មេ​ប៉ូលិស​ថ្នាក់​ជាតិ​រង​ការ​រិះគន់​ថា ​តាម​ចាប់​ខ្លួន​ក្រុម​ជន​ល្មើស​ចូលរួម​​រំដោះ​អ្នក​ទោស​នៅ​ខេត្តសៀមរាបយឺតយ៉ាវ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​ផ្នែក​ច្បាប់​រិះគន់​មេ​នគរបាល​ថ្នាក់​ជាតិ​ថា យឺតយ៉ាវ​ក្នុង​ដំណើរ​ការ​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​ជនសង្ស័យ​មួយ​ចំនួន ដែល​កំពុង​រត់​គេច​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ធ្វើ​សកម្មភាព​រំដោះ​អ្នកទោស​នៅ​ខេត្តសៀមរាប កាល​ពី​ដើម​ខែសីហា។

ជនសង្ស័យ​ជនជាតិ​តួកគី (Türkiye) ៦នាក់ និង​ជនជាតិ​ខ្មែរ ២នាក់​ដែល​ជា​អ្នក​រៀបចំ​អាវុធ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ចេញ​ប្រតិបត្តិការ​រំដោះ​អ្នកទោស​គ្រឿងញៀន​ជនជាតិ​តៃវ៉ាន់ (Taiwan) នៅ​ខេត្តសៀមរាប​កាល​ពី​ដើម​ខែសីហា​នោះ មក​ទល់​នឹង​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​ចាប់​ពួកគេ​បាន​នោះ​ទេ ខណៈ​របាយការណ៍​នៃ​ដំណើរការ​លទ្ធផល​ស៊ើបអង្កេត​ចុងក្រោយ​ក៏​សមត្ថកិច្ច​មិន​ទាន់​បង្ហាញ​ឱ្យ​មហាជន​បាន​ដឹង​នៅ​ឡើយ។

ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ទទួល​ស្គាល់​អំពី​នីតិវិធី​ស៊ើបអង្កេត​តាម​ចាប់​ក្រុម​ឧក្រិដ្ឋជន​ជា​រឿង​ស្មុគស្មាញ។ ទោះ​ជា​យ៉ាង​ណា លោក រស់ សុដ្ឋា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១១ ខែកញ្ញា​ថា ប្រសិន​បើ​ប្រទេស​មួយ​មាន​ក្រុម​បក្ខពួក​និយម រួម​ទាំង​មាន​អំពើ​ពុក​រលួយ​ចាក់​ស្រែះ​ក្នុង​ស្ថាប័នរដ្ឋ នោះ​ដំណើរការ​ស៊ើបអង្កេត​តាម​ចាប់​ខ្លួន​ក្រុម​ឧក្រិដ្ឋជន​នឹង​ប្រព្រឹត្ត​ទៅ​គ្មាន​តម្លាភាព​នោះ​ទេ។ លោក​ជំរុញ​ដល់​មន្ត្រី​ប៉ូលិស​ថ្នាក់​ជាតិ​ឱ្យ​បង្ហាញ​លទ្ធផល​នៃ​ការស៊ើបអង្កេត​រឿង​នេះ។

លោក រស់ សុដ្ឋា៖ « ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​រឿង​នេះ ក៏​មិនមែន​ជា​រឿង​អី​ដែរ លាក់​ទាំង​អស់​ទេ​ព្រោះ​ក្នុង​ច្បាប់​អន្តរជាតិ​អត់​មាន​អី​ត្រូវ​លាក់​ផង លើកលែង​តែ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ បើ​បញ្ហា​សាធារណៈ​អ៊ីចឹង អាជ្ញាធរ​ត្រូវ​តែ​មាន​គណនេយ្យ​ភាព (Accountability) ចំពោះ​អ្នក​ពាក់ព័ន្ធ និង​ប្រជារាស្ត្រ​របស់​ខ្លួន​ដែល​មាន​ការ​ព្រួយបារម្ភ។ គួរ​មាន​ការ​ធ្វើ​បច្ចុប្បន្ន​ភាព ឬ​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ឱ្យ​អ្នកសារព័ត៌មាន​បាន​ជ្រាប​អំពី​ស្ថានភាព និង​ដំណើរការ​នៃ​ការ​រីកចម្រើន​ការ​ស៊ើប​អង្កេត​ខ្ញុំ​គិត​ថា ល្អ​បំផុត »

