ស្ត្រីវ័យកណ្ដាលម្នាក់នេះ ក៏ជាក្មេងកំព្រាតាំងពីវ័យជំទង់ បានតស៊ូពុះពារឧបសគ្គជាច្រើន ដើម្បីរៀនសូត្រ និងឈានមកបង្កើតអង្គការដ៏ធំគួរសមមួយ ដើម្បីជួយកុមារ និងយុវជនកំព្រាគ្មានទីពឹង រើសសំរាមឲ្យទទួលបានការអប់រំ និងជំនាញវិជ្ជាជីវៈ។
អ្នកស្រី នួន ភីមាន៖ «ថ្ងៃមួយ ខ្ញុំបានទៅមាត់ទន្លេ ពេលញ៉ាំបាយថ្ងៃត្រង់ ខ្ញុំទៅ ខ្ញុំទិញមាន់អាំងនៅផ្សារឡាក់គី ទៅអង្គុយញ៉ាំនៅមាត់ទន្លេ ក្មេងមួយក្រុមនោះមកសុំលុយ និងសុំមាន់នោះ ខ្ញុំប្រឡាក់ដៃអ៊ីចឹងទៅ ខ្ញុំថា ខ្ញុំថាឲ្យក្មេងនោះទៅសិនទៅ ដៃមីងប្រឡាក់អ៊ីចឹងអត់អាចដកលុយឲ្យបានទេ ចាំបន្តិចទៀតចាំមកវិញ ហើយក្មេងនោះក៏ទៅវឹងទៅប្រហែលជា ១០នាក់អ៊ី ក្មេងមួយក្រុម។ ញ៉ាំហើយ ខ្ញុំបោះអាឆ្អឹងមាន់ចូលធុងសំរាម ក្មេងនោះមិនជាពួននៅកៀនណាទេ រត់ប្រញាយមករើសឆ្អឹងមាន់ និងសាច់មាន់សល់ពីធុងសំរាមហ្នឹង មកដណ្ដើមគ្នា ខ្ញុំស្រែកឲ្យឈប់ៗ ទិដ្ឋភាពអ៊ីចឹងមានការរន្ធត់តក់ស្លុតមែនទែន មិនគួរឲ្យជឿថាជីវិតជាមនុស្សដែរបើថាសត្វ»។
ទាំងនេះជាការរៀបរាប់ខ្លះៗរបស់អ្នកស្រី នួន ភីមាន ពីដំណើរជីវិតដែលនាំឲ្យមានការជាប់ជំពាក់ជាមួយនឹងវាសនាកុមារក្រីក្រ និងកំព្រាឪពុកម្ដាយ។
ហេតុផលដំបូងដែលជំរុញទឹកចិត្តអ្នកស្រីឲ្យបង្កើតអង្គការមួយដែលមានឈ្មោះថា អង្គការលើកស្ទួយប្រជាពលរដ្ឋ (People Improvement Organization) កាលពីខែមេសា ឆ្នាំ២០០២។ បន្ទាប់ពីអ្នកស្រីសួរទៅកាន់ក្មេងៗទាំងនោះថា តើឲ្យគាត់ជួយអ្វីដល់អ្នក? ហើយក្មេងទាំងនោះឆ្លើយថា ពួកគេចង់ទៅសាលារៀន។
អ្នកស្រី នួន ភីមាន៖ «ពេលខ្ញុំជួយក្មេងហ្នឹងហើយ ខ្ញុំដេកមិនលក់មួយយប់ៗ ដេកគិតហ្នឹងមិនលក់ ខ្ញុំក៏សុំលាឈប់ពីការងារទិញសម្ភារៈទិញតុ ទិញកៅអី ហើយជួលគ្រូ ហើយខ្ញុំត្រូវឡើងទៅគំនរសំរាមរាល់ថ្ងៃ។ ក្មេងទាំងអស់នោះចង់រៀនណាស់»។
ពាក្យមួយម៉ាត់របស់ក្មេងដែលថា ខ្ញុំចង់ទៅរៀន អ្នកស្រីបានបោះបង់ការងារកំពុងធ្វើចោល ហើយប្រមូលលុយកាក់ និងប្រាក់សន្សំរបស់ខ្លួនសរុប ៣ម៉ឺនដុល្លារ ដើម្បីសង់អង្គការមួយដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅក្បែរទីលានចាក់សំរាមចាស់ ចាប់ផ្ដើមពីកុមារធ្វើការជាមួយឪពុកម្ដាយលើគំនរសំរាមចំនួន ៥០នាក់ប៉ុណ្ណោះ។ អ្នកស្រីចាប់ផ្ដើមមានបញ្ហាហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់អង្គការក្នុងគ្រាដែលអង្គការនេះពុំទាន់មានឈ្មោះបោះសំឡេងនៅឡើយនោះ។
អ្នកស្រី នួន ភីមាន៖ «អង្គការភីអាយអូ (PIO) គឺថ្មី អត់មាននរណាស្គាល់អ៊ីចឹង ខ្ញុំធ្វើទីប្រឹក្សាឲ្យអ៊ីយូ (EU) តស៊ូមែនទែនជិត ២ឆ្នាំ ហើយមានម្ចាស់ជំនួយ»។
