បក្ស​ក្រៅ​រដ្ឋាភិបាល​និង​ពលរដ្ឋ​ចោទ​មេឃុំ​មួយ​នៅ​ខេត្តកំពត​ថា ធ្វើ​ផ្លូវ​មិន​ហើយ​ប៉ុន្តែ​បាត់​លុយ

ដោយ សុជីវី
2023.12.04
បក្ស​ក្រៅ​រដ្ឋាភិបាល​និង​ពលរដ្ឋ​ចោទ​មេឃុំ​មួយ​នៅ​ខេត្តកំពត​ថា ធ្វើ​ផ្លូវ​មិន​ហើយ​ប៉ុន្តែ​បាត់​លុយ សាលាឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្ត​កំពត។
រូប៖ ហ្វេសប៊ុកសាលាឃុំ​ដំណាក់សុក្រំ

ជំទប់​ទី​១ និង​ទី​២ មក​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ដំណាក់សុក្រំ ស្រុក​ដងទង់ ខេត្ត​កំពត ទាមទារ​ឲ្យ​មេឃុំ​មកពី​គណបក្សកាន់អំណាច​បង្ហាញ​របាយការណ៍​ធ្វើ​ផ្លូវ កាល​ពី​ឆ្នាំ​២០២២ ដែល​ពួកគេ​អះអាង​ថា ការ​ធ្វើ​ផ្លូវ​នេះ​មាន​ភាព​មិនប្រក្រតី និង​អាច​មាន​ការប្រព្រឹត្ត​អំពើពុករលួយ ។ មេឃុំ​បក្ស​កាន់អំណាច​ថា មិនបាន​ប្រព្រឹត្ត​អំពើពុករលួយ​ដូច​ការចោទប្រកាន់​ឡើយ។

ជំទប់​ឃុំ​បក្ស​ក្រៅ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ទាមទារ​ឲ្យ​មេឃុំ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​របាយការណ៍​ចំណាយ​អភិវឌ្ឍន៍​នៅក្នុង​ឃុំ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ជា​សាធារណៈ។

ជំទប់​ទី​១ នៃ​ឃុំ​ដំណាក់​សុក្រំ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​(GDP) លោក អ៊ួន សុផល ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៣ ខែ​ធ្នូ ថា ផែនការ​ក្នុង​ឃុំ​នៅ​ឆ្នាំ​២០២២​ដែល​មាន​គម្រោង​ធ្វើ​ផ្លូវថ្នល់​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង​៦​គីឡូម៉ែត្រ ត្រូវ​ចំណាយ​លុយ​ជាង ១០០​លាន​រៀល​(​មួយរយ​ប្រាំ​ពីរ​លាន​ហាសិប​ប្រាំពីរ​ម៉ឺន ប្រាំពាន់រៀល) ចាប់ផ្ដើម​ធ្វើ​តាំង​ពី​ឆ្នាំ​២០២២​មក​នោះ រហូត​ដល់​ពេល​នេះ​ផ្លូវ​មួយ​នេះ​ធ្វើ​មិន​ទាន់​រួច​នៅ​ឡើយ​ទេ ដោយ​ផ្លូវ​នេះ​ទើប​ធ្វើ​បាន​ជាង ៤​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ លោក​បន្ត​ថា មេឃុំ​បក្ស​កាន់អំណាច និង​ស្មៀន​ដំណាក់សុក្រំ មិន​បង្ហាញ​របាយការណ៍​ចំណាយ​និង​ព័ត៌មាន​ជាក់លាក់​ទាំងអស់​នោះ​ឲ្យ​បក្ស​ដទៃ និង​ប្រជាពលរដ្ឋ​បាន​ដឹង​ឡើយ។

លោក អ៊ួន សុផល៖ «គណនា​ដែល​នៅសល់​ហ្នឹង​គឺ​នៅសល់​ប្រហែល ២២​លាន​រៀល អ៊ីចឹង​២២​លាន​គឺ​យើង​អត់​ដឹង​ថា នៅសល់​ប៉ុន្មាន អ៊ីចឹង​គឺ​យើង​សូម​ឱ្យ​ស្មៀន​ធ្វើ​របាយការណ៍​ក្នុង​ការ​សាងសង់​ហ្នឹង​គឺ​ចំណាយ​ប៉ុន្មាន​អ្វី​ប៉ុន្មាន ក្រោយពី​យើង​ធ្វើ​ផ្លូវ​អត់​គ្រប់​អ៊ីចឹង ហើយ​យើង​នឹង​យក​ទៅ​ទុក​នៅ​ណា អ៊ីចឹង​ហូត​មកដល់ពេលនេះ​គឺ​យើង​សូម​បី​បួន​ខែ​ហើយ​គឺ​ស្មៀន​មិនទាន់​បាន​ធ្វើ​របាយការណ៍​ឱ្យ​ក្រុមប្រឹក្សា​ឃុំ​ទេ»

