ជីវប្រវត្តិ​និង​ការងារ​របស់​ស្ត្រី​ម្នាក់​ជួយ​កុមារ​រើស​សំរាម​នៅ​ស្ទឹងមានជ័យ

អ្នកស្រី នួន ភីមាន ដែល​ជា​អតីត​បុគ្គលិក​របស់​អាជ្ញាធរ​បណ្ដោះ​អាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅ​ថា​អ៊ុនតាក់ (UNTAC) និង​ធ្លាប់​ជា​បុគ្គលិក​របស់​អង្គការ​អន្តរជាតិ​ជាច្រើន​ទៀត បាន​លះបង់​ការងារ​របស់​ខ្លួន​ដែល​ទទួល​ប្រាក់​កម្រៃ​ខ្ពស់ មក​ចាប់​យក​ការងារ​ជាមួយ​កុមារ​ក្រីក្រ​ក្នុង​សហគមន៍​រើស​សំរាម​ស្ទឹងមានជ័យ ទៅ​វិញ។
ដោយ ខែ សុណង
2013.03.02
នួន ភីមាន ៣០៥ ២៧-កុម្ភៈ-២០១៣៖ អ្នកស្រី នួន ភីមាន នាយិកា​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ (People Improvement Organization)។
RFA/Khe Sonorng

ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​នេះ ក៏​ជា​ក្មេង​កំព្រា​តាំង​ពី​វ័យ​ជំទង់ បាន​តស៊ូ​ពុះពារ​ឧបសគ្គ​ជាច្រើន ដើម្បី​រៀន​សូត្រ និង​ឈាន​មក​បង្កើត​អង្គការ​ដ៏​ធំ​គួរសម​មួយ ដើម្បី​ជួយ​កុមារ និង​យុវជន​កំព្រា​គ្មាន​ទីពឹង រើស​សំរាម​ឲ្យ​ទទួល​បាន​ការ​អប់រំ និង​ជំនាញ​វិជ្ជាជីវៈ។

អ្នកស្រី នួន ភីមាន៖ «ថ្ងៃ​មួយ ខ្ញុំ​បាន​ទៅ​មាត់​ទន្លេ ពេល​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់ ខ្ញុំ​ទៅ ខ្ញុំ​ទិញ​មាន់​អាំង​នៅ​ផ្សារ​ឡាក់គី ទៅ​អង្គុយ​ញ៉ាំ​នៅ​មាត់​ទន្លេ ក្មេង​មួយ​ក្រុម​នោះ​មក​សុំ​លុយ និង​សុំ​មាន់​នោះ ខ្ញុំ​ប្រឡាក់​ដៃ​អ៊ីចឹង​ទៅ ខ្ញុំ​ថា ខ្ញុំ​ថា​ឲ្យ​ក្មេង​នោះ​ទៅ​សិន​ទៅ ដៃ​មីង​ប្រឡាក់​អ៊ីចឹង​អត់​អាច​ដក​លុយ​ឲ្យ​បាន​ទេ ចាំ​បន្តិច​ទៀត​ចាំ​មក​វិញ ហើយ​ក្មេង​នោះ​ក៏​ទៅ​វឹង​ទៅ​ប្រហែល​ជា ១០​នាក់​អ៊ី ក្មេង​មួយ​ក្រុម។ ញ៉ាំ​ហើយ ខ្ញុំ​បោះ​អា​ឆ្អឹង​មាន់​ចូល​ធុង​សំរាម ក្មេង​នោះ​មិន​ជា​ពួន​នៅ​កៀន​ណា​ទេ រត់​ប្រញាយ​មក​រើស​ឆ្អឹង​មាន់ និង​សាច់​មាន់​សល់​ពី​ធុង​សំរាម​ហ្នឹង មក​ដណ្ដើម​គ្នា ខ្ញុំ​ស្រែក​ឲ្យ​ឈប់ៗ ទិដ្ឋភាព​អ៊ីចឹង​មាន​ការ​រន្ធត់​តក់ស្លុត​មែនទែន មិន​គួរ​ឲ្យ​ជឿ​ថា​ជីវិត​ជា​មនុស្ស​ដែរ​បើ​ថា​សត្វ»

ទាំង​នេះ​ជា​ការ​រៀបរាប់​ខ្លះៗ​របស់​អ្នកស្រី នួន ភីមាន ពី​ដំណើរ​ជីវិត​ដែល​នាំ​ឲ្យ​មាន​ការ​ជាប់​ជំពាក់​ជាមួយ​នឹង​វាសនា​កុមារ​ក្រីក្រ និង​កំព្រា​ឪពុកម្ដាយ។

