ក្រុមកសិករដាំបន្លែសរីរាង្គ បង្ហាញអំពីលទ្ធផលដែលផលិតបាន និងស្វែងរកវិធីថ្មី ដើម្បីបង្កើនផលិតកម្មបន្លែឲ្យប្រសើរឡើង។ ពិធីបង្ហាញនេះ ធ្វើឡើងនៅក្នុងសមាជកសិករប្រចាំឆ្នាំនៅថ្ងៃទី២២ និងទី២៣ ខែកក្កដា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន ដែលរៀបចំដោយអង្គការសេដាក (CEDAC)។
តាមរយៈអង្គសមាជ អង្គការសេដាក បានជំរុញឲ្យកសិករប្រើប្រាស់ប្រព័ន្ធតំណក់ទឹកក្នុងការដាំបន្លែ ដើម្បីបន្ថយការស្រោចទឹកខ្ជះខ្ជាយ និងសន្សំសំចៃទឹក។
កសិករដាំបន្លែជាង ១០០នាក់ មកពីខេត្តចំនួន៦ ជួបជុំគ្នាក្នុងសមាជកសិករ ដើម្បីប្រៀបធៀបអំពីផលចំណេញ និងខាត ក្នុងការប្រើប្រាស់ដីដាំដុះ ប្រាក់ចំណូល និងការចងក្រងកសិករជាក្រុម ក្នុងការជួញដូរបន្លែសរីរាង្គ។
ប្រធានអង្គការសេដាក លោកបណ្ឌិត យ៉ង សាំងកុមារ ថ្លែងថា សមាជកសិករដាំបន្លែសរីរាង្គ បានធ្វើឡើងបីឆ្នាំបន្តបន្ទាប់ ដើម្បីធានាគុណភាពបន្លែដែលកសិករដាំ ហើយលក់មកឲ្យទីផ្សារសេដាក ពិតជាបន្លែសរីរាង្គ គ្មានលាយសារធាតុគីមីក្នុងពេលដាំដុះ ពេលបំប៉ន និងកម្ចាត់សត្វល្អិត។ លោកថា ដើម្បីធានាថា បន្លែនោះពិតជាសរីរាង្គ អង្គការសេដាក មានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងប្រព័ន្ធធានាគ្នាទៅវិញទៅមក ដែលមានអ្នកចូលរួមវាយតម្លៃដោយអាជ្ញាធរមូលដ្ឋានដែរ។
លោកបណ្ឌិត យ៉ង សាំងកុមារ៖ «ព្រោះឥឡូវនៅទីផ្សារមានការច្របូកច្របល់ អ្នកខ្លះចេះតែថាធម្មជាតិ សរីរាង្គៗ ប៉ុន្តែយើងយល់ថា វាល្អ វាមានអ្នកដែលគិតអ៊ីចឹងៗ ប៉ុន្តែយើងអត់ចង់ឲ្យអ្នកឱកាសនិយម ចេះតែធ្វើឲ្យខូចឈ្មោះខូចមុខមាត់បន្លែ ឬផលិតផលទេ។ អ៊ីចឹងកសិករម្នាក់ៗ ជាកាតព្វកិច្ចគាត់ត្រូវតែមានសៀវភៅបន្ទុកដែលយើងឲ្យគាត់បំពេញទៅតាមវិធីសាស្ត្របច្ចេកទេសមួយចំនួនហ្នឹង។ ទន្ទឹមនឹងយើងបង្កើតឲ្យមានក្រុមអ្នកផលិត ដែលមានតំណាងក្រុម ហើយតំណាងក្រុមហ្នឹង ត្រូវជួយធានាជួយបញ្ជាក់គ្នាទៅវិញទៅមក។ មួយទៀត យើងទាមទារឲ្យមានការចូលរួមពីអាជ្ញាធរ ដូចជាមេភូមិ មេឃុំអ៊ីចឹង ដើម្បីឲ្យជួយតាមដានដឹងឭរឿងហ្នឹង ហើយមួយទៀតយើងមានក្រុមយើងចុះទៅត្រួតពិនិត្យបន្ថែម»។
លោកស្រី ទាវ ឆាត ប្រធានក្រុមដាំបន្លែលើរានមកពីស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ប្រៀបធៀបថា អ្នកដាំបន្លែប្រើប្រាស់ដីទំហំតូចជាងដីដាំស្រូវ ចំណាយដើមទុនតិច ទទួលប្រាក់ចំណូលច្រើន ហើយរហ័សបានផលជាងធ្វើស្រែ៖ «ក្នុងដី១អារហ្នឹង លក់ក្នុង១ឆ្នាំបានយ៉ាងតិចក៏ ១លានដែរ។ បើស្រូវលក់បានយ៉ាងខ្លាំង ១០ម៉ឺនអីទេដី១អារ ខុសគ្នាច្រើនមែនទែន។ ប៉ុន្តែដាំបន្លែទាល់តែយើងមានការឧស្សាហ៍ព្យាយាមថែទាំ»។
លោកស្រី យាយ រឿន មកពីភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្លែងថា បន្លែគាត់លក់ឲ្យផ្សារសេដាក គឺ១អាទិត្យ៣ថ្ងៃ ព្រោះអ្នកផលិតបន្លែសរីរាង្គមានគ្នាច្រើនក្រុម ត្រូវចែកគ្នាលក់ ព្រោះទីផ្សារលក់បន្លែសរីរាង្គលក់បានតម្លៃខ្ពស់ តែផ្សារសេដាក ទេ បើលក់ឲ្យផ្សារដទៃ អ្នកទិញមិនសូវហ៊ានថ្លៃ ព្រោះមិនសូវដឹងពីគុណភាពបន្លែ និងឱជារសរបស់វា៖ «គេមកយកបន្តិចៗដែរហ្នឹង បានម្នាក់ ៥គីឡូដែរ ស្ពៃចង្កឹះក៏ ៤.០០០ ដែរ ប៉ុន្តែ១អាទិត្យលក់៣ដង»។
លោក យ៉ង សាំងកុមារ ឲ្យដឹងថា កសិករផលិតបន្លែសរីរាង្គមានចំនួន ៦ខេត្ត គឺកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ សៀមរាប កំពត និងខេត្តតាកែវ ដែលបានផ្តល់បន្លែសរីរាង្គសម្រាប់ផ្សារសេដាក មានចំនួន ៣០០គីឡូក្រាមក្នុង១ថ្ងៃ។
សមាជកសិករដាំបន្លែសរីរាង្គឆ្នាំ២០១៤ ប្រារព្ធឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ក្នុងបំណងចែករំលែកបទពិសោធន៍ជាក់ស្តែងរបស់ក្រុមផលិតបន្លែសរីរាង្គ ដល់អ្នកចូលរួម គឺជាពិសេស ក្រុមយុវជនក្នុងវិស័យកសិកម្ម ពង្រឹងការងារផ្សារភ្ជាប់ទីផ្សាររបស់ក្រុមផលិតបន្លែសរីរាង្គ ទៅផ្សារកសិផលធម្មជាតិ ជំរុញការផ្លាស់ប្ដូរផលិតកម្មព័ត៌មានទីផ្សារ និងការចងក្រងបណ្ដាញអ្នកផលិតនៅថ្នាក់ជាតិ ស្វែងយល់អំពីប្រព័ន្ធស្រោចស្រពតំណក់ទឹក និងគ្រាប់ពូជបន្លែ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។