លោក ព្រាប កុល រក្សា​ជំហរ​ប្ដឹង​លោក យ៉ង ប៉ាក់ ដែល​ចោទ​លោក​ថា កិបកេង​លុយ ៨០​លាន ដុល្លារ

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល លោក ព្រាប កុល អះអាង​ថា លោក​នឹង​មិន​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​វិញ​នោះ​ឡើយ បើ​ទោះ​បី​ជា​លោក យ៉ង ប៉ាក់ ដែល​លាតត្រដាង​ថា លោក​កិបកេង​លុយ​ក្រុមហ៊ុន ស៊ី.អាយ.ស៊ី (CIC) ប្រមាណ ៨០​លាន​ដុល្លារ បាន​ផ្ញើ​ពាក្យ​សុំ​ទោស​តាម​មេធាវី​មកកាន់​លោក​ក្ដី​។ មន្ត្រី​សង្គម​ស៊ីវិល យល់ឃើញ​ថា តុលាការ​គួរ​បើក​សិទ្ធិ​ឱ្យ​លោក យ៉ង ប៉ាក់ បាន​តតាំង​ក្ដី​ក្នុង​ករណី​នេះ។

លោក ព្រាប កុល ដែល​រង​ការ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​លុយ ៨០​លាន​ដុល្លារ របស់​ក្រុមហ៊ុន​វិនិយោគ​ស៊ី.អាយ.ស៊ី រក្សា​ជំហរ​ថា លោក​នឹង​មិន​ដក​ពាក្យបណ្ដឹង​ពី​លោក យ៉ង ប៉ាក់ នោះ​ទេ ដោយ​លើកឡើង​ថា លោក​ធ្លាប់​ទុក​ឱកាស​ឱ្យ​លោក យ៉ង ប៉ាក់ សុំទោស​ម្ដង​រួច​ហើយ។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក ព្រាប កុល អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៦ មករា ថា លោក យ៉ង ប៉ាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ព្រៃស បាន​ទទួល​ស្គាល់​កំហុស​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ និង​ស្នើ​ថត​វីដេអូ​សុំទោស​លោក​ជា​សាធារណៈ។ តែ​យ៉ាងណា លោក ព្រាប កុល បញ្ជាក់​ថា លោក​មិន​ធ្វើ​ការ​សម្រេចចិត្ត លើ​ការ​សុំទោស​របស់​លោក យ៉ង ប៉ាក់ នោះ​ទេ ដោយ​ទុក​ឱ្យ​តុលាការ​ជា​អ្នក​សម្រេច​ក្ដី​នេះ​វិញ។

លោក ព្រាប កុល៖ «នៅ​ស្នងការ​នគរបាល នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក៏​គាត់​បាន​សារភាព​មួយ​សា ហើយ​ស្នើសុំ​ការ​លើកលែង​ទោស ហើយ​មក​ដល់​ចៅក្រម​ស៊ើបសួរ​ហ្នឹង ក៏​គាត់​បាន​សារភាព​កំហុស​ហ្នឹង មួយ​សា​ទៀត សុំ​ការ​លើកលែង​ទោស ហើយ​ធ្វើ​វីដេអូ​សុំទោស​ជា​សាធារណៈ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មេធាវី​របស់​លោក ព្រាប កុល គឺ​លោក សារ៉េត សារ៉េនឌី និង​ប្រពន្ធ​របស់​លោក យ៉ង ប៉ាក់ គឺ​លោកស្រី វ៉ាន់ ចាន់ទី ដើម្បី​បញ្ជាក់​ចំពោះ​ការ​អះអាង​ទាំងឡាយ​របស់​លោក ព្រាប កុល នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៦ មករា។

កាល​ពី​ថ្ងៃ​ទី១៦ មករា លោក ព្រាប កុល តាមរយៈ​មេធាវី​គឺ លោក សារ៉េត សារ៉េនឌី បាន​ផ្ញើ​លិខិត​ជូនដំណឹង​ទៅ​គណនី​ហ្វេសប៊ុក​ឈ្មោះ ជីវ័ន្ត ប៉ែន (Chivann Pen) ឱ្យ​លុប​សំណេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន និង​សុំទោស​ជា​សាធារណៈ ដោយ​ព្រមាន​ថា នឹង​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់ ប្រសិន​បើ​ម្ចាស់​គណនី​ហ្វេសប៊ុក​នេះ​មិន​ធ្វើ​តាម ក្រោយ​គណនី​ហ្វេសប៊ុក ឈ្មោះ ជីវ័ន្ត ប៉ែន (Chivann Pen) ដែល​គ្រប់គ្រង​ដោយ​លោក យ៉ង ប៉ាក់ បាន​លាតត្រដាង​ថា លោក ព្រាប កុល ជាប់​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​លុយ​មូលនិធិ ក្រុមហ៊ុន​វិនិយោគ​ស៊ី.អាយ.ស៊ី (CIC) ៨០​លាន​ដុល្លារ ក្នុង​ចំនួន​លុយ​សរុប​១៣០​លាន​ដុល្លារ។

