បុគ្គលិក​កាស៊ីណូ​ក្រោន​អះអាង​ថា ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ ជម្លៀស​មនុស្ស​ទៅ​កន្លែង​ផ្សេង ខណៈ​អាជ្ញាធរ​នៅតែ​ធ្វើមិនដឹង

0:00 / 0:00

បុគ្គលិក​ធ្វើការ​នៅ​ក្នុង​កាស៊ីណូ​ក្រោន(Crown Casino) របស់​ឧកញ៉ា កុក អាន នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​អះអាង​ថា ក្រុម​ឧក្រិដ្ឋជន​បាន​បញ្ជូន​មនុស្ស​មួយ​ចំនួន ចេញ​ពី​អាគារ​កាស៊ីណូ ទៅ​កាន់​កន្លែង​ផ្សេង និង​បញ្ជូន​មនុស្ស​ថ្មី​ជាច្រើន​នាក់​មក​ជំនួស បន្ទាប់ពី​លេច​ឮ​ព័ត៌មាន​ពី​ឧក្រិដ្ឋកម្ម​ឆបោក​នៅ​ក្នុង​អាគារ។ ប្រភព​អះអាង​ថា មូលហេតុ​ដែល​ក្រុម​ឧក្រិដ្ឋជន ផ្លាស់ប្ដូរ​មនុស្ស​តាម​អំពើ​ចិត្ត​បែបនេះ គឺ​ដោយសារ​អាជ្ញាធរ​ទទួល​សំណូក​ពី​ក្រុម​ឧក្រិដ្ឋជន។

អគារ​កាស៊ីណូ​របស់​ក្រុមហ៊ុន ក្រោន រីស្ស៊ត ឬ​កាស៊ីណូ​ក្រោន ជា​កម្មសិទ្ធិ​ឧកញ៉ា កុក អាន គឺជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា ដែល​ក្រុម​ប៉ូលិស​ស៊ើបអង្កេត​របស់​ថៃ រក​ឃើញ​ថា ជា​ទីតាំង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នោះ ពេល​នេះ​នៅតែ​ដំណើរការ​ធម្មតា និង​ហាក់​មាន​សភាព​រលូន​ជាង​មុន​ថែមទៀត​ផង។

បុគ្គលិក​ធ្វើការ​នៅ​ក្នុង កាស៊ីណូ​ក្រោន ម្នាក់​ថ្លែង​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃទី២៥ ខែ​មករា ថា កន្លង​ទៅ​ថ្មីៗនេះ ក្រុម​មេខ្លោង​ជនជាតិ​ចិន បាន​ជម្លៀស​មនុស្ស​មួយ​ចំនួន ដែល​ជា​បុគ្គលិក​ធ្វើការ​ហៅ​ទូរស័ព្ទ​ឆ្លង​ប្រទេស ឬ​ខលសេនធ័រ (Call center) ទៅកាន់ កាស៊ីណូ​មួយ​កន្លែង​នៅ​ច្រក​ព្រំដែន​អន្តរជាតិ អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ និង​បាន​ដឹក​មនុស្ស​ពី​ខាងក្រៅ​មួយ​ចំនួន​ចូល​មក​ជំនួស​វិញ។ បុគ្គលិក​ដដែល​អះអាង​ថា បច្ចុប្បន្ន​នេះ​ឧក្រិដ្ឋកម្ម​ឆបោក​នៅ​អាគារ ២៥ជាន់​ក្នុង កាស៊ីណូ​ក្រោន នៅតែ​បើក​ដំណើរការ​ធម្មតា ដោយ​ពុំ​មាន​អាជ្ញាធរ​ចុះ​មក​ឆ្មក់​ឆែកឆេរ​នោះ​ឡើយ។

បុគ្គលិក​កាស៊ីណូ៖«ឱ្យ​គេ​ដឹងខ្លួន​មុន ឥឡូវ​គេ​ជម្លៀស​ចេញ​អស់ហើយ។ ដល់ពេល​ប៉ូលិស​គេ​មក​ឆែកឆេរ ឃើញ​តែ​អាគារ​ទទេ​ប៉ុណ្ណោះ។ មានន័យ​អ្វី ករណី​ហ្នឹង​កើតឡើង​ច្រើន​ដង​ច្រើន​សារ​រាប់​ឆ្នាំ​ហើយ លោក កុក អាន គាត់​ធ្វើ​តែ​អ៊ីចឹង។ មើល​តែ​គេ​ប្ដឹង គឺ​គាត់​ជម្លៀស​ចេញ​អស់ហើយ បាន​៥ថ្ងៃ យក​ចូល​វិញ។ ដដែលៗ ដូច​ចាក់​ទឹក​លើ​ក្បាល​ទា អត់​ប្រយោជន៍ បង្ហិន​តែ​លុយ»។

