ប្រជាពលរដ្ឋ​ជិត​៣០នាក់ បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ខុសច្បាប់

ដោយ មាន ឫទ្ធិ
2022.12.25
Share on WhatsApp
Share on WhatsApp
ប្រជាពលរដ្ឋ​ជិត​៣០នាក់ បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ខុសច្បាប់ ប្រជាពលរដ្ឋខ្មែរ​លើកបដា​ទាមទារ​ឱ្យ​ក្រសួង​អប់រំ​បញ្ឈប់​ផែនការ​ដាក់​បញ្ចូល​ភាសាវៀតណាម​ឱ្យកូនខ្មែរ​សិក្សា​នៅ​សកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

ប្រជាពលរដ្ឋ និង​យុវជន​សកម្ម​ជិត​៣០នាក់ បន្ត ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​មិន​ត្រូវ​បង្រៀន​អក្សរ​សាស្ត្រ​វៀតណាម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់ថា ការ​ទាមទារ​របស់​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នេះ មិនមែន​ជា​ការ​រើសអើង​ជាតិ​សាសន៍​នោះ​ទេ ក៏​ប៉ុន្តែ​ជា​ការ​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់។

ក្រុម​ប្រជាពលរដ្ឋ​សកម្ម​ជិត​៣០នាក់ បន្ត​ទាមទារ​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី២៥ ខែធ្នូ ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​កុំ​ឱ្យ​ក្រសួង​អប់រំ​បង្រៀន​អក្សរ​សាស្ត្រ​វៀតណាម នៅ​តាម​សកលវិទ្យាល័យ។ កង​សន្តិសុខ​ប្រមាណ​១០នាក់ ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​ឱ្យ​ឃ្លាំមើល​ការ​តវ៉ា​នៅ​ថ្ងៃ​ទី​២នេះ។ ទោះ​ជា​យ៉ាង​ណា ការ​ប្រមូល​ផ្ដុំ​នៅ​ថ្ងៃនេះ​មិន​មាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​ឡើយ។

ស្ថិត​ក្នុង​វ័យ៨០ឆ្នាំ និង​បាន​ពាក់​អាវ​រងា​ដើម្បី​ទប់ទល់​នឹង​អាកាសធាតុ​ត្រជាក់ នៅ​កណ្ដាល​វាល​ទីលាន​ប្រជាធិបតេយ្យ លោកស្រី ឆាង គីមថុល បា្រប់​វិទ្យុ​អាស៊ីសេរី​ថា ប្រជាពលរដ្ឋ​ខ្មែរ​គួរ​ចូលរួម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ខុសច្បាប់ ជាពិសេស​ជនជាតិ​វៀតណាម ពី​ព្រោះ​ក្រុម​ជន​អន្តោប្រវេសន៍​ទាំងនេះ​មិន​បាន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មូលហេតុ​រង​ការ​គំរាម​កំហែង​នយោបាយ​អ្វី​ឡើយ។ លោកស្រី​បន្ត​ថា រដ្ឋាភិបាល​គួរ​រឹត​បន្តឹង​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទាំង​នោះ ជាជាង​ទទួល​ស្គាល់​ពួកគេ​ឱ្យ​នៅ​កម្ពុជា​ដោយ​ស្របច្បាប់ ហើយ​ដណ្ដើម​មុខ​របរ​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក។ លោកស្រី ឆាង គីមថុល បន្ថែម​ថា ការ​តវ៉ា​នេះ​មិនមែន​ធ្វើ​ឡើង​ដោយសារ​ការ​រើស​អើង​នោះ​ទេ ព្រោះ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក គឺ​ដើម្បី​ការពារ​អត្ថប្រយោជន៍ ប្រជាពលរដ្ឋ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ៖

