ក្រុមកូដករណាហ្គាវើលដ៍ប្រកាន់ជំហរទាមទារឱ្យមានដំណោះស្រាយការងារ
2023.01.15

ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ប្រមាណ១០០នាក់ប្ដេជ្ញាចិត្តទាមទារឱ្យថៅកែក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ដោះស្រាយវិវាទការងារ និងទម្លាក់បទចោទលើបុគ្គលិកកម្មករទាំងអស់។
ក្រុមបុគ្គលិកសហជីពណាហ្គាវើលដ៍ បន្តចេញតវ៉ានៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីជំរុញឱ្យថៅកែចេញមកដោះស្រាយវិវាទការងារ នៅថ្ងៃទី១៤ មករា។ ពួកគាត់នាំគ្នាឈរហាលក្ដៅក្នុងដៃមានកាន់បដាមានអត្ថន័យថា ''កុំបង្អត់បាយកម្មករក្នុងសម័យសន្តិភាព'' ពាក់មួក និងចងក្រណាត់ពណ៌ទឹកក្រូចនៅលើក្បាលមានខ្លឹមសារថា "ជាវិវាទការងារកុំលាបពណ៌'' ។
សាររបស់ពួកគាត់នេះធ្វើឡើងក្នុងគោលបំណងស្នើឱ្យក្រសួងពាក់ព័ន្ធឈប់ការចោទប្រកាន់មកលើក្រុមកូដករថា ធ្វើសកម្មភាពចង់ផ្ដួលរលំរដ្ឋាភិបាល និងទាមទារឱ្យដោះលែង កញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាព ផ្ដល់យុត្តិធម៌ឱ្យបុគ្គលិកកម្មករទាំងអស់។
តំណាងកូដករសហជីពម្នាក់ លោក ណាក់ ជីវន្ត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ មករាថា ពួកគាត់បន្តតវ៉ារាល់ថ្ងៃនេះគឺចង់ឱ្យថៅកែណាហ្គាវើលដ៍ផ្ដល់សេរីភាព ទទួលយកបុគ្គលិកដែលបានបញ្ឈប់ដោយអយុត្តិធម៌ និងទូទាត់ប្រាក់សំណងដល់បុគ្គលិកគ្រប់គ្នា។លោកបន្តរៀបរាប់ទាំងសំឡេងមួយៗថាបុគ្គលិកម្នាក់ ឈ្មោះ លី ផាន់ណាក់ ធ្លាក់ខ្លួនឈឺកំឡុងពេលចេញតវ៉ា ប៉ុន្តែដោយខ្វះខាតថវិកាសម្រាប់ព្យាបាលគាត់ បានបាត់បង់ជីវិតទាំងមិនទាន់ទទួលបានយុត្តិធម៌ ។ចំណែកឯបុគ្គលិកម្នាក់ទៀត សម្រាលកូននៅឯមន្ទីរពេទ្យកំពុងប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរដោយសារខ្វះខាតអាហារូបត្ថម្ភ ពួកគាត់ទាំងពីរជួបបញ្ហានេះដោយសារភាពគ្មានទទួលខុសត្រូវរបស់ថៅកែណាហ្គាវើលដ៍។
លោក ណាក់ ជីវន្ត៖ «ខ្ញុំអត់ព្រមធ្វើការនៃការបោះបង់ហ្នឹងទេ ពួកខ្ញុំតវ៉ារហូតទាល់តែមានដំណោះស្រាយបើសិនជាមានដំណោះស្រាយអ្វីដែលពួកខ្ញុំទាមទារហើយពួកខ្ញុំហ្នឹងបញ្ឈប់នៃការធ្វើកូដកម្មនេះ តែបើយកលុយដែលមិនត្រឹមត្រូវតាមផ្លូវច្បាប់ហ្នឹងយកមកចរចាជាមួយខ្ញុំគឺមិនអាចទៅរួច គឺមិនអាចទៅរួចឱ្យពួកខ្ញុំបញ្ឈប់ធ្វើកូដកម្មនឹងទេ ពីព្រោះអ្វីដែលខ្ញុំត្រូវការគឺឱ្យថៅកែណាហ្គាវើលដ៍គោរពច្បាប់ស្រុកខ្មែរ គោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជាហ្នឹងទើបពួកយើងបញ្ឈប់ការធ្វើកូដកម្មហ្នឹង»។
ជុំវិញរឿងនេះ មន្ត្រីអង្កេតការណ៍ជាន់ខ្ពស់នៃសមាគមអាដហុក (Adhoc)លោក យី សុខសាន្ត មានប្រសាសន៍ថា ជាង ១ឆ្នាំដែលពួកគាត់ទាមទារតវ៉ា បើសិនជាក្រុមហ៊ុនមានចេតនាដោះស្រាយនោះគឺងាយស្រួលណាស់។ ពួកគាត់មិនចង់ធ្វើនោះទេ ប៉ុន្តែដោយសារក្រុមហ៊ុនមិនបានដោះស្រាយហើយរដ្ឋាភិបាលមិនអើពើជាមួយពួកគាត់ទៀត ដូច្នេះធ្វើឱ្យពួកគាត់រងនៅភាពអយុត្តិធម៌ម្ដងហើយម្ដងទៀត។
លោក យី សុខសាន្ត៖ «យើងស្នើសុំដ៏ទទូចឱ្យរាជរដ្ឋាភិបាលក៏ដូចថៅកែក្រុមហ៊ុនគឺមេត្តាកុំលាបពណ៌គាត់ចូលខ្លួនមកដោះស្រាយដើម្បីបញ្ចប់រឿងនេះទៅកុំឱ្យមានការរ៉ាំរ៉ៃហីវា ទី២វាលើកមុខមាត់ដល់ប្រទេសជាតិកម្ពុជាយើងឱ្យមានការផ្លាស់ប្រែពីការរំលោភសិទ្ធិមនុស្សមកជាការចរចាដើម្បីដោះស្រាយឱ្យមានទទួលយកកម្មករក៏ដូចជាសហជីពឱ្យចូលបម្រើការងារវិញអានេះជាការបញ្ចប់វប្បធម៌លាបពណ៌»។
ប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ គិតត្រឹមថ្ងៃចាប់ខ្លួន កាលពីខែវិច្ឆិកា ឆ្នាំ២០២២មកគឺ រយៈពេលជិត២ខែ ហើយដែលអាជ្ញាធរទីក្រុងភ្នំពេញបញ្ជូនទៅពន្ធនាគារព្រៃសវិញ ក្រោយកញ្ញា វិលត្រឡប់មកពីការចូលរួមកិច្ចប្រជុំនៅប្រទេសអូស្ត្រាលី (Australia) ក្រោមបទចោទល្មើសបម្រាប ឬគេចវេះពីការត្រួតពិនិត្យរបស់តុលាការ។ ចំណែកឯកូដករប្រមាណ១០នាក់ទៀតកំពុងស្ថិតនៅក្រោមបម្រាបតុលាការ ដោយសារថៅកែក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ ប្ដឹងពីបទរំលោភលើលំនៅឋាន ធ្វើឱ្យខូចដោយចេតនាមានស្ថានទម្ងន់ទោស និងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់។
ក្រុមកូដករអះអាងថា ទោះបីពួកគាត់រងការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញពីសំណាក់ថៅកែយ៉ាងណាក៏ដោយ ពួកគាត់នៅតែប្រកាន់ជំហរមិនបញ្ឈប់ការតវ៉ានេះទេរហូតទទួលបានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។