ក្រុមអង្គការសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរដោះស្រាយការបញ្ហារ៉ាំរ៉ៃក្នុងសង្គមឱ្យអស់ជាមុនសិន មុនប្រកាសក្រុមការងារដោះស្រាយសំណូមពរ របស់ប្រជាពលរដ្ឋនៅលើបណ្ដាញសង្គម។ ពួកគាត់មើលឃើញថា បញ្ហាធំៗកើតឡើងកន្លងមក ជាករណីជាក់ស្ដែង នៅចំពោះមុខ និងទាមទារឱ្យអាជ្ញាធរដោះស្រាយជាបន្ទាន់ ជាជាងងាកទៅយកចិត្តទុកដាក់ទៅលើបញ្ហាផ្សេងដែលមានផលប៉ះពាល់តិចជាង។
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនលើកឡើងថា ក្រុមការងាររបស់ក្រសួងមហាផ្ទៃ ដែលដោះស្រាយសំណូមពរ របស់ប្រជាពលរដ្ឋនៅលើបណ្ដាញសង្គមកន្លងមក ហាក់មិនមានតម្លាភាព និងមិនសូវទទួលបានផលល្អនោះទេ។
ប្រធានផ្នែកកម្មវិធី និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គីមហុង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ សីហា ថា ក្រសួងមហាផ្ទៃ ព្រមទាំងអាជ្ញាធរមូលដ្ឋានគួរតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលអូសបន្លាយជាយូរហើយនោះឱ្យបានឆាប់រហ័ស មានដូចជា វិវាទការងារកូដករកាស៊ីណូ ណាហ្គាវើលដ៍ និងជម្លោះផ្សេងៗ ទៀតបណ្ដាលមកពីការអភិវឌ្ឍ ដែលមានប្រជាពលរដ្ឋជាច្រើនកំពុងរងគ្រោះ និងបង្ហើយហៅរកដំណោះស្រាយ។ លោកថា ការប្រកាសក្រុមការងារលើបណ្ដាញសង្គមនេះ ហាក់កំពុងឆ្លុះបញ្ចាំងពីភាពអសមត្ថភាពរបស់អាជ្ញាធរនៅតាមមូលដ្ឋាន ជាហេតុត្រូវឱ្យប្រជាពលរដ្ឋបញ្ជូនបញ្ហាទាំងនោះមកកាន់ថ្នាក់លើដោះស្រាយជំនួសវិញ។ លោកបន្ថែមថា អាជ្ញាធរត្រូវពិនិត្យលើយន្តការចាស់ៗដែលមានស្រាប់ និងប្រសិទ្ធភាពការងាររបស់មន្ត្រីតាមមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាជាជាងការទៅបង្កើតយន្តការថ្មីដែលចំណាយកម្លាំងធនធានច្រើនជាងមុន និងមិនទាន់អាចធានាបានពីប្រសិទ្ធភាពនៃការអនុវត្តនៅឡើយ។ លោកស្នើឱ្យមានការបើកលំហសិទ្ធិសេរីភាព និងទទួលយករាល់ការស្នើសុំ មតិយោបល់ ឬការរិះគន់នានារបស់ប្រជាពលរដ្ឋ ដោយមិនមានការចាប់ឃាត់ខ្លួនប្រសិនបើក្រុមការងារមួយនេះត្រូវបានបង្កើតឡើង៖ «ស្នើសុំដែរ កុំឱ្យមានការចាប់ខ្លួនប្រជាពលរដ្ឋដោយសារតែការបញ្ចេញមតិយោបល់អី។ យើងឃើញកន្លងមកប្រជាពលរដ្ឋមួយចំនួនបញ្ចេញយោបល់នៅតាមហ្វេសប៊ុកហ្នឹង មិនត្រឹមតែមិនដោះស្រាយទេ ( តែ ) ចាប់គាត់យកទៅវាស់កម្ពស់ វាស់អី អ៊ីចឹងអាហ្នឹងវាជារឿងមួយមិនមែនជាការទទួលខុសត្រូវទេ»។