អ្នកស្រី នួន ភីមាន បច្ចុប្បន្នអាយុ ៤២ឆ្នាំ មានស្រុកកំណើតនៅសង្កាត់វាលវង់ ខេត្តកំពង់ចាម មានកូនពីរនាក់ ស្រីមួយ ប្រុសមួយ ធ្លាប់ជាបុគ្គលិកក្របខណ្ឌមន្ត្រីរាជការក្នុងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ជាបុគ្គលិកផ្នែកហិរញ្ញវត្ថុនៅឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសថៃ បុគ្គលិករបស់អាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅថា អ៊ុនតាក់ អង្គការពលកម្មអន្តរជាតិ ដែលបច្ចុប្បន្នហៅថា អង្គការអន្តរជាតិខាងការងារ អាយឡូ (ILO) អង្គការសាវ៉ា ប្រទេសហុឡង់ដ៍ ខាងផ្នែកជីកអណ្ដូង និងមជ្ឈមណ្ឌលអាម៉េរិកាំង សម្រាប់សាមគ្គីភាពការងារកម្ពុជា ហៅថាអេស៊ីល (Acils) ជាដើម។

ក្រៅពីជោគជ័យលើការងារដែលជាក្ដីសុបិននោះ អ្នកស្រីក៏មានជោគជ័យក្នុងការសិក្សាជាប់អាហារូបករណ៍នៅបណ្ដាប្រទេសមួយចំនួនទៀតដែរ។ ជាងនេះទៅទៀត អ្នកស្រី នួន ភីមាន ត្រូវបានជ្រើសរើសជាវីរនារីឆ្នើមធ្វើការដើម្បីសង្គមខាងផ្នែកកុមាររបស់បណ្ដាញទូរទស្សន៍ស៊ីអ៊ិនអ៊ិន (CNN) សហរដ្ឋអាមេរិក ឈ្មោះថាស៊ីអ៊ិនអ៊ិន ហេរូ (CNN Heroes) កាលពីឆ្នាំ២០០៨។
អ្នកស្រីបានរំលឹកថា បើនិយាយត្រឡប់ថយក្រោយពីអតីតកាលវិញថា អ្នកស្រីមិននឹកស្មានទេថាមានថ្ងៃនេះ ពីព្រោះអ្នកស្រីជាកុមារកំព្រាម្ដាយស្លាប់ចោលតាំងពីអាយុ ១៥ឆ្នាំ និងមានភារៈចិញ្ចឹមក្មួយអាយុ ២ឆ្នាំម្នាក់ទៀត ដែលឪពុកម្ដាយរបស់គេបានចំណាកស្រុកទៅប្រទេសជិតខាងទៀត យកក្មួយស្រីទៅរៀនជាមួយគ្នាទៀតផង។
អ្នកស្រីបានពុះពាររាល់ឧបសគ្គនានាជាច្រើនក្នុងជីវិតផ្ទាល់ខ្លួន មិនត្រឹមតែប៉ុណ្ណោះ ដើម្បីឲ្យអង្គការរបស់អ្នកស្រីដំណើរការទៅបាន ក៏អ្នកស្រីត្រូវចំណាយកម្លាំងកាយចិត្តយ៉ាងសម្បើមណាស់ដែរ។
ចាប់តាំងពីឆ្នាំ២០០២ មកដល់ឆ្នាំ២០១៣ អង្គការនេះ មានកុមារតូចៗ និងមនុស្សវ័យជំទង់ចំនួន ១.១៥០នាក់ បានទទួលការស្នាក់នៅ និងរៀនសូត្រ និង ២.៥០០នាក់ បានរៀនជំនាញវិជ្ជាជីវៈកាត់ដេរ កែសម្ផស្ស គូរគំនូរ និងកុំព្យូទ័រជាដើម ក្រៅពីនោះ មានកុមារមួយចំនួនស្នាក់នៅក្នុងមណ្ឌលទទួលឧបត្ថម្ភអាហារហូបចុកចំនួន ៣ពេល និងរៀនចំណេះដឹងទូទៅក្នុងអង្គការនេះ ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី៦ និងបន្តបញ្ជូនទៅរៀននៅសាលារដ្ឋបន្តរហូតដល់ថ្នាក់ទី១២។
អ្នកស្រីបានបង្កើតសាខាអង្គការលើកស្ទួយប្រជាពលរដ្ឋចំនួន ២បន្ថែមទៀត គឺក្នុងសហគមន៍បុរីកីឡា និងបុរីសន្តិភាព២។ ក្នុងមួយឆ្នាំ អង្គការនេះត្រូវចំណាយថវិកាពី ៥០ម៉ឺន ទៅ ៦០ម៉ឺនដុល្លារ។
អ្នកស្រីមានមោទនភាពចំពោះការងារអ្នកស្រីនាពេលបច្ចុប្បន្ន ដែលអាចធ្វើហាក់ឲ្យកុមារទាំងនោះបានផ្លាស់ប្ដូរមុខមាត់ថ្មី។
ក្នុងឆ្នាំ២០១៣ នេះ អ្នកស្រី នួន ភីមាន មានបំណងសាងសង់អគារបន្ថែមទៀត ដោយសារកុមារស្ថិតក្នុងបញ្ជីរង់ចាំរាប់រយនាក់ទៀត ចង់បានការរៀនសូត្រ។ អ្នកស្រីប្រាថ្នាចង់បញ្ឈប់លែងឲ្យមានក្មេងរើសសំរាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។