មន្ត្រីសង្គមស៊ីវិលបារម្ភពីសុវត្ថិភាពនៃការធ្វើដំណើរនៅលើស្ពានសេកុង ខេត្តស្ទឹងត្រែង ស្របពេលមានស្នាមប្រេះខ្លាំងចំនួន ៤កន្លែង។ ការបារម្ភនេះគឺនៅបន្ទាប់ពីមន្ត្រីសង្គមស៊ីវិលរកឃើញថា បញ្ហាដែលមានស្នាមប្រះ គឺបណ្ដាលមកពីរថយន្តប្រភេទធំដឹកទំនិញលើសទម្ងន់ និងភាពធូរលុងនៃការអនុវត្តច្បាប់ចរាចរណ៍។ ចំណែកអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលស្គាល់ថា ពិតជាមានការដឹកជញ្ជូនលើសទម្ងន់ពិតមែនដែលបណ្ដាលឲ្យស្ពាននេះមានស្នាមប្រេះ។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលអំពាវនាវឲ្យរដ្ឋាភិបាលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព។ ការអំពាវនាវធ្វើឡើងបន្ទាប់ពីមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលរកឃើញថា ការបណ្ដោយឲ្យរថយន្តដឹកទំនិញលើសទម្ងន់គឺជាបញ្ហាចម្បងបណ្ដាលឲ្យខូចផ្លូវ ពិសេសគឺស្ពានដែលធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍជាតិ ការធ្វើចរាចរណ៍ និងបាត់បង់ថវិការដ្ឋជាដើម។
ស្រដៀងគ្នានេះដែរ យុវជនរស់នៅជិតស្ពានសេកុង កំពុងអង្គុយលើម៉ូតូក្រោមស្ពាន គឺលោក សុ វ័ត្ន។ លោកថ្លែងថា នៅពេលលោកអង្គុលលេងលើស្ពាននេះពេលយប់ លោកតែងតែឃើញរថយន្តប្រភេទធំៗ បើកលឿននៅលើស្ពាននេះ ធ្វើឲ្យស្ពាននេះរង្គើ រញ្ជួយយ៉ាងខ្លាំង៖ «ញ័រស្ពានដូចដូចស្គរលាន់អ៊ីចឹង ញ័ររបៀបថា វាមកលឿនខ្លាំង»។
អ្នកភូមិអះអាងថា ស្ពានសេកុង មានស្នាមប្រេះ ៤កន្លែង ហើយកន្លែងដែលមានស្នាមប្រះធំជាងគេនៅចំណុចសរសេរទី៩ ត្រង់កណ្ដាលទន្លេ។
ក្រុមប្រជាពលរដ្ឋរស់នៅក្បែរស្ពានសេកុង ឋិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ថ្លែងដូចៗគ្នាថា មូលហេតុបណ្ដាលឲ្យស្ពាននេះមានស្នាមប្រះ បណ្ដាលមកពីដឹកលើសទម្ងន់។ ពលរដ្ឋដាក់ការសង្ស័យថា រថយន្តដឹកលើសទម្ងន់ទំនងជារថយន្តដឹកឈើប្រណិតឆ្លងកាត់ស្ពាន។
ទាក់ទិនករណីនេះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោក ស គឹមណាត ឲ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ថា សេចក្ដីជូនដំណឹងរបស់ក្រសួង នឹងចាត់ឲ្យក្រុមហ៊ុន សៀងហៃ គ្រុប របស់ចិន ធ្វើការថែទាំ រួមទាំងមន្ត្រីសាធារណការចូលរួមពិនិត្យ។ តែទោះយ៉ាងណា លោកមិនទាន់ទទួលសេចក្ដីជូនដំណឹងជាក់លាក់ ទាក់ទិនការចុះធ្វើការថែទាំស្ពាននេះនៅឡើយទេ។
លោកអះអាងថា ស្ពាននេះមិនទាន់មានការប្រះស្រាំដែលឈានដល់ការប្រកាសអាសន្នឡើយ មានន័យថា នៅតែអនុញ្ញាតឲ្យអ្នកធ្វើដំណើរឆ្លងកាត់ធម្មតា៖ «ឯកឧត្ដម ស៊ុន នៀង គាត់បានបកស្រាយហើយ វាមិនអាចដល់ថ្នាក់ទៅវ៉ៃស្ពានចោលទេ វាមិនប្រេះទេ គ្រាន់តែសម្បុកស្រមោច»។