ការ​បញ្ជូន​មនុស្ស​ពី​កាស៊ីណូ​ក្រោន ក្រុង​ប៉ោយប៉ែត ទៅកាន់​កាស៊ីណូ នៅ​ច្រក​ព្រំដែន​អន្តរជាតិ​អូរស្មាច់ នេះ ធ្វើឡើង​ក្រោយពី​មាន​ករណី​ជនបរទេស​ចំនួន ៥៧នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​ប៉ាគីស្ថាន(Pakistan) បាន​សម្រុក​ចេញ​ពី​ក្នុង​អគារ​កាស៊ីណូ​មួយ​នៅ​ចំណុច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ដោយ​រត់​ប្រសេចប្រសាច​តាម​ផ្លូវ​សាធារណ: កាលពី​ថ្ងៃទី៥ ខែ​មករា កន្លងទៅ។

ងាក​មក​រឿង​កាស៊ីណូ​ក្រោន​វិញ កាលពី​ថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ២០២៤ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បាន​ចង្អុល​បង្ហាញ​ពី​ទីតាំង​ក្រុម​ឆបោក និង​ចាប់ជំរិត​ដែល​មាន​មូលដ្ឋាន​នៅ​អាគារ ២៥​ជាន់​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​ក្រុង​មីយ៉ាវ៉ាឌី​(Myawaddy) ក្នុង​ប្រទេស​មីយ៉ាន់ម៉ា(Myanmar)

ក៏ប៉ុន្តែ កន្លង​ទៅ​អស់​រយៈពេល​ជាង ១ខែ​មក​ហើយ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត មិន​បាន​ចុះ​ឆ្មក់​ឆែកឆេរ​នោះ​ឡើយ ដោយ​ទុក​ឱ្យ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ នៅ​ក្នុង​អាគារ ២៥ជាន់​នោះ បន្ត​ដំណើរការ​ជា​ធម្មតា។ ជាង​នេះ​ទៅទៀត កាលពី​ថ្ងៃទី៨ ខែ​មករា មាន​ជនជាតិ​ថៃ​ម្នាក់ បាន​ធ្លាក់​ពី​លើ​អគារ ហ្គោលឌិន (Golden Casino) ក្នុង​បរិវេណ​កាស៊ីណូ​ក្រោន ជាន់​ទី១៤។ កាសែត​ថៃ​រាយការណ៍​ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​នោះ គឺជា​អ្នក​បម្រើការ​ហៅ​ទូរស័ព្ទ​ឆ្លង​ប្រទេស ដែល​ឧក្រិដ្ឋជន ជា​ជនជាតិ​ចិន បង្ខំ​ឱ្យ​ធ្វើការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធិ ឡោះ និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា លោក កុក អាន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី២៥ ខែ​មករា។​

ទាក់ទិន​រឿង​នេះ នគរបាល​ក្រុង​ប៉ោយប៉ែត ម្នាក់ ប្រាប់​វិទ្យុ​អាស៊ី​សេរី ថា ករណី​ឆបោក​នៅ​អគារ២៥ជាន់ របស់​ក្រុមហ៊ុន ក្រោន រីស្ស៊ត គឺជា​ពាក្យ​ចចាមអារ៉ាម ព្រោះ​សមត្ថកិច្ច​ធ្លាប់​ចុះ​ត្រួត​ពិនិត្យ​អគារ​នោះ​ជាច្រើន​ដង​រួច​មក​ហើយ ប៉ុន្តែ​រក​មិន​ឃើញ​អ្វី​ឡើយ។ ទោះជា​យ៉ាងណា នគរបាល​រូប​នេះ មិន​បាន​ប្រាប់​ឈ្មោះ និង​តួនាទី​ឡើយ។

