កងកម្លាំងអាជ្ញាធរចម្រុះរបស់រដ្ឋាភិបាលលោក ហ៊ុន សែន បន្តបង្ក្រាបកាន់តែធ្ងន់ធ្ងរលើក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍(Naga World) ដែលភាគច្រើនជាស្ត្រី នៅថ្ងៃទី១៣ ខែមីនា ខណៈពួកគាត់ នៅតែបន្តតស៊ូធ្វើកូដកម្មដោយសន្តិវិធីទាមទារដំណោះស្រាយពីថៅកែក្រុមហ៊ុន។ អាជ្ញាធរ បានប្រើអំពើហិង្សាដោយរុញច្រានអូសសែងនិងចាប់បោកស្តី្រនឹងថ្នល់ និងស្រែកសម្លុតកូដករឱ្យឡើងរថយន្តក្រុងដើម្បីដឹកយកទៅឃុំនៅមណ្ឌលចត្តាឡីស័កដូចលើកមុនៗ។
អាជ្ញាធរក្រុងភ្នំពេញរាប់រយនាក់បានដាក់កម្លាំងពង្រាយរួចជាស្រេចនៅក្បែរអគារក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ដើម្បីស្ទាក់ចាំបង្រ្កាបក្រុមកូដករជិត២រយនាក់ (១៨៥) មិនឱ្យប្រមូលផ្តុំទាមទាររកការដោះស្រាយពីថៅកែបនល្បែងក្រុមហ៊ុនណាហ្គាវើលដ៍នៅថ្ងៃទី១៣ ខែមីនា។ ក្រុមកម្លាំងអាជ្ញាធរ ក៍បានត្រៀមរថយន្តក្រុង និងបានស្រែកសម្លុត ប្រើអំពើហិង្សាអូសទាញរុញច្រាន ចាប់បោកក្រុមកូដករញាត់ចូលរថយន្តទាំងកម្រោល ដឹកទៅកាន់មណ្ឌលចត្តាឡីស័កក្នុងខ័ណ្ឌព្រែកព្នៅម្តងទៀត។

កូដករ និងជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍លោកស្រី ចាន់ បូរ៉ា រៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីទាំងទឹកភ្នែកនៅថ្ងៃទី១៣ ខែមីនាថា ក្រុមកម្លាំងអាជ្ញាធររាប់សិបនាក់បានស្ទាក់បង្រ្កាបក្រុមកូដកររួចជាស្រេចនៅពេលកូដករធ្វើដំណើរថ្មើរជើងដល់ចំណុចផ្សារកាប់គោដើម្បីទាមទារដំណោះស្រាយក្បែរអគារណាហ្គាវើលដ៍។ លោកស្រីបញ្ជាក់ថា ក្រុមអាជ្ញាធរទាំងនោះនៅតែបន្តប្រើអំពើហិង្សាកាន់តែខ្លាំងដោយបានរុញច្រានក្រុមកូដករបុកនឹងបង្កាន់ដៃរថយន្តបណ្តាលឱ្យកូដករជាច្រើននាក់រងរបួសស្នាមជាំលើដងខ្លួនក្នុងនោះថែមទាំងមានស្ត្រីមានផ្ទៃពោះផងដែរ៖ « អាជ្ញាធរមកចាប់ពួកយើងមិនមែនជាអ្នកទោសទេ តែគ្រាន់តែទាមទារដំណោះស្រាយនៅកន្លែងធ្វើការ។ ហេតុអីមកចាប់ពួកយើងប្រើអំពើហិង្សាមកលើពួកខ្ញុំជាស្ត្រីហ្នឹង ? ពួកខ្ញុំប្រាប់អាជ្ញាធរថា មានកូដករមានផ្ទៃពោះ តែមិនស្ដាប់ហេតុផលយើងទេ។ ពួកខ្ញុំមកធ្វើកូដកម្មអហិង្សាកុំប្រើហិង្សាដាក់ពួកខ្ញុំតែអាជ្ញាធរនៅតែរុញកូដករញាត់ចូលឡានរុញឱ្យគរលើគ្នាមាត់ទ្វារឡាន »។
កូដករម្នាក់ទៀតដែលកំពុងមានទម្ងន់ (ផ្ទៃពោះ) លោកស្រី គន្ធា ថាលោកស្រីបានព្យាយាមស្រែកប្រាប់ថា ខ្លួនកំពុងតែមានផ្ទៃពោះ ប៉ុន្តែអាជ្ញាធររុញច្រានលោកស្រីនិងស្រែកសម្លុតចាប់ទាញអូសសែងក្រុមកូដករទាំងកម្រោលញាត់បញ្ចូលរថយន្តក្រុង។ លោកស្រីចាត់ទុកទង្វើអាជ្ញាធរបែបនេះ ថាកាន់តែឃោរឃៅធ្វើបាបប្រជាពលរដ្ឋហើយនៅតែបន្តប្រើអំណាចកាងឱ្យក្រុមហ៊ុន ធ្វើបាបក្រុមកូដករដែលប្រើសិទ្ធិស្របច្បាប់ទាមទារដំណោះស្រាយពីថៅកែបនល្បែងណាហ្គាវើលដ៍៖ «ខ្ញុំប្រាប់អាជ្ញាធរថាខ្ញុំទម្ងន់ ប៉ុន្តែគាត់នៅតែរុញខ្ញុំ។ ខ្ញុំប្រាប់ហើយនៅតែច្រានរុញខ្ញុំគាត់ដូចអត់យល់ពីស្ត្រីមានផ្ទៃពោះ »។

