លោក នេត សាវឿន បញ្ជាឲ្យ​បង្ហាញ​របាយការណ៍​លុប​បំបាត់​​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ

ដោយ វ៉ែន សុមេធ
2018-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA

អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន ឲ្យ​គណៈកម្មការ​ត្រួតពិនិត្យ និង​លុបបំបាត់​ការ​ដាក់​ប៉ុស្តិ៍ ត្រួតពិនិត្យ​បញ្ហា​អនាធិបតេយ្យ​នៅ​តាម​រាជធានី ខេត្ត​ទាំងអស់ ផ្ញើ​របាយការណ៍​អំពី​វឌ្ឍនភាព​នៃ​ការ​លុប​បំបាត់​ការ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​តាម​ផ្លូវ​គោក និង​ផ្លូវទឹក នៅ​ក្នុង​ភូមិសាស្ត្រ​ដែល​ទទួលខុសត្រូវ​របស់​រាជធានី​ខេត្ត​នីមួយៗ ឲ្យ​ផ្ញើ​មកកាន់​លេខាធិការដ្ឋាន​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១០ ខែ​មករា ខាងមុខ។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ថ្ងៃ​ទី២៧ ធ្នូ ផ្សាយ​ឱ្យ​ដឹង​ថា គណៈកម្មការ​លុបបំបាត់​ការ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​តាម​ផ្លូវ​គោក និង​ផ្លូវទឹក​និង​ពិនិត្យមើល​របាយការណ៍​ឆ្នាំ​២០១៨​ទាំងអស់ មក​បូកសរុប​ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​វាយតម្លៃ​ដើម្បី​ដាក់​ផែនការ​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០១៩។

កាលពីដើម​ខែ​មករា ឆ្នាំ​២០១៨​កន្លងទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​រំសាយ និង​បញ្ឈប់​ទាំងស្រុង​នូវ​រាល់​សកម្មភាព​របស់ ប៉ុស្តិ៍​ត្រួតពិនិត្យ​ទាំង​ផ្លូវគោក និង​ផ្លូវទឹក​ទាំងអស់​ដែល​ធ្លាប់​មាន​ការអនុញ្ញាត​ពី​ក្រសួង ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នៅ​ពេល​កន្លងមក។

លោក ស ខេង មើល​ឃើញ​ថា ការ​ដាក់​ពង្រាយ​ប៉ុស្តិ៍​ត្រួតពិនិត្យ និង​ការ​បង្កើត​ឲ្យ​មានការ​ត្រួតពិនិត្យ​ជាច្រើន​ទីតាំង មាន​សមត្ថកិច្ច​ច្រើន​មុខជំនាញ ជា​កត្តា​នាំ​ឲ្យ​មាន​បញ្ហា​ប្រឈម ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព ផលប្រយោជន៍ និង​សតិអារម្មណ៍​ពលរដ្ឋ។ លោក​បាន​អះអាង​ថា គោលបំណង​នៃ​ការ​បិទ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទាំងនេះ គឺ​ដើម្បី​ជំរុញ​ការអនុវត្ត​គោលនយោបាយ និង​ការ​ប្ដេជ្ញា​ចិត្ត​មោះមុត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​សេវា​បម្រើ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រកបមុខរបរ​លើកស្ទួយ​ជីវភាព​ប្រចាំថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល