ទស្សនៈ​ផ្សេងៗ​ចំពោះ​សុភាសិត "ទំពាំង​ស្នង​ឫស្សី"

សាធារណជន​មួយ​ចំនួន បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​អនាគត​យុវវ័យ​សព្វថ្ងៃ​នេះ ថា​នឹង​មាន​បញ្ហា​ប្រឈម​មុខ​នូវ​ភាព​ខ្វះខាត​ចំណេះ​ដឹង និង​មិន​អាច​ធ្វើ​ជា​ទំពាំង​ស្នង​ឫស្សី​ដូច​ដែល​សុភាសិត​បុរាណ​ខ្មែរ​បាន​លើក​ឡើង​នោះ​ទេ។
ដោយ កែវពេជ្រ មេត្តា
2013.03.01
Share on WhatsApp
Share on WhatsApp
យុវជន ១៤ កុម្ភៈ ៣០៥ យុវជន​កាយឫទ្ធិ​ជូន​អំណោយ​ដល់​គ្រូបង្រៀន នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី​ព្រឹក​ថ្ងៃ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Sochivy

"ទំពាំង​ស្នង​ឫស្សី" គឺ​ជា​សុភាសិត​បុរាណ​ខ្មែរ​មួយ​ក្នុង​ចំណោម​សុភាសិត​ជាច្រើន​ទៀត​ដែល​ដូនតា​ខ្មែរ​ក្នុង​សម័យ​មុនៗ​បាន​បង្កើត​ឡើង ដើម្បី​ទុក​ជា​ប្រយោជន៍​ដាស់​តឿន​អប់រំ​កូន​ចៅ​ឲ្យ​ដើរ​តាម​គន្លង​ធម៌​ល្អ មាន​សេចក្ដី​ថ្លៃថ្នូរ និង​ចម្រើន​រុង​រឿង​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

ពាក្យ "ទំពាំង​ស្នង​ឫស្សី" គឺ​ជា​ន័យ​ប្រៀបធៀប​មួយ​ដែល​ចាស់​ទុំ​លោក​ដៅ​ជា​សំខាន់​ទៅ​លើ​យុវជន​យុវតី​កូន​ចៅ​ជំនាន់​ក្រោយ ថា​ជា "ទំពាំង"។ ចំណែក​ឯ "ឫស្សី" វិញ គឺ​សំដៅ​ទៅ​លើ​មនុស្ស​ចាស់ ឬ​ជា​រៀមច្បង។

ឫស្សី និង​ទំពាំង ទាំង​ពីរ​នេះ​គឺ​ត្រូវ​ការ​ពឹង​ផ្អែក​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក ពោល​គឺ​ថា បើ​ឫស្សី​ដុះ​រឹងមាំ​បាន​ល្អ​នោះ ទំពាំង​ក៏​អាច​ដុះ​ធំ​ធាត់​លូត​លាស់​បាន​ល្អ​ទៅ​តាម​ឫស្សី​ដែរ នេះ​ចំពោះ​ន័យ​ធៀប។ ប៉ុន្តែ​បើ​ចំពោះ​ន័យ​ត្រង់​នោះ គឺ​ចាស់​ទុំ​ខ្មែរ​លោក​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​ស្នង​ត្រកូល ឬ​ការ​បន្ត​ធ្វើ​កិច្ច​ការ​ផង​ទាំង​ឡាយ​របស់​មនុស្ស​ចាស់​ជំនាន់​មុន។

ចំពោះ​ការ​ស្នង​ត្រកូល ឬ​ទំពាំង​ស្នង​ឫស្សី គេ​អាច​ធ្វើ​ទៅ​បាន​លុះត្រា​តែ​មនុស្ស​ជំនាន់​ក្រោយ​មាន​ចំណេះ​វិជ្ជា​អ្វី​មួយ​ឲ្យ​ពិត​ប្រាកដ​នៅ​ក្នុង​ខ្លួន ទើប​គេ​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ស្នង​ការងារ​ពី​មនុស្ស​ជំនាន់​មុន ហើយ​អាច​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​សង្គម​គ្រួសារ​តូច និង​សង្គម​ជាតិ។

