សមត្ថកិច្ចនៅតែមិនទាន់ចាប់បានទីប្រឹក្សាលោក ហ៊ុន សែន លោក លី សាម៉េត
2024.10.17
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា សមត្ថកិច្ចមិនទាន់ចាប់ខ្លួនលោក លី សាម៉េត បាននៅឡើយទេ ក្រោយលោក ហ៊ុន សែន ស្នើឱ្យតុលាការបង្កកទ្រព្យសម្បត្តិ និងសមត្ថកិច្ចតាមឃ្លាំមើលឧកញ៉ារូបនេះកុំឱ្យរួចពីសំណាញ់ច្បាប់។ អ្នកឃ្លាំមើល និងមន្ត្រីសង្គមស៊ីវិល បារម្ភពីការអនុវត្តច្បាប់ស្តង់ដារពីរ និងការឃុបឃិតផ្ទៃក្នុងចំពោះការចាប់ខ្លួនឧកញ៉ារូបនេះ។
អាជ្ញាធរនៅមិនទាន់បង្ហាញមុខទីប្រឹក្សារបស់លោក ហ៊ុន សែន គឺលោក លី សាម៉េត ឬគ្រូមា ដែលជាគ្រូទាយតាមអនឡាញ បាននៅឡើយទេមកដល់ពេលនេះ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែតុលា ថា សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវកំណត់ទីតាំងលាក់ខ្លួនរបស់លោក លី សាម៉េត ដោយការងារនេះត្រូវការពេលវេលាទុកឱ្យសមត្ថកិច្ចធ្វើការ។
លោក សំ វិច្ឆិកា៖ «យើងកំពុងស្រាវជ្រាវ ការងារនេះយើងកំពុងធ្វើការងារសិន សមត្ថកិច្ចស្រាវជ្រាវស៊ើបអង្កេតរកគាត់»។
កាលពីថ្ងៃទី៧ ខែតុលា លោក ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុក ដោយអះអាងថា លោក លី សាម៉េត តែងប្រើឈ្មោះរបស់លោក ដើម្បីឆបោកលុយគេ ដោយក្នុងនោះ មានការបោកលុយពីឈ្មោះ សុខ ឡេង ចំនួន ១០លានដុល្លារ កាលពីឆ្នាំ២០២២ និងក្រោយមក ពីអនុប្រធានក្រុមការងារថ្នាក់កណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះវិហារ លោក មួង ឃីម ចំនួន ២៣ម៉ឺនដុល្លារ។
លោក ហ៊ុន សែន អះអាងទៀតថា លោកបានទទួលវីដេអូពីអតីតអភិបាលស្រុកល្វាឯម លោក កន សុខកាយ ដោយប្រាប់ថា លោក លី សាម៉េត បានយកប្រាក់ពីលោកចំនួន ៣០ម៉ឺនដុល្លារ ដើម្បីរត់ការឱ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។ ក៏ប៉ុន្តែ មួយថ្ងៃក្រោយមក លោក កន សុខកាយ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ចប់តំណែងពីអភិបាលស្រុកល្វាឯម ក្រោមហេតុផលថា “ប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ”។
ក្រោយការបង្ហោះសាររបស់លោក ហ៊ុន សែន បានមួយថ្ងៃ សមត្ថកិច្ចបានឆ្មក់ចូលត្រួតពិនិត្យគេហដ្ឋានរបស់លោក លី សាម៉េត នៅក្នុងខណ្ឌឫស្សីកែវ ប៉ុន្តែមិនឃើញលោក លី សាម៉េត នៅក្នុងផ្ទះឡើយ។ ក្នុងចំណាត់ការបន្ទាន់លើលោក លី សាម៉េត នេះ ក្រសួងយុត្តិធម៌ បានបង្កកទ្រព្យសម្បត្តិឧកញ៉ារូបនេះ ខណៈលោក ហ៊ុន សែន បានបញ្ជាឱ្យប្រធានក្រុមមេធាវីរបស់លោក គឺលោក គី តិច ទទួលពាក្យបណ្ដឹងអ្នក ដែលចាញ់បោកលោក លី សាម៉េត ដើម្បីប្ដឹង ឬទាមទារសំណងត្រឡប់ទៅវិញ។
ទោះជាបែបនេះក្ដី អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ឃើញថា ការតាមចាប់ខ្លួនលោក លី សាម៉េត គឺជាឆាកល្ខោនរបស់លោក ហ៊ុន សែន ក្នុងការអូសបន្លាយពេល ដើម្បីចរចាផ្ទៃក្នុងបក្សកាន់អំណាច ព្រោះករណីនេះ មានជាប់ពាក់ព័ន្ធជាមួយមន្ត្រីធំៗ ជាប្រព័ន្ធ។