ហេតុផល​ដំបូង​ដែល​ជំរុញ​ទឹកចិត្ត​អ្នកស្រី​ឲ្យ​បង្កើត​អង្គការ​មួយ​ដែល​មាន​ឈ្មោះ​ថា អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ (People Improvement Organization) កាល​ពី​ខែ​មេសា ឆ្នាំ​២០០២។ បន្ទាប់​ពី​អ្នកស្រី​សួរ​ទៅ​កាន់​ក្មេងៗ​ទាំង​នោះ​ថា តើ​ឲ្យ​គាត់​ជួយ​អ្វី​ដល់​អ្នក? ហើយ​ក្មេង​ទាំង​នោះ​ឆ្លើយ​ថា ពួក​គេ​ចង់​ទៅ​សាលា​រៀន។

អ្នកស្រី នួន ភីមាន៖ «ពេល​ខ្ញុំ​ជួយ​ក្មេង​ហ្នឹង​ហើយ ខ្ញុំ​ដេក​មិន​លក់​មួយ​យប់ៗ ដេក​គិត​ហ្នឹង​មិន​លក់ ខ្ញុំ​ក៏​សុំ​លា​ឈប់​ពី​ការងារ​ទិញ​សម្ភារៈ​ទិញ​តុ ទិញ​កៅអី ហើយ​ជួល​គ្រូ ហើយ​ខ្ញុំ​ត្រូវ​ឡើង​ទៅ​គំនរ​សំរាម​រាល់​ថ្ងៃ។ ក្មេង​ទាំង​អស់​នោះ​ចង់​រៀន​ណាស់»

ពាក្យ​មួយ​ម៉ាត់​របស់​ក្មេង​ដែល​ថា ខ្ញុំ​ចង់​ទៅ​រៀន អ្នកស្រី​បាន​បោះបង់​ការងារ​កំពុង​ធ្វើ​ចោល ហើយ​ប្រមូល​លុយ​កាក់ និង​ប្រាក់​សន្សំ​របស់​ខ្លួន​សរុប ៣​ម៉ឺន​ដុល្លារ ដើម្បី​សង់​អង្គការ​មួយ​ដែល​បច្ចុប្បន្ន​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ក្បែរ​ទីលាន​ចាក់​សំរាម​ចាស់ ចាប់​ផ្ដើម​ពី​កុមារ​ធ្វើ​ការ​ជាមួយ​ឪពុកម្ដាយ​លើ​គំនរ​សំរាម​ចំនួន ៥០​នាក់​ប៉ុណ្ណោះ។ អ្នកស្រី​ចាប់​ផ្ដើម​មាន​បញ្ហា​ហិរញ្ញវត្ថុ​សម្រាប់​ទ្រទ្រង់​អង្គការ​ក្នុង​គ្រា​ដែល​អង្គការ​នេះ​ពុំ​ទាន់​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ឡើយ​នោះ។

អ្នកស្រី នួន ភីមាន៖ «អង្គការ​ភីអាយអូ (PIO) គឺ​ថ្មី អត់​មាន​នរណា​ស្គាល់​អ៊ីចឹង ខ្ញុំ​ធ្វើ​ទីប្រឹក្សា​ឲ្យ​អ៊ីយូ (EU) តស៊ូ​មែន​ទែន​ជិត ២​ឆ្នាំ ហើយ​មាន​ម្ចាស់​ជំនួយ»

អ្នកស្រី នួន ភីមាន បច្ចុប្បន្ន​អាយុ ៤២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​សង្កាត់​វាលវង់ ខេត្ត​កំពង់ចាម មាន​កូន​ពីរ​នាក់ ស្រី​មួយ ប្រុស​មួយ ធ្លាប់​ជា​បុគ្គលិក​ក្របខណ្ឌ​មន្ត្រី​រាជការ​ក្នុង​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ជា​បុគ្គលិក​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​ថៃ បុគ្គលិក​របស់​អាជ្ញាធរ​បណ្ដោះ​អាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅ​ថា អ៊ុនតាក់ អង្គការ​ពលកម្ម​អន្តរជាតិ ដែល​បច្ចុប្បន្ន​ហៅ​ថា អង្គការ​អន្តរជាតិ​ខាង​ការងារ អាយឡូ (ILO) អង្គការ​សាវ៉ា ប្រទេស​ហុឡង់ដ៍ ខាង​ផ្នែក​ជីក​អណ្ដូង និង​មជ្ឈមណ្ឌល​អាម៉េរិកាំង សម្រាប់​សាមគ្គីភាព​ការងារ​កម្ពុជា ហៅ​ថា​អេស៊ីល (Acils) ជាដើម។

២៧-កុម្ភៈ-២០១៣៖ កុមារ​រៀន​នៅ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ (People Improvement Organization)។
២៧-កុម្ភៈ-២០១៣៖ កុមារ​រៀន​នៅ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ (People Improvement Organization)។
RFA/Khe Sonorng

