ពលរដ្ឋ និង​សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​កើនឡើង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ

0:00 / 0:00

ពលរដ្ឋ និង​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ពី​ការ​កើនឡើង​នៃ​គ្រោះថ្នាក់​ចរាចរណ៍ អំឡុង​ពេល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ ។ ពួកគេ​អំពាវនាវ ឲ្យ​សមត្ថកិច្ច​ចរាចរណ៍​បង្កើន ការ​យកចិត្តទុកដាក់​ឲ្យ​បាន​រឹត​បន្តឹង និង​ផ្សព្វផ្សាយ​អំពី​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធីបុណ្យ​ជាតិ។

ពលរដ្ឋ និង​សង្គម​ស៊ីវិល អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​យកចិត្តទុកដាក់​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅ​លែង​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ។

ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ម្នាក់​គឺ​លោក កប ថា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៩ មេសា ថា លោក​តែងតែ​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ជា​រៀងរាល់​ថ្ងៃ ហើយ​លោក​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ពេល​កូន​ចៅ ធ្វើ​ដំណើរ​តាមផ្លូវ​ពេល​មាន​បុណ្យទាន​ម្ដងៗ​។ លោក​ស្នើ​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​ថា គួរតែ​មាន ការ​ត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង​តាម​ដងផ្លូវ​ឲ្យ​បាន​ច្រើន​ទីតាំង ក្នុង​ទីប្រជុំជន​ដើម្បី​ទប់ស្កាត់ អ្នក​សេព​ស្រវឹង​ហើយ​បើកបរ បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ។

លោក កប ថា៖ «អា​គ្រោះថ្នាក់​ផឹកស្រា​បើកបរ​តាម​ថ្នល់​ហ្នឹង​វា​ខុស​ហើយ ដឹង​តែ​ខុស​ហើយ​អាហ្នឹង មិន​ចង់​ឲ្យ​មាន​ទេ​អាហ្នឹង ហើយ​ពេល​ផឹក​ស្រវឹង​មក​ពី​ដើរ​លេង ពេល​បុណ្យ​ទាន នាំគ្នា​ទៅ​ផឹកស្រា​ស្រវឹង ហើយ​គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​ដល់​គេ​ដល់​ឯង អ៊ី​ហ្នឹង​មិនមែន​ជា​ការ​ល្អ​អ្វី​នោះ​ទេ រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​អា​កន្លែង​ហ្នឹង​ឲ្យ​បាន​មែនទែន»។

តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ ស្ដីពី​ការ​រឹត​បន្តឹង​ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃទី​០៩ ខែ​មេសា វាយតម្លៃ​ថា ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ។

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​ទៅ​កាន់​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន និង​អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី៩ មេសា។

ទោះជា​យ៉ាងនេះ​ក្ដី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ លោក កើត សារ៉ាយ មាន​ប្រសាសន៍​ថា លោក​ព្រួយបារម្ភ ចំពោះ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ នា​រដូវ​បុណ្យទាន​ម្ដងៗ ព្រោះ​តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់​ឆ្នាំ​ស្ថិត​ក្នុង​ចំនួន​ដ៏​ច្រើន។ លោក​អំពាវនាវ ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ខាងមុខ​នេះ។

លោក កើត សារ៉ាយ៖ «ឲ្យ​តែ​មាន​ការ​យកចិត្តទុកដាក់​ទោះជា​ការ​ត្រួត​ពិនិត្យ​ទៅលើ​ជាតិ​អាល់កុល ការ​ត្រួតពិនិត្យ​ទៅ​លើ​ការ​បើកបរ​ល្បឿន សុទ្ធតែ​ជា​ផ្នែក​មួយ​នៃ​ការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ​ក្នុង​នោះ​យ៉ាងណាក៏ដោយ វា​ស្ថិត​នៅ​ត្រង់​ថា តើ មន្ត្រី​ជំនាញ​លោក​មាន​ឆន្ទៈ ឬ​អត់​ក្នុង​ការ​ធ្វើ​វា ហើយ​បាន​រៀបចំ​បទបញ្ញត្តិ​ណាខ្លះ​ដើម្បី​ដាក់​ឲ្យ​មាន​វិធានការ​ធ្ងន់ធ្ងរ​ជាង​ណាៗ​ទាំងអស់ ព្រោះ​ក្នុង​ពេល​ចូលឆ្នាំ​ហ្នឹង ព្រោះ​យើង​ដឹង​ហើយ​ថា បច្ចុប្បន្ន​នេះ យុវជន​យើង​ហាក់ដូចជា​កំពុង​ចូលចិត្ត​ផឹកស្រា ផឹក​ហើយ​បាន​នាំគ្នា​ដើរលេង អាហ្នឹង​ក៏​ជា​កត្តា​ដែល​យើង​គួរតែ​មាន​បទបញ្ញត្តិ​អ្វី​ធ្ងន់ធ្ងរ ដែល​ទុក​សម្រាប់​តែ​ប្រើ​ក្នុង​រដូវ​ចូល​ឆ្នាំ​ហ្នឹង»។

ជា​រៀងរាល់ថ្ងៃ​ប្រជា​ពលរដ្ឋ​ខ្មែរ តែងតែ​រង​សោកនាដកម្ម​ដោយសារ​ឃាតក​លាក់​មុខ​នៅ​លើ​ដងផ្លូវ គឺ​គ្រោះថ្នាក់​ចរាចរណ៍។ កត្តា​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន អ្នក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង អ្នកបើកបរ​មិន​គោរព​ច្បាប់ បើកបរ​ហួស​ល្បឿន​កំណត់ កត្តា​ផ្លូវថ្នល់ កត្តា​យាន​ជំនិះ និង​កត្តា​អាកាសធាតុ​ជាដើម។

ការ​ព្រួយ​បារម្ភ​នេះ​គឺ បណ្ដាល​មក​ពី​តួលេខ​នៃ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ កាលពី​ឆ្នាំ​២០២២ ដែល​ត្រឹមតែ​រយៈពេល​ពីរ​ថ្ងៃ​តែប៉ុណ្ណោះ គឺ​ថ្ងៃទី​១៤ និង​ថ្ងៃទី​១៥ ខែ​មេសា យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ចំនួន ១៩​នាក់​បាន​ស្លាប់ និង​រង​របួស​ចំនួន​៤៩​នាក់។

ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល នៅតែ​ទទូច​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ផ្សព្វផ្សាយ​អំពី​ច្បាប់​ចរាចរណ៍​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ជាយថាហេតុ ក្នុង​ឧកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។