សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ច្បាប់​ចំពោះ​សំណង់​អគារ​លោក ប៉ា សុជាតិវង្ស

0:00 / 0:00

អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម ទទូច​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ជំនាញ នៃ​រាជរដ្ឋាភិបាល ឲ្យ​មាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ ទៅលើ​សកម្មភាព​សាងសង់​អាគារ​ខុនដូ​កម្ពស់ ១៩​ជាន់ របស់ អតីត​អភិបាល​រាជធានី​ភ្នំពេញ ដែល​សង់​ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​ជិតខាង ហើយ​គេច​មិន​ទទួលខុសត្រូវ។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន បាន​ស្នើ​ដល់ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​ស្ថាប័ន​តុលាការ ជាពិសេស​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ឲ្យ​ជួយ​ពិនិត្យ​ទៅលើ​សំណង់​អាគារ​ខុនដូ​កម្ពស់ ១៩​ជាន់ ដែល​មាន​ម្ចាស់​ឈ្មោះ លោក ប៉ា សុជាតិវង្ស អតីត​អភិបាល​រាជធានី​ភ្នំពេញ និង​ភរិយា​ឈ្មោះ អ៊ួន សុណ្ណារិន្ទ មាន​ទីតាំងនៅ​ផ្លូវ​លេខ​១០៧ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដែល​បាន​សង់​នាំ​ឲ្យ​បាក់​ស្រុត​ផ្ទះ របស់​ប្រជាពលរដ្ឋ​ជិតខាង​ជាមួយគ្នា។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់ នៃ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ស្នើ​ឲ្យ​រដ្ឋាភិបាល ពិសេស​ក្រសួង​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ ចំពោះ​ទង្វើ​ខុសឆ្គង របស់​អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស និង​ភរិយា អ្នកស្រី អ៊ួន សុវណ្ណារិន្ទ ដែល​សង់​សំណង់​អាគារ​ខុនដូ​ប៉ះពាល់​ដល់​ផ្ទះ​ពលរដ្ឋ​ជិតខាង ហើយ​គេច​មិន​ទទួលខុសត្រូវ។

លោក ករុណា ផ្ដល់​មតិ​ថា មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល ដែល​មាន​តួនាទី​ខ្ពស់ គួរ​ធ្វើជា​គំរូ​ល្អ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ មិនមែន​អាង​ខ្លួន​ជា​មន្ត្រី​ជាន់ខ្ពស់ ក្នុង​ជួរ​រដ្ឋាភិបាល បែរជា​ទៅ​ប្រើ​អំណាច​បុណ្យស័ក្ដិ ដើម្បី​គំរាមកំហែង​ប្រជាពលរដ្ឋ​គ្មាន​ឋានៈ​បុណ្យស័ក្ដិ​នោះ​ទេ។ លោក​ថា ឥរិយាបថ​របៀប​នេះ បាន​ប៉ះពាល់​ដល់​កិត្តិយស របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ធ្ងន់ធ្ងរ ជាពិសេស​នាំ​ឲ្យ​ប្រជាពលរដ្ឋ​អស់​ជំនឿ​ទៅលើ​ការដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​ទៅវិញ​ទេ។

បន្ថែម​លើ​នេះ លោក ស៊ឹង សែន​ករុណា មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​កត់​សម្គាល់​ថា កន្លងមក សង្កេតឃើញ ឈ្មួញ​មានទ្រព្យ និង​មន្ត្រី​មានអំណាច​ភាគច្រើន មិនបាន​អនុវត្ត​ច្បាប់​សំណង់ ឬ​ច្បាប់​សាងសង់ ឲ្យ​បាន​ត្រឹមត្រូវ​ទេ ដោយ​សំណង់​អាគារ​ធំៗ​មួយ​ចំនួន របស់​ពួកគេ បាន​សាងសង់ ដោយ​មិន​មាន​សុំច្បាប់​សាងសង់ ពី​អាជ្ញាធរ​ជំនាញ​ជាមុន​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។

