មន្ត្រី​សង្គម​ស៊ីវិល​ថា សេរីភាព​បញ្ចេញ​មតិ​លើ​បណ្ដាញ​អ៊ីនធឹណិត​រង​ការ​រឹតត្បិត និង​បង្ក្រាប​កាន់តែ​ធ្ងន់ធ្ងរ

ដោយ មួង ណារ៉េត
2022.02.01
មន្ត្រី​សង្គម​ស៊ីវិល​ថា សេរីភាព​បញ្ចេញ​មតិ​លើ​បណ្ដាញ​អ៊ីនធឹណិត​រង​ការ​រឹតត្បិត និង​បង្ក្រាប​កាន់តែ​ធ្ងន់ធ្ងរ បរុសម្នាក់​កាល​ពី​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ២០២០ ជិះម៉ូតូ​កាត់​មុខ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​លើ​ប្រព័ន្ធអ៊ីនធឹណិត​នៅ​កម្ពុជា។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

មន្ត្រី​សង្គម​ស៊ីវិលលើក​ឡើង​ថា អ្នក​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​លើ​បណ្ដាញ​អ៊ីនធឹណិត (Internet) រង​ការ​រឹតត្បិត និង​បង្ក្រាប​កាន់​តែ​ខ្លាំង ដែល​ផ្ទុយ​ពី​គោលការណ៍​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ។ ការ​លើក​ឡើង​នេះ ស្រប​ទៅ​នឹង​កាសែត ឌឹ ញូវយ៉ក ថាមស៍ (The News York Time) ដែល​ចេញ​ផ្សាយ​អត្ថបទ​មួយ​ថា បណ្ដាញ​អ៊ីនធឹណិត​កម្ពុជា​អាច​ដូច​ប្រទេស​ចិន ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ដោយសារ​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​ច្រក​ចូល​ទ្វារ​អ៊ីនធឹណិត​ជាតិ (National Internet Gateway)

មន្ត្រី​សង្គម​ស៊ីវិល មើល​ឃើញ​ថា សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិ​នយោបាយ ទទួល​រង​ការ​រឹតត្បិត​ខ្លាំង ជា​ពិសេស សកម្មជន​សង្គម បរិស្ថាន ធនធានធម្មជាតិ​ នយោបាយ និង​អ្នក​អត្ថាធិប្បាយ​លើ​បញ្ហា​សង្គម​ក្នុង​ប្រទេស ដោយ​ពួក​គេ​ត្រូវ​បាន​ការ​ចោទ​ប្រកាន់ គំរាមកំហែង និង​ចាប់​ដាក់​ពន្ធនាគារ ដោយសារ​ការ​បញ្ចេញ​មតិ​រិះគន់​ក្នុង​ន័យ​កែ​លម្អ ចំពោះ​ភាព​អសកម្ម​របស់​រដ្ឋាភិបាល។ ពួក​គេ​ថា រដ្ឋាភិបាល​មិន​ត្រូវ​រឹតត្បិត ឬ​ឈ្លប​យក​ការណ៍​លើ​សកម្មភាព​របស់​ពួក​គេ​នោះ​ទេ ក្នុង​ពេល​ដែល​ពលរដ្ឋ​ខ្លះ​មិន​ទាន់​យល់​ច្បាស់​អំពី​ការ​ប្រើប្រាស់​នៅ​ឡើយ។

នាយក​រង​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា ច្បាប់​ស្ដីពី​ទូរគមនាគមន៍ និង​រដ្ឋាភិបាល​បង្កើត​នាយកដ្ឋាន​ត្រួត​ពិនិត្យ​លើ​ប្រព័ន្ធ​អ៊ីនធឹណិត ឬ​បណ្ដាញ​សង្គម ការ​បង្កើត​អន្តរ​គណៈកម្មការ​ក្រសួង ព្រមទាំង​អនុក្រឹត្យ​ស្ដីពី​ច្រក​ទ្វារ​អ៊ីនធឹណិត​ជាតិ​កន្លង​ទៅ គឺ​រឹតត្បិត​លើ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឹណិត ដែល​បញ្ចេញ​មតិ​រិះគន់ ដោយ​មនុស្ស​មួយ​ចំនួន ត្រូវ​បាន​ចាប់​ខ្លួន ហើយ​មួយ​ចំនួន​ទៀត ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​កិច្ចសន្យា​មុន​ដោះ​លែង​ជាដើម។

