ក្រសួង​មហាផ្ទៃ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រញាប់​ទៅ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី

អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ទាំងអស់ និង​ពលរដ្ឋ​ដែល​គ្រប់​អាយុ ១៥​ឆ្នាំ​ឡើង​ទៅ ដែល​ពុំ​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ឱ្យ​ប្រញាប់​រួសរាន់​ទៅ​បំពេញបែបបទ​ស្នើសុំ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី។ ទីតាំង​ដែល​ត្រូវ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​នេះ រួម​មាន ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់ អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ឬ​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ដែល​ពលរដ្ឋ​រស់នៅ ឬក៏​នៅ​ទីស្នាក់ការ​ផ្ដល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​នៅ​ផ្សារ​ទំនើប​អ៊ីអនម៉ល​២ (Aeon Mall 2) នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

ឯកសារ​ដែល​ត្រូវ​ភ្ជាប់​ទៅជា​មួយ​ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ មាន​ដូចជា សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ឬ​លិខិតបញ្ជាក់​ទីលំនៅ និង​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​គំរូ​ចាស់។

សេចក្ដី​អំពាវនាវ​របស់​អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម កាលពី​ថ្ងៃ​ទី៥ វិច្ឆិកា បញ្ជាក់​ថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ទាំងអស់ នឹង​ត្រូវ​អស់​សុពលភាព​ប្រើប្រាស់ នៅ​ត្រឹម​ថ្ងៃ​ច័ន្ទ ទី៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ។ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ជំរុញ​ឱ្យ​ពលរដ្ឋ​ដែល​មិនទាន់​មាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ប្រញាប់​ទៅ​ធ្វើ​ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ធានា​នូវ​សិទ្ធិ​សេរីភាព និង​ផលប្រយោជន៍​ស្របច្បាប់​ផ្ទាល់ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។