កម្មករ​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់ W&D នៅ​ខណ្ឌមានជ័យ ជាង ១ពាន់​នាក់ ហែ​ញត្តិ​ដោយ​ថ្មើរ​ជើង​ទៅ​ក្រសួង​ការងារ

0:00 / 0:00

តំណាង​កម្មករ​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ ដាប់ប៊ែលយូ អែនឌី (W&D (Cambodia) Co.,Ltd) ​នៅ​ខណ្ឌ​មានជ័យ អះអាង​ថា មាន​កម្មករ​ជាង​ ១ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ បាន​នាំ​គ្នា​ដើរ​ថ្មើរជើង ពី​មុខ​រោងចក្រ​​ យក​ញត្តិ​ ទៅ​ដាក់​ជូន​ក្រសួង​ការងារ។ មន្ត្រី​ទទួល​ញត្តិ​ ប្រាប់​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ នឹង​កំពុង​ធ្វើការ​យ៉ាង​សកម្ម​ជាមួយ​ភាគី​ក្រុមហ៊ុន។

តំណាង​កម្មករ​ លោក ផាន់ សាមុត ប្រាប់​ថា ក្បួន​ដង្ហែ​យក​ញត្តិ​ដាក់​ជូន​ក្រសួង​ការងារ មិន​មាន​ការ​រារាំង​ពី​សមត្ថកិច្ច​ទេ។ ប៉ុន្តែ​កម្មករ​ម្នាក់ បាន​ក្អួត​ឈាម និង​ដួល​សន្លប់ ​នៅ​មុខ​ក្រសួង​ការងារ ក្រោយ​ដើរ​ដង្ហែ​ញត្តិ​ទៅ​ដល់​ក្រសួង​ការងារ។​បច្ចុប្បន្ន​ កម្មករ​ម្នាក់​នោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ ចំណែក​ញត្តិ​របស់​កម្មករ ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន ដាប់ប៊ែលយូ អែនឌី ​ (W&D (Cambodia) Co.,Ltd) កុំ​រើស​អើង​កម្មករ និង​ត្រូវ​តែ​ទទួល​យក​កម្មករ​ទាំង​អស់​ ចូល​ធ្វើការ​វិញ។ បន្ថែម​ពី​នេះ តំណាង​កម្មករ លោក ផាន់ សាមុត ប្រាប់​ថា បើ​ថៅកែ​បន្ត​ការ​រើស​អើង​មិន​ព្រម​ទទួល​យក​កម្មករ​ជាង​១០០នាក់​ ចូល​ធ្វើការ​វិញ​ទេ ត្រូវ​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​​តាម​ផ្លូវ​ច្បាប់​ទាំងអស់​ឲ្យ​កម្មករ៖ « ដើរ​បង​ដើរ។ ដើរ​ពី​មុខ​រោងចក្រ ដាប់ប៊ែលយូ អែនឌី​ ខូអិលធីឌី (W&D (Cambodia) Co.Ltd) ស្ថិត​នៅ​ផ្លូវ​២៣៧ ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ដើរ​ទៅ​ដល់​ក្រសួង​ការងារ ​តែ​ម្ដង​បង ដើរ​ដោយ​ថ្មើរ​ជើង អត់​មាន​ជិះ​អ្វី​ទេ។ រយៈពេល​២​ថ្ងៃ​ជាង​ តែង​ពន្យារ​ពេល រហូត​ ម្ដង​ពីរ​ថ្ងៃ។ ពីរ​ថ្ងៃ​ហើយ ពីរ​ថ្ងៃ​ទៀត ហើយ​មួយ​អាទិត្យ​។ ម្ល៉េះ​ហើយ ការ​រង់ចាំ​របស់​កម្មករ​ឲ្យ​គាត់​រង់ចាំ​រហូត អ៊ីចឹង​ហើយ គ្មាន​ដំណោះស្រាយ​សម្រាប់​កម្មករ​ គ្មាន​ជាក់លាក់​សោះ»