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​គ្រឿងញៀន​លោក ម៉ក់ ជីតូ ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ចុង​ខែ​សីហា​ថា បេសកកម្ម​តាម​ចាប់​ក្រុម​ចូលរួម​ធ្វើ​សកម្មភាព​រំដោះ​អ្នកទោស​នៅ​ខេត្តសៀមរាប​នោះ​នៅ​មិន​បញ្ចប់​នោះ​ទេ។ លោក​បញ្ជាក់​ថា កម្ពុជា​ក៏​បាន​សហការ​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល (Interpol) ដើម្បី​តាម​ចាប់​មុខ​សញ្ញា​ចំនួន ៨នាក់​ទៀត ដែល​ធ្វើ​សកម្មភាព​រៀប​ចំ​អាវុធ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ធ្វើ​សកម្មភាព​រំដោះ​អ្នកទោស​កន្លង​ទៅ។ ទោះ​បី​ជា​បែប​នេះ​ក្ដី មក​ទល់​នឹង​ពេល​នេះ មន្ត្រី​នគរបាល​ជាតិ​មិន​ទាន់​បង្ហាញ​របាយការណ៍​នៃ​លទ្ធផល​ស៊ើបអង្កេត​ចុងក្រោយ​នោះ​ទេ។

វិទ្យុអាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​លោក ម៉ក់ ជីតូ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១១ ខែកញ្ញា។

នគរបាល​ថ្នាក់​ជាតិ បាន​ចាប់​ខ្លួន​មេខ្លោង​គ្រឿងញៀន​ជនជាតិ​តៃវ៉ាន់ និង​បក្ខពួក​ខ្លួន ១១នាក់​នៅ​ទីតាំង​ផ្សេងៗ​គ្នា បន្ទាប់​ពី​ពួកគេ​បាន​ធ្វើ​សកម្មភាព​រំដោះ​អ្នក​ទោស​គ្រឿងញៀន​ជនជាតិ​តៃវ៉ាន់​នៅ​គ្លីនិក​ធ្មេញ ជុំ ចិន្តា ក្នុង​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី១៧ ខែសីហា។ តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី៣០ ខែសីហា សម្រេច​ឃុំ​ខ្លួន​អ្នកទោស​គ្រឿង​ញៀន​ជនជាតិ​តៃវ៉ាន់ និង​បក្ខពួក​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទចោទប្រកាន់​ជា​ច្រើន​ដូចជា បទ​លាង​លុយ​កខ្វក់ ប្លន់​មាន​ស្ថាន​ទម្ងន់ បង្ខាំង​មាន​ស្ថាន​ទម្ងន់ និង​កាន់​កាប់​អាវុធ​គ្មាន​ការ​អនុញ្ញាត​ជាដើម។

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សោកស្ដាយ​ចំពោះ​សកម្មភាព​ក្រុម​ប្រដាប់​អាវុធ​ធ្វើ​សកម្មភាព​រំដោះ​អ្នកទោស​លើ​ទឹកដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ។ លោក​យល់​ឃើញ​ថា មូលហេតុ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​ហ៊ាន​ធ្វើ​សកម្មភាព​បែប​នេះ ដោយសារ​តែ​កម្ពុជា​គ្មាន​ការ​គោរព​នីតិរដ្ឋ​ត្រឹមត្រូវ និង​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។

លោក វ៉ន ចាន់ឡូត៖ « ពួក​ឧក្រិដ្ឋជន​បែប​នេះ​សុទ្ធតែ​មាន​បណ្ដាញ​ភ្នាក់ងារ​ខ្លាំង​ដែរ អ៊ីចឹង​ការ​គេចវេះ​អំពី​ប៉ូលិស​អី​ហ្នឹង​ពួក​ហ្នឹង​វា​មាន​ជំនាញ​ជាក់ស្ដែង​ប្រទេស​កម្ពុជា​ខ្សោយ​នូវ​ប្រព័ន្ធ​ច្បាប់ យើង​ខ្សោយ​ទាំង​ការ​គ្រប់គ្រង ខ្សោយ​ប្រព័ន្ធ​ច្បាប់​អា​ហ្នឹង គឺ​ជា​ជង្រុក​នៃ​ឧក្រិដ្ឋជន​ដែល​ងាយ​ប្រើប្រាស់​ប្រទេស​កម្ពុជា ដើម្បី​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ហ្នឹង​ហើយ »

ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​លោក រស់ សុដ្ឋា លើកឡើង​ថា ដំណើរការ​នៃ​ការ​ស៊ើបអង្កេត​ស្វែង​រក​ជនល្មើស​ទាំង​នោះ​អាច​នឹង​គ្មាន​ប្រសិទ្ធភាព ប្រសិនបើ​អាច​មាន​មន្ត្រី​អាជ្ញាធរ​រដ្ឋ​មាន​ជាប់​ពាក់ព័ន្ធ និង​មាន​ការ​ប្រព្រឹត្ត​អំពើពុករលួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។