អាជ្ញាធរ​សន្យា​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​ចុងក្រោយ​ករណី​ស្លាប់​លោក ពេជ្រ ធា​រ៉េត

0:00 / 0:00

សាច់ញាតិ​បុរស​ដែល​ស្លាប់​ពេល​ប៉ូលិស​ឃុំខ្លួន​សួរចម្លើយ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ឱ្យ​ដឹង​ថា មន្ត្រី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​នៃ​ក្រសួង​មហាផ្ទៃ បាន​សន្យា​នឹង​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត និង​ចេញ​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ​ឆាប់ៗ​ខាងមុខនេះ​។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល បញ្ជាក់​ថា របាយការណ៍​នៃ​លទ្ធផល​ស៊ើបអង្កេត​នោះ​ត្រូវ​ផ្អែកលើ​នីតិវិធី​ដោយ​បញ្ជាក់​មូលហេតុ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។

ក្រោយ​ភាព​ស្ងៀមស្ងាត់​អស់​ជាច្រើន​ខែ​ទាក់ទង​នឹង​ការស៊ើបអង្កេត​ស្វែងរក​មូលហេតុ​ពិត​ប្រាកដ​ជុំវិញ​ការ​ស្លាប់​របស់​ជនរងគ្រោះ​ឈ្មោះ ពេជ្រ ធារ៉េត អំឡុង​ពេល​ប៉ូលិស​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ខេត្ត​បាត់ដំបង​កន្លង​មក​នោះ សាច់ញាតិ​ជនរងគ្រោះ រំពឹង​ថា ប៉ូលិស​ដែល​ប្រព្រឹត្ត​នោះ នឹង​ត្រូវ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បាន​ប្រាប់​ថា នឹង​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ចុងក្រោយ​នា​ពេល​ខាងមុខ​នេះ។

បងស្រី​បង្កើត​របស់​ជនរងគ្រោះ​គឺ​លោកស្រី ពេជ្រ លីណា ប្រាប់​អាស៊ីសេរី​ថា កាលពី​ថ្ងៃទី១៤ ខែ​មិថុនា លោកស្រី​បាន​ទៅ​ជួប​មន្ត្រី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​ដើម្បី​សាកសួរ​ជុំវិញ​ដំណើរការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច ដោយ​មន្ត្រី​នៅ​ទីនោះ ប្រាប់​ថា មន្ត្រី​ជំនាញ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កំពុង​ស៊ើបអង្កេត​ហើយ​។ ម្យ៉ាងទៀត​បងស្រី​រងគ្រោះ​រូប​នេះ បន្ត​ថា​ប្រធាន​ផ្នែក​នីតិកម្ម និង​ជំនួយ​ផ្នែក​ច្បាប់​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម លោក តុប សំភី បាន​ប្រាប់​លោកស្រី​ឱ្យ​រង់ចាំ​រយៈពេល​១៥​ថ្ងៃ​ទៀត ដើម្បី​ដឹង​ពី​លទ្ធផល​នោះ បន្ទាប់​មក គណៈកម្មាធិការ​ជាតិ​នឹង​ចេញ​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្លួន​ដោយ​សន្និដ្ឋាន​ចុងក្រោយ ហើយ​ជន​ប្រព្រឹត្ត​នឹង​ត្រូវ​ដាក់​ពិន័យ ឬ​ដាក់​ទោសទណ្ឌ​តាមច្បាប់៖ «ខ្ញុំ​ឮ​នៅ​សល់​តែ​រយៈពេល​កន្លះ​ខែ​ទៀត គឺ​ខ្ញុំ​មាន​អារម្មណ៍​ត្រេកអរ​ខ្លាំង​ណាស់ ថា​នឹង​ទទួល​បាន​យុត្តិធម៌ ទោះបី​ប្អូនប្រុស​ខ្ញុំ​មិន​អាច​រស់​ឡើងវិញ​ក៏ដោយ ក៏​ខ្ញុំ​ត្រូវ​រក​ខុស​ត្រូវ​ឱ្យ​ប្អូន​របស់ខ្ញុំ ព្រោះ​ប្អូន​ខ្ញុំ​ស្លាប់​ដោយ​អយុត្តិធម៌ ស្លាប់​ទាំង​វេទនា ស្លាប់​ពុំ​ទាន់​កាត់ទោស​ពី​តុលាការ ដូច្នេះ​ខ្ញុំ​ត្រូវ​រក​យុត្តិធម៌​ឱ្យ​ប្អូន​ខ្ញុំ»។