ត្រង់​ចំណុច​នេះ មន្ត្រី​សមាគម​អាដហុក​រូប​នេះ បាន​ស្នើ​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជួយ​ពង្រឹង​ការអនុវត្ត​ច្បាប់​សាងសង់​នេះ ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ ជាពិសេស​ត្រូវ​ពិនិត្យ​ទៅលើ​សកម្មភាព​សំណង់​អាគារ​ខុនដូ​កម្ពស់ ១៩​ជាន់ របស់​លោក ប៉ា សុជាតិវង្ស ថា​តើ​ការសាងសង់​នេះ មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ដែរ​ឬទេ។

លោក ស៊ឹង សែនករុណ សំណូមពរ​ថា ប្រសិនបើ​ក្រសួង​ដែនដី រក​ឃើញ​កំហុស​ឆ្គង​ថា ពិតជា​សំណង់​នេះ សង់​គ្មាន​ច្បាប់​អនុញ្ញាត​សាងសង់​ជាដើម​នោះ ត្រូវ​តែ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ឲ្យ​បាន​ធ្ងន់ធ្ងរ ដោយ​មិន​ត្រូវ​បង្កើត​ឲ្យ​វប្ប​ធ៌​ម​បក្សពួកនិយម និង​អំពើពុករលួយ បន្ត​កើតមាន​ដូច​កន្លង​ទៅទៀត​ទេ។

ទាក់ទិន​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧ លោកស្រី កែវ ណាទី ជា​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​លេខ​២៥៣ ផ្លូវ លេខ​១០៧ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ។ លោកស្រី​បាន​បាន​ដាក់​លិខិត​ជូន លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី សុំ​ប្ដឹង​លោក ប៉ា សុជាតិវង្ស និង​ភរិយា ជា​ម្ចាស់ ដីឡូត៍​លេខ ៤៨ នៅ​ជាប់​ផ្លូវ​លេខ ១១១ ទល់​ខ្នង​ដី​ឡូត៍​ផ្ទះ របស់​គាត់ ថា​បាន​សង់​អាគារ​កម្ពស់ ១៩​ជាន់ នាំ​ឲ្យ​ប៉ះពាល់​បាក់​ស្រុត​ផ្ទះ​គាត់​ស្ទើរ​ទាំងស្រុង​នា​ពេល​កន្លង​មក​នេះ។

ពាក្យ​បណ្តឹង របស់ លោកស្រី កែវ ណាទី បាន​ស្នើ​ឲ្យ លោក ជា សុផារ៉ា ជួយ​ផ្អាក​សកម្មភាព​សាងសង់​អាគារ​ខុនដូ​កម្ពស់ ១៩​ជាន់ របស់ លោក ប៉ា សុជាតិវង្ស អតីត​អភិបាល​រាជធានី​ភ្នំពេញ ជាបន្ទាន់​សិន ដើម្បី​ឲ្យ​ម្ចាស់​អាគារ​ខុនដូ​នេះ ផ្ដល់​សំណង​ការខូចខាត​ពី​ការ​បាក់​ស្រុត​ផ្ទះ ឬ​សង់ផ្ទះ​ថ្មី​ជូន​លោកស្រី​ជា​មុន​សិន ទើប​ឲ្យ​បន្ត​ការសាងសង់​ទៀត។

ទោះ​យ៉ាង​នេះ​ក្ដី លោកស្រី កែវ ណាទី បាន​ឲ្យ​ដឹង​ថា រហូតមកដល់​ពេលនេះ លោក ប៉ា សុជាតិវង្ស និង​ភរិយា មិនទាន់បាន​ដោះស្រាយ​សំណង​ខូចខាត​ពី​ការ​បាក់​ស្រុត​ផ្ទះ ជូន​លោកស្រី​ទេ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែ​តុលា។ ជាង​នេះ​ទៀត សកម្មភាព​សាងសង់​ខុនដូ​នេះ ក៏បាន​បន្ត​ធ្វើ​សកម្មភាព​រាល់ថ្ងៃ ដោយ​មិន​ស្ដាប់​តាម​លិខិត​ឲ្យ​ផ្អាក​សកម្មភាព​សាងសង់​ជា​បណ្ដោះអាសន្ន របស់​ក្រសួង​រៀបចំ​ដែនដី​នោះ​ទេ។

