នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធឃោសនាគាំទ្រដោយក្រុងប៉េកាំងបានពង្រីកឥទ្ធិពលរបស់ខ្លួននៅលើទឹកដីកម្ពុជាគួរឱ្យកត់សម្គាល់។ ក្នុងនោះគេសង្កេតឃើញថា វិទ្យុមិត្តភាពកម្ពុជាចិន តែងតែផ្សព្វផ្សាយព័ត៌មានបែបប្រជាភិថុតិគាំទ្រដល់រដ្ឋាភិបាលលោក ហ៊ុន សែន និងឃោសនាគោលនយោបាយរបស់បក្សកុម្មុយនីស្តចិន ជាជាងផ្សាយនូវបញ្ហាសង្គម និងស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកជំនាញព័ត៌មានលើកឡើងថា អ្នកធ្វើការលើប្រព័ន្ធផ្សាយព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដ ត្រូវមានវិជ្ជាជីវៈ និងឯករាជ្យ ដោយពុំគួរលម្អៀងទៅរកក្រុមបក្សណាមួយនោះទេ។
វិទ្យុមិត្តភាពកម្ពុជាចិន បានចាប់បើកដំណើរការនៅកម្ពុជាអស់រយៈពេល ១៦ឆ្នាំហើយ។ វិទ្យុនេះ ផ្សាយជាភាសាខ្មែរផង និងភាសាចិនផង ១៨ម៉ោង ក្នុងមួយថ្ងៃ គឺផ្សាយជាភាសាខ្មែរ ១៦ម៉ោង និង ២ម៉ោងទៀតដែលផ្សាយចេញពីក្រុងប៉េកាំង (Beijing) ជាភាសាចិន។
ទោះជាយ៉ាងណា វិទ្យុមិត្តភាពកម្ពុជាចិននេះ មិនបានផ្សព្វផ្សាយព័ត៌មានអវិជ្ជមានក្នុងសង្គមទេ ដូចជារឿងក្តៅៗទាក់ទងបញ្ហាអយុត្តិធម៌សង្គម អំពើរំលោភសិទ្ធិមនុស្ស ការរំលោភដីធ្លី និងអំពើពុករលួយឡើយ។ វិទ្យុនេះ ក៏មិនបានផ្សាយព័ត៌មានអំពីការបាញ់បោះ និងបញ្ហាឆបោកអនឡាញ (Online) បង្កអសន្តិសុខសង្គម និងបញ្ហាឆបោក អនឡាញព្រមទាំងការបង្ខាំងមនុស្សខុសច្បាប់នៅកម្ពុជាប្រព្រឹត្តដោយជនជាតិចិន និងក្រុមហ៊ុនចិនមួយចំនួនឡើយ។
ផ្ទុយទៅវិញ វិទ្យុនេះច្រើនផ្សាយអំពីវប្បធម៌ ទំនាក់ទំនងល្អរវាងកម្ពុជាចិន និងភាពវិជ្ជមាននៅកម្ពុជាក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ព្រមទាំងគោលនយោបាយចិនកុម្មុយនីស្ត។
ក្រៅពីនេះ ប្រទេសចិនក៏បានផ្សព្វផ្សាយវប្បធម៌ និងព័ត៌មានផ្សេងៗរបស់ខ្លួន តាមរយៈវិទ្យុមិត្តភាពកម្ពុជាចិននេះដែរ។
«តំបន់កំពូលរបស់ពិភពលោកភ្នំខ្ពស់ៗភាគច្រើនស្ថិតក្នុងក្របខណ្ឌនៃអន្តរតំបន់ហិមាល័យ។ នៅលើផែនដីយើងនេះមានរុក្ខជាតិ ជាន់ខ្ពស់ប្រហែលជាង ៣០ម៉ឺនប្រភេទ តំបន់ហិមាល័យនេះមានប្រហែលជាង ២ម៉ឺនប្រភេទ។ មិនថា អឺរ៉ុប អាហ្រ្វិក អាមេរិកខាងជើង និងខាងត្បូង សុទ្ធតែមិនអាចរកឃើញតំបន់មានបរិស្ថានប្រហាក់ប្រហែលនេះទេ។ ទីនេះ មានបរិស្ថានចម្រុះទើបអាចលេចចេញរុក្ខជាតិដែលសមស្របនឹងបរិស្ថានខុសៗគ្នា»។
អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យលើកឡើងថា ការណ៍ដែលប្រព័ន្ធផ្សព្វផ្សាយឃោសនាតែរឿងវិជ្ជមានក្នុងសង្គម និងសរសេរលើកសរសើរអ្នកនយោបាយដោយមិនហ៊ានផ្សាយនូវបញ្ហាអវិជ្ជមានក្នុងសង្គមនោះ គឺមិនអាចជំរុញឱ្យមានដំណោះស្រាយល្អប្រសើរលើបញ្ហាដែលបានកើតមានក្នុងប្រទេសជាតិនោះទេ។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា (CamboJA) លោក ណុប វី ពិនិត្យឃើញថា វិទ្យុមិត្តភាពមិត្តភាពកម្ពុជាចិន ភាគច្រើនផ្សព្វផ្សាយតែអំពីវប្បធម៌ ការអភិវឌ្ឍនៃប្រទេសចិន និងផ្សព្វផ្សាយពាក់ព័ន្ធពីទំនាក់ទំនងនៃមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។