ជំទប់​ទី​២ នៃ​ឃុំ​ដំណាក់​សុក្រំ​ដែល​មកពី​គណបក្ស​ភ្លើងទៀន លោក សឹម ផាន ឱ្យ​ដឹង​ថា កន្លង​មក​លោក​តែងតែ​ទាមទារ របាយការណ៍​ចំណូល​ចំណាយ​នៅក្នុង​ឃុំ និង​របាយការណ៍​ចំណាយ​ទៅលើ​ការ​អភិវឌ្ឍ ព្រមទាំង​ការ​ចំណាយ​ធ្វើ​ផ្លូវ​ប្រវែង​៦​គីឡូម៉ែត្រ ដែល​មិន​ទាន់​ធ្វើ​រួចរាល់​នោះ​ជា​រៀង​រាល់​ពេល​ប្រជុំ​ដែរ ប៉ុន្តែ​មេឃុំ​និង​ស្មៀន​មួយ​នេះ​មិន​មាន​ការ​ឆ្លើយ​តប​នោះ​ទេ។

លោក សឹម ផាន៖ «ធ្វើការ​ដូច​ថា​យើង​អត់​មាន​កម្លាំង​ធ្វើ​អ៊ីចឹង ធ្វើ​ទៅ​វា​អត់​បាន​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​យើង​អត់​សូវ​មាន​កម្លាំង​ធ្វើ អត់​ពេញចិត្ត​។ យើង​ជា​អ្នកបម្រើ យើង​អត់​បាន​បម្រើ​គាត់​ឱ្យ​បាន​ត្រឹមត្រូវ យើង​អត់​មាន​កម្លាំង​ធ្វើ​អ៊ីចឹង»

ទាក់ទិន​នឹង​បញ្ហា​នេះ ស្មៀនឃុំ​ដំណាក់សុក្រំ លោក សួន ណាគ្រីម សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះ​នោះ​ទេ គ្រាន់​តែ​បញ្ជាក់​ថា លោក​បាន​ធ្វើ​របាយការណ៍​បង្ហាញ​ទៅ​មេឃុំ​រួចរាល់​ហើយ។

ចំណែក​មេឃុំ​ដំណាក់សុក្រំ លោក ណី នន ច្រាន​ចោល​ការចោទប្រកាន់​របស់​ក្រុម​ប្រឹក្សា​ឃុំ និង​ប្រជា​ពលរដ្ឋ ដោយ​លោក​អះអាង​ថា អ្នក​ទាំងនោះ​ធ្វើឡើង​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់ ហើយ​លោក​ថា របាយការណ៍​ចំណាយ​ក្នុង​ឃុំ​លោក បាន​បង្ហាញ​ជា​រៀងរាល់​លើក​នៅក្នុង​កិច្ចប្រជុំ​ម្ដងៗ។

លោក សួន ណាគ្រីម៖ «ខ្ញុំ​ធ្វើ​អ្វី​សុទ្ធ​តែ​មាន​ឯកសារ​ភស្តុ​ង​របស់ខ្ញុំ​ត្រឹមត្រូវ​តើ​។ ខ្ញុំ​មិន​ការ​អ្វី​ត្រូវ​ឆ្លើយតប ប៉ុន្តែ​បើ​ចង់​បញ្ជាក់​បញ្ហា​អ្វី​ឱ្យ​មាន​ឯកសារ​ជាក់លាក់​ជាមួយ​ខ្ញុំ​មក កុំ​ចេះតែ​ថាៗ​គ្មាន​ឯកសារ​អ្វី​ត្រឹមត្រូវ​នេះ​អត់​យកជាការ​បានទេ ព្រោះ​ធ្វើ​អ្វី​សុទ្ធតែ​ចុះ​ហត្ថលេខា​ទាំងអស់​គ្នា ទទួលស្គាល់​ទាំងអស់​គ្នា»

ប្រជាពលរដ្ឋ​មួយចំនួន​ព្រួយបារម្ភ​ពី​ការគ្រប់គ្រង​ថវិកា​ឃុំ​មិន​បាន​ត្រឹមត្រូវ និង​មិន​បាន​បង្ហាញ​របាយការណ៍​ចំណូល​ចំណាយ​នៅក្នុង​ឃុំ​ឲ្យ​បាន​ទូលាយ​នេះ អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ជាក់​ជា​មិនខាន។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ដំណាក់សុក្រំ គឺ​លោកស្រី អ៊ុន សារ៉ាយ ឲ្យ​ដឹង​ថា កន្លង​មក​អាជ្ញាធរ​ឃុំ មិន​បាន​បង្ហាញ​ទិន្នន័យ ឬ​របាយការណ៍​ចំណូល​ចំណាយ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​នោះ​ទេ ហើយ​ការ​អភិវឌ្ឍ​ក្នុង​ឃុំ​ក៏​មាន​ការ​យឺតយ៉ាវ​ផង​ដែរ ។ លោកស្រី ទាមទារ​ឱ្យ​អាជ្ញាធរ​ឃុំ​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​ជាក់លាក់​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ដឹង និង​ត្រូវ​ធ្វើ​វេទិកាសាធារណៈ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​សួរដេញដោល​រឿង​នេះ។