មក​ទល់​ពេល​នេះ សំណុំរឿង​នៃ​ការ​ស្លាប់​របស់​បុរស​ឈ្មោះ ពេជ្រ ធារ៉េត ដែល​សង្ស័យ​ថា ប៉ូលិស​ស្រុក​សង្កែ​ជា​អ្នកធ្វើ​ទារុណកម្ម​នោះ បាន​អូសបន្លាយ​ពេល​ជាង​១​ឆ្នាំ​មក ហើយ ប៉ុន្តែ​មិនទាន់​មាន​យុត្តិធម៌​សម្រាប់​គ្រួសារ​ជនរងគ្រោះ​នោះ​ទេ បើ​ទោះ​បី​ជា​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បាន​រក​ឃើញ​ជា​ជំហាន​ដំបូង​ថា ប៉ូលិស​ពិតជា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​ពិតមែន​ក្តី។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ក្រសួង​មហាផ្ទៃ លោក ហែម ប៊ុនណា ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៧ ខែ​មិថុនា។

ចំណែក​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម លោក នុត សាអាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ដោយ​ខ្លី​ថា មន្ត្រី​ជំនាញ​របស់​លោក​បាន​បញ្ជាក់​ជុំវិញ​រឿង​នេះ​ទៅ​សាច់​ញាតិ លោក ពេជ្រ ធារ៉េត រួច​ហើយ៖ «គ្រួសារ​គាត់​បាន​ជួប​ជាមួយ​មន្ត្រី​ជំនាញ​របស់​ខ្ញុំ​ហើយ អ៊ីចឹង​គាត់​ដឹង​ហើយ មិចៗ​សួរ​ទៅ​គាត់​ទៅ»។

កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ កន្លង​ទៅ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ចេញ​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្លួន ដោយ​សន្និដ្ឋាន​ថា ជនរងគ្រោះ​ឈ្មោះ ពេជ្រ ធា​រ៉េត អាច​ស្លាប់​បណ្ដាល​មក​ពី​ការ​វាយ​ធ្វើ​ទារុណកម្ម​ស្រាល​ឬ​ធ្ងន់ ក្នុង​ពេល​ប៉ូលិស​ឃុំខ្លួន​នៅ​អធិការ​នគរបាល​ស្រុក​សង្កែ ប៉ុន្តែ​សមត្ថកិច្ច មិន​បាន​ចាប់​ជនល្មើស​ផ្ដន្ទាទោស​តាម​ច្បាប់​ឡើយ​។ គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បាន​រុញ​សំណុំ​រឿង​នេះ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ស៊ើបអង្កេត​បន្ថែម​ទៀត ក្រោម​ហេតុផល​ថា មន្ត្រី​ប៉ូលិស​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ផ្តល់​ចម្លើយ​ផ្សេងៗ​គ្នា។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ ខេត្ត​បាត់ដំបង និង​ប៉ៃលិន លោក យិន ម៉េងលី មានប្រសាសន៍​ថា កន្លង​មក​ករណី​បែប​នេះ​ជនរងគ្រោះ​កម្រ​ទទួល​បាន​យុត្តិធម៌​ណាស់ បើសិន​គ្មាន​កិច្ច​អន្តរាគមន៍​រាជរដ្ឋាភិបាល​នោះ ដូច្នេះ​ការ​អូសបន្លាយ​នៃ​ការស៊ើបអង្កេត​ស្វែងរក​ការពិត​នឹង​ធ្វើ​ប្រជាពលរដ្ឋ​ជាពិសេស​គ្រួសារ​ជនរងគ្រោះ​អស់​ជំនឿ​លើ​ស្ថាប័ន​អនុវត្ត​ច្បាប់ ហើយ​បើកដៃ​ឱ្យ​ជនល្មើស​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​តទៅ​ទៀត​។ ទោះ​យ៉ាងណា​លោក​ថា សង្គម​ស៊ីវិល​ទទូច​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បង្ហាញ​រាយការណ៍​ស៊ើបអង្កេត​ឱ្យ​បាន​ឆាប់ ដោយ​ផ្អែកលើ​នីតិវិធី និង​ទឡ្ហីករណ៍ ឬ​ហេតុផល​ត្រឹមត្រូវ៖ «ខ្ញុំ​បាន​ទទូច​ច្រើន​ហើយ​ថាបើ​ទោះបី​របាយការណ៍​នោះ វិជ្ជមាន​ក្តី ឬ​អវិជ្ជមាន​ក្តី​ត្រូវ​បង្ហាញ​ពី​ទឡ្ហីករណ៍​ផង បើសិន​យើង​បង្ហាញថា​មិនមែន​អំពើ​ទារុណកម្ម​ត្រូវ​បង្ហាញ​ហេតុផល​មក​ដោយសារ​អី ហើយ​បើសិន​វា​ជា​អំពើ​ទារុណកម្ម​បង្ហាញ​ទឡ្ហីករណ៍​មក​ដោយ​សារ​អី ហើយ​យើង​ត្រូវធ្វើ​ម៉េច​ទៀត»។

