យឺតយ៉ាវ​នេះ បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​លើ​ជីវភាព​គ្រួសារ និង​បង្កើត​ឲ្យ​មាន​សតិ​អារម្មណ៍​នៅ​ពេល​ពួក​គាត់​បំពេញ​ការងារ​ថែម​ទៀត។

សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ប៉ៃលិន មក​ពី​គណបក្ស សម រង្ស៊ី លោក ឃឹម ប៉ុន ថ្លែង​ថា សមាជិក​ក្រុម​ប្រឹក្សា​ស្រុក និង​ក្រុង ទាំង​គណបក្ស សម រង្ស៊ី និង​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​អាច​រក​ប្រាក់​ចំណូល​ផ្សេង​បាន​ទេ គឺ​ពឹង​លើ​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ៖ «ហើយ​ដល់​ពេល​ឥឡូវ​ហ្នឹង គ្នា​អត់​មាន​ប្រាក់​ឧបត្ថម្ភ​គ្នា​ជួប​ការ​លំបាក អ៊ីចឹង​ការ​បំពេញ​ការងារ​ក៏​មិន​បាន​បំពេញ​លេញ​ដែរ។ ម្យ៉ាង ក្រុម​ប្រឹក្សា​តាំង​ពី​កកើត​មក​ហ្នឹង មិន​បាន​បំពេញ​តួនាទី​អី​ផង​ទៅ​ប្រជុំ ១​ខែ​ម្ដង មើល​ទៅ​ការ​ចូលរួម​ដោះស្រាយ​អី​គ្មាន​ប្រាក់​ឧបត្ថម្ភ​ហ្នឹង​ទេ ការងារ​របស់​ក្រុម​ប្រឹក្សា​ហ្នឹង ក៏​មិន​បាន​ពេញ​លេញ​ដែរ»

សមាជិក​ក្រុម​ប្រឹក្សា​ក្រុង ស្រុក នៅ​ខេត្ត​ប៉ៃលិន ខេត្ត​បាត់ដំបង និង​នៅ​ខេត្ត​បន្ទាយមានជ័យ ពួក​គាត់​នៅ​ពុំ​ទទួល​ប្រាក់​ខែ​ដូច​គ្នា។ លោក មាន សារិទ្ធិ សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី បាន​ត្អូញត្អែរ​ថា សមាជិក​ក្រុម​ប្រឹក្សា​ដែល​មន្ត្រី​នយោបាយ​ទទួល​បាន​ប្រាក់​ខែ​តិចតួច ហើយ​មាន​ភាព​យឺតយ៉ាវ​ថែម​ទៀត។ បញ្ហា​នេះ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​លើ​ការ​អនុវត្ត​ការងារ​បម្រើ​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ថែម​ទៀត។

លោក ជា ជីវ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង មក​ពី​គណបក្ស សម រង្ស៊ី ដែរ​នោះ បាន​បញ្ជាក់​ថា នៅ​ខេត្ត​បាត់ដំបង សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាន​ទទួល​ប្រាក់​ខែ​គ្រប់​គ្នា​អស់​ហើយ នៅ​ឡើយ​តែ​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង និង​សមាជិក​ក្រុម​ប្រឹក្សា​នៅ​តាម​បណ្ដា​ស្រុក​ពុំ​ទាន់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នោះ​ទេ។

លោក​សង្កត់​ធ្ងន់​ថា បញ្ហា​នេះ​បាន​បង្ក​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​នៅ​តាម​ស្រុក និង​ក្រុង​ទាំង​នោះ​អាច​មាន​សតិ​អារម្មណ៍​មិន​ល្អ៖ «ព្រោះ​ក្រុម​ប្រឹក្សា​ភាគ​ច្រើន គាត់​បាន​ប្រាក់​ឧបត្ថម្ភ​ដើម្បី​បំពេញ​ជីវភាព​របស់​គាត់ បើ​អត់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ នឹង​ជួប​បញ្ហា​ជីវភាព និង​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ភាព​ស្រពិចស្រពិល។ រដ្ឋ​គិត​យ៉ាង​ណា​អំពី​ប្រាក់​ឧបត្ថម្ភ​របស់​គាត់ ព្រោះ​តាំង​ពី​ដើម​ឆ្នាំ​ខែ​មករា ហ្នឹង គឺ​ប្រាក់​ឧបត្ថម្ភ​ខេត្ត ហេតុ​អី​ក៏​បើក ប៉ុន្តែ​សម្រាប់​ស្រុក ក្រុង មូលហេតុ​អី​បាន​អត់​បើក នេះ​ប៉ះពាល់​លើ​សតិ​អារម្មណ៍​របស់​គាត់​ដែរ»