លោកស្រី អ៊ុយ សារ៉ាយ៖ «បើសិនជា​ធ្វើ​ផ្លូវ​នៅ​ភូមិ​ហ្នឹង​គួរតែ​ពួកគាត់​និយាយ​ជា​សាធារណៈ​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ដឹង​ថា ផ្លូវ​ហ្នឹង​គេ​ធ្វើ​ពី​ណា​ទៅណា​ម៉េច​? អស់​លុយ​ប៉ុន្មាន​? លុយ​ហ្នឹង​មកពីណា​អ៊ីចឹង​? ជា​ផ្លូវ​របស់​ពី​ណា​អ្នកធ្វើ​អ៊ីចឹង​? ប៉ុន្តែ​យើង​វា​អត់​បាន​អ៊ីចឹង​ទេ»

នាយក​អង្គការ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ (API) លោក ឡាំ សុជាតិ យល់​ឃើញ​ថា តាមច្បាប់​រាល់​កិច្ចការ​នៅក្នុង​ឃុំ​រួម​ទាំង​របាយការណ៍​ថវិកា​ផង​នោះ អាជ្ញាធរ​ត្រូវ​បង្ហាញ​ជា​សាធារណៈ​ដើម្បី​ពលរដ្ឋ​ទាំងនោះ​បានដឹង ជៀសវាង​រង​ការរិះគន់​ពី​សាធារណជន ។ លោក​បន្ត​ថា ប្រសិនបើ​មិន​មាន​ការ​បើក​ទូលាយ​អំពី​ព័ត៌មាន​អភិវឌ្ឍន៍​នៅក្នុង​ឃុំ​នោះ​ទេ ឃុំ​មួយ​នេះ​នឹង​ខ្វះ​តម្លាភាព និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​រីកចម្រើន​ក្នុង​ឃុំ​ទៀត​ផង។

លោក ឡាំ សុជាតិ៖ «អ៊ីចឹង​វា​មាន​ន័យ​ថា ការ​អភិវឌ្ឍ ការ​ធ្វើ​លទ្ធកម្ម ឬក៏​អ្វី​ហ្នឹង​អាច​មិន​មាន​តម្លាភាព មិន​មាន​ការ​បើកចំហ​ព័ត៌មាន​ពេញលេញ​ទៅតាម​គោលការណ៍​លទ្ធកម្ម​របស់​ឃុំ ការ​អនុវត្ត​ជាក់ស្តែង​អាច​មិនបាន​អនុវត្ត​ពេញលេញ​ក្នុង​គោលការណ៍​តម្លាភាព និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ពេញលេញ អ៊ីចឹង​អាច​មាន​ករណី​មិន​ប្រក្រតី​អ្វី​កើតមានឡើង​នៅក្នុង​ដំណើរការ​ហ្នឹង​គឺ​អាច​ពលរដ្ឋ​អត់​ដឹង អត់​មាន​ការ​រាយការណ៍»

តារាង​វិភាជន៍​មូលនិធិ​ឃុំ​/​សង្កាត់ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ថវិកា​ឆ្នាំ​២០២៤ បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២៣ ឱ្យ​ដឹង​ថា ឃុំ​ដំណាក់​សុក្រំ នឹង​ទទួល​បាន​ថវិកា​ពី​រដ្ឋាភិបាល​សរុប​ចំនួន ៣៩២​លាន​រៀល​។ ក្នុង​នោះ ១៩៧​លាន​រៀល​ចំណាយ​សម្រាប់​រដ្ឋបាល ១០​លាន​រៀល​ចំណាយ​មិនបាន​គ្រោងទុក ៣៤​លាន​រៀល​ចំណាយ​សម្រាប់​សេវា​សង្គម និង​អនាម័យ​បរិស្ថាន និង​១៥១​លាន​រៀល​សម្រាប់​ចំណាយ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​មាន​ដូចជា​ផ្លូវថ្នល់ និង​ប្រឡាយ​ទឹក​ជាដើម។

របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​(TI)​ចេញផ្សាយ​នៅ​ខែមករា​ឆ្នាំ​២០២៣ បាន​ដាក់​ប្រទេស​កម្ពុជា នៅក្នុង​លេខ​រៀង​ទី​១៥០ ក្នុង​ចំណោម​ប្រទេស​១៨០​លើ​ពិភពលោក​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​។ របាយការណ៍​កំណត់​ថា នេះ​ជា​ចំណាត់ថ្នាក់​អាក្រក់​ដែល​ពលរដ្ឋ​រង​ទុក្ខ​ច្រើន​ដោយសារ​អំពើពុករលួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។