ដូចគ្នានេះដែរ ទីប្រឹក្សាឯករាជ្យផ្នែកសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា មានប្រសាសន៍ថា ក្រសួងពាក់ព័ន្ធត្រូវបញ្ជូនអ្នកជំនាញចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង និងសិក្សាពីទំហំនៃការខូចខាតឲ្យច្បាស់លាស់ និងធ្វើការកែលម្អជួសជុលឲ្យបានឆាប់ៗ ចៀសវាងស្ពាននេះកាន់តែខូចខាត់ខ្លាំង។
លោកថា ភាពធូរលុងនៃការអនុវត្តច្បាប់ចរាចរណ៍គឺជាដើមចម ដែលបណ្ដាលឲ្យស្ពាននេះ មានស្នាមប្រេះ។ បន្ថែមពីលើនេះទៀត រាជរដ្ឋាភិបាលត្រូវរឹតបន្តឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពទាក់ទិនការដឹកជញ្ជូន៖ «ស្ពានថ្លឹងជញ្ជីងមានកម្រិតដែរ សព្វថ្ងៃមានតែ ១០ជញ្ជីងទេ ដែលមាននៅលើផ្លូវជាតិ អ៊ីចឹងយើងឃើញថា ផ្លូវជាតិយើងច្រើន ប្រវែងវែងៗយើងមិនអាចគ្រប់គ្រងដឹកទំនិញឲ្យមានប្រសិទ្ធភាពទេ»។
អ្នកសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា បញ្ហាដែលបណ្ដាលឲ្យស្ពានប្រេះស្រាំវាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ បន្ថែមពីលើនេះទៀត រដ្ឋាភិបាលត្រូវទទួលខុសត្រូវទាក់ទិនការអនុវត្តការងាររបស់មន្ត្រីជំនាញ ដែលបណ្ដោយឲ្យរថយន្តដឹកទំនិញលើសចំណុះ ព្រមទាំងត្រូវទទួលខុសត្រូវចំពោះអ្នករកស៊ីដឹកជញ្ជូន៖ «យើងចង់ឃើញទិដ្ឋភាពមួយនៃតុល្យភាព រថយន្តតោនដែលត្រូវឲ្យរថយន្តឆ្លងកាត់ សមត្ថកិច្ចរំឭកខ្លួនឯងឡើងវិញក្នុងការពិនិត្យមើលជាជាងបានសំណូកតិចតូច ហើយធ្វើឲ្យទ្រព្យសម្បត្តិរដ្ឋ ទ្រព្យសម្បត្តិសាធារណៈ ត្រូវបានហិនហោច»។
ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផែង សុវិជ្ជានោ បានបញ្ជាក់យ៉ាងខ្លីថា ក្រសួងបានបញ្ជូនអ្នកជំនាញវាយតម្លៃហើយ បន្ទាប់ពីទទួលបានដំណឹងនេះ និងរកឃើញថា ស្ពាននេះមានស្នាមប្រេះរយៈពេលយូរមកហើយ ដែលបណ្ដាលមកពីដឹកលើសទម្ងន់៖ «មានការអភិវឌ្ឍបន្ថែមតិចតួច ដោយសារមានការដឹកលើសទម្ងន់អ៊ីចឹង»។
ស្ពានមិត្តភាពកម្ពុជា ឬចិន សេកុង ស្ទឹងត្រែង ត្រូវចំណាយថវិកាអស់ចំនួនជាង ២០លានដុល្លារ ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលចិន ទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុន សៀងហៃ គ្រុប។ ស្ពាននេះចាប់ផ្ដើមកសាងនៅខែមេសា ឆ្នាំ២០០៤ និងសម្ពោធឲ្យប្រើប្រាស់នៅខែមេសា ឆ្នាំ២០០៨ ដែលមានប្រវែង ១.០៥៧ម៉ែត្រ ទទឹង ១១ម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។