ទោះជា​បែបនេះ​ក្ដី បុគ្គលិក​ធ្វើការ​នៅ​ក្នុង​កាស៊ីណូ​ក្រោន អះអាង​ថា មូលហេតុ​ដែល​កងកម្លាំង​សមត្ថកិច្ច​រក​មិន​ឃើញ​ឧក្រិដ្ឋកម្ម​ឆបោក​នេះ មិនមែន​ដោយសារ​ក្រុម​ឧក្រិដ្ឋជន​ចេះ​បំបាំង​កាយ​នោះ​ទេ ក៏ប៉ុន្តែ​គឺ​ដោយសារ មន្ត្រី​គ្រាក់ៗ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​រាយការណ៍​ទៅ​កាន់​មេ​ឧក្រិដ្ឋជន ឱ្យ​ដឹងខ្លួន​មុន ដោយ​ពួកគេ​បាន​លាក់​ទុក និង​ជម្លៀស​មនុស្ស​ចេញ​ពី​អាគារ នៅ​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅដល់។ ប្រភព​អះអាង​ទៀត​ថា ប្រការ​នេះ គឺ​ដោយសារ​តែ​មន្ត្រី​ទាំង​នោះ បាន​ទទួល​សំណូក​ពី​ម្ចាស់​អគារ​កាស៊ីណូ គឺ​លោក កុក អាន និង​ក្រុម​ឧក្រិដ្ឋជន ដែល​ជា​ជនជាតិ​ចិន តាមរយៈ​ការ​បង់​ប្រាក់​ចិញ្ចឹម​មន្ត្រី​ទាំងនោះ​ជា​ប្រចាំខែ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា យល់​ឃើញ​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋជន​ឆបោក​តាម​អ៊ីនធឺណិត​នេះ ទាមទារ​ឱ្យ​មាន​ភាព​សុក្រឹត និង​ការ​ប្ដេជ្ញា​មុតមាំ ជាពិសេស​ឧក្រិដ្ឋកម្ម ដែល​មាន​អ្នក​មាន​អំណាច​នៅ​ពីក្រោយ។

លោក នី សុខា៖«អ៊ីចឹង ចង់​ឬ​មិន​ចង់ គឺ​នៅតែ​ប៉ះពាល់​ដល់​កិត្តិយស ទៅ​ដល់​តម្លៃ​របស់​ប្រទេស​កម្ពុជា​យើង​ដដែល។ អ៊ីចឹង​ហើយ ជា​រឿយៗ តែងតែ​មាន​របាយការណ៍​អំពី បណ្ដា​ប្រទេស​អន្តរជាតិ​មួយ​ចំនួន ដែល​បាន​ចេញ​មក​រក​ឃើញ​អំពី​ទីតាំង​លាក់​ទុក ពី​បញ្ហា​រឿង​រកស៊ី​មិន​ត្រឹមត្រូវ​នេះ»។

ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នេះ កាលពី​ថ្ងៃទី២១ ខែ​មករា មជ្ឈមណ្ឌល​សម្របសម្រួល​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់ មេគង្គ ឡានឆាង (Mekong- Lancang) បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​នៃ​ប្រតិបត្តិការ​ដែល​មាន​ឈ្មោះថា «សត្វ​សមុទ្រ» នៅ​ទីក្រុង​គុនមិញ(Kunming) ខេត្ត​យូណាន(Yunnan) ប្រទេស​ចិន(China)។ កិច្ចប្រជុំ​បាន​បង្ហាញ​លទ្ធផល​នៃ​ការ​ចាប់ខ្លួន​ឧក្រិដ្ឋជន​នៅ​ចន្លោះ​ខែ​សីហា ដល់​ខែ​ធ្នូ ឆ្នាំ២០២៤ នៅ​ក្នុង​ប្រទេស​តាម​ដងទន្លេ​មេគង្គ​ចំនួន៦ រួមមាន​កម្ពុជា​ចិន (China) ឡាវ (Laos) មីយ៉ាន់ម៉ា(Myanmar) ថៃ (Thai) និង​វៀតណាម (Vietnam) សរុប​ចំនួន​ជាង ៧ម៉ឺននាក់(៧០.០០០)។ នៅ​ក្នុង​ចំណោម​ឧក្រិដ្ឋជន​ទាំងនោះ ត្រូវ​បាន​កាត់ទោស​ចំនួន​ជាង ១៦០នាក់ និង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​បាន​ចំនួន​ជាង ១៦០នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។