ការ​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​នៅ​ក្រសួង​ការងារ​ ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​កម្មករ បាន​នាំ​គ្នា ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន និង​ការ​តវ៉ា​ប្រឆាំង​ ដីកា​រក្សា​ការពារ ​សម្រេច​ចាត់ចែង​​បណ្ដោះ​អាសន្ន ចេញ​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ កម្មករ​ចាត់​ទុក​ សេចក្ដី​សម្រេច​នោះ ជា​ការ​បាត់បង់​ប្រយោជន៍​របស់​កម្មករ និង​លំអៀង​ទៅ​រក​ថៅកែ។

ជម្លោះ​កម្មករ និង​ថៅកែ​នៅ​រោងចក្រ ដាប់ប៊ែលយូ អេនឌី ​បាន​អូស​បន្លាយ​ជាង ២ខែ​ហើយ។ ភាគី​ថៅកែ​រោងចក្រ រក្សា​ជំហរ​មិន​ទទួល​យក​កម្មករ ១២៧នាក់ ឲ្យ​ចូល​ធ្វើការ​វិញ​ទេ ដោយ​ចោទ​ថា ពួក​គេ​ជា​ក្រុម ​ញុះញង់​ឲ្យ​កម្មករ​ជាង ១.៧០០នាក់​ផ្សេង​ទៀត តវ៉ា​ប្រឆាំង​រោងចក្រ។ កម្មករ​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ថៅកែ​អំពាវនាវ​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ តាម​ការ​សម្របសម្រួល​ពី​ក្រសួង​ការងារ​ មាន​កម្មករ​ភាគ​តិច​ ប៉ុណ្ណោះ​ត្រូវ​បង្ខំ​ចិត្ត​ចូល​ធ្វើការ​វិញ ដោយសារ​ពួកគេ​ត្រូវ​ការ​ប្រាក់​ទ្រទ្រង់​ជីវភាព​ជា​ចាំបាច់។

មន្ត្រី​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ បាន​អនុញ្ញាត​ឲ្យ​តំណាង​កម្មករ ៦នាក់ និង​កម្មករ ២៤នាក់ ចូល​ដាក់​ញត្តិ​ នៅ​ក្នុង​ក្រសួង​ការងារ។ មន្ត្រី​ទទួល​ញត្តិ​ពី​កម្មករ​ មាន​ភាគី​ក្រសួង​ការងារ អភិបាល​រង​រាជធានី​ភ្នំពេញ​ លោក មាន ចាន់​យ៉ាដា និង​មន្ត្រី​ទទួល​ញត្តិ​នៃ​ភូមិ​គ្រឹះ លោក ហ៊ុន សែន។

សមាជិក​ក្រុម​ការងារ​ទទួល​ញត្តិ​មុខ​ភូមិគ្រឹះ លោក ហ៊ុន សែន គឺ​លោក និន វណ្ណៈ ​ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​យក​ញត្តិ​កម្មករ ទៅ​ធ្វើការ​ជាមួយ​ភាគី​ថៅកែ ប៉ុន្តែ​សំណូម​ពរ​ឲ្យ​កម្មករ​អត់ធ្មត់ និង​រង់ចាំ​ដំណោះស្រាយ​របស់​អាជ្ញាធរ៖« ព្រឹក​មិញ​នេះ គឺ​យើង​បាន​ធ្វើ​កិច្ច​ការ​មួយ​ជំហាន​ធំ គឺ​​សុំ​ឲ្យ​បងប្អូន​កម្មករ​រង់ចាំ។ រង់ចាំ​ ហើយ​ក្រសួង​ជាមួយ​សាលា​រាជធានី​ធ្វើការ​នឹង​ថៅកែ​ណា។ គាត់​មាន​ការ​យល់​ព្រម​ហើយ យើង​មាន​កំណត់ហេតុ។ មក​ដល់​ពេល​នេះ យើង​កំពុង​ធ្វើការ»

