សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ពី​ករណី​ឃាតកម្ម​កើន​ឡើង​ក្នុង​សង្គម

ដោយ យ៉ង ចាន់តារា
2023.04.22

មន្ត្រី​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ពី​អំពើ​ឃាតកម្ម​កើន​ឡើង​ក្នុង​សង្គម​ជា​បន្តបន្ទាប់ បើ​ទោះបីជា​រដ្ឋាភិបាល​ដាក់​ចេញ​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ក្ដី។ ពួកគាត់​យល់​ថា ដើម្បី​លុបបំបាត់​បទល្មើស​ទាំងនេះ​ ឱ្យ​មាន​ប្រសិទ្ធភាព​បាន​ឡើយ លុះត្រាតែ​សង្គម​កម្ពុជា​បង្កើន​ការ​អប់រំ​សីលធម៌ អនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើភាព និង​ទប់​ស្កាត់​ការ​ចរាចរ​គ្រឿងញៀន ព្រមទាំង​គ្រឿងស្រវឹង​ជាដើម។
អំពើ​ឃាតកម្ម និង​ហិង្សា​គ្រប់រូប​ភាព​បាន​កើត​ឡើងជា​ច្រើន​ករណី​ស្ទើរ​រាល់ថ្ងៃ​នៅ​ក្នុង​សង្គម​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។

ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ យល់​ឃើញ​ថា ការ​កាប់​សម្លាប់ និង​អំពើ​ហិង្សា​កើតឡើង​ជាបន្តបន្ទាប់ បណ្ដាល​មក​ពី​ការ​ធ្លាក់​ចុះ​សីលធម៌​សង្គម និង​ការ​សេព​គ្រឿងស្រវឹង គ្រឿងញៀន ​ជាពិសេស​ការ​យក​អ្នក​មាន​អំណាច​មក​ធ្វើជា​ខ្នង​បង្អែក​ដោយ​មិន​ខ្លាច​ច្បាប់។ លោក​បន្ត​ថា បញ្ហា​នេះ​អាច​លុបបំបាត់​បាន លុះត្រាតែ​ពលរដ្ឋ ឬ​អ្នកនយោបាយ​ឱ្យ​តម្លៃ​សីលធម៌ គោរពច្បាប់ និង​រឹត​បន្តឹង​ការ​អនុវត្តន៍​ច្បាប់​ឱ្យ​បាន​ល្អ។

លោក កើត សារ៉ាយ៖ «ទោះ​ជា​រឿង​នេះ​វា​កើតឡើង​មួយៗ​ក៏ដោយ យើង​ចាំ​មិន​ភ្លេច​ទេ គឺ​ព្រះមហាក្សត្រ​ទ្រង់​ក៏​ធ្លាប់​ចេញ​លិខិត​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ខិតខំ​កសាង​សីលធម៌ លើកកម្ពស់​សីលធម៌​សង្គម​ដើម្បី​ប្រព្រឹត្ត​អំពើ​ហិង្សា​រហូតដល់​មានការ​កាប​សម្លាប់​គ្នា​ដោយ​ប្រើប្រាស់​សកម្មភាព​កាច​សាហាវ»