លោក​ឱ្យ​ដឹង​ទៀត​ថា កន្លង​មក​តុលាការ​បាន​យក​ភស្តុតាង​ចេញ​ពី​ការ​សន្ទនា និង​ប្រជុំ​ដោយ​ផ្ទាល់​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ឯកជន​ផ្សេងៗ មក​ដាក់​បន្ទុក ដែល​ហាក់​ដូច​ជា រដ្ឋ​កំពុង​គ្រប់គ្រង ឬ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ប្រើប្រាស់។ លោក​ថា​បញ្ហា​នេះ បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ឯកជន​ភាព និង​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ ហើយ​ផ្ទុយ​ពី​គោលការណ៍​សកល​ស្តីពី​សិទ្ធិ​មនុស្ស កតិកាសញ្ញា​ស្ដីពី​សិទ្ធិពលរដ្ឋ សិទ្ធិ​នយោបាយ សិទ្ធិ​សង្គម និង​វប្បធម៌ ដែល​ធានា​លើ​សិទ្ធិ​បញ្ចេញ​មតិ​លើ​អ៊ីនធឺណិត​របស់​ពលរដ្ឋ​គ្រប់​រូប៖ «ការ​ចាប់​ខ្លួន​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កន្លង​មក​វា​ជះឥទ្ធិពល​សម្រាប់​សិទ្ធិ​មនុស្ស​ជា​ពិសេស​សិទ្ធិ​បញ្ចេញ​មតិ​ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​កំណត់​ដែន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ដោយ​សារ​ដោយ​សារ​ភាព​ភ័យខ្លាច សារ​ព័ត៌មាន​ក៏​ត្រូវ​បាត់​ដែន​របស់​ខ្លួន​ក្នុង​ការ​​សរសេរ ឬ​ក៏​ការ​បង្ហោះ​ព័ត៌មាន ហើយ​ងាក​ដល់​អ្នក​ខ្លះ​គាត់​មិន​ហ៊ាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ឬ​អ៊ីនធឹណិត​ហ្នឹង ក្នុង​ការ​បញ្ចេញ​មតិ​ទេ​ដោយ​សារ​ភ័យ​ខ្លាច»

ជាមួយគ្នា​នេះ​ដែរ មន្រ្តី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន មើល​ឃើញ​ថា ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​ហាក់​ផ្តល់​មធ្យោបាយ និង​ឱកាស​បន្ថែម​ដល់​រដ្ឋាភិបាល​ពង្រីក​ឥទ្ធិពល និង​អំណាច ដើម្បី​រារាំង​ខ្លឹមសារ សំឡេង​អ្នក​ធ្វើការ​ឯករាជ្យ សកម្មជន​ការងារ និង​សង្គម រួម​ទាំង​អ្នក​នយោបាយ ដែល​ធ្វើការ​លើ​អ៊ីនធឹណិត ដើម្បី​បញ្ចេញ​មតិ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា ច្រក​ទ្វារ​អ៊ីនធឹណិត​នេះ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់​ដល់​ឯកជន​ភាព និង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ដែល​រិះគន់​រដ្ឋាភិបាល៖ «មាន​សកម្ម​ជន​បរិស្ថាន នយោបាយ​មួយ​ចំនួន​ហើយ​ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់ ការ​គំរាម​កំហែង ចាប់​ដាក់​ពន្ធនាគារ​ជា​ដើម​ដោយ​សារ​តែ​ពួក​គាត់​ធ្វើការ​បញ្ចេញ​មតិ​ដែល​រិះគន់​ពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ក្នុង​ន័យ​កែ​លម្អ។ ខ្ញុំ​យល់​ឃើញ​ថា​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឹណិត​នេះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​បន្ថែម​ទៀត​ទៅ​លើ​សេរីភាព​បញ្ចេញ​មតិ»