អាគារ​ខុនដូ កម្ពស់ ១៩​ជាន់ របស់​លោក ប៉ា សុជាតិវង្ស និង​អ្នកស្រី អ៊ួន សុវណ្ណារិន្ទ នៅ​ផ្លូវ​លេខ ២៣២ កែង​ផ្លូវ​លេខ ១១១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ ដែល​ប៉ះ​ពាល់​ផ្ទះ​ពលរដ្ឋ។ រូប​ថត​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​២០១៧។
អាគារ​ខុនដូ កម្ពស់ ១៩​ជាន់ របស់​លោក ប៉ា សុជាតិវង្ស និង​អ្នកស្រី អ៊ួន សុវណ្ណារិន្ទ នៅ​ផ្លូវ​លេខ ២៣២ កែង​ផ្លូវ​លេខ ១១១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ ដែល​ប៉ះ​ពាល់​ផ្ទះ​ពលរដ្ឋ។ រូប​ថត​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​២០១៧។ (RFA)

ក្រសួង​រៀបចំ​ដែនដី កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៧ បាន​ចេញ​លិខិត​ផ្អាក​ការដ្ឋាន​កម្ពស់ ១៩​ជាន់ របស់ អ្នកស្រី អ៊ួន សុវណ្ណារិន្ទ មាន​ទីតាំង​នៅ​លើ​ដី​ឡូត៍​មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខ ភព ១៣៦៧៥ ផ្លូវ​លេខ ២៣២ កែង​ផ្លូវ​លេខ ១១១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ។ លិខិត​ផ្អាក​ដំណើរការ​សាងសង់​នេះ ដោយ​សំអាង​ថា សកម្មភាព​សាងសង់​អាគារ​ខុនដូ កម្ពស់ ១៩​ជាន់ របស់​លោក ប៉ា សុជាតិវង្ស និង​អ្នកស្រី អ៊ួន សុវណ្ណារិន្ទ បាន​សង់​ដោយ​គ្មាន​លិខិតអនុញ្ញាត​បើក​ការដ្ឋាន និង​មាន​ពាក្យ​បណ្តឹង​ពី​អ្នកជិតខាង។

លិខិត​ចុះ​ថ្ងៃ​ទី​២០ ខែ​មិថុនា មាន​ចុះហត្ថលេខា និង​បោះត្រា លោក ហ៊ុយ ណារ៉ា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សំណង់ បាន​ជម្រាប់​ជូន អ្នកស្រី អ៊ួន សុវណ្ណារិន្ទ ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន ចាប់ពី​ថ្ងៃ​ចេញ​លិខិត ផ្អាក​ការដ្ឋាន​នេះ​តទៅ។ ប៉ុន្តែ​ក្នុង​ករណី​ការដ្ឋាន របស់​អ្នកស្រី អ៊ួន សុវណ្ណារិន មិនបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​នោះ​ទេ អ្នកស្រី ត្រូវ​ប្រឈមមុខ នឹង​វិធានការ​ផ្លូវច្បាប់​ជា​ធរមាន​។​

​ទោះជា​បែបនេះ​ក្តី លោកស្រី កែវ ណា​ទី ពលរដ្ឋ​រងគ្រោះ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា សកម្មភាព​សាងសង់​សំណង់​អាគារ​ខុនដូ កម្ពស់ ១៩​ជាន់ របស់ លោក ប៉ា សុជាតិវង្ស និង​អ្នកស្រី អ៊ួន សុវណ្ណារិន្ទ បាន​បន្ត​សកម្មភាព​រាល់​ថ្ងៃ ទោះ​មាន​លិខិត​ផ្អាក​ការសាងសង់​ពី​ក្រសួង​រៀបចំ​ដែនដី គឺ​ពួកគេ​មិន​អនុវត្ត​តាម​នោះ​ទេ​។