«ចំពោះ​ខ្មែរ​យើង​ដែល​ទៅ​ប្រទេស​គេ គោរព​សិទ្ធិ​នៅ​ប្រទេស​គេ​ណាស់ គេ គេ​ចូល​មក​នេះ គេ​អត់​គោរព​សិទ្ធិ​យើង​ទេ បើ​អញ្ចឹង​យើង​ការពារ​ទឹក​ដី ការពារ​កុំ​ឱ្យ​និគម​ជន​យួន​ចេះ​តែ​ហូរ​ចូល​មក​ជា​រៀង​រាល់​ថ្ងៃ​យ៉ាង​នេះ។ ខ្ញុំ​សំណូមពរ​ឱ្យ​បងប្អូន ឱ្យ​យុវជន​ទាំង​អស់​តាម​ដាន បញ្ហា​សង្គម​យើង​នេះ​ឱ្យ​ជាប់​ជា​រៀង​រហូត ទប់ទល់​សង្គម​យើង​ឱ្យ​បាន​ល្អ​ប្រសើរ កុំ​ឱ្យ​បរទេស​ចូល​មក គាត់​អុក​ឡុក​ក្នុង​សង្គម​យើង កុំ​ឱ្យ​គេ​ឆាឆៅ កុំ​ឱ្យ​គេ​ធ្វើ​តាម​តែ​អំពើ​ចិត្ត​របស់​គេ​នោះ»

យុវជន​ម្នាក់​ដែល​ស្ម័គ្រ​ចិត្ត​ចូលរួម​ការ​តវ៉ា​នេះ​គឺ​លោក សាក់ លីហួ យល់​ឃើញ​ថា ការ​តវ៉ា​របស់​ក្រុម​ប្រជាពលរដ្ឋ​នេះ មិន​មាន​និន្នាការ​រើស​អើង​ជាតិ​សាសន៍​ណា​មួយ​នោះ​ឡើយ ប៉ុន្តែ​គឺ​ជា​ការ​ប្រុង​ប្រយ័ត្ន បង្កា​កុំ​ឱ្យ​មាន​ជម្លោះ​ជាតិ​សាសន៍​ទៅ​វិញ​ទេ។ លោក​បន្ថែម​ថា លោក​មិន​គាំទ្រ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ឡើយ ព្រោះ​ការ​ធ្វើ​ដូច្នេះ​គឺ​ប្រៀប​ដូចជា​លើក​ទឹក​ចិត្ត​ឱ្យ​ជន​អន្តោប្រវេសន៍​ទាំង​នោះ មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​បន្ថែម​ទៀត ហើយ​អាច​នាំ​ឱ្យ​មាន​ការ​រើស​អើង​ជាតិសាសន៍​កាន់​តែ​ខ្លាំង​ឡើង។ លោកថា ក្នុង​ប្រវត្តិ​សាស្រ្ត ប្រទេស​វៀតណាម​បាន​យក​ទឹកដី​កម្ពុជា​ក្រោម​តាម​រយៈ​ការ​ដាក់​ប្រជាពលរដ្ឋ​មក​រស់​លើ​ទឹក​ដី​ខ្មែរ​នេះ​ឯង។ លោក សាក់ លីហួ បន្ថែម​ថា រដ្ឋាភិបាល​គួរ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ចំពោះ​ជន​បរទេស​ចូល​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ដើម្បី​រក្សា​សន្តិសុខ​ជាតិ ជាជាង​បន្ត​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពួក​គេ៖

«កាល​ណា​កំណើន​ជនជាតិ​វៀតណាម​កាន់​តែ​ច្រើន យើង​អាច​មើល​ឃើញ​ប៉ះ​ពាល់​ទៅ​ដល់​ប្រជាពលរដ្ឋ ទាំង​ផ្នែក​សេដ្ឋកិច្ច​របស់​គាត់ ទាំង​ពី​សន្តិសុខ​របស់​គាត់ ព្រោះ​អី​មើល​ឃើញ​ផ្ទាល់​ទៅ ជនជាតិ​វៀតណាម​មួយ​ចំនួន មិនមែន​ថា​ទាំង​អស់​ទេ គឺ​មួយ​ចំនួន ភាគ​ច្រើន​បង្ក​នូវ​ភាព ហៅថា​ចលាចល​នៅ​ក្នុង​តំបន់​ដែល​គាត់​រស់នៅ​អញ្ចឹង​ទៅ ដល់​ពេល​អញ្ចឹង​ហើយ នៅ​ពេល​ដែល​យើង​មាន​បញ្ហា មាន​អី​អញ្ចឹង ពួក​វៀតណាម​គេ​ស្រុះ​ដៃ​ស្រុះ​ជើង​គ្នា ក្នុង​ការ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្មែរ​យើង»