លោក ជាង សុខា ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក​បាន​មាន​ប្រសាសន៍​ថា ទាក់ទង​នឹង​សុភាសិត "ទំពាំង​ស្នង​ឫស្សី" នេះ គឺ​ជា​ន័យ​ធៀប​មួយ​ដ៏​មាន​ប្រយោជន៍ ដែល​គេ​គប្បី​យក​មក​ពិចារណា ពីព្រោះ​ថា "ទំពាំង ឬ​យុវជន" ខ្មែរ​សព្វថ្ងៃ​នេះ កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​លំបាក​ជាច្រើន​ដែល​មិន​សូវ​រំពឹង​ថា​អាច​នឹង​ដុះ​លូត​លាស់​បាន​ល្អ​ទេ។

លោក ជាង សុខា៖ «វា​ជា​ការ​ព្រួយ​បារម្ភ​ដែរ​រឿង​ហ្នឹង ព្រោះ​បើ​យើង​ក្រឡេក​ទៅ​មើល​ឫស្សី គឺ​មនុស្ស​រៀម​ច្បង​យើង​ហ្នឹង គឺ​ប៉ះពាល់​អំពី​សង្គ្រាម​ស៊ីវិល​ជាច្រើន​សម័យ​កាល​រហូត​មក​ដល់​សម័យ​មួយ​ដែល​មាន​ឥទ្ធិពល​ធ្ងន់ធ្ងរ គឺ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ហ្នឹង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​ឫស្សី​របស់​យើង។ អា​នេះ​យើង​ឃើញ​តថភាព​ជាក់ស្ដែង គឺ​អីចឹង។ ដល់​ពេល​ប៉ះពាល់​ធ្ងន់ធ្ងរ​អ៊ីចឹង​ហើយ ទើប​មាន​ឥទ្ធិពល​ទៅ​លើ​ទំពាំង (យុវជន) ហ្នឹង​ដែល​ធ្វើ​ឲ្យ​ទំពាំង​ហ្នឹង​មិន​អាច​មាន​ភាព​រឹងមាំ ទាំង​បញ្ញា​ស្មារតី ក៏​ដូច​ជា​សុខភាព»

ទាក់ទង​នឹង​សុភាសិត "ទំពាំង​ស្នង​ឫស្សី" លោក សិទ្ធិ ជា​មាតា​បិតា​សិស្ស​មួយ​រូប​នៅ​ភ្នំពេញ បាន​មាន​ប្រសាសន៍​ប្រាប់​ដែរ​ថា សម្រាប់​សុភាសិត​នេះ គឺ​ចាស់​ទុំ​បុរាណ​ខ្មែរ​លោក​ចង់​អប់រំ​ដល់​មនុស្ស​ទាំង​វ័យ​ចាស់ និង​ទាំង​វ័យ​ក្មេង ពោល​គឺ​មនុស្ស​ចាស់​ដែល​ជា​ដើម​ឫស្សី​នោះ ក៏​ត្រូវ​មាន​គ្រឹះ​រឹងមាំ មាន​បទ​ពិសោធន៍ និង​ធ្វើ​ជា​គំរូ​ល្អ ដើម្បី​ឲ្យ​ទំពាំង​ជា​កូន​ចៅ​ប្រឹង​ដុះ​លូត​លាស់​ទៅ​តាម​គំរូ​ល្អ​របស់​មនុស្ស​ចាស់​ដែល​ជា​ដើម​ឫស្សី​នោះ។