ផ្ដើម​ពី​បញ្ហា​នេះ អ្នកស្រី កែវ ណាទី បាន​សំណូមពរ​ជា​ថ្មី​ទៀត​ដល់ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ជាពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​អន្តរាគមន៍​លើ​ករណី​នេះ​ជូន​គ្រួសារ​អ្នកស្រី ដែល​ជា​មន្ត្រីរាជការ​មាន​ឋានៈ​តូច​ទាប​នេះ​ដោយ​អនុគ្រោះ​ផង។

អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ ជុំ​វិការ​ចោទប្រកាន់​នេះ​ពី លោក ប៉ា សុជាតិវង្ស និង​អ្នកស្រី អ៊ួន សុវណ្ណារិន្ទ ម្ចាស់​សំណង់​អាគារ ១៩​ជាន់ ដែល​ត្រូវ​អ្នកស្រី កែវ ណាទី ប្ដឹង​ចោទ​នេះ​បានទេ នៅ​ថ្ងៃ​ទី​១២ ខែ​តុលា។

យ៉ាងណា នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​លោក​ស្រី កែវ ណាទី ដាក់​ជូន លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ថា កន្លងមក លោក ប៉ា សុជាតិវង្ស និង អ្នកស្រី អ៊ួន សុវណ្ណារិន្ទ ធ្លាប់​បាន​ជួល​ក្រុមហ៊ុន​ធានារ៉ាប់រង ឲ្យ​មក​វាយតម្លៃ សង​ការខូចខាត​ពី​ការ​បាក់​ស្រុត​ផ្ទះ​លោកស្រី​ម្ដង​ហើយ ប៉ុន្តែ​លោកស្រី​មិនបាន​ឯកភាព ដោយសារ​ក្រុមហ៊ុន​នោះ បាន​វាយតម្លៃ​នៃ​ការខូចខាត​មិនបាន​សមរម្យ ទៅលើ​ទំហំ​នៃ​ការ​បាក់​ស្រុត​ផ្ទះ​លោកស្រី​ទេ ទើប​លោកស្រី សម្រេច​ដាក់ពាក្យ​បណ្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ពី លោក ជា សុផារ៉ា ស្នើសុំ​ផ្អាក​ការសាងសង់​អគារ​កម្ពស់ ១៩​ជាន់​នេះ បណ្ដោះអាសន្ន ដើម្បី​ស្នើ​ឲ្យ​ម្ចាស់​សំណង់​នេះ សង​ការខូចខាត​ជា​មុន​សិន ព្រោះ​ផ្ទះ​លោកស្រី បាន​បាក់​ស្រុត​ស្ទើរ​ទាំងស្រុង​អស់​ទៅ​ហើយ។ លោកស្រី ឲ្យ​ដឹង​ថា រាល់​ថ្ងៃ​នេះ​ក្រុម​គ្រួសារ​លោកស្រី មានការ​ភ័យខ្លាច​មិន​អាច​ចូល​រស់នៅ​ក្នុង​ផ្ទះ របស់​ខ្លួន​បាន​ទៀត​ទេ ព្រោះ​បារម្ភ​ខ្លាច​ផ្ទះ​នេះ បាក់​ស្រុត ទើប​ទាមទារ​ឲ្យ លោក ប៉ា សុជាតិវង្ស និង​អ្នកស្រី អ៊ួន សុវណ្ណារិន្ទ ម្ចាស់​សំណង់​អាគារ​ខុនដូ​កម្ពស់ ១៩​ជាន់​នេះ ត្រូវ​សង​ផ្ទះ​ថ្មី​ទាំងមូល ជូន​គ្រួសារ​លោកស្រី​បាន​រស់នៅ​ដូចដើម​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។