ពលរដ្ឋរស់នៅតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញនិងមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងស្រដៀងគ្នាថាប្រសិនបើពេលនេះមានវត្តមានតំណាងរាស្ត្ររបស់ពួកគាត់នោះបញ្ហារបស់ពលរដ្ឋអាចនឹងត្រូវសមាជិកសភាទាំងនោះដាក់ជូនស្ថាប័នពាក់ព័ន្ធជួយដោះស្រាយ។ ពួកគាត់លើកឡើងថាពេលនេះមានបញ្ហារាប់រយជុំពួកដែលពលរដ្ឋជួបប្រទះប៉ុន្តែដំណោះស្រាយដែលរដ្ឋាភិបាលដោះស្រាយឲ្យគឺមិនទាន់ឆ្លើយតបគ្រន់គ្រាន់ទៅនឹងតម្រូវការរបស់ពលរដ្ឋនៅឡើយទេ។
ពលរដ្ឋរស់នៅតំបន់ក្រហមសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ លោក ឃួប សារ៉ាក់ ប្រាប់ថារយៈពេលជិតពីរខែមកនេះលោកមិនដែលឃើញតំណាងរាស្ត្រណាម្នាក់ចុះមកសួរសុខទុក្ខពាំនាំការលំបាកឬចែកអំណោយដល់លោកនិងពលរដ្ឋក្នុងតំបន់នេះទេ។ពលរដ្ឋដែលប្រឈមការដាច់ស្បៀងរូបនេះស្នើទៅតំណាងរាស្ត្រដែលលោកបានបោះឆ្នោតជូនមកជួបពលរដ្ឋដើម្បីបានឃើញបញ្ហាដោយផ្ទាល់និងដើម្បីលើកសំណើរបស់ពលរដ្ឋទៅដោះស្រាយបន្តជាមួយស្ថាប័នពាក់ព័ន្ធ៖ «បើសិនខាងតំណាងរាស្ត្រ ឬបងប្អូនសប្បុរសជនដែលចិត្តសប្បុរសដែលបានចុះមកជួយក៏ត្រេកអរជាខ្លាំងដែរណាព្រោះអីពិបាកមែន »។
មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតក៏មើលនូវភាពឆកល្វែងនៃការបំពេញភារកិច្ចឲ្យស្របតាមឆន្ទៈរាស្រ្តម្ចាស់ឆ្នោតនេះដែរ។
មន្រ្តីសម្របសម្រួលផ្នែកអង្កេតរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល លោក កន សាវាង្ស លើកឡើងថានៅក្នុងប្រទេសដែលគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យតំណាងរាស្រ្តជាមនុស្សសំខាន់សម្រាប់ប្រជាពលរដ្ឋ។តំណារាស្រ្តមានតួនាទីមិនត្រឹមតែជាអ្នកអនុម័តច្បាប់ឬកែប្រែច្បាប់ប៉ុណ្ណោះទេតែក៏ជាអ្នកដែលតាមដានការអនុវត្តច្បាប់លើស្ថាប័ននីតិប្រតិបត្តិផងដែរ.