ការ​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​ការសែត ឌឹ ញូវយ៉ក ថាមស៍ (The News York Time) ដ៏​ល្បី​របស់​សហរដ្ឋ​អាមេរិក បាន​ចេញ​ផ្សាយ​អត្ថបទ កាល​ពី​ថ្ងៃ​ទី ១៥ ខែ ​មករា ថា បណ្ដាញ​អ៊ីនធឹណិត​កម្ពុជា​អាច​ដូច​ប្រទេស​ចិន ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ក្រោម​អនុក្រឹត្យ​ស្តីពី​ការ​បង្កើត​ច្រក​ចូល​ទ្វារ​អ៊ីនធឹណិត ជាតិ (National Internet Gateway) ដែល​ចរាចរណ៍​លើ​បណ្ដាញ​ទាំង​អស់ នឹង​ត្រូវ​បញ្ជូន​តាម​ច្រក​គ្រប់គ្រង​របស់​រដ្ឋាភិបាល។ កាសែត​ដដែល​បាន​លើក​ឡើង​ថា ការ​បង្ក្រាប​លើ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​ឌីជីថល​នេះ គឺ​កាន់​តែ​អាក្រក់​លើ​អ្នក​បញ្ចេញ​មតិ ដោយ​ដាក់​ពន្ធនាគារ​ពួក​គាត់ ក្រោម​បទ​ញុះញង់ និង​ប្រមាថ​ថ្នាក់​ដឹកនាំ ដោយសារ​ការ​បង្ហោះ​រឿង​កំប្លែង កំណាព្យ រូបភាព សារ​ឯកជន និង​បទ​ចម្រៀង​នៅ​លើ​អ៊ីនធឹណេត ដូចជា អ្នក​ច្រៀង​រ៉ែប (Rapper) ដែល​ច្រៀង​រិះគន់​បញ្ហា​សង្គម គឺ​លោក គា សុគន្ធ ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ លោក នី ណាក់ អ្នក​សារ​ព័ត៌មាន និង​សកម្មជន​សិទ្ធិមនុស្ស​សង្គម​មួយ​ចំនួន​ទៀត។

កាសែត ឌឹ ញូវយ៉ក ថាមស៍ ថា អនុក្រឹត្យ​នេះ​ដាក់​កម្ពុជា​ឱ្យ​ស្ថិត​ក្នុង​ប្រទេស ដែល​បាន​ទទួល​យក​គំរូ​ផ្ដាច់ការ​របស់​ចិន ក្នុង​ការ​ឃ្លាំមើល​លើ​អ៊ីនធឺណិត ហើយ​វា​នឹង​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​កាន់​តែ​ខ្លាំង លើ​បណ្ដាញ​អ៊ីធឹណិត​នា​ពេល​អនាគត។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​លោក សូ វិសុទ្ធី ដើម្បី​បក​ស្រាយ​ជំរុញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៣១ ខែមករា។

ប៉ុន្តែ​ប្រធាន​អង្គ​ភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​លើក​ឡើង​នោះ គឺ​ជា​ការ​យល់​ច្រឡំ និង​មិន​ឆ្លុះ​បញ្ចាំង​ចេតនា​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល។ លោក​បញ្ជាក់ ថា​ការ​ចេញ​អនុក្រឹត្យ​ស្តីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីធឹណិត​ជាតិ គឺ​ដើម្បី​រក​ចំណូល​ជាតិ ប្រឆាំង​ភេរវកម្ម និង​ថែរក្សា​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ីនធឹណេត ដោយ​គ្មាន​គោលដៅ​រឹតត្បិត ឬ​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​អនុវត្ត​នយោបាយ​គំរូ​ចិន​នោះ​ទេ។ លោក​ថា វិធានការ​របស់​រដ្ឋាភិបាល លើ​សកម្មជន​នៅ​លើ​បណ្ដាញ​អ៊ីធឹណិត​កន្លង​មក គឺដោយសារ​តែ​វា​ជា​អំពើ​ញុះញង់ ដែល​រដ្ឋាភិបាល​ត្រូវ​ទប់ស្កាត់៖ «យើង​ញុះញង់​បង្កើត​អំពើ​ហិង្សា​ឱ្យ​មាន​ភាព​រើសអើង ប្រមាថ​គេ តើ​គេ​អនុញ្ញាត​ឱ្យ​ធ្វើ​ទេ អា​ហ្នឹង​គួរ​ពិចារណា​ខ្លះ​ផង មិន​មែន​គ្រាន់​តែ​ឮ​ជាប់គុក​នាំ​គ្នា​និយាយ​ពី​​រឿង​​ជាប់​គុក​ដោយ​សារ​ការ​ប្រើ​ប្រាស់​អ៊ីនធឹណិត មិន​មើល​សាច់​រឿង​ពិត​ប្រាកដ អង្គ​ហេតុ​អ្វី​បាន​ជាប់​គុក ភស្តុតាង​មិច​បាន​ជាប់​គុក តើ​ប្រឆាំង​អង្គ​ច្បាប់​អី យើង​និយាយ​តែ​ពី​រឿង​ជាប់​គុក​មិន​អាច​យក​ធ្វើ​ការ​ចោទប្រកាន់​បាន​ទេ »