​កាលពី​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២១ បុរស​ម្នាក់​ឈ្មោះ ពេជ្រ ធារ៉េត អាយុ​៣១​ឆ្នាំ មាន​មុខរបរ​ជាជាង​ផ្សារ​ដែក រស់នៅ​ក្នុង​ភូមិ​បោះពោធិ៍ ឃុំ​អូរដំបង​១ ស្រុក​សង្កែ បាន​ស្លាប់​បាត់​បង់ជីវិត ក្នុង​ពេល​ប៉ូលិស​ចាប់​ឃុំខ្លួន​សួរចម្លើយ​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ អស់​រយៈពេល​ជាង​៣​ម៉ោង ពាក់ព័ន្ធ​នឹង​ការ សង្ស័យ​ថា គាត់​រាយ​ខ្សែភ្លើង​អគ្គិសនី ដើម្បី​ឆក់​សម្លាប់​ប្រពន្ធ​នៅក្នុង​ផ្ទះ​ដោយសារ​ភ្លើង​ប្រច័ណ្ឌ ប៉ុន្តែ​សាក្សី​អះអាង​ថា ក្នុង​ពេល​កើតហេតុ គឺ​បុរស​ជា​ប្តី​រូប​នេះ មិន​បាន​នៅផ្ទះ​ឡើយ​។​ប៉ូលិស​ខេត្ត​បាត់ដំបង បកស្រាយ​ថា លោក ពេជ្រ ធារ៉េត ស្លាប់​ដោយសារ​គាំងបេះដូង ព្រោះ​ប្រើ​ថ្នាំញៀន​ហួស​កម្រិត​។ ប៉ុន្តែ​នៅ​ពេល​សាច់ញាតិ ពិនិត្យ​សាកសព​ឃើញ​មាន​ស្នាមរបួស និង​ជាំ​ពេញ​ខ្លួន​ចាប់តាំងពី​ជើង​រហូតដល់​ក្បាល និង​មាន​ហូរឈាម​តាម​ច្រមុះ និង​ត្រចៀក ព្រមទាំង​ស្នាម​ខូង​នៅ​កន្លែង​ដាក់​ខ្នោះ និង​ស្នាម​ជាំ​ខ្លាំង​នៅ​កជើង​ទាំងពីរ​។ លើស​ពី​​​នេះ សម្លៀកបំពាក់​របស់​ជនរងគ្រោះ ត្រូវ​បាន​ផ្លាស់ប្ដូរ ហើយ​សាច់ញាតិ អះអាង​ថា សមត្ថកិច្ច បាន​ព្យាយាម​រារាំង​មិន​ឲ្យ​សាច់ញាតិ និង​អ្នកកាសែត ពិនិត្យ​សាកសព​ទៀត​ផង​។ អ្នកជំនាញ និង​គ្រួសារ​ជនរងគ្រោះ​សន្និដ្ឋាន​ថា ស្នាម​ជាំ និង​របួស​នៅ​លើ​ដងខ្លួន​សាកសព​លោក ពេជ្រ ធារ៉េត ជា​ស្នាម​រង​ទារុណកម្ម​ដោយ​ការ​វាយដំ និង​ឆក់​ខ្សែភ្លើង ។ ខាង​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ក៏បាន​ចុះ​ស៊ើបអង្កេត​រក​ឃើញ​ថា ការ​ស្លាប់​របស់​ជនរងគ្រោះ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​របស់​នគរ​បាល​ស្រុក​សង្កែ​ដែរ ។ ទោះជា​យ៉ាងណា មក​ទល់​ពេល​នេះ ក្រុម​នគរបាល​ស្រុក​សង្កែ ដែល​ជាប់​សង្ស័យ​ក្នុង​ករណី​នេះ នៅ​តែ​មាន​សេរីភាព​ដដែល។

​បងស្រី​របស់​ជន​គ្រោះ​ដែល​សកម្ម​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​ប្អូនប្រុស​នេះ អះអាង​ថា លោកស្រី នឹង​នៅតែ​តស៊ូ​ដល់ទី​បញ្ចប់​ដោយ​មិន​រាថយ​នោះ​ទេ រហូត​ទាល់តែ​ប្អូនប្រុស​របស់​លោក​ស្រី និង​ក្រុម​គ្រួសារ​ទទួល​បាន​យុត្តិធម៌​ពិតប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។