លោក អ៊ុំ សំអាន៖ «ប្រសិនជាចង់ចាប់លោក លី សាម៉េត តែ ២៤ម៉ោងហ្នឹងគាត់ (លោក ហ៊ុន សែន) ចាប់បានហើយ ដល់ក្រៅប្រទេស ក៏គាត់ចាប់បានមកវិញដែរ ក៏ប៉ុន្តែគាត់គ្មានបំណងចាប់នោះទេ គាត់គ្រាន់តែបង្អើលឱ្យលោក លី សាម៉េត រត់ទៅ។ បើចាប់លោក លី សាម៉េត បានទៅ ខ្លាចលោក លី សាម៉េត បកអាក្រាតរឿង ដែលគាត់ឃុបឃិតជាមួយលោក លី សាម៉េត ហ្នឹង បោកលុយគេ។ អ៊ីចឹង ឱ្យខូចឈ្មោះដល់គាត់ អ៊ីចឹងហើយបានជាគាត់គ្រាន់តែបង្អើលទៅ ប៉ុន្តែគាត់គ្មានបំណងចាប់នោះទេ»។
លោក ហ៊ុន សែន បានតែងតាំងលោក លី សាម៉េត ជាទីប្រឹក្សា កាលពីឆ្នាំ២០២២ ហើយលោក លី សាម៉េត តែងតែចេញមុខក្នុងភាពជាតំណាងឱ្យលោក ហ៊ុន សែន ដើម្បីកៀរគរអ្នកគាំទ្រឱ្យគណបក្សប្រជាជនកម្ពុជា។ យ៉ាងណាមិញ រាល់ការចេញមុខរបស់លោក លី សាម៉េត ម្ដងៗ បានបង្ហាញពីឫក្សពារ និងសម្ភារៈនិយម ជាមួយនឹងកងអង្គរក្សតាមហែហមឡានស៊េរីទំនើប គ្រឿងអលង្ការ និងផ្ទះវិឡាឈើប្រណិតៗ ជាដើម។
ក្រោយការទម្លាយរឿងពុករលួយរបស់លោក លី សាម៉េត មនុស្សជិតស្និទ្ធនឹងលោកម្នាក់ទៀត គឺលោក ដួង តារា ដែលត្រូវជាជំនួយការផ្ទាល់របស់លោក ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារប៉េហ្ស៊ី (PG) ពីបទ ឆបោក តាមបណ្ដឹងរបស់ពលរដ្ឋ។
ជុំវិញរឿងនេះ ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ឃើញថា ករណីឆបោករបស់លោក លី សាម៉េត គឺជាឧទាហរណ៍នៃអំពើពុករលួយខ្នាតធំ ដែលជាប់ពាក់ព័ន្ធនឹងមនុស្សជំនិតរបស់ថ្នាក់ដឹកនាំ ហើយករណីនេះ អាចជាប់ពាក់ព័ន្ធជាប្រព័ន្ធជាមួយបុគ្គលមួយចំនួនទៀត។
លោក ប៉ិច ពិសី៖ «ដូច្នេះ ខ្ញុំសង្ឃឹមថា អាជ្ញាធរនឹងធ្វើការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត ដែលយើងសង្ស័យថា មានការពាក់ព័ន្ធលើករណីនេះ ដើម្បីធ្វើយ៉ាងម៉េចកុំឱ្យមានការស៊ីសំណូកសូកប៉ាន់បានតំណែងហ្នឹង ពីព្រោះបញ្ហានេះអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដឹកនាំរដ្ឋ ប្រសិទ្ធភាពនៃការអនុវត្តកាតព្វកិច្ចតួនាទីរបស់មន្ត្រី ដែលមានតំណែង និងតួនាទីធំៗ ដែលយើងត្រូវការអ្នកមានសមត្ថភាពកាន់។ ដូច្នេះ គួរតែមានការស៊ើបអង្កេតជាប្រព័ន្ធ ហើយអ្នកដែលជាប់ពាក់ព័ន្ធ គួរតែមានការអនុវត្តច្បាប់ ឱ្យមានប្រសិទ្ធភាពខ្ពស់»។
មន្ត្រីបក្សប្រឆាំងលើកឡើងថា ការតាមចាប់ខ្លួនលោក លី សាម៉េត នេះ គឺជាករណី “ពាលស៊ីពាល” ដោយកន្លងមក ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានតែងតាំងឧក្រិដ្ឋជន ដែលមានកេរ្តិ៍ឈ្មោះអាស្រូវ និងជាប់ឈ្មោះក្នុងបញ្ជីរកស៊ីទុច្ចរិត ដូចជា កាប់បំផ្លាញព្រៃឈើ និងរំលោភយកដីពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក និងអង្គការអន្តរជាតិ ដូចជា លោក ទ្រី ភាព លោក លី យ៉ុងផាត់ និងឧក្រិដ្ឋជន ជនជាតិចិន លោក ចេន ហ្ស៊ី (Chen Zhi) ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។