អ្នកឃ្លាំមើល​ថា បទបញ្ជា​រុះរើ​ស្លាក​ស្រាបៀ​តាម​សាធារណៈ​របស់​លោក ស សុខា គឺ​គ្មាន​ប្រសិទ្ធភាព

ដោយ យ៉ង ចាន់តារា
2024.09.22
អ្នកឃ្លាំមើល​ថា បទបញ្ជា​រុះរើ​ស្លាក​ស្រាបៀ​តាម​សាធារណៈ​របស់​លោក ស សុខា គឺ​គ្មាន​ប្រសិទ្ធភាព រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ លោក ស សុខា ថ្លែងក្នុង​​ពិធីប្រកាសទទួលស្គាល់សមាសភាពបំពេញបន្ថែមក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) វិស័យមហាផ្ទៃ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ​ កាលពីថ្ងៃទី២១ កញ្ញា ២០២៤។
រូប៖ ហ្វេសប៊ុក​លោក ស សុខា

អ្នកឃ្លាំមើល ថា បទបញ្ជា​ក្នុង​ការ​រុះរើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀ​នៅ​តាម​ទី​សាធារណៈ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ស សុខា គឺ​គ្មាន​ប្រសិទ្ធភាព​ឡើយ ក្រោយ​លោក​បាន​ដាក់​បទ​បញ្ជា​នេះ អស់​រយៈ​ពេល​ជាង​ ២​ខែ។ ពួកគាត់​ស្នើ​ដល់​រដ្ឋាភិបាល​​បង្កើត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង។

អ្នក​ឃ្លាំមើល​សង្កេត​ឃើញ​ថា ១ឆ្នាំ​កន្លង​មក​នេះ​ក្រោម​ការ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​អាណត្តិ​ទី៧ នៅ​តាម​ទី​សាធារណៈ និង​តាម​ដង​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ នៅ​តែ​មាន​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង ជាពិសេស គឺ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀ​នៅ​លើ​បណ្ដាញ​សង្គម​នានា រួមមាន​តិកតុក (TikTok) និង​ហ្វេសប៊ុក (Facebook) ជាដើម។

អ្នក​សិក្សា​ផ្នែក​សង្គម និង​នយោបាយ លោក ប៉ោ មករា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២១ ខែ​កញ្ញា​ថា ក្រោយ​ពេល​១ឆ្នាំ នៃ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នីតិកាល​ទី៧ នៅ​ពុំ​ទាន់​អាច​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ឲ្យ​បាន​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ។ លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​​ជារឿយៗ​បាន​ចាត់​វិធានការ​រឹត​បន្តឹង​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង ក្រោយ​មាន​ការ​ប្រតិកម្ម​ពី​ពលរដ្ឋ។ លោក ចាត់ទុក​ការ​បណ្ដែត​បណ្ដោយ​ឲ្យ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ហួសហេតុ​បែប​នេះ ជា​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿងស្រវឹង​របស់​រដ្ឋាភិបាល។

លោក ប៉ោ មករា៖ «ការណ៍​ ដែល​មាន​ច្បាប់​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង ទី១​គឺ​ខ្ទប់​មិន​ឲ្យ​បណ្ដាល​ក្រុមហ៊ុន​ផលិត​គ្រឿងស្រវឹង​ចេះ​តែ​ផ្សព្វផ្សាយ​រហូត​ដល់​បច្ចុប្បន្ន​យើង​ឃើញ​ថា មាន​រង្វាន់​ជា​ប្រចាំ​ខែ រង្វាន់​ជា​ឡាន និង​រង្វាន់​ផ្សេងៗ​ទៀត​ ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រជាជន​ខ្លួនឯង​សេព​គ្រឿងស្រវឹង​កាន់​តែ​កើន​ឡើង»

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ដាក់​បទ​បញ្ជា​ឲ្យ​អភិបាល​រាជធានី​ខេត្ត ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​ទី​សាធារណៈ អស់​រយៈពេល​ជាង​២​ខែ ។ ទាក់ទង​នឹង​បញ្ហា​នេះ កាល​ពី​ខែ​កុម្ភៈ លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏​ធ្លាប់​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​ឡើង​វិញ នូវ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​តាម​ទី​សាធារណៈ​ដែរ។ ប៉ុន្តែ​ការ​ផ្សព្វផ្សាយ​ពី​គ្រឿង​ស្រវឹង​នៅ​តែ​សកម្ម​ដដែល​ទាំង​នៅ​តាម​ទី​សាធារណៈ និង​នៅ​លើ​បណ្ដាញ​សង្គម​នានា ជាពិសេស គឺ​ការ​ផ្ដល់​រង្វាន់​លើ​ក្រវិល​កំប៉ុង ដោយ​ឲ្យ​អ្នក​ផឹក​ដេញ​តាម​រង្វាន់​ជាដើម។

អ្នកឃ្លាំមើល​លើកឡើង​ថា មូលហេតុ ដែល​រដ្ឋាភិបាល​មិន​អាច​ទប់​ស្កាត់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង គឺ​ដោយ​សារ​តែ​ម្ចាស់​ក្រុមហ៊ុន​ស្រាបៀ​ទាំង​នោះ ភាគច្រើន​ជាប់​សែស្រឡាយ​ជាមួយ​នឹង​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល និង​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី។

