កងកម្លាំងរក្សាសន្តិភាព១៥២នាក់ត្រឡប់មកដល់កម្ពុជា
2013.04.06

កងកម្លាំងរក្សាសន្តិភាពកម្ពុជា ក្នុងនាមអង្គការសហប្រជាជាតិ បានរិលត្រឡប់មកដល់កម្ពុជា វិញនៅថ្ងៃទី៦ មេសា បន្ទាប់ពីបានបំពេញបេសកកម្មរយៈពេល ១ឆ្នាំលើការចូលរួមការពារសន្តិសុខនៅប្រទេសស៊ូដង់ខាងត្បូង។
បេសកកម្មសំខាន់ គឺការពារសណ្ដាប់ធ្នាប់សាធារណៈ និងការត្រួតពិនិត្យគ្រោះថ្នាក់ចរាចរណ៍ រួមទាំងបញ្ហាសន្តិសុខផ្សេងៗ។ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន បានស្វាគមន៍ការវិលត្រឡប់នោះ ហើយចាត់ទុកជាបេសកកម្មប្រកបដោយមនុស្សធម៌ និងជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
ប្រជាពលរដ្ឋរាប់រយនាក់ បានរង់ចាំទន្ទឹងមើលផ្លូវសាច់ញាតិរបស់គេពីការវិលត្រឡប់ពីប្រទេសស៊ូដង់ខាងត្បូង ដែលបានបំពេញភារកិច្ចរយៈពេលមួយឆ្នាំ ជាកងកម្លាំងរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ កងកម្លាំងរបស់កម្ពុជា ចំនួន ១៥២នាក់ បានមកដល់ប្រទេសកម្ពុជា នៅមូលដ្ឋានកងទ័ពអាកាសពោធិ៍ចិនតុង នៅថ្ងៃទី៦ មេសា។ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ទាំងនោះ បានបង្ហាញអំពីទឹកចិត្តសប្បាយរីករាយ និងទទួលបានបទពិសោធន៍យ៉ាងច្រើនពីបេសកកម្ម។
លោក ផាត ចំណាន ជាមន្ត្រីកងកម្លាំងរក្សាសន្តិសុខ បានឲ្យដឹងថា លោកមិននឹកស្មានថា កងកម្លាំងកម្ពុជា អាចក្លាយជាកងកម្លាំងរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនៅលើឆាកអន្តរជាតិឡើយ។ លោកមានមោទនភាពយ៉ាងខ្លាំង ដែលបំពេញភារកិច្ចដែលមានតម្លៃនៅក្នុងកម្រិតអន្តរជាតិ លើការការពារសន្តិសុខនៅប្រទេសស៊ូដង់ខាងត្បូង។
លោក ផាត ចំណាន បញ្ជាក់ទៀតថា ស្ថានភាពប្រជាពលរដ្ឋស៊ូដង់ មានអស្ថិរភាពនៅឡើយ ជាពិសេសការធ្វើចរាចរណ៍ ការប្រើប្រាស់ទឹកស្អាត និងមានជម្លោះដណ្ដើមអំណាចគ្នានៅឡើយ។
ចំណែកកងកម្លាំងកម្ពុជា ម្នាក់ទៀត កញ្ញា ចាប ចន្ធី បានឲ្យដឹងថា ការបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង នេះ គឺជាលើកទីមួយ។ ក្រៅពីបំពេញតួនាទីសំខាន់នៃបេសកកម្មលើការត្រួតពិនិត្យសណ្ដាប់ធ្នាប់សាធារណៈ និងគ្រោះថ្នាក់ចរាចរណ៍ បទពិសោធន៍ដែលកញ្ញាទទួលបាន គឺការយល់ដឹងពីវប្បធម៌ និងប្រពៃណីរបស់ប្រទេសនេះ។
កញ្ញា ចាប ចន្ធី បានបញ្ជាក់ទៀតថា នៅទូទាំងប្រទេសស៊ូដង់ខាងត្បូង នៅមានបញ្ហាអសន្តិសុខធ្ងន់ធ្ងរច្រើនរវាងប្រជាពលរដ្ឋ ប៉ុន្តែបញ្ហានេះមិនជះឥទ្ធិពលដល់ការបំពេញបេសកកម្មរបស់កងកម្លាំងរក្សាសន្តិសុខកម្ពុជា ឡើយ។
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន មានប្រសាសន៍ថា បេសកកម្មរបស់កងកម្លាំងរក្សាសន្តិសុខកម្ពុជា ជាបេសកកម្មប្រកបដោយមនុស្សធម៌ចំពោះការការពារសណ្ដាប់ធ្នាប់នៅប្រទេសស៊ូដង់ខាងត្បូង។ បន្ថែមលើនេះ ប្រទេសកម្ពុជា បានចាត់ទុកថា ការរក្សាសន្តិសុខអន្តរជាតិ ជារឿងមួយដ៏ត្រឹមត្រូវ ជាពិសេសផ្ដោតលើនយោបាយការទូត ការពារសន្តិសុខ។
លោក ប៉ុល សារឿន មានប្រសាសន៍ថា ប្រទេសកម្ពុជា បានបញ្ជូនកម្លាំងរក្សាសន្តិសុខជាច្រើននាក់ទៅប្រទេសជាច្រើន ដូចជាលីបង់ ឆាត អាហ្វ្រិកកណ្ដាល និងប្រទេសស៊ូដង់ ជាដើម។
ទោះជាយ៉ាងណាក៏ដោយ ក្រុមរក្សាសន្តិសុខរបស់កម្ពុជា នៅប្រទេសស៊ូដង់ខាងត្បូង រួមមានកងអាវុធហត្ថ និងកងពេទ្យ សរុបចំនួន ១៥២នាក់ បានចុះបំពេញភារកិច្ចនៅក្នុង ៦រដ្ឋនៅទូទាំងប្រទេស ក្នុងនោះរួមមាន ការអង្កេតគ្រោះថ្នាក់ចរាចរណ៍ ឧបទ្ទវហេតុ បទល្មើសព្រហ្មទណ្ឌប្រមាណ ៨០ករណី។ បន្ថែមលើនេះ ក្រុមរក្សាសន្តិសុខ ក៏ចុះត្រួតពិនិត្យការសេពគ្រឿងស្រវឹងពេលបើកបរ និងការសម្រួលចរាចរណ៍នៅអាកាសយានដ្ឋានផងដែរ។
ក្រៅពីការងារសំខាន់ទាំងនេះ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ក៏បានចុះល្បាតដោយថ្មើរជើង ដោយយានយន្ត ការពារក្បួនរថយន្តរបស់គណៈប្រតិភូជាន់ខ្ពស់ ជាដើម។ បន្ទាប់ពីវិលត្រឡប់មកកម្ពុជា វិញ កងកម្លាំងអាវុធហត្ថក៏បានបង្រៀនដល់កងកម្លាំងអាវុធហត្ថរបស់ស៊ូដង់ខាងត្បូង បានមួយចំនួនដែរ។ ប្រទេសកម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិសុខចំនួនពីរលើកហើយទៅប្រទេសស៊ូដង់ខាងត្បូង បន្ទាប់ប្រទេសនេះទទួលបានឯករាជ្យនៅឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។