ប្រធាន​ទី​ចាត់​ការ​ហិរញ្ញវត្ថុ​សាលា​ខេត្ត​បាត់ដំបង លោក នុត ប៊ុនណា បាន​បញ្ជាក់​ថា ថវិកា​សម្រាប់​ឧបត្ថម្ភ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក ក្រុង មាន​កញ្ចប់​ថវិកា​រៀង​ខ្លួន ដែល​ត្រូវ​បើក​ចេញ​ពី​រតនាគារ​ខេត្ត។ លោក​បញ្ជាក់​ថា ប្រាក់​ឧបត្ថម្ភ​សម្រាប់​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក ក្រុង នឹង​អាច​ទទួល​បាន​ចាប់​ពី​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ​២០១៣ ហើយ​ថា ភាព​យឺតយ៉ាវ​ទំនង​មក​ពី​កំហុស​ថ្នាក់​លើ ប៉ុន្តែ​កំហុស​យ៉ាង​នោះ​លោក​ពុំ​បាន​ដឹង​ច្បាស់​ទេ។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី បាន​ចាត់​ទុក​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក ក្រុង ជា​សភា​ជាន់​ទាប​មួយ ដោយសារ​ពួក​គេ​ត្រូវ​បាន​បោះឆ្នោត​ជ្រើស​រើស ទោះ​បី​ការ​បោះ​ឆ្នោត​នោះ​តាម​ប្រព័ន្ធ​អ​សកល​ក៏​ដោយ។ ភាព​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​ការងារ និង​ជីវភាព​ក្នុង​ក្រុម​គ្រួសារ៖ «អា​នេះ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ប្រាក់​បៀវត្ស​នេះ ព្រោះ​នៅ​បំណាច់​ឆ្នាំ​នីមួយៗ ខាង​ក្រសួង​តែង​តែ​ផ្ញើ និង​រៀបចំ​ថវិកា​នេះ​ដើម្បី​ឲ្យ​សភា​ជាតិ​ធ្វើ​ការ​អនុម័ត​ឲ្យ​ទាន់​ពេល​វេលា ចុះ​ហេតុ​អី​ឥឡូវ ដល់​ចុង​ខែ​បី​ហើយ ពួក​គាត់​នៅ​ពុំ​ទាន់​បាន​បើក​ប្រាក់​បៀវត្ស។ អា​នេះ​ប៉ះពាល់​ដែរ អារម្មណ៍ និង​អាជីព​ពួក​គាត់ ហើយ​ត្រូវ​ពិនិត្យ​ធ្វើ​ការ តើ​វា​រាំង​ស្ទះ​មក​ពី​កត្តា ឬ​ក៏​អ្នក​ណា​ទៅ​ធ្វើ​អី​យ៉ាង​ម៉េច ដើម្បី​ធ្វើ​ការ​កែ​ទម្រង់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត»

អ្នកស្រី មូរ សុខហួរ ជា​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស សម រង្ស៊ី ថ្លែង​ថា អ្នកស្រី​បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​តាម​មូលដ្ឋាន​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង។ អ្នកស្រី​បាន​ជួប​បញ្ហា​ជាច្រើន​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក ដោយសារ​តែ​ពួក​គាត់​ពុំ​ទាន់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ទាន់​ពេល​វេលា។ នៅ​ពេល​ចុះ​បំពេញ​បេសកកម្ម​នៅ​តាម​មូលដ្ឋាន​នោះ អ្នកស្រី​ត្រូវ​ការ​សហការ​ជាមួយ​មន្ត្រី​មូលដ្ឋាន​ស្រុក ឃុំ ទាំងអស់ ទាំង​មន្ត្រី​មក​ពី​គណបក្ស សម រង្ស៊ី និង​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចុះ​ជួយ​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ ពួក​គាត់​បញ្ជាក់​ថា ប្រាក់​ខែ​របស់​ពួក​គាត់​មិន​គ្រប់គ្រាន់ ហើយ​បើក​មិន​ទាន់​ពេល​វេលា​ទៀត ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​ចុះ​ជួយ​ប្រជាពលរដ្ឋ​បាន។

អ្នកស្រី មូរ សុខហួរ៖ «ដូច្នេះ យើង​ជា​អ្នក​តំណាង​រាស្ត្រ យើង​ដឹង​ហើយ យើង​បាន​អនុម័ត​ថវិកា​សម្រាប់​ឆ្នាំ​២០១៣ ហើយ​ចាំ​បាន​មួយ​ខែ ប៉ុន្តែ​ដល់​ពីរ​ខែ ដល់​បី​ខែ ខ្ញុំ​យល់​ឃើញ​ថា នេះ​ជា​ការ​ដាក់​បន្ទុក​លើ​មន្ត្រី​រាជការ​ដែល​កំពុង​តែ​វេទនា​ដោយសារ​ប្រាក់​បៀវត្ស​របស់​គាត់​មិន​គ្រប់គ្រាន់ ហើយ​បើក​យឺត​ទៀត ខ្ញុំ​សុំ​ឲ្យ​រដ្ឋាភិបាល​ជំរុញ ព្រោះ​រឿង​នេះ​បង្អាក់​ការងារ​ដែល​ជា​មន្ត្រី​រាជការ គាត់​ចង់​បម្រើ​ប្រជាពលរដ្ឋ តែ​បម្រើ​មិន​កើត»

អ្នកស្រី​បន្ត​ថា នៅ​ឆ្នាំ​២០១៣ នេះ រដ្ឋសភា​បាន​អនុម័ត​ថវិកា​សម្រាប់​ចំណាយ​ប្រចាំ​ឆ្នាំ​បាន​ចំនួន​ជាង ៣​ពាន់​លាន​ដុល្លារ។ ក្នុង​នោះ ថវិកា​សម្រាប់​បើក​ឲ្យ​មន្ត្រី​រាជការ​ទាំងអស់​មាន​ចំនួន​ជាង ៥០០​លាន​ដុល្លារ។ ក្នុង​នាម​អ្នកស្រី​ជា​អ្នក​តំណាង​រាស្ត្រ អ្នកស្រី​នឹង​ធ្វើ​លិខិត​ជា​ផ្លូវការ​ដាក់​ជូន​ប្រធាន​រដ្ឋសភា ដើម្បី​ពិចារណា​រឿង​នេះ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។