មាតា​បិតា​ដដែល បាន​បន្ត​ថា ចំពោះ​យុវវ័យ​ដែល​តាង​ឲ្យ​ជា​ទំពាំង​សព្វថ្ងៃ គឺ​មិន​សូវ​បាន​ទទួល​គំរូ​ល្អ​ពី​មនុស្ស​ចាស់​ដែល​ថា​ជា​ឫស្សី​នោះ​ប៉ុន្មាន​ទេ ផ្ទុយ​ទៅ​វិញ ពួក​គេ​កំពុង​តែ​ទទួល​រង​នូវ​ឥទ្ធិពល​មិន​ល្អ​ពី​ដើម​ឫស្សី។ តួយ៉ាង​ដូច​ជា ឥទ្ធិពល​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ស៊ី​សំណូក​សូកប៉ាន់ ពិសេស​នៅ​ក្នុង​វិស័យ​អប់រំ ដូច​ជា​សូក​លុយ​ឲ្យ​គ្រូ​នៅ​ក្នុង​សាលា​រៀន​សព្វថ្ងៃ​នេះ​ជាដើម។

លោក សិទ្ធិ៖ «ជាពិសេស កូន​ខ្ញុំ​ហ្នឹង​ហើយ គាត់​ទៅ​រៀន​រាល់​ថ្ងៃ គាត់​យក​តែ​លុយ​ទៅ​បង់​ឲ្យ​គ្រូ ធ្វើ​ឲ្យ​ទំពាំង ឬ​កុមារ​ហ្នឹង ក៏​ដូច​យុវវ័យ គឺ​ថា​គាត់​ទទួល​ជ្រួតជ្រាប​អំពើ​ពុក​រលួយ​តាំង​ពី​បឋម​សិក្សា។ នេះ​ហើយ​គេ​ហៅ​ថា​ទំពាំង​ហ្នឹង​ចាប់​ផ្ដើម​ស្អុយ​តាំង​ពី​តូច​ហ្នឹង​ហើយ។ ទំពាំង​ហ្នឹង វា​មាន​កកិត​សំបក វា​មាន​រលួយ​តិចៗៗ វា​ជ្រួតជ្រាប​តែ​អំពើ​មិន​ល្អ​ហ្នឹង​ណា ហើយ​មួយ​ទៀត ពី​បញ្ហា​បរិយាកាស​សង្គម ដូច​ថា​សេពគប់​មិត្តភក្ដិ គ្រឿង​ញៀន​គ្រឿង​អី អីចឹង​ទៅ​ណា។ អា​ហ្នឹង គឺ​វា​ទាក់ទង​ទៅ​នឹង​ទំពាំង​យើង​ហើយៗ​ទៅ​ថ្ងៃ​ក្រោយ​ទៅ អ្នក​ទទួល​ខុស​ត្រូវ គឺ​រដ្ឋាភិបាល»

ទាក់ទង​នឹង​សុភាសិត "ទំពាំង​ស្នង​ឫស្សី" នេះ អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​បញ្ហា​សង្គម បាន​បញ្ជាក់​ថា ឫស្សី​ដែល​គេ​សំដៅ​ទៅ​លើ​មនុស្ស​ចាស់ ឬ​រៀម​ច្បង​នោះ គឺ​ជា​អ្នក​ជួយ​ផ្ដល់​ជីជាតិ និង​ជួយ និង​គាំទ្រ​សព្វ​បែប​យ៉ាង​ដល់​ទំពាំង ឬ​មនុស្ស​ជំនាន់​ក្រោយ។ ការ​ផ្ដល់​ជីជាតិ​នោះ រួម​មាន​ដូច​ជា ផ្ដល់​បទ​ពិសោធន៍ ជួយ​អប់រំ​បណ្ដុះ​បណ្ដាល​ចំណេះ​វិជ្ជា​ទូទៅ និង​ជំនាញ​ផ្សេងៗ ព្រម​ទាំង​ជួយ​អប់រំ​ទូន្មាន​ផ្នែក​សីលធម៌​រស់នៅ។ល។