លោក ណុប វី៖«អ៊ីចឹងទាំងអស់ហ្នឹងវាធម្មតាទេ ក្នុងការផ្សាយកម្មវិធីវិទ្យុជាភាសាចិន។ ប៉ុនគ្រាន់តែថា នៅក្នុងកម្មវិធីហ្នឹងអត់អាចរំពឹងថា មានព័ត៌មានអីដែលឆ្លុះបញ្ចាំងពីរឿងចំណុចអវិជ្ជមានមួយចំនួនដែលអាចនឹងជាគន្លឹះនៅក្នុងការជំរុញឱ្យមានភាពប្រសើរឡើង ក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងចិន ឬមួយក៏ទិដ្ឋភាពទូទៅជុំវិញរឿងផលប៉ះពាល់អភិវឌ្ឍនៃក្រុមហ៊ុនចិននៅប្រទេសកម្ពុជាទេ»។
ចំពោះការផ្សាយព័ត៌មានអំពីប្រទេសចិន វិទ្យុមិត្តភាពកម្ពុជាចិនផ្សាយអំពីសមិទ្ធផលនានារបស់រដ្ឋាភិបាលចិនដូចជា ស្នាដៃដឹកនាំរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។ ជាឧទាហរណ៍ នារយៈពេលចុងក្រោយនេះ វិទ្យុនេះ បានផ្សព្វផ្សាយអំពីគោលនយោបាយក្នុងការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ថា មានភាពល្អប្រសើរ ខណៈអង្គការសុខភាពពិភពលោក (WHO) រិះគន់ថា រដ្ឋាភិបាលចិនពុំមានតម្លាភាព ឬលាក់បាំងព័ត៌មានស្ដីពីបញ្ហា និងការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលបញ្ហានេះបានបង្កភាពស្មុគស្មាញដល់ប្រទេសជុំវិញពិភពលោកបង្ការជំងឺនេះកុំឱ្យបន្តការរីករាលដាលកាន់តែខ្លាំង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអគ្គនាយិកានៃវិទ្យុមិត្តភាពកម្ពុជាចិនគឺអ្នកស្រី អរុណ ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះបានទេ។ ចំណែក អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ និងលោក អ៊ុក គឹមសេង ក៏វិទ្យុអាស៊ីសេរីមិនអាចទាក់ទងដែរ ព្រោះទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកលើក។
ប៉ុន្តែ អគ្គនាយិកានៃវិទ្យុមិត្តភាពកម្ពុជាចិនគឺអ្នកស្រី ស៊ូ ហ្ស៊ៅហ៊្សា (Xu XiaoXia) មានឈ្មោះខ្មែរថា អរុណ ធ្លាប់ប្រាប់កាសែតថ្មីៗថា វិទ្យុមិត្តភាពកម្ពុជាចិន គឺជាសមិទ្ធផលមួយនៃទំនាក់ទំនងសហប្រតិបត្តិការក្នុងនាមជាមិត្តដែកថែបរវាងប្រទេសកម្ពុជា និងចិន។ អ្នកស្រី អរុណ អះអាងថា វិទ្យុមិត្តភាពកម្ពុជាចិន មិនផ្សព្វផ្សាយពីវប្បធម៌ចិនមកលើកម្ពុជាតែម្ខាងនោះទេ ប៉ុន្តែវិទ្យុនេះ ផ្សាយព័ត៌មាន វប្បធម៌ សិល្បៈ និងព្រឹត្តិការណ៍ធំរបស់កម្ពុជាទៅប្រទេសចិន និងទៅក្នុងពិភពលោកផងដែរ។
ជុំវិញរឿងនេះដែរ នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) គឺ លោក អ៊ិត សូធឿន មើលឃើញថា វិទ្យុមិត្តភាពកម្ពុជាចិន គឺបម្រើនិន្នាការនយោបាយចិន និងផ្សព្វផ្សាយអ្វីដែលរដ្ឋាភិបាលចិនចង់បាន ច្រើនជាងផ្សព្វផ្សាយបម្រើផលប្រយោជន៍ជាតិខ្មែរ។ លោកថា ត្រង់ចំណុចនេះ វិទ្យុមិត្តភាពកម្ពុជាចិន មិនរួមចំណែកលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជានោះទេ។
លោក អ៊ិត សូធឿន៖«វាមិនខុសពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀតដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដែលបានផ្សព្វផ្សាយទៅលើគោលនយោបាយតាមផលប្រយោជន៍ ឬគោលនយោបាយដែលម្ចាស់ស្ថានីយដាក់ឱ្យ។ ជារួម សម្រាប់ស្ថានីយវិទ្យុចិន ចង់មិនចង់គាត់អាចជួយផ្សព្វផ្សាយ ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជា ដើម្បីផ្សាយអំពីចំណុចនៃទំនាក់ទំនងរវាងប្រទេសទាំងពីរហ្នឹងបានជួយផ្ដល់ប្រយោជន៍អ្វីខ្លះដល់ប្រទេសកម្ពុជា និងប្រទេសចិនខ្លួនឯង»។