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី២៥ ខែធ្នូ ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ​ដែរ អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា គាំទ្រ​ការ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ព្រោះ​លោក​ថា​ការ​ទាមទារ​ទាំង​នេះ​ធ្វើ​ឡើង​ក្នុង​ន័យ​ស្នេហា​ជាតិ​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ តែង​បង្កើត​គោល​នយោបាយ ការពារ​អត្ថ​ប្រយោជន៍​ពលរដ្ឋ​ម្ចាស់​ប្រទេស​រៀងៗ​ខ្លួន កុំ​ឱ្យ​ជន​បរទេស​មក​ដណ្ដើម​មុខ​របរ​រកស៊ី​ឬ​ទាញ​យក​ធនធាន​ធម្មជាតិ​របស់​ជាតិ ហើយ​ការ​ធ្វើ​បែបនេះ​មិនមែន​ជា​ការ​រើសអើង​ពូជ​សាសន៍​នោះ​ឡើយ។ លោក ស៊ឹង សែនករុណា បន្ថែម​ថា ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឱ្យ​បាន​តឹង​រឹង​មិន​មែន​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​នោះ​ទេ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅវិញ វា​គឺជា​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស ព្រោះ​នៅ​ពេល​រដ្ឋាភិបាល​អាច​គ្រប់​គ្រង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​បាន នោះ​ការ​នេះ​អាច​នឹង​កាត់​បន្ថយ​អំពើ​ពុក​រលួយ និង​បទល្មើស​ជួញ​ដូរ​មនុស្ស ឬ​បទល្មើស​ផ្សេងៗ​បាន​ទៅ​វិញ​ទេ៖

«មិនមែន​តែ​ប្រទេស​យើង​ទេ ប្រទេស​ណា​ក៏ដោយ​ឱ្យ​តែ​គេ​មាន​ដែន​អធិបតេយ្យ​ភាព មាន​ឯករាជ្យ​ភាព​ប្រទេស​គេ​ត្រឹម​ត្រូវ គេ​មាន​ការ​ប្រុង​ប្រយ័ត្ន​ណាស់​អំពី​ការ​ហូរ​ចូល​នៃ​ជន​អន្តោប្រវេសន៍​នេះ។ ប៉ុន្តែ​បើ​ហូរ​ចូល​ដោយ​ភាព​ស្រប​ច្បាប់​មិនមាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​ត្រូវ​ការពារ​គេ ឱ្យ​គេ​មាន​នូវ​សុវត្ថិ​ភាព»

ការ​ប្រមូលផ្ដុំ​ប្រជាពលរដ្ឋ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​នេះ ត្រូវ​បាន​អាក់ខាន​ទៅវិញ មិនបាន​ធ្វើ​កាល​ពី​ថ្ងៃទី៧ ខែតុលា ដោយ​យុវជន ធែល ធីលែន ដែល​ជា​អ្នក​ដឹកនាំ​ការ​ប្រមូល​ផ្ដុំ​តវ៉ា​នេះ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃទី៤ តុលា ហើយ​តុលាការ​ខេត្ត​កណ្ដាល​បាន​ឃុំខ្លួន​លោក​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​នេះ។ ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​តវ៉ា​លើក​នេះ លើក​ឡើង​ថា ពួកគេ​នឹង​បន្ត​ការ​តវ៉ា​នៅ​ពេល​ខាង​មុខ​ទៀត រហូត​ដល់​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​លែង​ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ពី​អឺរ៉ុប​ហើយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។