លោកបន្តថាមិនមែនត្រឹមតែតំណាងរាស្ត្រ១២រូបនៅមណ្ឌលភ្នំពេញប៉ុណ្ណោះទេគឺតំណាងរាស្ត្រទាំងអស់ក្នុងសភាសុទ្ធតែមានភារៈកិច្ចជួយប្រជាពលរដ្ឋឱ្យមានសំឡេងនិងពាំនាំនូវការព្រួយបារម្ភព្រមទាំងការលំបាករបស់ពលរដ្ឋ៖ « កាលណាមានបញ្ហាហ្នឹង ប្រជាពលរដ្ឋសម្ដែងមានការស្នើសុំទៅឱ្យតំណាងរាស្ត្រខ្លួនឯងពាំនាំដល់សភា ដើម្បីឱ្យសភាធ្វើការពិចារណាឡើងវិញនូវអ្វីដែលជាទុក្ខកង្វល់របស់ខ្លួនឯងហើយម៉្យាងទៀតសភាក៏មានតួនាទីមួយធ្វើការត្រួតពិនិត្យលើមន្ត្រីឬក៏ស្ថាប័ននីតិប្រតិបត្តិដែរ »។

ស្រដៀងគ្នានេះដែរស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក យ៉ង សាំងកុមារសរសេរលើហ្វេសប៊ុកលោកថារាស្រ្តត្រូវការតំណាងរាស្រ្តជួយ។លោកបន្តថាពេលប្រទេសកំពុងជួបវិបត្តិកូវីដ-១៩ តំណាងរាស្ត្រទាំងអស់ជាពិសេសតំណាងរាស្រ្តមណ្ឌលភ្នំពេញខេត្តកណ្តាលនិងសមាជិកក្រុមប្រឹក្សាខេត្តរាជធានីផងដែរគួរតែជួបជុំគ្នាដើម្បីជំរុញនិងជួយតំរង់ទិសការដឹកនាំរបស់រដ្ឋាភិបាលក្នុងការទប់ទល់និងដោះស្រាយបញ្ហាកូវីដ-១៩ជាពិសេសវិធានការដោះស្រាយផលប៉ះពាល់ខាងជីវភាពនិងសេដ្ឋកិច្ច។
ទាក់ទងការលើកឡើងនេះអាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីសមាជិកសភានៃគណបក្សប្រជាជនកម្ពុជាដែលជាតំណាងរាស្ត្រនៅមណ្ឌលភ្នំពេញក្នុងនោះមានដូចជា លោក កែប ជុតិមា អ្នកស្រី ឡោក ខេង អ្នកស្រី ម៉ាណា ណាវី និងលោក ជៀប ស៊ីវន ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួល។ ចំណែកតំណាងរាស្ត្រពីររូបដែលបានលើកទូរស័ព្ទគឺលោក ហ៊ូ ស្រ៊ី និងលោក លី ឆេង បន្ទាប់ពីលឺសំណួរអាស៊ីសេរីសួរពាក់ព័ន្ធបញ្ហាទុក្ខលំបាកពលរដ្ឋក្នុងតំបន់បិទខ្ទប់អ្នកទាំងពីរប្រាប់ថាកំពុងជាប់រវល់៖ «សុំទោសខ្ញុំជាប់រវល់បន្តិចណាចាំពេលក្រោយខ្ញុំជាប់កម្មវិធីបាទ »។
ប៉ុន្តែ តំណាងរដ្ឋសភាឯកបក្សឯណោះថាតំណាងរាស្រ្តមិនបានចុះទៅជួបរាស្រ្តមែនតែរាស្រ្តទទួលបានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលដែរ។
អគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ឡេង ប៉េងឡុង លោកឱ្យអាស៊ីសេរីដឹងថាអំឡុងពេលបិទខ្ទប់នេះគឺរដ្ឋសភាសង្កេតឃើញវិធានការនិងការដោះស្រាយរបស់រដ្ឋាភិបាលគឺត្រឹមត្រូវនិងគ្រប់គ្រាន់ហើយ។ ទោះយ៉ាងណា លោកអះអាងថាក៏មានតំណាងរាស្ត្រមួយចំនួនបានស្នើទៅប្រធានរដ្ឋសភាដើម្បីចុះជួបពលរដ្ឋដែរ ប៉ុន្តែអង្គសភាមិនទាន់អនុញ្ញាតនៅឡើយ៖ «អ្វីដែលយើងត្រូវធ្វើ គឺគោរពវិធានការរបស់រដ្ឋាភិបាលហើយយើងទៅគគ្រឹកគគ្រេងនាំឱ្យរំខានដល់រដ្ឋាភិបាលផង នាំឱ្យហានិភ័យផង »។