ការ​លើកឡើង​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នេះ គឺ​ដោយសារ​រយៈពេល​ចុងក្រោយ​នេះ អំពើ​ហិង្សា និង​ឃាតកម្ម​កើត​មាន​ស្ទើរ​រៀងរាល់ថ្ងៃ។ ក្នុង​នោះ​មាន​ករណី​ឃាតកម្ម​ដ៏​សាហាវ​មួយ​នៅ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី២០ ​មេសា ដោយ​នារី​បុគ្គលិក​កាស៊ីណូ​ម្នាក់​ត្រូវ​បាន​ឃាតក​កាត់​ក ចេញពី​ដងខ្លួន។ សមត្ថកិច្ច​ចាប់​បាន​ឃាតក​រូប​នោះ​នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី២០ ​មេសា ​ដោយ​ជនល្មើស​ព្យាយាម​លេប​ថ្នាំ​កណ្ដុរ​ដើម្បី​សម្លាប់​ខ្លួន តែ​មិន​បាន​សម្រេច មូលហេតុ​សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ។ ធ្ងន់ធ្ងរ​ជាង​នេះ ក៏​មាន​ករណី​កូនបង្កើត​ដែល​ជា​មនុស្ស​ប្រើប្រាស់​ថ្នាំញៀន​ហើយ​បែក​ថ្នាំ​បាន​ប្រើប្រាស់​អំពើ​ហិង្សា​បាន​វាយ​ទៅលើ​ឪពុក​របស់​ខ្លួន​ឈ្មោះ​យ៉ុន ឆៃឡេង ​អាយុ៥២​ឆ្នាំ ដោយ​ចាប់​បោក​ក្បាល​ទៅ​នឹង​ធុង​ហ្គាស កាលពី​ថ្ងៃ​ទី២០ ​មេសា ​នៅ​ស្រុក ​កំចាយមារ ​ខេត្ត​ព្រៃវែង។ ដោយឡែក នៅ​ថ្ងៃ​ទី៥ ​មេសា ​មាន​ករណី​ឃាតកម្ម​នៅ​រាជធានី​ភ្នំពេញ ករណី​ប្ដី​សម្លាប់​ប្រពន្ធ ដោយសារ​ប្រចណ្ឌ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក​ នី សុខា ​យល់ឃើញ​ថា កត្តា​​ដែល​ធ្វើ​ឱ្យ​មាន​ករណី​ឃាតកម្ម​កាន់តែ​កើន​ឡើង​នោះ គឺ​បណ្ដាល​មក​ពី​ការប្រើប្រាស់​គ្រឿងញៀន គ្រឿងស្រវឹង និង​ការ​អនុវត្ត​ច្បាប់​ធូររលុង ដែល​បង្កើត​ឱ្យ​មាន​និទ្ទណ្ឌភាព ឬ​ឱ្យ​ជន​ប្រព្រឹត្ត​ខុស​រួចផុត​ពី​សំណាញ់​ច្បាប់។

លោក​ នី សុខា៖ «ប្រសិនបើ​អំពើ​ហ្នឹង​វា​ចេះតែ​កើតមាន ហើយ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ហ្នឹង​ចេះតែ​រួចផុត​ពី​សំណាញ់​ច្បាប់ យើង​មានការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​ប្រជាពលរដ្ឋ​អស់​ជំនឿ​ទៅលើ​សមត្ថកិច្ច អស់​ជំនឿ​ទៅលើ​អាជ្ញាធរ អាច​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​បង្កើត​តុលាការ​ដោយ​ខ្លួន​ឯង អាច​ធ្វើ​ឱ្យ​សង្គម​មាន​បញ្ហា​អសន្តិសុខ​សង្គម​កាន់តែ​ខ្លាំង»

ការប្រើប្រាស់​អំពើ​ហិង្សា និង​សម្លាប់​ក៏បាន​កើតឡើង​ទៅលើ​មន្ត្រី​បក្ស​ប្រឆាំង និង​សកម្មជន​ផង​ដែរ ដូចជា​ការ​លួច​វាយ​នឹង​ដំបង​ដែក ការ​ព្រួត​គ្នា​វាយ និង​កាប់​ដោយ​កាំបិត ដែល​ធ្វើ​ឱ្យ​ជនរងគ្រោះ​ពិការ និង​ខ្លះ​ទៀត​បាត់បង់​ជីវិត។ ទោះជា​យ៉ាងណា ក្នុង​ករណី​ហិង្សា​នយោបាយ​នេះ អាជ្ញាធរ​មិនបាន​ចាប់​អ្នក​ប្រព្រឹត្ត​ឱ្យ​មក​ទទួលទោស​ចំពោះ​មុខ​ច្បាប់​នោះ​ទេ។
មន្ត្រី​សង្គម​ស៊ីវិល រួម​ទាំង​ប្រជាពលរដ្ឋ ព្រួយបារម្ភ​ថា ប្រសិនបើ​ករណី​ឃាតកម្ម​នៅតែ​កើតមាន​ក្នុង​សង្គម​កម្ពុជា​ទៀត នោះ​វា​នឹង​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ហើយ​វា​នឹង​កែប្រែ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​ដែល​គ្មាន​សុវត្ថិភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។