ក្រោយ​ការ​ជូន​ដំណឹង​នេះ លោក យ៉ង ប៉ាក់ ដែល​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ជីវ័ន្ត ប៉ែន (Chivann Pen) មិន​បាន​ធ្វើ​តាម​នោះ​ឡើយ និង​បាន​បន្ត​បង្ហោះ​សំណេរ​លាតត្រដាង​រឿង​របស់​លោក ព្រាប កុល ជា​បន្តបន្ទាប់ និង​អះអាង​ថា លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​ពី​ប្រតិបត្តិការ​លំហូរ​សាច់ប្រាក់​ក្នុង​ប្រព័ន្ធ​ធនាគារ វីដេអូ​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល និង​ឯកសារ​ពាក់ព័ន្ធ​ដែល​បាន​មក​ពី​វិនិយោគិន​ផ្សេង​ទៀត។

លុះ​មក​ដល់​ថ្ងៃទី ២០ មករា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​លោក យ៉ង ប៉ាក់ តាម​ដីកា​តុលាការ​ដែល​មាន​លោក ព្រាប កុល ជា​ដើម​បណ្ដឹង។ តុលាការ​បាន​ចោទ​ប្រកាន់ លោក យ៉ង ប៉ាក់ ចំនួន ២​ករណី គឺ​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៣០៥ មាត្រា​៤៩៤ និង​មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៦​ខែ ដល់ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ដល់ ៤​លាន​រៀល។

ខណៈ​កំពុង​ជាប់​ពន្ធនាគារ និង​ជាប់​បណ្ដឹង​នៅ​តុលាការ​ហើយ​លោក យ៉ង ប៉ាក់ ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន អាហ្គ្រីប៊ី ខេមបូឌា (Agribee Cambodia Plc.) ត្រូវ​បាន​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ចុះផ្សាយ​សំណុំរឿង​របស់​លោក​មួយ​ទៀត គឺ​ករណី​ចេញ​សែក​ស្អុយ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៣។ ព័ត៌មាន​នេះ​ត្រូវ​បាន​លោក ព្រាប កុល យក​ទៅ​បង្ហោះ​លើ​បណ្ដាញ​សង្គម​បែប​ឌឺដង​ថា «​លោក​ប្រហែល​មិន​អាច​ទាមទារ​សំណង ពី​លោក យ៉ង ប៉ាក់ បាន​ឡើយ»។

ទាក់ទិន​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ស្នើ​ឱ្យ​តុលាការ បើក​សិទ្ធិ​ឱ្យ​លោក យ៉ង ប៉ាក់ តតាំង​ក្ដី​ដោយ​តម្លាភាព និង​រក​ភស្តុតាង​មក​បង្ហាញ ទៅ​តាម​ការ​លើកឡើង​របស់​លោក នៅ​មុន​ពេល​ចាប់ខ្លួន។

លោក ស៊ឹង សែនករុណា៖ «យើង​រង់ចាំ​មើល​ថា តើ​តុលាការ​មាន​មូលដ្ឋាន​អ្វី​បន្ថែម ដែល​ចោទ​ពី​បទ​ល្មើស​ហ្នឹង​ទេ យើង​មានតែ​រង់ចាំ​មើល​ចំណាត់ការ​របស់​តុលាការ​បន្ត​ទៀត»។

លោក ព្រាប កុល ជា​អតីត​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា និង​បាន​ដឹកនាំ​ស្ថាប័ន​នេះ អស់​រយៈពេល ៨​ឆ្នាំ មុន​បញ្ចប់​អាណត្តិ​កាល​ពី​ឆ្នាំ​២០២០។ ក្រោយ​ចាក​ចេញ​ពី​អង្គការ​ប្រឆាំង​អំពើពុករលួយ ហើយ​លោក ព្រាប កុល បាន​ងាក​មក​ផ្ដោត​លើ​ជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ និង​បាន​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៣ ហើយ​ត្រូវ​បាន​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន តែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​បន្ត​កាន់​តំណែង​នេះ រហូតដល់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​របស់ លោក ហ៊ុន ម៉ាណែត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។