ស្រដៀងគ្នានេះ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ សាទរចំពោះ ការប្រកាសក្រុមការងារសម្រាប់ដោះស្រាយបញ្ហាតាមសំណើពលរដ្ឋលើបណ្ដាញសង្គមមួយនេះ។ ប៉ុន្តែ ក្រសួងជាពិសេសមន្ត្រីធំៗ រួមទាំងលោក ស ខេង ត្រូវតែបង្ហាញពីគោលជំហរ និងឆន្ទៈរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋពិតប្រាកដ។ ជាមួយគ្នានេះ លោកជំរុញឱ្យអាជ្ញាធរត្រូវដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានឱ្យអស់ជាមុនសិន ទើបអាចធានាពីប្រសិទ្ធភាពក្រុមការងារដែលទើបប្រកាសឡើងនេះបាន។ លោកយល់ឃើញថា បញ្ហាដែលអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយឱ្យបានឆាប់រហ័សនោះ មានដូចជាបញ្ហាពាក់ព័ន្ធទៅនឹងការលុបបឹងតាមោក ការរំលោភសិទ្ធិមនុស្ស សិទ្ធិការងារ រួមទាំងបញ្ហាការធ្វើសម្បទានតំបន់ភ្នំតាម៉ៅជាដើម។ លោកបន្ថែមថា ប្រសិនបើបញ្ហាទាំងនេះនៅមិនទាន់មានការដោះស្រាយ នោះវានឹងធ្វើឱ្យប្រជាពលរដ្ឋគ្មានជំនឿទៅលើអាជ្ញាធរ ជាពិសេសទៅលើការបង្កើតប្រព័ន្ធការងារថ្មីនោះឡើយ៖ «មន្ត្រី រដ្ឋមន្ត្រី ជាពិសេសសម្ដេចក្រឡាហោម ស ខេង ក៏ត្រូវបង្ហាញពីឆន្ទៈ និងគោលជំហររបស់ខ្លួនក្នុងការដោះស្រាយរឿងចាស់ៗសិនដែរ ដើម្បីធានាថា រឿងផ្សេងៗដែលប្រជាពលរដ្ឋនឹងសំណូមពរហ្នឹង នឹងមានដំណោះស្រាយល្អប្រសើរ។ បើរឿងចាស់ៗមិនអាចដោះស្រាយអីឱ្យជាដុំកំភួនផង ខ្ញុំជឿជាក់ថា ទោះបង្កើតក្រុមអីផ្សេងទៀត ក៏អត់អាចទទួលបានការគាំទ្រអីច្រើនដែរ»។
ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលទាំងនេះ កើតមានបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី១ សីហា បានប្រកាសសមាជិក ក្រុមការងារតាមដានដោះស្រាយសំណើ សំណូមពរ មតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុក (Facebook Page)។
លោកបញ្ជាក់ថា ការបង្កើតក្រុមការងារនោះឡើងគឺដើម្បីឆ្លើយតបតាមបញ្ជារបស់លោក ហ៊ុន សែន ដែលណែនាំឱ្យក្រសួងស្ថាប័នទាំងអស់តាមដានបញ្ហាប្រជាពលរដ្ឋលើបណ្ដាញសង្គម និងត្រូវដោះស្រាយឱ្យបានទាន់ពេលវេលា។
ក្រុមការងារនេះ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដែលមានឈ្មោះថា «ក្រុមការងារហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង » និងមានលោក ជា សុគន្ធា ជាប្រធានគ្រប់គ្រង។ ក្នុងរយៈពេល២ឆ្នាំក្រុមការងារនេះ ដោយបានដកស្រង់សំណូមពរ និងមតិយោបល់របស់មហាជន យកមកពិនិត្យមើលបានចំនួនជាង២ពាន់គណនី (២ ០៥៦ គណនី)។
វិទ្យុអាស៊ីសេរីនៅមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីសុំការឆ្លើយតបលើបញ្ហានេះបានទេ ដោយទូរស័ព្ទហៅចូល តែពុំមានអ្នកទទួល។
ទោះយ៉ាងណា អង្គការសង្គមស៊ីវិលនៅតែទទូចឱ្យក្រសួងមហាផ្ទៃងាកមកដោះស្រាយបញ្ហាសំខាន់ៗឱ្យអស់សិន ខណៈក្រសួងមួយនេះក៏ត្រូវតែធានាឱ្យបានពីការគោរពសិទ្ធិនៃការបញ្ចេញមតិរបស់ពលរដ្ឋទៅកាន់ក្រុមការងារហ្វេសប៊ុក លោក ស ខេង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។