បញ្ជាក់​ប្រាប់​ពី​បញ្ហា​នេះ​ដែរ យុវជន​មួយ​រូប​ឈ្មោះ ចៅ ស្រេង នៅ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ទំពាំង ឬ​យុវវ័យ​សព្វ​ថ្ងៃ​នេះ ដូច​ជា​រូប​គេ​ជាដើម គឺ​ពិត​ជា​មិន​ទាន់​អាច​ស្នង​ត្រកូល​ឫស្សី ឬ​ស្នង​ការងារ​របស់​មនុស្ស​ចាស់​បាន​នៅ​ឡើយ​ទេ។ បញ្ហា​នេះ គឺ​បណ្ដាល​មក​ពី​ឥទ្ធិពល​បរិយាកាស​សង្គម​ដែល​មាន​ទម្ងន់​ខ្លាំង​ជាង​បរិយាកាស​នៅ​ក្នុង​គ្រួសារ។

យុវជន​រូប​នោះ​បន្ត​ថា យុវជន ឬ​ទំពាំង​មួយ​ចំនួន​សព្វថ្ងៃ​នេះ កំពុង​តែ​រៀន​សិក្សា​ស្វែង​យល់​ពី​សង្គម​រស់នៅ​របស់​មនុស្ស​ចាស់ ឬ​ដើម​ឫស្សី។ ប៉ុន្តែ​សង្គម​មនុស្ស​ចាស់ ឬ​ដើម​ឫស្សី​នោះ ហាក់​មិន​ទាន់​បាន​ជួយ​ផ្ដល់​ឱកាស ឬ​ជួយ​ខ្នះខ្នែង​ដល់​យុវជន ឬ​ទំពាំង​របស់​ខ្លួន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ។ ជាក់ស្ដែង ដូច​ជា​មាន​យុវជន​ខ្លះ​ដែល​បាន​បញ្ចប់​ការ​សិក្សា​ហើយ ប៉ុន្តែ​ពួក​គេ​មិន​អាច​រក​ការងារ​ធ្វើ​បាន ដោយ​សារ​តែ​ខ្វះ​ការ​ជួយ​គាំទ្រ​ពី​មនុស្ស​ចាស់ ឬ​ដើម​ឫស្សី​នោះ​ឯង។

យុវជន  ចៅ ស្រេង៖ «បើ​យើង​ធ្វើ​ជា​ឫស្សី យើង​ត្រូវ​ធ្វើ​ជា​ឫស្សី​ដែល​មាន​សមត្ថភាព ជា​ឫស្សី​ដែល​មាន​គល់​រឹងមាំ ទើប​ជា​ឫស្សី​គំរូ។ យើង​មិន​អាច​ធ្វើ​ជា​ឫស្សី​កំពុក​បាន​ទេ។ បើ​យើង​ធ្វើ​ជា​ឫស្សី​កំពុក យើង​នឹង​បាន​ជា​ទំពាំង​មក​ជា​ទំពាំង​មួយ​គុម្ព​ដែល​កំពុក»

បញ្ហា​ទំពាំង​ស្នង​ឫស្សី​នេះ គេ​ឃើញ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ដែរ​ពី​សំណាក់​ប្រជាពលរដ្ឋ ជាពិសេស​ព្រឹទ្ធាចារ្យ​ចាស់​ទុំ ដោយ​លោក​លើក​ឡើង​ថា ទំពាំង ឬ​យុវវ័យ​ក្នុង​សម័យ​បច្ចុប្បន្ន អ្នក​ខ្លះ​គេ​ខំ​បណ្ដុះ និង​ប្រឹង​លូត​លាស់។ ប៉ុន្តែ​ទំពាំង ឬ​យុវជន​ខ្លះ​មិន​បាន​ប្រឹងប្រែង​ទេ។ ចាស់​ទុំ​ដដែល​បាន​បន្ថែម​ថា ទោះ​ជា​យ៉ាងណា​ក៏ដោយ បញ្ហា​នេះ​គឺ​ជា​បន្ទុក​របស់​ដើម​ឫស្សី ឬ​មនុស្ស​ចាស់ ពិសេស​ឫស្សី​រាជ​រដ្ឋាភិបាល ត្រូវ​តែ​ស្វែង​រក​វិធីសាស្ត្រ​ណា​មួយ ដើម្បី​ជួយ​ជំរុញ​បណ្ដុះ​ទំពាំង​យុវវ័យ​របស់​ខ្លួន​ឲ្យ​ទទួល​បាន​ផល​ល្អ។

