ប្រជាពលរដ្ឋ បញ្ចេញមតិឈឺចាប់និងសោកស្ដាយចំពោះកម្មករសំណង់ដែលបានស្លាប់ និងរបួសចំនួន ៥៩នាក់ ដោយសាររលំបាក់អគារកម្ពស់ ៦ជាន់នៅក្នុងខេត្តកែប។ ពួកគេនៅតែទាមទារឱ្យស្ថាប័នជំនាញនិងមន្ត្រីពាក់ព័ន្ធក្នុងខេត្តកែប ទទួលខុសត្រូវចំពោះសោកនាដកម្មនេះ ដើម្បីទប់ស្កាត់ កុំឱ្យករណីដដែលកើតឡើងជាបន្តបន្ទាប់ទៀត។
ប្រជាពលរដ្ឋ និងក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមស៊ីវិលហ្វេសប៊ុក បង្ហាញអារម្មណ៍តក់ស្លុតដោយ មិននឹកស្មានដល់ថា ហេតុការណ៍បាក់រំលំអគារកម្ពស់៦ជាន់នៅខេត្តកែប បណ្ដាលឱ្យមនុស្សស្លាប់ កើនដល់ ៣៦នាក់ ក្នុងនោះមានស្រី១៤នាក់ និងក្មេងតូចៗចំនួន៦នាក់ ចំណែកអ្នករងរបួសមានចំនួន ២៣នាក់។

យុវជន គង់ រៃយ៉ា ដែលត្រូវរបបក្រុងភ្នំពេញចាប់ដាក់ពន្ធនាគារ២ដងទាំងអយុតិ្តធម៌ សម្តែងការសោកស្តាយចំពោះជនរងគ្រោះ និងបង្ហាញអារម្មណ៍ខឹងសម្បារចំពោះម្ចាស់សំណង់ និងអាជ្ញាធររដ្ឋ ដែលធ្វេសប្រហែលមិនបានបំពេញកាតព្វកិច្ចត្រួតពិនិត្យឱ្យបានត្រឹមត្រូវ និងហាមឃាត់សំណង់ អគារដែលសាងសង់ខុសបច្ចេកទេសបែបនេះ។ លោក គង់ រ៉ៃយ៉ា បន្តថា ការដែលសំណង់អគារ ខុសបច្ចេកទេស នៅតែអាចសាងសង់បាន គឺដោយសារតែអាជ្ញាធរជំនាញពាក់ព័ន្ធឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។ យុវជនកែម ឡី និយមរូបនេះ ទាមទារឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា និងអភិបាលខេត្តកែប លោក កែន សត្ថា ព្រមទាំងមន្ត្រីក្នុងស្ថាប័នជំនាញពាក់ព័ន្ធ គួរតែ មានភាពក្លាហានចុះចេញពីតំណែងនិងទទួលខុសត្រូវ។ ម្យ៉ាងវិញទៀត ប្រសិនបើលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន នៅបន្តឱបក្រសោបមន្ត្រីទាំងនេះ កាន់តែបង្ហាញថា លោកជាមេដឹកនាំអសមត្ថភាព និងគ្មានការទទួលខុសត្រូវគ្រប់រឿង៖ «ជាទូទៅ គាត់មិនដែលទទួលស្គាល់ថាខុសម្តងណាទេ តាំងពីរឿងព្រៃឈើនិងរឿងផ្សេងៗ ជាច្រើន គឺតែងតែថា ខ្លួនគាត់ត្រូវរហូត ហើយតែងតែការពារមន្ត្រីរបស់គាត់ដែលជាមនុស្សអសមត្ថភាព ឬជាមនុស្សកាចសាហាវឃោឃៅ។ករណីទាំងនេះហើយដែលធ្វើឲ្យប្រជាប្រិយភាពរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា កាន់តែធ្លាក់ចុះ»។