ជាក់ស្ដែង ក្រុម​ហ៊ុន​ស្រាបៀ​ហនុមាន ដែល​ជា​របស់​អ្នកស្រី ខៀវ សស៊ីលៀប ដែល​ជា​ដៃគូ​ជំនួញ​ជាមួយ​នឹង​កូនស្រី​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា និង​ស្វាមី គឺ​លោក ម៉ឹង ពន្លក ដែល​ជា​ឧត្តមសេនីយ៍​ពាក់​ផ្កាយ​ពីរ កាន់​តួនាទី​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ។ ក្រៅពី​នេះ​ក្រុមហ៊ុន​ស្រាបៀ​ផ្សេង​ទៀត ដូចជា​ក្រុមហ៊ុន​ស្រាបៀ​វឌ្ឍនៈ (Vattanac Beer) ស្រាបៀ​កម្ពុជា (Cambodia Beer)របស់​ក្រុមហ៊ុន​ជីបម៉ុង ជាដើម មាន​ម្ចាស់​ក្រុមហ៊ុន​ជា​ឧកញ៉ា មាន​ទាំង​លុយ និង​អំណាច។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ និង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ កាលពី​ថ្ងៃទី ២១ ខែ​កញ្ញា។

ក្រសួងព័ត៌មាន​បាន​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃទី៣០ ខែកក្កដា​ថា ការ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង ត្រូវ​មាន​ការ​អនុញ្ញាត​ពី​ក្រុម​ការងារ​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿងស្រវឹង ហើយ​ការ​ផ្សព្វផ្សាយ​នោះ​ត្រូវ​គោរព​គោលការណ៍​ដូច​ជា មិន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មាន​លក្ខណៈ​អូស​ទាញ មិន​ត្រូវ​ផ្សាយ​ពាណិជ្ជកម្ម​ដោយ​ឲ្យ​អ្នក​ទទួល​ទាន​ឡើង​ផឹក​គ្រឿង​ស្រវឹង​លើ​ឆាត​កម្ម​វិធី​នានា និង​ហាម​ផ្សព្វផ្សាយ​ផលិតផល​គ្រឿងស្រវឹង​គ្រប់​រូបភាព​នៅ​ចម្ងាយ​២រយ​ម៉ែត្រ ជុំវិញ​សាលារៀន និង​មន្ទីរ​ពេទ្យ​ជាដើម។ សេចក្ដី​ប្រកាស​ថ្មី​របស់​ក្រសួង​ព័ត៌មាន​នេះ បាន​ដក​ចេញ​នូវ​បំរាម​មួយ​ចំនួន ដូចជា ហាម​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ផ្ដល់​រង្វាន់ ហាម​យក​ស្ត្រី និង​អនីតិជន​ក្រោម​១៨​ឆ្នាំ​មក​ផ្សាយ​ពាណិជ្ជកម្ម​ជាដើម។

អ្នកជំនាញ​ចរាចរណ៍ និង​ជា​គ្រូ​បង្រៀន​បើកបរ លោក អៀង សីហា មាន​ប្រសាសន៍​ថា ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ផ្ដល់​រង្វាន់​នៅ​រយៈពេល​ចុងក្រោយ​នេះ កំពុង​អូសទាញ​ឲ្យ​ពលរដ្ឋ​ទទួល​ទាន​គ្រឿងស្រវឹង។ លោក​ថា អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង​ហើយ​បើកបរ​ ងាយ​នឹង​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ខ្លួនឯង អ្នក​រួម​ដំណើរ ទ្រព្យសម្បត្តិ​ឯកជន និង​រដ្ឋ​ជាដើម។

លោក អៀង សីហា៖ «បញ្ហា​គ្រប់គ្រង​គ្រឿងស្រវឹង និង​ការ​លក់ដូរ​គ្រឿងស្រវឹង និង​ការ​រឹត​បន្តឹង​ការ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង គឺ​មិន​ងាយ​នឹង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ទេ ដោយសារតែ​រដ្ឋាភិបាល បាន​ប្រកាស​ហើយ​ថា ការ​ផលិត​ស្រា គឺ​បាន​ផ្ដល់​ចំណូល​ដល់​ជាតិ ហើយ​ជា​ពិសេស​គាត់​យក​សុទ្ធតែ​អាយដល (Idol) របស់​ពួក​យើង​ធ្វើ​ជា ប៊ី អេ (Brand Ambassador) លំដាប់​ជាតិ​ដល់​ពេល​អីចឹង​ទៅ​ប្រជាពលរដ្ឋ​គឺ​គាត់​ចូលចិត្ត​ណាស់»

បច្ចុប្បន្ន​រដ្ឋាភិបាល​មិន​ទាន់​បាន​រុញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង ឆ្នាំ​២០១៥ ទៅ​រដ្ឋសភា​នៅ​ឡើយ​ទេ។សេចក្ដីព្រាង​ច្បាប់​នេះ មាន​ចំនួន ១៥ ជំពូក និង​៣៩ មាត្រា។ មាត្រា ២ នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ ចែងថា ច្បាប់​នេះ​មាន​គោលដៅ ចំនួន​បី គឺ​ចាត់​វិធានការ​ក្នុង​ការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង លើក​កម្ពស់​ការ​យល់​ដឹង និង​ការ​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់ នៃ​ការ​ប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង និង​សហការ​ជា​មួយ​ដៃ​គូរ​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការ​អប់រំ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។