លោក ជាង សុខា ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក​បាន​មាន​ប្រសាសន៍​ពី​បញ្ហា​នេះ​ដែរ​ថា ឫស្សី ឬ​រៀមច្បង ពិត​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ជួយ​បណ្ដុះ​ទំពាំង​យុវវ័យ ពីព្រោះ​នៅ​ពេល​ខាង​មុខ​នេះ កម្ពុជា នឹង​ស្ថិត​នៅ​ក្នុង​តំបន់​តែ​មួយ​នៃ​ប្រទេស​អាស៊ាន ដូច្នេះ​ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ក្នុង​តំបន់​នោះ នឹង​មាន​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ។ លោក​បាន​បន្ត​ថា បើ​ទំពាំង ឬ​យុវវ័យ​កម្ពុជា មិន​មាន​ធនធាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់​ទេ​នោះ គឺ​ជា​បញ្ហា​ប្រឈម​នឹង​ភាព​គ្មាន​ការងារ​ធ្វើ​កាន់​តែ​ខ្លាំង​សម្រាប់​សង្គម​កម្ពុជា។

លោក ជាង សុខា៖ «នៅ​ពេល​ដែល​ធ្វើ​សមាហរណកម្ម​ធនធាន ឬ​ក៏​ប្រជាពលរដ្ឋ​ក្នុង ១០​ប្រទេស​ហ្នឹង (អាស៊ាន) វា​ក្លាយ​ទៅ​ជា​ប្រជាពលរដ្ឋ​តំបន់។ អីចឹង ប្រជាពលរដ្ឋ​តំបន់​វា​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​ស្តង់ដារ​មួយ​ដែល​មនុស្ស​អាច​ធ្វើ​ការ​នៅ​ក្នុង​តំបន់​បាន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គំនិត​ដែល​ថា សហគមន៍​តែ​មួយ ទស្សនៈ​វិស័យ​តែ​មួយ ជោគ​វាសនា​តែ​មួយ​នោះ។ អីចឹង បើ​សិន​ជា​បច្ចុប្បន្ន​នេះ​យើង​មើល​ឃើញ​គម្លាត​នៃ​សេដ្ឋកិច្ច គម្លាត​នៃ​ចំណេះ​ដឹង​រវាង​ប្រទេស​ទាំង​១០​ហ្នឹង វា​ខុស​គ្នា​ថា តើ​វា​អាច​ឆ្លើយ​តប​ទៅ​នឹង​បំណង​ប្រាថ្នា​របស់​ថ្នាក់​ដឹក​នាំ ឬ​ក៏​រដ្ឋាភិបាល​របស់​ប្រទេស​ទាំង​១០​បាន​ដែរ​ឬ​ទេ?»

លោក​បាន​បញ្ជាក់​ទៀត​ថា សង្គម​ជាតិ​ខ្មែរ​សព្វ​ថ្ងៃ គប្បី​នាំ​គ្នា​ពិចារណា​អំពី​បញ្ហា​ទំពាំង​ស្នង​ឫស្សី​នេះ ហើយ​រួប​រួម​គ្នា​ជួយ​គាំទ្រ​ផ្ដល់​ជំនាញ​ចំណេះ​ដឹង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ពិសេស​ក្នុង​នោះ​យុវជន ឬ​ទំពាំង​ក៏​ត្រូវ​តែ​ប្រឹងប្រែង​បង្កើន​សមត្ថភាព​ចំណេះ​ដឹង ឬ​ដុះ​ដោយ​ខ្លួន​ឯង​ផង​ដែរ ទើប​អាច​ទទួល​បាន​នូវ​ធនធាន​មួយ​ប្រកប​ដោយ​និរន្តរភាព​យូរ​អង្វែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។