ទោះជាយ៉ាងនេះក្ដីមន្រ្តីឃ្លាំមើលការបោះឆ្នោតថា គ្រាមានអាសន្នបែបនេះគឺជាពេលវេលាសមស្របនិងសំខាន់បំផុតដែលតំណាងរាស្រ្តត្រូវចេញមុខជួយដោះស្រាយបញ្ហារបស់រាស្រ្ត។
លោក កន សាវាង្ស យល់ថា ក្នុងស្ថានភាពបែបនេះពលរដ្ឋត្រូវការចាំបាច់គឹភាពកក់ក្ដៅនៃតំណាងរាស្ត្រខ្លួន៖« គឺមានន័យថា ត្រូវការការជជែក ការនៅក្បែរគ្នា ការសួរសុខទុក្ខ ហើយទាក់ទងបញ្ហាផ្សេងជាមួយតំណាងរាស្ត្រហើយតំណាងរាស្ត្រពាំនាំទៅ »។

រដ្ឋាភិបាលលោក ហ៊ុន សែន បានបន្តបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្ដាលចូលដល់សប្តាហ៍ទីបី។ ការបន្ថែមបម្រាមមួយសប្តាហ៍ទៀតនេះត្រូវអនុវត្តរហូតដល់ថ្ងៃទី៥ ខែឧសភាប៉ុន្តែរដ្ឋាភិបាលបានព្រមានរួចទៅហើយថាការបិទខ្ទប់នេះអាចបន្តថែមយូរថ្ងៃទៀតបើស្ថានភាពចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍មិនថមថយ។ ប៉ុន្តែ ក្នុងការបិទខ្ទប់សប្តាហ៍ទីបីនោះរដ្ឋាភិបាលបែងចែកតំបន់ក្នុងក្រុងទៅជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ទៅតាមកម្រិតឆ្លងធ្ងន់ មធ្យម និងស្រាលផងដែរ។
ការបិទខ្ទប់នេះក៏នៅតំបន់មួយចំនួនតាមខេត្តដែរដូចជានៅខេត្តសៀមរាបនិងខេត្តព្រះសីហនុជាដើម។
ទន្ទឹមគ្នានេះដែរអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិរួមទាំងមេដឹកនាំបក្សប្រឆាំងផងបានរិះគន់វិធាននេះថាអាជ្ញាធររឹតត្បិតហួសហេតុនិងមិនបានឆ្លើយតបតាមតម្រូវការថវិកាស្បៀងអាហារបានគ្រប់គ្រាន់និងទាន់ពេលវេលា។
ជាងនេះទៅទៀតនៅរយៈពេលចុងក្រោយនេះពេលពលរដ្ឋភាគច្រើនបាត់បង់ប្រាក់ចំណូលនិងកំពុងខ្វះខាតស្បៀងអាហារអគ្គិសនីកម្ពុជាមិនបានបន្ធូរបន្ថយបន្ទុកនេះទេតែបែរជាចេញលិខិតឱ្យពលរដ្ឋឆាប់បង់លុយថ្លៃភ្លើងឱ្យទៀងពេលថែមទៀតផង។ រហូតមកទល់ពេលនេះនៅមិនទាន់ឃើញតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជារូបណាថ្លែងសារជួយអន្តរាគមន៍រឿងនេះនៅឡើយនោះដែរ។
អ្នកឃ្លាំមើលសង្គមនិងមន្រ្តីអង្គការសង្គមស៊ីវិលជំរុញតំណាងរាស្រ្តទាំងនោះគួរតែចុះសួរសុខទុក្ខនិងពិនិត្យមើលលើបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋការអនុវត្តច្បាប់របស់អាជ្ញាធរការដោះស្រាយរបស់អាជ្ញាធរជាពិសេសទាក់ទងលើច្បាប់ស្ដីពីការបង្ការជំងឺកូវីដ-១៩ព្រមទាំងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។