ទោះ​យ៉ាង​ណា អ្នក​ច្រៀង​រ៉ែប (Rapper) ដែល​រិះគន់​បញ្ហា​សង្គម​ក៏​ល្បី​លោក គា សុគន្ធ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣១ ខែមករា​ថា បទ​ចម្រៀង​ដែល​លោក​ច្រៀង​រ៉ែប ហើយ​បង្ហោះ​លើ​បណ្តាញ​សង្គម​នោះ គឺ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ។ លោក​ថា ចម្រៀង​នោះ គឺ​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋ ជាពិសេស​យុវជន ឲ្យ​ចេះ​គិតគូរ​អំពី​ជាតិ និង​លើក​ឡើង​នូវ​រឿង​អយុត្តិធម៌​សង្គម ដើម្បី​ឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ។ តែ​ផ្ទុយ​ទៅ​វិញ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​តុលាការ​ចោទ​ប្រកាន់​ដាក់​ពន្ធនាគារ ១៨ខែ ពី​បទ​ញុះញង់​ទាំង​អយុត្តិធម៌ «ខ្ញុំ​ជា​អ្នក​ចម្រៀង​អ៊ីចឹង​ពេល​បញ្ចេញ​មតិ​ទៅ​គេ​យល់​ច្រើន ឬ​គេ​ស្ដាប់​ច្រើន​អ៊ីចឹង​វា ជា​សាធារណៈ។ ដូច្នេះ​ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ឥឡូវ​នេះ​ពិបាក​ក្នុង​ការ​បញ្ចេញ​មតិ តែ​សម្រាប់​ខ្ញុំ​អត់​បាន​គិត​ថា​មិន​ធ្វើ​ឱ្យ​ខ្ញុំ​បាក់​ស្បាត​អី​ហ្នឹង​ទេ»

អនុក្រឹត្យ​ច្រក​ទ្វារ​អ៊ីធឹណេត​ជាតិ (National Internet Gateway) នឹង​អនុវត្ត​នៅ​ថ្ងៃ​ទី១៦ ខែកុម្ភៈ ហើយ ចរាចរណ៍​អ៊ីនធឹណិត សេវា​អ៊ិនធឹណិត​គ្រប់​ប្រភេទ​ត្រូវ​ត​ភ្ជាប់​បណ្ដាញ​ទៅ​វិញ​ទៅ​មក​ក្នុង​ប្រទេស និង​អន្តរជាតិ​តាម​រយៈ​ច្រក ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល។

ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​មក​នេះ អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក (Freedom House) រក​ឃើញ​ថា កម្ពុជា​ជាប់​ក្នុង​ចំណាត់​ថ្នាក់ ជា​ប្រទេស​មាន​សេរីភាព​តិចតួច​នៅ​លើ​បណ្ដាញ​អ៊ិនធឹណិត ដោយសារ​តែ​រដ្ឋាភិបាល​បាន​ព្យាយាម​ប្លុក (ឬ​រារាំង) គេហទំព័រ​មួយ​ចំនួន រួម​ទាំង​គេហទំព័រ​វិទ្យុ​អាស៊ី​សេរី នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ កាល​ឆ្នាំ២០១៨ ដែល​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា ជា​ទំព័រ «ក្លែងក្លាយ» និង​បាន​បង្កើន​យុទ្ធនាការ​ចាប់​ខ្លួន និង​បំភិតបំភ័យ​ក្រុម​អ្នក​រិះគន់ និង​សំឡេង​ប្រឆាំង ​នៅ​លើ​បណ្ដាញ​អ៊ិនធឹណិត។

ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​ទទូច​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធានា​ធ្វើ​យ៉ាង​ណា​ឲ្យ​សេរីភាព​ជា​មូលដ្ឋាន និង​ធានា​ប្រសិទ្ធភាព​នៃ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា ព្រមទាំង​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ​ខ្មែរ ទូទៅ​ឲ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។