ក្រៅ​ពី​ជោគជ័យ​លើ​ការងារ​ដែល​ជា​ក្ដី​សុបិន​នោះ អ្នកស្រី​ក៏​មាន​ជោគជ័យ​ក្នុង​ការ​សិក្សា​ជាប់​អាហារូបករណ៍​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ដែរ។ ជាង​នេះ​ទៅ​ទៀត អ្នកស្រី នួន ភីមាន ត្រូវ​បាន​ជ្រើសរើស​ជា​វីរនារី​ឆ្នើម​ធ្វើ​ការ​ដើម្បី​សង្គម​ខាង​ផ្នែក​កុមារ​របស់​បណ្ដាញ​ទូរទស្សន៍​ស៊ីអ៊ិនអ៊ិន (CNN) សហរដ្ឋ​អាមេរិក ឈ្មោះ​ថា​ស៊ីអ៊ិនអ៊ិន ហេរូ (CNN Heroes) កាល​ពី​ឆ្នាំ​២០០៨។

អ្នកស្រី​បាន​រំលឹក​ថា បើ​និយាយ​ត្រឡប់​ថយ​ក្រោយ​ពី​អតីតកាល​វិញ​ថា អ្នកស្រី​មិន​នឹក​ស្មាន​ទេ​ថា​មាន​ថ្ងៃ​នេះ ពីព្រោះ​អ្នកស្រី​ជា​កុមារ​កំព្រា​ម្ដាយ​ស្លាប់​ចោល​តាំង​ពី​អាយុ ១៥​ឆ្នាំ និង​មាន​ភារៈ​ចិញ្ចឹម​ក្មួយ​អាយុ ២​ឆ្នាំ​ម្នាក់​ទៀត ដែល​ឪពុក​ម្ដាយ​របស់​គេ​បាន​ចំណាក​ស្រុក​ទៅ​ប្រទេស​ជិត​ខាង​ទៀត យក​ក្មួយ​ស្រី​ទៅ​រៀន​ជាមួយ​គ្នា​ទៀត​ផង។

អ្នកស្រី​បាន​ពុះពារ​រាល់​ឧបសគ្គ​នានា​ជាច្រើន​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន មិន​ត្រឹម​តែ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​អង្គការ​របស់​អ្នកស្រី​ដំណើរ​ការ​ទៅ​បាន ក៏​អ្នកស្រី​ត្រូវ​ចំណាយ​កម្លាំង​កាយ​ចិត្ត​យ៉ាង​សម្បើម​ណាស់​ដែរ។

ចាប់​តាំង​ពី​ឆ្នាំ​២០០២ មក​ដល់​ឆ្នាំ​២០១៣ អង្គការ​នេះ មាន​កុមារ​តូចៗ និង​មនុស្ស​វ័យ​ជំទង់​ចំនួន ១.១៥០​នាក់ បាន​ទទួល​ការ​ស្នាក់​នៅ និង​រៀន​សូត្រ និង ២.៥០០​នាក់ បាន​រៀន​ជំនាញ​វិជ្ជាជីវៈ​កាត់​ដេរ កែ​សម្ផស្ស គូរ​គំនូរ និង​កុំព្យូទ័រ​ជាដើម ក្រៅ​ពី​នោះ មាន​កុមារ​មួយ​ចំនួន​ស្នាក់​នៅ​ក្នុង​មណ្ឌល​ទទួល​ឧបត្ថម្ភ​អាហារ​ហូប​ចុក​ចំនួន ៣​ពេល និង​រៀន​ចំណេះ​ដឹង​ទូទៅ​ក្នុង​អង្គការ​នេះ ចាប់​ពី​ថ្នាក់​មត្តេយ្យ រហូត​ដល់​ថ្នាក់​ទី៦ និង​បន្ត​បញ្ជូន​ទៅ​រៀន​នៅ​សាលា​រដ្ឋ​បន្ត​រហូត​ដល់​ថ្នាក់​ទី១២។

អ្នកស្រី​បាន​បង្កើត​សាខា​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ​ចំនួន ២​បន្ថែម​ទៀត គឺ​ក្នុង​សហគមន៍​បុរីកីឡា និង​បុរី​សន្តិភាព​២។ ក្នុង​មួយ​ឆ្នាំ អង្គការ​នេះ​ត្រូវ​ចំណាយ​ថវិកា​ពី ៥០​ម៉ឺន ទៅ ៦០​ម៉ឺន​ដុល្លារ។

អ្នកស្រី​មាន​មោទនភាព​ចំពោះ​ការងារ​អ្នកស្រី​នា​ពេល​បច្ចុប្បន្ន ដែល​អាច​ធ្វើ​ហាក់​ឲ្យ​កុមារ​ទាំង​នោះ​បាន​ផ្លាស់​ប្ដូរ​មុខ​មាត់​ថ្មី។

ក្នុង​ឆ្នាំ​២០១៣ នេះ អ្នកស្រី នួន ភីមាន មាន​បំណង​សាងសង់​អគារ​បន្ថែម​ទៀត ដោយ​សារ​កុមារ​ស្ថិត​ក្នុង​បញ្ជី​រង់ចាំ​រាប់​រយ​នាក់​ទៀត ចង់​បាន​ការ​រៀន​សូត្រ។ អ្នកស្រី​ប្រាថ្នា​ចង់​បញ្ឈប់​លែង​ឲ្យ​មាន​ក្មេង​រើស​សំរាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។