ចំណែកឯកូដករម្នាក់ទៀតថា ក្រុមកម្លាំងអាជ្ញាធរបានចាប់ទាញកអាវលោកស្រី ដោយស្រែកគំរាមយកទូរស័ព្ទ និងរុញច្រានផ្តួលលោកស្រីបោកនឹងថ្នល់បណ្តាលឱ្យរងរបួសដៃនិងមានស្នាមជាំលើដងខ្លួន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ អភិបាលក្រុងភ្នំពេញលោក ឃួង ស្រេង និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ដើម្បីបំភ្លឺបញ្ហានេះបានទេ នៅថ្ងៃទី១៣ ខែមីនា។
ទាក់ទងនឹងបញ្ហានេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា សោកស្តាយចំពោះទង្វើអាជ្ញាធរដែលនៅតែលម្អៀងទៅខាងក្រុមហ៊ុនបន្តគាបសង្កត់រំលោភសិទ្ធិក្រុមកូដករមិនព្រមជួយពួកគេឱ្យទទួលបានយុត្តិធម៌។ លោករិះគន់ថា ការបង្រ្កាបទាំងអំពើហិង្សាបែបនេះកាន់តែឆ្លុះបញ្ចាំងឱ្យឃើញថា ការអនុវត្តតួនាទីរបស់អាជ្ញាធរគ្មានអព្យាក្រឹត្យ ហើយក៍មិនមែនជាដំណោះស្រាយល្អប្រសើរឡើយ។

លោក នី សុខា សង្កត់ធ្ងន់ថា ការចាត់តាំងតំណាងថ្មីនោះ គឺជារឿងមិនត្រឹមត្រូវឡើយ ដោយសារតែតំណាងក្រុមកូដករទាំង១១នាក់ដែលកំពុងជាប់ឃុំពួកគេមិនបានប្រព្រឹត្តបទល្មើសឡើយ។ លោកបន្ថែមថា ក្រសួងពាក់ព័ន្ធគួរតែជំរុញឱ្យតុលាការដោះលែងតំណាងពួកគេជាមុនដើម្បីចរចាជាមួយថៅកែក្រុមហ៊ុនទើបការដោះស្រាយបញ្ចប់វិវាទការងារឈរលើភាពយុត្តិធម៌៖ « ប្រសិនតំណាងពួកគាត់ទៅប្រព្រឹត្តខុសនូវអំពើព្រហ្មទណ្ឌណាមួយ ទើបសាកសមឱ្យគាត់ទៅបង្កើតតំណាងថ្មី។ ប៉ុន្តែការចាប់ខ្លួននេះ គឺជាការរំលោភបំពានសេរីភាពរបស់ពួកគេ។ កូដករមានសិទ្ធិធ្វើកូដកម្មមិនអាចមានសិទ្ធិយកច្បាប់ទៅដាក់ទោសគាត់ទេ។ ការប្រើប្រាស់ច្បាប់ ប្រើប្រាស់តុលាការនេះ គឺជាការបំពានមួយទៅហើយ។ ដំណោះស្រាយបែបហ្នឹង មានតែបង្កើនភាពអយុត្តិធម៌ម្តងហើយម្ដងទៀត »។
មកដល់ពេលនេះមានតំណាងសហជីព និងកម្មករណាហ្គាវើលដ៍ចំនួន ១១នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារក្រោមបទចោទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងល្មើសវិធានសុខាភិបាល ដោយសារតែពួកគេធ្វើកូដកម្មដោយសន្តិវិធីទាមទាររកដំណោះស្រាយរឿងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍បញ្ឈប់បុគ្គលិក ៣៦៥នាក់ ពីការងារ និងរើសអើងសហជីពក្នុងកន្លែងធ្វើការ។ ក្រុមសហជីព និងអង្គទូតបណ្ដាប្រទេសលោកសេរីធំៗ បានរិះគន់រដ្ឋាភិបាលកម្ពុជាថា កំពុងប្រើច្បាប់កូវិដ ដើម្បីគាបសង្កត់រឹតត្បិតសិទ្ធិបញ្ចេញមតិប្រមូលផ្តុំទាមទារដំណោះស្រាយ។

ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល និងក្រុមសហជីពរិះគន់ថា អាជ្ញាធរក្រុងភ្នំពេញកំពុងអនុវត្តវិធានការសុខាភិបាលដែលមានស្តង់ដារ២ផ្សេងគ្នា ដែលបង្ហាញថា អាជ្ញាធរប្រឹងប្រែងរារាំងសកម្មភាពស្របច្បាប់របស់កូដករ។ ម្យ៉ាងវិញទៀតទង្វើបង្ក្រាបរបស់អាជ្ញាធរម្ដងហើយម្ដងទៀតនេះ ត្រូវបានក្រុមអ្នកការពារសិទ្ធិមនុស្សចាត់ទុកថា ជាការអនុវត្តផ្ទុយពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ពួកគេអំពាវនាវឱ្យអាជ្ញារដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញក្រុមកូដករ និងជំរុញឱ្យភាគីក្រុមហ៊ុនណាហ្គាវើលដ៍ចេញមុខដោះស្រាយបញ្ហាវិវាទការងារនេះ។ ក្រុមកូដករនៅតែបញ្ជាក់ជំហរថាពួកគេនឹងនៅតែបន្តតស៊ូធ្វើកូដកម្មដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនចេញមុខដោះស្រាយនិងមានដោះលែងតំណាងសហជីពទាំង ១១នាក់របស់ពួកគេឱ្យមានសេរីភាពវិញដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។