ពលករម្នាក់ទៀតដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង លោកស្រី ឃាន កុសល ក៏បង្ហាញការ ឈឺចាប់សោកស្ដាយដែរចំពោះសោកនាដកម្មបាក់រំលំអគារជាលើកទី៣នេះ ដែលបណ្ដាលឱ្យពលរដ្ឋក្រីក្រស្លាប់យ៉ាងវេទនាបំផុត។ លោកស្រីថា ករណីបែបនេះ នឹងមិនកើតមានញឹកញាប់ទេ ប្រសិនបើអាជ្ញាធររដ្ឋាភិបាលអនុវត្តច្បាប់បានត្រឹមត្រូវ៖ «បាក់អាគារមុនៗឈឺចាប់រួចហើយ ឥឡូវនេះបាក់ទៀត។នេះមិនមែនជារឿងសាមញ្ញដែលចេះតែកើតមាន ឡើងនោះទេ។ខ្ញុំគិតថា មានអំពើពុករលួយក្នុងនោះ ទើបមានបញ្ហាម្តងហើយម្តងទៀត។ អ្នកដែលទទួលខុសត្រូវករណីគឺរាប់តាំងពី អាជ្ញាធរមូលដ្ឋានដល់រដ្ឋាភិបាលតែម្តង ព្រោះការធ្វើសំណង់អ្វីមួយត្រូវសុំច្បាប់តាំងពីក្រោមដល់លើ»។
លោកស្រី ឃាន កុសល យល់ថា លោក ហ៊ុន សែន មិនអាចយកករណីបាក់អគារនៅប្រទេសគេមកធ្វើលេះដើម្បីគេចពីការទទួលខុសត្រូវបានទេ៖ «លោក ហ៊ុន សែន ថាប្រទេសផ្សេងក៏បាក់ដែរ ប៉ុន្តែករណីវាផ្សេងគ្នា។នៅខ្មែរបាក់ដោយសារតែមានអំពើពុក រលួយនិងការមិនយកចិត្តទុកដាក់ពីមន្ត្រីរបស់លោកហ៊ុន សែននេះឯង។នៅប្រទសកូរ៉េ គ្រាន់តែពលរដ្ឋលិចទូកស្លាប់ភ្លាមគឺមន្ត្រីរបស់គេលា លែងពីដំណែងភ្លាមដើម្បីបង្ហាញការទទួលខុសត្រូវ។នៅខ្មែរយើងស្លាប់មនុស្សច្រើនយ៉ាងនេះហើយ ហេតុអីមិនមានអ្នកទទួលខុសត្រូវ ។ករណីនេះត្រូវតែទទួលខុសត្រូវ»។
ប្រជាពលរដ្ឋម្នាក់ទៀត គឺ លោក ឈុន វាន សង្កេតឃើញថា មូលហេតុនៃការបាក់រលំអគារ និងអគារ ខុសបច្ចេកទេសកំពុងសាងសង់ឡើងយ៉ាងអនាធិបតេយ្យនេះ គឺដោយសារតែអាជ្ញាធរមិនបានត្រួតពិនិត្យឱ្យបានត្រឹមត្រូវនោះទេ ដោយសារទទួលបានការស៊ូកប៉ាន់។ ដូចអ្នកដទៃដែរ លោក ទាមទារ ឱ្យមន្ត្រីរដ្ឋាភិបាល ត្រូវតែទទួលខុសត្រូវ មិនអាចគេចវេះបានទេ ព្រោះការបាក់រលំអគារនេះ បណ្ដាលឱ្យប៉ះពាល់អាយុជីវិតកម្មករជាច្រើននាក់ និងប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេសផងដែរ៖ «ខ្ញុំយល់ថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលថា មិនឲ្យមន្ត្រីទទួលខុសត្រូវ ឬមិនដក ដំណែងមន្ត្រីចោល គឺជាការលើកទឹកចិត្តដល់មន្ត្រីផ្សេងៗ ទៀត ឲ្យបន្តធ្វេសប្រហែសនូវការសាងសង់អាគារធំៗ ដែលអាចនឹងកើតមានការបាក់រលំជាបន្តទៅទៀត។ ការនិយាយរបស់គាត់ គឺនិយាយឲ្យរួចខ្លួន និងបិទបាំងទង្វើអាក្រក់របស់ពួកគាត់»។