អគ្គលេខាធិការ​សមាគម​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ ធ្លាប់​អះអាង​ប្រាប់​អាស៊ី​សេរី​ថា ខាង​ភាគី​ថៅកែ និង​សមាគម​កាត់ដេរ មិន​ទទួល​យក​ការ​ចរចា​ណា ក្រៅពី​ប្រព័ន្ធ​តុលាការ​ទេ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មិន​ជឿ​ថា មន្ត្រី​​ថ្នាក់​ទទួល​ញត្តិ ឬ​មន្ត្រី​ក្រសួង​ការងារ​ណា​ម្នាក់ អាច​ដោះ​ស្រាយ​វិវាទ​នេះ​បាន​ទេ លុះ​ត្រា​តែ​ រដ្ឋមន្ត្រី​ក្រសួង​ការងារ ឬ​ភាគី​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត។ លោក អាត់ ធន់ ថា ភាគី​ថៅកែ​រោងចក្រ​ចង់​ប្រើ​ផ្លូវ​តុលាការ ដោយសារ​ចង់​យក​ប្រៀប និង​ពន្យារ​ពេល​ឲ្យ​កម្មករ​ស្បើយ​ការ​តវ៉ា៖ « មិន​ទាន់​ជឿ​ជាក់​​ ថា​វា​អាច​ដោះស្រាយ​បាន​ ល្អ​យ៉ាង​ម្ដេច​ទេ។ ប្រហែល​ជា​ថ្នាក់ដឹកនាំ​ របស់​ក្រសួង​ ឬ​ក៏​ប្រមុខ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត ព្រោះ​ថា បើ​ឲ្យ​មន្ត្រី​ធម្មតា​ធ្វើការ ធ្វើ​ម្ដេច​ក៏​វា​មិន​ទៅ​មុខ​ដែរ។ ក្រុមហ៊ុន​ វា​មាន​ចេតនា​មិន​ឲ្យ​កម្មករ​ចូល​ ហើយ​គាត់​ធ្វើ​ម្ដេច​ ដើម្បី​បំបាក់​កម្មករ​ ទោះ​បី​ដឹង​ថា កម្មករ​ខាត​រាប់​លាន​ក៏​ដោយ។ ក្រសួង​មិន​គួរ​បណ្ដោយ​ឲ្យ​គាត់​ ( ថៅកែ​ក្រុមហ៊ុន ) ធ្វើ​អ៊ីចឹង​ទេ»

តំណាង​កម្មករ លោក ផាន់ សាមុត អះអាង​ថា មន្ត្រី​ទទួល​ញត្តិ​បាន​ប្រាប់​ឲ្យ​កម្មករ​រង់ចាំ​ដំណោះ​ស្រាយ នៅ​ថ្ងៃ​ទី៦ មីនា។ ប៉ុន្តែ​កម្មករ​ប្រាប់​ថា ជម្លោះ​នេះ អូស​បន្លាយ​ជាង ២ខែ​ហើយ ដូច្នេះ​កម្មករ​មិន​អាច​រង់ចាំ​យូរ​ទៀត​បាន​ទេ។ កម្មករ​ទុក​ពេល​ឲ្យ​មន្ត្រី​ក្រសួង​ការងារ ២ថ្ងៃ​ទៀត បើ​គ្មាន​ដំណោះ​ស្រាយ​ទេ នៅ​ថ្ងៃ​ទី១ ឬ​ទី២ មីនា ពួក​គេ​នឹង​លើក​គ្នា​ពី​មុខ​រោងចក្រ​ជាថ្មី​ទៀត ហែ​ញត្តិ​ដោយ​ថ្មើរ​ជើង​យក​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្រោម​ដើម​ពោធិ៍​ មុខ​វត្ត​បទុមវតី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។