អង្គការឃ្លាំមើលសេរីភាពពិភពលោក (Freedom House) កាលពីឆ្នាំ២០២២ រកឃើញថា រដ្ឋាភិបាលកុម្មុយនីស្តចិនកំពុងពង្រីកឥទ្ធិពលទៅលើប្រព័ន្ធផ្សព្វផ្សាយជាសកល។ អង្គការនេះ ដាក់ចំណងជើងក្នុងរបាយការណ៍ថា «ឥទ្ធិពលរបស់ក្រុងប៉េកាំងទៅលើប្រព័ន្ធផ្សព្វផ្សាយសកល ការពង្រីកឥទ្ធិពលនៃរបបផ្ដាច់ការ និងភាពធន់ស៊ាំនៃអំណាចប្រជាធិបតេយ្យ»។ បន្ថែមពីនេះ អង្គការឃ្លាំមើលសេរីភាពពិភពលោក ផ្ដល់អនុសាសន៍ថា ដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យមានភាពធន់ស៊ាំយូរអង្វែងតទៅមុខបាន ចាំបាច់ត្រូវមានការឆ្លើយតបតាមរយៈការកសាងជំនាញឯករាជ្យក្នុងប្រទេសចិន ការគាំទ្រផ្នែកសារព័ត៌មានស៊ើបអង្កេត ការកែលម្អតម្លាភាពលើភាពជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមិនពិតជាដើម។ អង្គការអន្តរជាតិដដែល សង្កត់ធ្ងន់ថា ការការពារមូលដ្ឋានសម្រាប់សេរីភាពសារព័ត៌មាន គឺជាធាតុផ្សំដ៏សំខាន់នៃយុទ្ធសាស្ត្រឆ្លើយតបប្រកបដោយប្រសិទ្ធភាពដែលមានលក្ខណៈព្រមៗគ្នារវាងរដ្ឋាភិបាលអង្គភាពព័ត៌មាន សង្គមស៊ីវិល និងក្រុមហ៊ុនបច្ចេកវិទ្យា។
ក្រសួងព័ត៌មានអនុញ្ញាតឱ្យវិទ្យុមិត្តភាពកម្ពុជាចិន ផ្សាយតាមរលកធាតុអាកាសខ្លី (shortwave) និងផ្សាយតាមអេហ្វអិម (FM) គឺភ្នំពេញ FM96.5MHz សៀមរាបFM105MHz ផងដែរ ។
កាលពីឆ្នាំ២០១៩ ក្រសួងព័ត៌មាន ក៏បានអនុញ្ញាតឱ្យទូរទស្សន៍ ណៃស៍ ធីវី (NiceTV) ចាប់ផ្ដើមវិនិយោគរវាងក្រុមហ៊ុន ខាល់ឈើ អ៊ិនវេសមេន គ្រុប (Culture Investment Group) និងរដ្ឋាភិបាលកម្ពុជា ដោយចាក់ផ្សាយព័ត៌មាន និងការកម្សាន្តជាភាសាខ្មែរពីស្ទូឌីយោមួយនៅក្នុងក្រសួងមហាផ្ទៃ។
វិទ្យុមិត្តភាពកម្ពុជាចិនគឺជាស្ថាប័នគ្រប់គ្រងដោយរដ្ឋាភិបាលចិន។ ក្រៅពីការផ្សាយពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជាចិន វប្បធម៌ប្រទេសចិន កម្មវិធីបង្រៀនភាសាចិនដល់ពលរដ្ឋខ្មែរ វិទ្យុនេះក៏មានកម្មវិធីផ្សាយពាក់ព័ន្ធផ្នែកសុខភាព សង្គមធម៌ តន្ត្រី សមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា និងព្រឹត្តិការណ៍អន្តរជាតិ ជាដើម។ បច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយរួមមានកាសែត វិទ្យុ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន និងក្រុមហ៊ុនឯកជនចិននៅកម្ពុជាមិនក្រោម ១០ស្ថាប័ននោះទេ ក្នុងនោះរួមមាន សារព័ត៌មានពាណិជ្ជកម្ម (Commercial News Cambodia) កាសែត ជានហ្វា (Jian Hua Daily) វិទ្យុមិត្តភាពកម្ពុជាចិន ខណៈស្ថាប័នព័ត៌មាន ស៊ីនហ៊ួ (Xinhua News) គ្រប់គ្រងដោយរដ្ឋាភិបាលចិនបានពង្រីកភ្នាក់ងារនៅកម្ពុជា។
លើសពីនេះក្រសួងព័ត៌មានក៏បានអនុញ្ញាតឱ្យសមាគមអ្នកសារព័ត៌មានកម្ពុជាចិន មានវត្តមាននៅកម្ពុជា ចាប់ពីឆ្នាំ២០១៩ ខណៈប្រព័ន្ធផ្សព្វផ្សាយឯករាជ្យត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន បង្ក្រាប និងរឹតបន្តឹងចាប់ពីឆ្នាំ២០១៧ មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។