ក្នុងរយៈពេល៧ខែនេះ មានសំណង់អគារខ្ពស់ៗកំពុងសាងសង់ចំនួន៣ បានបាក់រលំរាបដល់ដីក្នុងនោះកាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៩ មានអគារកម្ពស់ ៧ជាន់ នៅខេត្តព្រះសីហនុ បាក់រលំបណ្ដាលឱ្យកម្មករសំណង់២៨ នាក់ស្លាប់ និងរបួស២៦នាក់។ បន្ទាប់មក នៅដើមខែធ្នូ នេះ បានបាក់រលំសាលាឆាន់កំពុងសាងសង់នៅវត្តគោកចក ក្នុងខេត្តសៀមរាប បណ្ដាលឱ្យកម្មករ ៣នាក់ស្លាប់ និង១៣នាក់រងរបួស។ ករណីចុងក្រោយនេះគឺបាក់រលំអគារកម្ពស់ ៦ជាន់ កំពុងសាងសង់នៅក្នុង ខេត្តកែប បណ្ដាលឱ្យកម្មករសំណង់ស្លាប់ ៣៦នាក់ និងរបួស ២៣នាក់។
ករណីបាក់រលំសំណង់ដែលសាងសង់ខុសបច្ចេកទេសទាំងនេះ គ្មានមន្ត្រីរដ្ឋាភិបាលណាម្នាក់ ត្រូវបាននាំមកផ្ដន្ទាទោស ឬដាក់ឱ្យទទួលខុសត្រូវឡើយ។
អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ (BWTUC) លោក យ៉ាន់ ធី ដែលចុះ ទៅដល់ទីតាំងកើតហេតុ ថ្លែងថា ករណីបាក់រលំអគារនេះ គឺអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកែបមាន ចំណែកទទួលខុសត្រូវ ព្រោះថា អាជ្ញាធរធ្វេសប្រហែសបណ្ដោយឱ្យសាងសង់អគារនោះ ទាំងបានដឹងថា អគារនោះសាងសង់ខុសបច្ចេកទេស និងសាងសង់ដល់ទៅ ៧ជាន់ ខណៈសុំច្បាប់អនុញ្ញាតតែ ៥ជាន់ប៉ុណ្ណោះ។ លោកសង្ស័យថា អាជ្ញាធរទទួលបានផលប្រយោជន៍ទើបបណ្តោយឱ្យអគារបែបនេះបន្តសាងសង់៖ «ខ្ញុំយល់ថា អ្នកទទួលខុសត្រូវមុនគេ គឺទី១ម្ចាស់សំណង់ ទី២គឺមានអាជ្ញាធរសមត្ថកិច្ចរួមមានមន្ទីរខេត្ត និងអាជ្ញាធរខេត្ត»។
លោក យ៉ាន់ ធី សម្ដែងការសោកស្តាយបំផុតដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងការពារមន្ត្រី របស់ខ្លួន ប៉ុន្តែបែរជាព្រមានចាត់វិធានការលើអ្នករិះគន់ទៅវិញ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជា មិន អាចលើកយករណីបាក់រលំអគារនៅស្រុកគេ មកប្រៀបធៀបនៅស្រុកខ្មែរបានទេ ព្រោះអ្វីដែល កំពុងកើតមាននៅស្រុកខ្មែរនេះ គឺដោយសារមន្ត្រីជំនាញពាក់ព័ន្ធមិនទទួលខុសត្រូវការងាររបស់ខ្លួន ឱ្យបានត្រឹមត្រូវ។ ម្យ៉ាងទៀត ប្រសិនបើមានការបាក់រលំអគារនៅស្រុកគេមែន ក៏រដ្ឋាភិបាលប្រទេសទាំងនោះ អនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះអ្នកពាក់ព័ន្ធ ធ្វើឱ្យគ្រួសារជនរងគ្រោះបានស្ងប់ចិត្តខ្លះដែរ៖ «ទោះបីមានកំហុសចេតនាក្តី អចេតនាក្តី ត្រូវតែមានអ្នកទទួលខុសត្រូវទោះបីក្នុងកម្រិតណាក៏ដោយ។ បើគាត់នៅតែមានវប្បធម៌ការពារមន្ត្រីរបស់គាត់បែបនេះទៀត ថ្ងៃក្រោយនេះ មានហេតុការណ៍អីផ្សេងទៀត»។
ចំណែកអ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ បញ្ចេញមតិដែរថា អ្នកទទួលខុសត្រូវសាងសង់ និងម្ចាស់សំណង់មិនត្រូវឱ្យរួចផុតពីបទព្រហ្ម ទណ្ឌ ដោយគ្រាន់តែចេញសំណងដល់ជនរងគ្រោះនោះឡើយ។ ករណីបាក់រលំអគារនៅខេត្តកែប នេះ មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ច ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដូចផ្ទាល់ដែរដើម្បីធានាឱ្យជនរងគ្រោះទទួលបានភាពយុត្តិធម៌។ លោកថា បើករណីនេះ ត្រូវបានអត់ឱននោះ បង្ហាញថា ការអនុវត្តច្បាប់មិនមានប្រសិទ្ធភាពទៅថ្ងៃអនាគត។
ក្រៅពីនេះ លោក ឃុន ថារ៉ូ ស្នើសុំឱ្យរដ្ឋាភិបាល ជាពិសេសក្រសួងរៀបចំដែនដី ត្រូវពង្រឹងការអនុវត្តបទដ្ឋានសុវត្ថិភាពនៅតាមការដ្ឋានសំណង់នីមួយៗ។ លោកពិនិត្យឃើញថា ការយកទីតាំងការដ្ឋានសំណង់ដែលកំពុងសាងសង់ ធ្វើជាកន្លែងស្នាក់នៅផង និងសាងសង់ផង គឺជាហានិភ័យខ្ពស់បំផុតដល់អាយុជីវិតមនុស្ស។ មន្ត្រីសិទ្ធិការងាររូបនេះ ក៏ទាមទារឱ្យរដ្ឋាភិបាលមានវិធានការចាំបាច់ក្នុងការជំរុញឱ្យក្រុមហ៊ុន សាងសង់នានា អនុវត្តឱ្យបានពេញលេញក្នុងការចុះបញ្ជីជាមួយអាជ្ញាធរជាតិរបបសន្តិសុខសង្គម (ប.ស.ស) មុនការចេញអាជ្ញាប័ណ្ណសាងសង់ដើម្បីធានាថា កម្មករទទួលបាននូវអត្ថប្រយោជន៍សេវា និងសំណងសមរម្យ នៅពេលដែលមានគ្រោះថ្នាក់ការងារកើតឡើង។
មជ្ឈមណ្ឌលសម្ពន្ធភាពការងារ និង សិទ្ធិមនុស្សរកឃើញថា នាពេលកន្លងមក កម្មករដែលបម្រើ ការងារនៅក្នុងវិស័យសំណង់មានចំនួនតិចតួចណាស់ ដែលមានធានារ៉ាប់រងនៅពេលដែលមាន ករណីគ្រោះថ្នាក់ការងារកើតឡើង។ មានកម្មករប្រមាណតែ ៩ ភាគរយប៉ុណ្ណោះដែលទទួលបាន ធានារ៉ាប់រង ផ្ដល់ឱ្យដោយនិយោជិក និងប្រមាណ ៥ភាគរយត្រូវបានចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។